អត្ថន័យនៃច្បាប់កាត់បន្ថយអតិផរណារបស់សហរដ្ឋអាមេរិកសម្រាប់អឺរ៉ុប
ច្បាប់កាត់បន្ថយអតិផរណា (Inflation ReductionAct-IRA) របស់អាមេរិក ដែលទើបត្រូវបានអនុម័តកាលពីពេលថ្មីៗនេះ និងដែលបានរួមបញ្ចូលទាំងការឧបត្ថម្ភធនរាប់រយពាន់លានដុល្លារ ដល់វិស័យបច្ចេកវិទ្យាបៃតង និងថាមពលកកើតឡើងវិញ បានបង្ហាញអំពីការផ្លាស់ប្តូរដែលគ្រប់គ្នាបានរង់ចាំអស់រយៈពេលជាយូរមកហើយនៅក្នុងគោលនយោបាយអាកាសធាតុរបស់សហរដ្ឋអាមេរិក។
ប៉ុន្តែបើទោះបីជាការសម្រេចចិត្តរបស់អាមេរិកក្នុងការចូលរួមនៅក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុត្រូវបានសហភាពអឺរ៉ុបទទួលស្វាគមន៍ក៏ដោយ ក៏មេដឹកនាំមួយចំនួនបានសម្តែងនូវការព្រួយបារម្ភថា «ច្បាប់នេះបានផ្តោតទៅលើផលិតកម្មក្នុងស្រុកខ្លាំងជ្រុលពេក ហើយអាចនឹងធ្វើឱ្យមានការរើសអើងប្រឆាំងនឹងក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហភាពអឺរ៉ុប»។
ហេតុផលមួយដែលប្រជាជនអឺរ៉ុបគួរតែទទួលយកច្បាប់ IRA នេះគឺដោយសារ «វាគឺជាវិធីសាស្រ្តដ៏សាមញ្ញមួយសម្រាប់ការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុដែលជារឿយៗប្រធានបទនេះបានគ្របដណ្តប់ស្ទើរតែលើគ្រប់កិច្ចពិភាក្សាអំពីគោលនយោបាយ»។ ច្បាប់ IRA បានផ្តល់នូវការសន្និដ្ឋានថា «រដ្ឋាភិបាលអាចពន្លឿនការផ្លាស់ប្តូរទៅផ្តោតលើសេដ្ឋកិច្ចបៃតងតាមរយៈការឧបត្ថម្ភធនវិនិយោគដល់បុគ្គលនិងក្រុមហ៊ុន»។ លើសពីនេះច្បាប់ IRA ក៏បានបង្ហាញទំនោរគាំទ្រដល់កម្មករផងដែរ ដោយក្នុងនោះវាបានផ្តោតទៅលើការងារក្នុងស្រុក និងការព្យាយាមបង្កើនប្រាក់ឈ្នួល។
ខណៈពេលដែលច្បាប់ IRA តំណាងឱ្យគោលនយោបាយឧស្សាហកម្មបៃតង ដែលមានសក្តានុពលក្នុងការបង្កើតការងារនៅក្នុងវិស័យថាមពលស្អាតរាប់លានកន្លែង វិធីសាស្រ្តទីផ្សារសេរីនិយមរបស់សហភាពអឺរ៉ុបអាចនឹងទទួលបរាជ័យ ដោយសារទ្រឹស្តីសេដ្ឋកិច្ចមិនបានផ្តល់ការយកចិត្តទុកដាក់ទៅលើចំណុចសំខាន់ ២ របស់សង្គមមនុស្សគឺ «ការចំណាយលើការសម្របខ្លួនរបស់បុគ្គល និងទំនាក់ទំនងថាមពល-សេដ្ឋកិច្ច»។
វិធីសាស្រ្តដែលផ្តោតមកលើរដ្ឋាភិបាលរបស់ច្បាប់ IRA គឺផ្អែកទៅលើហេតុផលសេដ្ឋកិច្ចដ៏ល្អ។ ច្បាប់ IRA ក៏បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនទៀតផងដែរ បូករួមទាំងការដាក់ទណ្ឌកម្មលើអាកប្បកិរិយាដែលមិនទទួលខុសត្រូវចំពោះបរិស្ថាន។ មនុស្សភាគច្រើនចង់បានសេដ្ឋកិច្ចបៃតងដែលអាចផ្តល់នូវការងារសមរម្យ និងប្រាក់ខែល្អ ហើយពួកគេរំពឹងថា «រដ្ឋាភិបាលនឹងជួយបង្កើតលក្ខខណ្ឌទាំងនេះ»។
