ខ្មែរប៉ុស្ដិ៍ Close

ភាពល្ងង់ខ្លៅនៃគោលនយោបាយការបរទេសដែលផ្អែកលើច្បាប់របស់លោក Biden

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 99
ភាពល្ងង់ខ្លៅនៃគោលនយោបាយការបរទេសដែលផ្អែកលើច្បាប់របស់លោក Biden ភាពល្ងង់ខ្លៅនៃគោលនយោបាយការបរទេសដែលផ្អែកលើច្បាប់របស់លោក Biden

បើទោះបីជាប្រធានាធិបតី Joe Biden មានការពេញចិត្តចំពោះ «សណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់» ដែលត្រូវបានបង្កើតឡើងបន្ទាប់ពីសង្គ្រាមលោកលើកទី២ ក៏ដោយ ក៏គោលនយោបាយការបរទេសរបស់លោកកំពុងពន្លឿនការស្លាប់នៃសណ្តាប់ធ្នាប់នេះ។ កាលពីខែតុលាឆ្នាំមុន រដ្ឋបាលលោក Biden បានប្រកាសអំពីបញ្ជីស្តីពីការត្រួតពិនិត្យលើការនាំចេញ ដែលត្រូវបានបង្កើតឡើងដើម្បីទប់ស្កាត់ក្រុមហ៊ុនចិនពីការទទួលបាននូវបច្ចេកវិទ្យាមីក្រូឈីបកម្រិតខ្ពស់។

វាគឺជាការអនុវត្តជ្រុលហួសហេតុ និងជាការបង្កើនអំណាចជ្រុលលើការនាំចេញក្រោមលេសសន្តិសុខជាតិ។ បើទោះបីជារដ្ឋបាល Biden បានបន្តព្យាយាមលុបបំបាត់ចោលនូវគំនិតដែលថា «សង្រ្គាមត្រជាក់ថ្មីអាចនឹងកើតឡើង» ក៏ដោយក៏សកម្មភាពជាច្រើនរបស់អាមេរិកពិតជាមានលក្ខណៈស្រដៀងគ្នា ទៅនឹងសម័យកាលនៃការប្រកួតប្រជែងគ្នារវាងសូវៀត និងសហរដ្ឋអាមេរិក។

សូមអាន ការហាមឃាត់របស់សហរដ្ឋអាមេរិកលើការនាំចេញបន្ទះឈីបបានបង្កផលប៉ះពាល់ដល់ដំណើរការអភិវឌ្ឍបច្ចេកវិទ្យា AI របស់ចិន

ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់ ទណ្ឌកម្មសេដ្ឋកិច្ចត្រូវបានដាក់ដោយផ្អែកលើជម្លោះពាណិជ្ជកម្ម ឬបញ្ហាសិទ្ធិមនុស្ស ឬនៅពេលដែលមានការឯកភាពគ្នាជាសកលថា «សកម្មភាពរបស់រដ្ឋមួយបានបង្កការខូចខាតដល់សណ្តាប់ធ្នាប់អន្តរជាតិ»។ ប្រទេសចិនបានជាន់ឈ្លីគោលគំនិតនេះ ហើយឥឡូវនេះសហរដ្ឋអាមេរិកក៏កំពុងដើរតាមលំនាំរបស់ចិនដែរ។ ប្រទេសចិនតែងតែប្រើការធ្វើពាណិជ្ជកម្មជាអាវុធ ដើម្បីដាក់ទណ្ឌកម្មលើប្រទេសទាំងឡាយណាដែលហ៊ានធ្វើឱ្យចិនខឹងសម្បារ។

ក្នុងឆ្នាំ ២០១០ ចិនបានផ្អាកការនាំចូលត្រីសាលម៉ុនពីប្រទេសន័រវេស បន្ទាប់ពីអ្នកប្រឆាំងចិនម្នាក់បានឈ្នះពានរង្វាន់ណូបែលសន្តិភាព។ ចិនក៏បានដាក់ទណ្ឌកម្មកូរ៉េខាងត្បូង និងអូស្ត្រាលីផងដែរ ហើយកាលពីពេលថ្មីៗនេះ ចិនបានបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសលីទុយអានី បន្ទាប់ពីទីក្រុង Vilnius បានបើកការិយាល័យតំណាងរបស់កោះតៃវ៉ាន់។

សូមអាន អ្នកឈ្នះពានរង្វាន់ណូបែលសន្តិភាពមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយ CIA

