ខ្មែរប៉ុស្ដិ៍ Close

ពេលនេះជាឱកាសរបស់ចិនក្នុងការពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី និងជួសជុលទំនាក់ទំនងជាមួយអឺរ៉ុប និងអាស៊ី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 153
ពេលនេះជាឱកាសរបស់ចិនក្នុងការពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី និងជួសជុលទំនាក់ទំនងជាមួយអឺរ៉ុប និងអាស៊ី ពេលនេះជាឱកាសរបស់ចិនក្នុងការពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី និងជួសជុលទំនាក់ទំនងជាមួយអឺរ៉ុប និងអាស៊ី

ប្រទេសចិននឹងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រ «រឹងដូចដុំថ្ម» របស់ខ្លួនជាមួយរុស្ស៊ី, ជួសជុលទំនាក់ទំនងរបស់ខ្លួនជាមួយអឺរ៉ុប និងបណ្ដាប្រទេសជិតខាងនៅអាស៊ី, ព្រមទាំងរក្សាការប្តេជ្ញាចិត្តចំពោះស្មារតីប្រយុទ្ធរបស់ខ្លួនក្នុងឆ្នាំ ២០២៣ នៅចំពោះមុខនៃ «ការរារាំង, ការបិទខ្ទប់ និងការបង្កហេតុ» ដែលដឹកនាំដោយអាមេរិក។

រដ្ឋមន្ត្រីការបរទេសចិន Wang Yi បានសន្យាដូចនេះកាលពីថ្ងៃអាទិត្យ ទន្ទឹមនឹងការបង្ហាញពីចេតនារបស់ទីក្រុងប៉េកាំងក្នុងការបន្ធូរបន្ថយការរឹតត្បិតការចេញចូលប្រទេសពាក់ព័ន្ធនឹងជំងឺរាតត្បាតដើម្បី «សម្រួលដល់លំហូរនៃបុគ្គលិក» និងជួយដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។

សុន្ទរកថាតាមអនឡាញនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយស្ថាប័នវិភាគនៅទីក្រុងប៉េកាំងបានធ្វើឡើងនៅចំពេលមានសញ្ញាជាច្រើននៃទំនាក់ទំនងកាន់តែក្តៅគគុករវាងចិននិងអាមេរិក, ជប៉ុន, អូស្ត្រាលី និងមហាអំណាចអឺរ៉ុប បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាអស់រយៈ ពេលជាច្រើនខែជុំវិញបញ្ហាកោះតៃវ៉ាន់, តំបន់ Xinjiang, ទីក្រុងហុងកុង និងបញ្ហារុស្ស៊ីឈ្លានពានចូលអ៊ុយក្រែន។

ទន្ទឹមនឹងការយល់ស្របជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken (ដែលគេរំពឹងថានឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងនៅដើមឆ្នាំក្រោយ) ក្នុងការរក្សាប្រព័ន្ធទូរសព្ទទំនាក់ទំនងឱ្យនៅបើកចំហ ដដែលអ្នកការទូតកំពូលរបស់ប្រទេសចិនរូបនេះបានព្រមានប្រឆាំងនឹងការហ៊ុំព័ទ្ធ និងការគាបសង្កត់ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។

កាលពីថ្ងៃអាទិត្យ ក្នុងអំឡុងពេលនៃការរំឮកឡើងវិញយ៉ាងលម្អិតអំពីសកម្មភាពការទូតរបស់ប្រទេសចិនកាលពីឆ្នាំមុន លោក Wang បានពណ៌នាឆ្នាំ ២០២២ ថាជាឆ្នាំដ៏សំខាន់មួយ ពោលគឺជាឆ្នាំដែលទីក្រុងប៉េកាំង «ទទួលបានសមិទ្ធិផលជាប្រវត្តិសាស្ត្រជាច្រើន» និងជាឆ្នាំដែលប្រទេសនេះងើបឡើងប្រឆាំងនឹង «បញ្ហាក្ដៅត្រជាក់ជាច្រើននៅក្នុងពិភពលោក»។

លោកបានព្យាយាមបង្ហាញអំពីអភិក្រមដែលផ្អែកលើសម្ព័ន្ធមិត្ត (Alliance-Based Approach) របស់ប្រធានាធិបតីអាមេរិក Joe Biden ចំពោះប្រទេសចិនថាជា «អំណាចនយោបាយ និងការអុកឡុក» និងបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន «ផ្លាស់ប្តូរទិសនយោបាយរបស់ខ្លួន» ដោយចៀសវាងនូវរាល់ការប្រឈមមុខដាក់គ្នា និងការយកឈ្នះយកចាញ់គ្នានៅក្នុងតំបន់។

