ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្រ្ដីក្រសួងទេសចរណ៍៖ ចាប់ពីឆ្នាំ២០១៩តទៅ កម្ពុជាបញ្ឈប់លែងឱ្យមានការបោះចោល​សំរាម និងក្រដាសជូតមាត់ចោលនៅតាមអាហារដ្ឋាន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 48
រដ្ឋមន្រ្ដីក្រសួងទេសចរណ៍៖ ចាប់ពីឆ្នាំ២០១៩តទៅ កម្ពុជាបញ្ឈប់លែងឱ្យមានការបោះចោល​សំរាម និងក្រដាសជូតមាត់ចោលនៅតាមអាហារដ្ឋាន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍៖ ចាប់ពីឆ្នាំ២០១៩តទៅ កម្ពុជាបញ្ឈប់លែងឱ្យមានការបោះចោល​សំរាម និងក្រដាសជូតមាត់ចោលនៅតាមអាហារដ្ឋាន

រដ្ឋមន្រ្ដីក្រសួងទេសចរណ៍បានអះអាងថា ចាប់ពីឆ្នាំ២០១៩ខាងមុខតទៅ កម្ពុជានឹងបញ្ឈប់​លែងឱ្យមានការបោះចោលសំរាម ឬក្រដាសជូតមាត់ចោលនៅក្រោមតុអាហារ នៅគ្រប់ អាហារដ្ឋាន ភោជនីយដ្ឋាន​ និងរមណីយដ្ឋានទាំងអស់ សម្រាប់គោលដៅទេសចរណ៍នៅទូទាំងប្រទេស។ លោក ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា គ្រប់​គោលដៅទេសចរណ៍ទាំងអស់ ត្រូវតែស្អាត ពីព្រោះភាពស្អាតគឺផ្ដល់នូវផាសុខភាពជូនប្រជា ពលរដ្ឋ និងភ្ញៀវទេសចរ ហើយបើមើលឃើញភាពស្អាតនេះហើយធ្វើឱ្យពួកគាត់មាន ភាពសប្បាយរីករាយណាស់ មានអារម្មណ៍ល្អ និងស្រស់ស្រាយ។ថ្លែងបានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី០១ ខែ​តុលា ឆ្នាំ២០១៨នេះលោក ថោង ខុន បានបញ្ជាក់ថា ក្រសួង​ទេសចរណ៍ នឹងចាប់ផ្ដើមអនុវត្ដន៍លែងឱ្យមានការ​បោះចោល​សំរាម ឬក្រដាសជូតមាត់ចោលក្រោមតុនៅតាមអាហារដ្ឋាន ភោជនីយដ្ឋានទាំងអស់ ដោយ​តម្រូវឱ្យម្ចាស់អាហារដ្ឋាន ភោជនីយដ្ឋាន ឬរមណីយដ្ឋាននានាត្រូវតែស្អាត។ លោកបាន​បន្ដថា “ភាពស្អាត និងភាពបៃតងបានធ្វើឱ្យមានភាពទាក់ទាញណាស់ពីភ្ញៀវទេសចរ ហើយ​គោលដៅទេចរណ៍ស្អាត និងបៃតងនេះ កម្ពុជានឹងអាចធ្វើបាន”។

លោករដ្ឋមន្រ្ដីបានគូសបញ្ជាក់ទៀតថា បញ្ហាបរិស្ថាន អនាម័យនៅតាមភោជនីយ​ដ្ឋាន អាហារ​ដ្ឋាន និងរមណីយដ្ឋានក្នុងប្រទេសកម្ពុជា ត្រូវការចាំបាច់បំផុតគឺការចូលរួម របស់ប្រជាពលរដ្ឋ ក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការទទួលខុសត្រូវលើ ការទុកដាក់សំរាម ក្រដាសអនាម័យ​ពេល​បរិភោគអាហាររួច ដើម្បីធ្វើជាគំរូល្អក្នុងការចូលរួមថែរក្សា បរិស្ថាន អនាម័យ និងសោភណ​ភាព ជាពិសេសទាក់ទាញ​ភ្ញៀវទេសចរ ក៏ដូចជាអ្នកវិនិយោគបរទេស ឱ្យមកកម្ពុជាកាន់តែ​ច្រើនថែមទៀត។

សូមបញ្ជាក់ថា ការប្រកាសរបស់រដ្ឋមន្រ្ដីក្រសួងទេសចរណ៍នេះធ្វើឡើងបន្ទាប់ពី មើល​ឃើញថា នៅតាមអាហារ​ដ្ឋាន ភោជនីយដ្ឋាន ឬរមណីយដ្ឋានមួយចំនួន ភ្ញៀវដែលចូល ទទួលទានអាហារតែងបោះសំរាមចោលក្រោមតុ ជាពិសេសក្រដាសជូតមាត់ ដែលប្រការនេះ ធ្វើឱ្យខ្វះអនាម័យផង និងភាព​គ្មានរបៀបរបប ធ្វើឱ្យប៉ះពាល់ដល់សោភណភាព និង​បរិស្ថាន៕

អត្ថបទទាក់ទង