ទាំងនេះមិនមែនជាគំរូដែលគួរអនុវត្តតាមនោះទេ ជាពិសេសសម្រាប់ប្រទេសដែលបានបណ្តាក់ទុនយ៉ាងច្រើនលើការធ្វើពាណិជ្ជកម្មក្នុងគោលបំណងជំរុញសន្តិភាពនិងវិបុលភាព។ នយោបាយដ៏ពិសពុលនិងដែលមានលក្ខណៈបំបែកបំបាក់របស់អាមេរិក ដែលជាលក្ខណៈពិសេសមួយនៃលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក បានបង្កឱ្យមានភាពច្របូកច្របល់រវាងអ្វីដែលអ្នកនយោបាយអាមេរិកបាននិយាយ និងបានធ្វើពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ឧទាហរណ៏មួយគឺគំនិតផ្តួចផ្តើមគោលនយោបាយឧស្សាហកម្មរបស់រដ្ឋបាល Biden ដែលសំដៅទៅលើ «ច្បាប់កាត់បន្ថយអតិផរណា» (IRA) ដែលនឹងផ្តល់ប្រាក់ឧបត្ថម្ភធន់ និងឥណទានពន្ធរាប់ពាន់លានដុល្លារ ដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនថាមពលកកើតឡើងវិញ និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឱ្យបង្វែរផលិតកម្មត្រឡប់មកសហរដ្ឋអាមេរិកវិញ។

សូមអាន អត្ថន័យនៃច្បាប់កាត់បន្ថយអតិផរណារបស់សហរដ្ឋអាមេរិកសម្រាប់អឺរ៉ុប

ឥឡូវនេះ ច្បាប់ IRA កំពុងបង្កការគំរាមកំហែងដល់ឧស្សាហកម្មជាច្រើននៅអឺរ៉ុបដែលអាចបង្កការរារាំងដល់ការស្តារសេដ្ឋកិច្ចឡើងវិញនៅក្រោយការរាតត្បាតនៃវីរុសកូវីដ-១៩ នៅសហភាពអឺរ៉ុប។ ការផ្លាស់ទីផ្នែកសេដ្ឋកិច្ចបែបនេះក៏អាចជំរុញឱ្យមានការកើនឡើងនៃកម្លាំងប្រជានិយមនៅក្នុងនយោបាយអឺរ៉ុបផងដែរ ដែលអាចបង្កនូវភាពស្មុគស្មាញកាន់តែខ្លាំងដល់ការរួបរួមរបស់អឺរ៉ុប នៅពេលដែលអាមេរិកកំពុងត្រូវការវាបំផុត។

ប្រធានាធិបតីបារាំង Emmanuel Macron បានអំពាវនាវឱ្យមានការឆ្លើយតបពីសំណាក់អឺរ៉ុបចំពោះច្បាប់ IRA ក៏ប៉ុន្តែការភ័យខ្លាចបានកើតមាននៅក្នុងចំណោមសមាជិក EU ដែលមានភាពទន់ខ្សោយផ្នែកសេដ្ឋកិច្ច ហើយ មានតែរដ្ឋដែលមានធនធានប៉ុណ្ណោះ តួយ៉ាងដូចជាអាល្លឺម៉ង់និងហូឡង់ដែលអាចមានលទ្ធភាពផ្តល់ការឧបត្ថម្ភធនប្រហាក់ប្រហែលនឹងអាមេរិក។

បញ្ហានេះអាចធ្វើឱ្យភាពរួបរួមរបស់សហភាពអឺរ៉ុបរងនូវការធ្លាក់ចុះកាន់តែខ្លាំង។ ប្រទេសដែលកំពុងរីកចម្រើនដូចជាអារ៉ាប៊ីសាអូឌីត ឥណ្ឌា ឥណ្ឌូណេស៊ី និងប្រេស៊ីល អាចនឹងទាញការសន្និដ្ឋានបានយ៉ាងត្រឹមត្រូវពីភាពផ្ទុយគ្នានៅក្នុងគោលនយោបាយការបរទេសរបស់លោក Biden ។

វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេដែលស្ទើរតែគ្រប់ប្រទេសទាំងអស់ បូករួមទាំងប្រទេសដែលមានសម្ព័ន្ធភាពយោធាជាមួយឋអាមេរិក (តួកគី), ដែលបានព្យាយាមពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក (ឥណ្ឌា) ឬដែលបានចាត់ទុកអាមេរិកជាអ្នកធានាសន្តិសុខដ៏រឹងមាំ (អារ៉ាប៊ីសាអូឌីត) បាននិងកំពុងងាកមកផ្តោតលើការជំរុញនូវផលប្រយោជន៍ផ្ទាល់ខ្លួនទាំងនៅក្នុងផ្នែកសេដ្ឋកិច្ច និង
គោលនយោបាយការបរទេស។

ដោយផ្អែកលើហេតុផលក្នុងស្រុក និងមួយផ្នែកដោយសារតែតម្រូវការចង់ផ្តាច់ខ្លួនពីអ្នកកាន់តំណែងមុន (Donald Trump) លោក Biden បានធ្វើឱ្យលទ្ធិប្រជាធិបតេយ្យធៀបនឹងលទ្ធិផ្តាច់ការក្លាយ ជាគោលការណ៍ដ៏សំខាន់នៅក្នុងគោលនយោបាយការបរទេសរបស់លោក។ សកម្មភាពទាំង នេះបានធ្វើឱ្យពាក្យសម្ដីរបស់ប្រធានាធិបតី Biden កាន់តែលែងមានន័យខ្លឹមសារ។

ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្លៃថាមពលជាសកល រដ្ឋបាល Biden បានផ្តល់នូវការអនុញ្ញាតដោយស្ងាត់ស្ងៀមឱ្យក្រុមហ៊ុនថាមពលអាមេរិកអាចវិលត្រឡប់ទៅកាន់ប្រទេសវេណេស៊ុយអេឡាវិញ បើទោះបីជារបបរបស់ប្រធានាធិបតី Nicolás Maduro បានសម្រេចកិច្ចការតិចតួចពាក់ព័ន្ធនឹងលទ្ធិប្រជាធិបតេយ្យក៏ដោយ។

នៅឆ្នាំ ២០២១ នៅពេលដែលរដ្ឋបាល Biden បានរៀបចំកិច្ចប្រជុំកំពូលសម្រាប់លទ្ធិប្រជាធិបតេយ្យ សហរដ្ឋអាមេរិកមិនបានអញ្ជើញប្រទេសបង់ក្លាដែសឱ្យចូលរួមនោះទេ បើទោះបីជាប្រទេសនេះគឺជាប្រទេសប្រជាធិបតេយ្យដ៏រឹងទទឹងមួយ និងជាប្រទេសឥស្លាមដ៏ធំបំផុតមួយរបស់ពិភពលោកក៏ដោយ។ បន្ទាប់មក សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើទាហានប៉ារ៉ារបស់បង់ក្លាដែស ពីបទរំលោភសិទ្ធិមនុស្ស។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលអាមេរិកបានអនុវត្តវិធីសាស្រ្តមិនសូវតឹងរ៉ឹងនោះទេចំពោះរដ្ឋបាលអ៊ីស្រាអែលថ្មីរបស់លោក Benjamin Netanyahu បើទោះបីជាផែនការគោលនយោបាយរបស់លោកអាចនឹងបង្កការខូចខាតកាន់តែខ្លាំងដល់លទ្ធិប្រជាធិបតេយ្យរបស់អ៊ីស្រាអែល, អាចបង្កការរំលោភបំពានកាន់តែធ្ងន់ធ្ងរលើសិទ្ធិមនុស្សនៅប៉ាឡេស្ទីន និងអាចបំផ្លាញស្ថានភាពរដ្ឋរបស់ប៉ាឡេស្ទីនក៏ដោយ។

នៅអាមេរិក តុលាការកំពូលដែលស្ថិតក្រោមឥទ្ធិពលនយោបាយ និងដែលតែងកាត់សេចក្តីដោយផ្អែកលើមនោគមវិជ្ជាជ្រុលនិយមនិងស្តាំនិយម នឹងធ្វើឱ្យអាមេរិកជួបប្រទះនឹងការលំបាកក្នុងការបង្រៀនប្រទេសផ្សេងទៀតអំពីសិទ្ធិមនុស្ស។ ការយល់ឃើញអំពីភាពមិនស្មោះត្រង់របស់អាមេរិកនឹងមិនត្រឹមតែបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចធ្វើឱ្យគ្រប់គ្នានឹកឃើញនូវរឿងរ៉ាវកាលពីអតីតកាលផងដែរទាក់ទងនឹងរបបអាណានិគមនិយមអាមេរិក និងវោហាសាស្ត្រពុតត្បុតស្តីពីលទ្ធិប្រជាធិបតេយ្យសេរី។

ផលវិបាកនៃបញ្ហាទាំងនេះបាននិងកំពុងកើតឡើងហើយ ដោយក្នុងនោះរួមមានការលំបាកកាន់តែខ្លាំងក្នុងការអាចសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិសុខ និងពាណិជ្ជកម្មពហុភាគីរវាងប្រទេសនិងប្រទេស, ការកើនឡើងនៃនិន្នាការសេដ្ឋកិច្ចជាតិនិយម, ការផ្តោតការយកចិត្តទុកដាក់តិចជាងមុនលើវិបត្តិអន្តរជាតិ ដូចជាការប្រែប្រួលអាកាសធាតុ, ការធ្លាក់ចុះនៃសិទ្ធិមនុស្សនៅជុំវិញពិភពលោក និងការដោះស្រាយជម្លោះអន្តររដ្ឋដោយប្រើកម្លាំងយោធាកាន់តែញឹកញាប់ជាងមុន។

ពាក់ព័ន្ធនឹងការរក្សាសណ្តាប់ធ្នាប់អន្តរជាតិ រដ្ឋបាល Biden អាចនិយាយអ្វីក៏បានដែរ ក៏ប៉ុន្តែសហរដ្ឋអាមេរិកអាចនឹងមិនទទួលបានអ្វីដូចការចង់បានរបស់ខ្លួននោះឡើយ៕

Asia Times

អត្ថបទទាក់ទង