លោកបាននិយាយថា «នៅពេលដែលអាមេរិកបន្តចាត់ទុកចិនជាគូប្រជែងចម្បងរបស់ខ្លួន ហើយចូលរួមនៅក្នុងការរារាំងចិនដោយបើកចំហ, បន្តគាបសង្កត់ និងបង្កហេតុចំពោះប្រទេសចិន នោះទំនាក់ទំនងរវាងចិន-អាមេរិកបានធ្លាក់ចូលទៅក្នុងផលវិបាកយ៉ាងធ្ងន់ធ្ងរ»។

លោក Wang បានរិះគន់ដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់របស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi កាលពីខែសីហាថាជាការបំភិតបំភ័យពីសំណាក់មហាអំណាចដែលប្រកបដោយអនុត្តរភាព និងបាននិយាយថា ទីក្រុងប៉េកាំង «ប្រឆាំងយ៉ាងដាច់អហង្ការនូវរាល់ធាតុផ្សំទាំងឡាយណាដែលប្រឆាំងនឹងចិន» នៅក្នុងសហរដ្ឋអាមេរិក និងនៅកោះដែលខ្លួនគ្រប់គ្រង ជាមួយនឹងការធ្វើសមយុទ្ធយោធាចំពេលមានការចោទប្រកាន់ថា សមយុទ្ធនេះគឺជា «ការបញ្ចេញប្រតិកម្មខ្លាំងហួសហេតុ»។ លោក​បាន​បន្ត​ថា​ «​ការ​ប្រកួត​ប្រជែងដោយមិនស្មោះត្រង់ ពិតជាមានគ្រោះថ្នាក់ និងអាក្រក់ខ្លាំងណាស់ ហើយ​ការ​ស្វះស្វែង​រក​កិច្ច​សហប្រតិបត្តិការ​គឺ​ជា​ភាព​ចាំ​បាច់​ មិន​មែន​ជា​ជម្រើស​នោះឡើយ»។

អ្នកការទូតចិនរូបនេះក៏បានចោទប្រកាន់សហរដ្ឋអាមេរិកថាបាន ព្យាយាមបង្អាក់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់អាស៊ីតាមរយៈការទាញប្រទេសអាស៊ីអាគ្នេយ៍ឱ្យឆ្ងាយពីប្រទេសចិន និងញុះញង់ឱ្យមាន «បដិវត្តន៍ពណ៌» នៅតំបន់អាស៊ីកណ្តាល។

ការវាយតម្លៃដ៏ទាបរបស់លោកស្ដីអំពីទំនាក់ទំនងរវាងអាមេរិកនិងចិន បានកើតឡើងនៅពេលដែលលោក Daniel Kritenbrink អ្នកការទូតកំពូលរបស់អាមេរិកប្រចាំតំបន់អាស៊ីបូព៌ាដែលបានស្ថិតនៅក្នុងប្រទេសចិនកាលពីសប្តាហ៍មុន បានសម្តែងក្តីសង្ឃឹមថាដំណើរទស្សនកិច្ចរបស់លោក Blinken នឹងក្លាយជា «ជំហានបន្ទាប់» សម្រាប់ភាគីទាំងពីរ ដើម្បីជំរុញការពិភាក្សាឆ្ពោះទៅរកការធ្វើឱ្យមានស្ថិរភាពនៃទំនាក់ទំនង។

នៅក្នុងសុន្ទរកថានោះដែរ លោក Wang ក៏បានការពារនូវការបោះឆ្នោតដ៏ចម្រូងចម្រាស់មួយចំនួនរបស់ចិននៅក្នុងដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ដែលរួមមានដូចជាការបោះឆ្នោតអនុប្បវាទចំពោះសង្រ្គាមនៅអ៊ុយក្រែន ចំពេលមានការរិះគន់យ៉ាងខ្លាំងចំពោះការបដិសេធរបស់ទីក្រុងប៉េកាំងមិនថ្កោលទោសការឈ្លានពានរបស់ទីក្រុងម៉ូស្គូ។

លោកបាននិយាយថា «ប្រទេសចិនបានបន្តស្វែងរកដំណោះស្រាយយ៉ាងសកម្មទៅតាមរបៀបរបស់ចិនដើម្បីដោះស្រាយបញ្ហា»។

