ខ្មែរប៉ុស្ដិ៍ Close

មកស្វែងយល់ពីប្រវត្តិ របាំព្រះរាជទ្រព្យ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨ វប្បធម៌ & ប្រវត្តិសាស្រ្ដ 529
មកស្វែងយល់ពីប្រវត្តិ របាំព្រះរាជទ្រព្យ មកស្វែងយល់ពីប្រវត្តិ របាំព្រះរាជទ្រព្យ

របាំព្រះរាជទ្រព្យគឺជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ព្រះរាជាណាចក្រកម្ពុជាតែមួយគត់ ដែលបានថែរក្សានាដកម្មបុរាណមួយនេះ អស់រយៈពេលដ៏យូរលង់ណាស់មកហើយ ។ របាំក្បាច់ខ្មែរបុរាណ ឬ របាំព្រះរាជទ្រព្យនេះ មានភាពល្បីល្បាញខាងមានកាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និង មានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗ។

បើយោងតាមឯកសារមួយចំនួនបានសរសេរថា របាំព្រះរាជទ្រព្យនៃព្រះរាជាណាចក្រកម្ពុជា គឺជាអ្នកថែរក្សាប្រពៃណីនាដកម្មបុរាណខ្មែរ ដែលជាចំណែកមួយយ៉ាងជិតស្និទ្ធនៃក្រុមបរិពាររបស់មហាក្សត្រអស់រយៈពេលជាងមួយពាន់ឆ្នាំកន្លងមកហើយ។ របាំព្រះរាជទ្រព្យមានការដើរតួបួនប្រភេទ ដូចជា៖ តួនាង (ស្រី) តួនាយរង (ប្រុស) តួយក្ស (សភាវៈអាក្រក់) តួស្វា (សត្វ) ដោយតួអង្គនិមួយៗមានលក្ខណៈ និង មានពណ៌ដោយឡែកៗពីគ្នា មានការស្លៀកពាក់ ការលាបម្សៅ ការតុបតែងខ្លួន ទាំងក្បាំងមុខ និង កាយវិការផ្ទាល់ខ្លួនផងដែរ ។ កាយវិការ និងក្បាច់រាំ​ទាំងនេះ​ នាដករ​ត្រូវ​ហាត់រៀន​យ៉ាងសកម្ម និង ស្ទាត់ជំនាញ អស់រយៈ ពេលជាច្រើនឆ្នាំ ទើបចេះចាំ មានអត្ថន័យដូច​ជាការរំជួលចិត្តនានា ការភ័យភិត ស្នេហា ការសប្បាយរីករាយ ឬ ការខឹងសម្បាជាដើម ។

របាំព្រះរាជទ្រព្យ ជារបាំក្បាច់បុរាណខ្មែរ ដែលជាទម្រង់សិល្បៈសក្ការៈ (សិល្បៈ ទេវៈ) មួយដែលមានវ័យ ចំណាស់ ដ៏យូរលង់ណាស់មកហើយ នៅក្នុងចំណោម ទម្រង់សិល្បៈសក្ការៈ ហើយក៏ជាទម្រង់សិល្បៈ ដែលមានតម្លៃពិតខាងស្មារតី និង ខាងបច្ចេកទេសកំរិតខ្ពស់ក្នុងចំណោមទម្រង់សិល្បៈ ទស្សនីយភាព នៅកម្ពុជា ។ កាលដើមឡើយ នាសម័យមហានគរ នាដការ នាដការិនី ប្រចាំប្រាសាទមានតួនាទី សម្រាប់ រាំ ឧទ្ទិសដល់អទិទេព ឬ រាំថ្វាយទេវៈរាជា គឺជា និរសាសន្តិភាព ពីស្ថាន មនុស្សលោក ទៅស្ថានទេវតា និង ជាសិល្បការិនីសន្តិភាព ឬ ជាសន្តិភាវការិនីខាង ផ្លូវដួងចិត្ត គំនិត ដែលធ្លាប់បានរាំផ្សព្វផ្សាយពី សីលធម៌ និង គុណធម៌ ដើម្បីសុំសេចក្តីសុខ សន្តិភាព អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ គេអាចសន្និដ្ឋានបានថា ទម្រង់ក្បាច់បុរាណខ្មែរ របាំព្រះរាជទ្រព្យ គឺជាទម្រង់របាំស្ត្រី ព្រោះកាលដើមឡើយ អ្នកសម្តែងតួអង្គមានបួន៖ តួនាង (ស្ត្រី) តួនាយរោង (បុរស) តួយក្ស និង តួស្វា ព្រមទាំងតួបន្ទាប់បន្សំ មានតួសត្វសុទ្ធតែស្រីៗ ជា​អ្នក​សម្តែង​តួអង្គទាំងនោះ លើកលែងតែតួតាឥសី និងតួត្លុកប៉ុណ្ណោះ ដែលសម្តែងដោយប្រុសៗ។ ក្រោយមក ដោយមានការវិវត្តន៍របស់ទម្រង់សិល្បៈនេះ តួអង្គ​ស្វាត្រូវបានសម្តែង ដោយប្រុសៗ រហូតមកដល់សព្វថ្ងៃនេះ ។

របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយ វិការក្បាច់ និង មនោសញ្ចោតនាយ៉ាងប៉ិនប្រសប់​ទៅតាម​ការវិវត្តន៍​នៃសាច់​រឿង ដែលរៀបរាប់បញ្ជាក់ដោយទំនុកច្រៀង នៃក្រុមចម្រៀង ជាពួក (ជហៀរាលេ) ដែលមាន តួនាទីច្រៀងជូនរបាំនេះ ជាមួយនឹងវង់ភ្លេងពិណពាទ្យ ដែល​មាន​តួ​នាទីប្រគំជូនរបាំនេះផងដែរ។

របាំព្រះរាជទ្រព្យនេះ ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣ ៕

អត្ថបទទាក់ទង