ក្រសួងបរិស្ថាន នឹងរៀបចំតំបន់ បឹងស្នេហ៍ ក្នុងខេត្តព្រៃវែង ឱ្យក្លាយជាតំបន់អេកូទេសចរណ៍
លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន អះអាងថា តំបន់បឹងស្នេហ៍ ក្នុងខេត្តព្រៃវែង នឹងក្លាយជាតំបន់អេកូទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិដ៏ច្រើនចូលទៅទស្សនា ខណៈបច្ចុប្បន្នតំបន់នេះសម្បូរទៅដោយពពួកសត្វស្លាប។
ការលើកឡើងរបស់លោក សាយ សំអាល់ បានធ្វើឡើងបន្ទាប់ពី ចុះពិនិត្យកន្លែងអភិរក្សសត្វស្លាប នៅទួលពាន់តាឡី ក្នុងតំបន់បឹងស្នេហ៍ ក្នុងភូមិសាស្រ្តស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី២៧ ខែសីហា។
លោក សាយ សំអាល់ បានបញ្ជាក់ថា ក្រសួងកំពុងសហការជាមួយរដ្ឋបាលខេត្ត អាជ្ញាធរ និងសហគមន៍មូលដ្ឋាន ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ តំបន់បឹងស្នេហ៍ ដែល មានសក្តានុពលធម្មជាតិនេះ ដែលសម្បូរទៅដោយសត្វស្លាបជាច្រើនប្រភេទ ជាពិសេសប្រភេទជិតផុតពូជ និងកំពុងរងការគំរាមកំហែងនៅលើពិភពលោក ដូចជាប្រភេទស្មោញ ទុងប្រផេះ រនាល ត្រយ៉ងខ្លួនស ត្រដក់តូច និងប្រភេទ ចង្កៀលខ្យងដែលកំពុងបន្តពូជពងកូនរាប់ម៉ឺនក្បាល នៅតាមព្រៃលិចទឹក ព្រៃល្បោះ។
លោក សាយ សំអាល់ មានប្រសាសន៍ថា «យើងបានផ្តល់ដំណោះស្រាយអភិវឌ្ឍន៍តំបន់បឹងស្នេហ៍នេះ ជាកន្លែងទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ ដើម្បីលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន ក៏ដូចជាការប្រើប្រាស់ដោយឈ្លាសវៃ និងនិរន្តរភាពនូវធនធានតំបន់ដីសើមនេះ»។
សូមបញ្ចាក់ថា នៅក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងភូមិសាស្រ្តតំបន់ទួលពាន់តាឡី តំណាងអាជ្ញាធរ និងសហគមន៍មូលដ្ឋាន បានបង្ហាញអំពីវឌ្ឍនភាពនៃការដាក់តំបន់ដីសើមបឹងស្នេហ៍-ទួលព័ន្ធតាឡី និងការចូលរួមក្នុងការអភិរក្សជាតំបន់ការពារធម្មជាតិ ។
រហូតមកដល់បច្ចុប្បន្ន សត្វស្លាបដែលមករស់នៅតំបន់ អភិរក្សទួលពាន់តាឡី មានចំនួន៦ប្រភេទ ដូចជា ទុង ននៀលខ្យង កុក ខ្វែក ទាព្រៃ សត្វក្អែកទឹក ក្អែកគោក និងសត្វរាប់ពាន់រាប់ម៉ឺនក្បាលផ្សេងទៀត រាប់ទាំងពពួកសត្វរស់នៅក្នុងទឹក និងរស់នៅលើគោក៕