ជុំវិញបញ្ហាអ៊ុយក្រែន លោកបាននិយាយថា ប្រទេសចិនតែងប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ជាមូលដ្ឋាននៃវត្ថុបំណង និងភាពមិនលម្អៀង ដោយមិនឈរនៅខាងភាគីណាមួយ ឬបន្ថែមសាំងទៅលើភ្លើងនោះទេ ហើយក៏មិនទាញយកផលប្រយោជន៍យ៉ាងអាត្មានិយមពីជម្លោះនោះដែរ។

ជាមួយគ្នានេះ លោក Wang បានសាទរចំពោះ «ភាពជាអ្នកជិតខាងល្អ, មិត្តភាព និងកិច្ចសហប្រតិបត្តិការ» របស់ចិនជាមួយរុស្ស៊ីកាលពីឆ្នាំមុន ថា «រឹងមាំដូចដុំថ្ម», «គ្មាននរណាអាចជ្រៀតជ្រែកបាន» និង «មានភាពស៊ាំទៅនឹងការប្រែប្រួលនានានៅក្នុងបរិយាកាសអន្តរជាតិ»។

លោកបាននិយាយថា «នៅពេលដែលប្រទេសមួយចំនួនកំពុងស្វែងរកការស្តារឡើងវិញនូវស្មារតីនៃសម័យសង្រ្គាមត្រជាក់ និងវោហាសាស្ត្រលាបព៌ណស្ដីអំពីរបបប្រជាធិបតេយ្យនិងរបបផ្តាច់ការ ប្រទេសចិននិងរុស្ស៊ី បានរួមសាមគ្គីជាមួយប្រទេសដទៃទៀតដើម្បីប្រឆាំងយ៉ាងដាច់ខាតទៅនឹងអនុត្តរភាពនិយម ព្រមទាំងច្រានចោលនូវសង្គ្រាមត្រជាក់ថ្មីមួយ»។ លោកបានលើកឡើងថា «យើងនឹងធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តខាងយុទ្ធសាស្ត្ររវាងគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការដែលផ្ដល់នូវផលប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងចិននិងរុស្ស៊ី ព្រមទាំងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន-រុស្ស៊ី»។

លោក Wang ក៏បានប្តេជ្ញាជំរុញនូវការផ្លាស់ប្តូរកម្រិតខ្ពស់ជាមួយអឺរ៉ុបនៅឆ្នាំក្រោយផងដែរ បន្ទាប់ពីដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះរបស់អធិការបតីអាល្លឺម៉ង់ Olaf Scholz និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel ដែលជាដំណើរទស្សនកិច្ចដែលលោកបាននិយាយថា បានគូសបញ្ជាក់អំពី «ស្វ័យភាពជាយុទ្ធសាស្ត្រដ៏កាន់តែរឹងមាំរបស់អឺរ៉ុប»។ លោកបាននិយាយថា «នេះគឺជាភស្តុតាងជាក់ស្ដែងមួយដែលថាប្រទេសចិននិងអឺរ៉ុបគឺជាដៃគូរវាងគ្នាទៅវិញទៅមកមិនមែនជាគូប្រជែងនោះទេ ហើយយើងម្នាក់ៗគឺជាឱកាសសម្រាប់គ្នាទៅវិញទៅមក មិនមែនជាការគំរាមកំហែងនោះទេ»។

លោក Wang ដែលជាអតីតឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសជប៉ុន ក៏បានអំពាវនាវឱ្យទីក្រុងតូក្យូ «ចៀសវាងការដើរក្រោយ និងការបត់ត្រឡប់ក្រោយ» នៅមុនពេលដំណើរទស្សនកិច្ចមកកាន់ប្រទេសចិន ដែលបានគ្រោងទុកដោយសមភាគីជប៉ុនរបស់លោក គឺលោក Yoshimasa Hayashi ។

លោកបានស្វែងរកការបំភ្លឺជុំវិញជម្លោះព្រំដែនដ៏ជូរចត់រវាងចិនជាមួយឥណ្ឌា នៅពេលមានរបាយការណ៍ជាច្រើនអំពីការប៉ះទង្គិចគ្នាដោយហិង្សារវាងកងទ័ពប្រចាំនៅព្រំដែនរបស់ពួកគេកាលពីដើមខែនេះ ដោយបាននិយាយថា ទីក្រុងប៉េកាំងបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយទីក្រុងញូវដែលីដើម្បីលើកកម្ពស់ «កំណើនដ៏មានស្ថិរភាព និងមានភាពរឹងមាំ» នៃទំនាក់ទំនងទ្វេភាគី។

លោក Zhao Ma សាស្ត្រាចារ្យរងផ្នែកប្រវត្តិសាស្ត្រ និងវប្បធម៌ចិនសម័យទំនើបនៅសកលវិទ្យាល័យ Washington ក្នុងទីក្រុង St Louis បាននិយាយថា បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងរបស់លោក Wang ដើម្បីលើកកម្ពស់វោហាសាស្ត្រដែលចិនចង់បានក៏ដោយ ក៏វាអាចនឹងពិបាកណាស់ក្នុងការផ្លាស់ប្តូរទស្សនៈរបស់ពិភពលោកចំពោះប្រទេសចិនរបស់លោកប្រធានាធិបតី Xi Jinping ។

លោកសាស្ត្រាចារ្យរងរូបនេះបាននិយាយថា «គេមានកំណត់ត្រាយ៉ាងច្បាស់លាស់មួយដើម្បីបង្ហាញអំពីមហិច្ឆតារបស់លោក Xi ក្នុងការកែប្រែប្រព័ន្ធរបស់សកលលោកដែលដឹកនាំដោយអាមេរិក, ការមិនទុកចិត្តរបស់លោកចំពោះទីក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្ត, ចំណង់របស់លោកក្នុងការការពារការទាមទារអធិបតេយ្យរបស់ចិន និងការច្រានចោលនូវរាល់ការរិះគន់ណាមួយចំពោះកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសចិនព្រមទាំងឆន្ទៈរបស់លោកក្នុងការប្រើប្រាស់អំណាចសេដ្ឋកិច្ចរបស់ប្រទេសចិនដើម្បីរៀបចំសណ្តាប់ធ្នាប់ក្នុងតំបន់ និងសូម្បីតែសណ្ដាប់ធ្នាប់ពិភពលោកឡើងវិញទៀតផង។ អ្វីទាំងអស់នេះនឹងបន្តទៅមុខទៀត»។

លោកបានបន្តថា «ទោះជាយ៉ាងនេះក្តី លោក Xi កំពុងប្រឈមមុខនឹងបញ្ហាប្រឈមក្នុងស្រុកដ៏ធ្ងន់ធ្ងរ ជាពិសេសគឺសេដ្ឋកិច្ចដើរយឺតដែលបណ្តាលជាចម្បងមកពីគោលនយោបាយ «សូន្យ-កូវីដ» និងការមិនសប្បាយចិត្តរបស់ប្រជាជនចិន ជុំវិញបទបញ្ជាបិទខ្ទប់ដែលមិនច្បាស់លាស់។ បញ្ហាក្នុងស្រុកទាំងនេះនឹងបង្ខំឱ្យចិនកាត់បន្ថយមហិច្ឆតាជាសកលរបស់ខ្លួន ឬក៏ធ្វើការផ្លាស់ប្តូរទិសដៅឡើងវិញទៀតផង»។

លោក Sourabh Gupta អ្នកជំនាញជាន់ខ្ពស់នៅវិទ្យាស្ថានសិក្សាចិន-អាមេរិកនៃទីក្រុងវ៉ាស៊ីនតោនបាននិយាយថា មានសញ្ញាតិចតួចណាស់ដែលបង្ហាញថាប្រទេសចិនកំពុងដើរចេញពីរុស្ស៊ី។ លោកបាននិយាយថា «ប្រទេសចិននៅតែរក្សាជំហររបស់ខ្លួនដដែលដូចកាលពីមុនពេលមានការឈ្លានពានរបស់រុស្ស៊ី ពោលគឺប្រទេសចិនចង់បានទំនាក់ទំនងយុទ្ធសាស្ត្រដ៏ស៊ីជម្រៅ, គ្រប់ជ្រុងជ្រោយ និងពហុវិស័យជាមួយទីក្រុងមូស្គូ ប៉ុន្តែគេចាំបាច់ត្រូវតែបង្អាក់ទំនាក់ទំនងនេះនៅមុនពេលដែលដំណាក់កាលក្តៅនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនមកដល់។ ហើយម្រាមដៃចុចប៊ូតុងដើម្បីបង្អាក់នោះ ត្រូវតែដកចេញមកវិញឱ្យបានទាន់ពេលវេលា»៕

South China Morning Post

អត្ថបទទាក់ទង