បើទោះបីជាវិធីសាស្រ្តរួមរបស់ច្បាប់ IRA ចំពោះគោលនយោបាយអាកាសធាតុអាចមានលក្ខណៈសមហេតុផលក៏ដោយ ក៏វានៅតែមានគុណវិបត្តិដ៏សំខាន់មួយ។ និយាយឱ្យសាមញ្ញទៅ អាមេរិកនៅខ្វះស្ថាប័នការងារដែលចាំបាច់ក្នុងការធ្វើឱ្យរបៀបវារៈគាំទ្រចំពោះកម្មករ អាចក្លាយជាគោលនយោបាយជាក់ស្តែង។
ការដោះស្រាយភាពមិនស៊ីសង្វាក់គ្នានៃរចនាសម្ព័ន្ធអំណាចរវាងបុគ្គលិក និងនិយោជក ទាមទារឱ្យមានក្រុមសហជីពដែលមានការរៀបចំយ៉ាងល្អ, ក្រុមប្រឹក្សាការងារ និងការអនុវត្តច្បាប់ប្រាក់ឈ្នួលអប្បបរមាឱ្យបានកាន់តែរឹងមាំ។ ជាក់ស្តែង នៅពេលនិយាយដល់ការបង្កើតរបៀបវារៈអាកាសធាតុដែលមានលក្ខណៈអំណោយផលចំពោះកម្លាំងពលកម្ម ប្រទេសជាច្រើននៅអឺរ៉ុបមានលក្ខខណ្ឌល្អជាងអាមេរិក ។
នៅក្នុងច្បាប់ IRA «ប្រាក់ឈ្នួលទូទៅ» នៅមានភាពស្រពិចស្រពិល ហើយវានឹងមានការពិបាកក្នុងការអនុវត្ត។ នៅក្នុងប្រទេសសហភាពអឺរ៉ុបភាគច្រើន ប្រាក់ឈ្នួលឧស្សាហកម្មត្រូវបានកំណត់ដោយកិច្ចព្រមព្រៀងចរចាជាសមូហភាព ហើយប្រាក់ឈ្នួលសហជីពអាចត្រូវបានគេប្រើប្រាស់ជាគោលនៅក្នុងវិស័យផ្សេងៗទៀត។
ប្រទេសមួយចំនួន ដូចជាបារាំងនិងអាល្លឺម៉ង់ជាដើម អាចនឹងនាំមុខគេនៅក្នុងបញ្ហានេះ។ ដោយសារប្រទេសអាល្លឺម៉ង់មានផែនការរួចហើយក្នុងការកំណត់លក្ខខណ្ឌបង់ប្រាក់សមរម្យដល់អ្នកដែលមានកិច្ចសន្យាការងារជាមួយរដ្ឋសហព័ន្ធទាំងអស់ (Federal Contractors) នៅក្នុងឆ្នាំនេះការអនុវត្តនូវតម្រូវការសម្រាប់ការឧបត្ថម្ភធនលើការវិនិយោគបៃតងនឹងមិនមែនជារឿងដែលលំបាកពេកនោះទេ។
លើសពីនេះទៀត កម្មវិធីបណ្តុះបណ្តាលបុគ្គលិកត្រូវតែជាផ្នែកដ៏សំខាន់នៅក្នុងគ្រប់របៀបវារៈបៃតងទាំងអស់។ ច្បាប់ IRA មានគោលបំណងគាំទ្រដល់ការបង្កើតកម្លាំងការងារដែលមានជំនាញខ្ពស់តាមរយៈការ ផ្តល់ឥណទានពន្ធដល់ក្រុមហ៊ុនដែលផ្តល់ការធ្វើកម្មសិក្សា។ ប៉ុន្តែភាពជោគជ័យនៃកម្មវិធីទាំងនេះនឹងអាស្រ័យទៅលើលទ្ធភាពនៃការបង្រៀនប្រកបដោយគុណភាពខ្ពស់ រួមជាមួយនឹងការចូលរួមរបស់និយោជក។
ការរៀបចំបែបនេះមានតែនៅក្នុងផ្នែកខ្លះនៃសហរដ្ឋអាមេរិកប៉ុណ្ណោះ ខណៈដែលអាល្លឺម៉ង់និងបណ្តាប្រទេសនៅសហភាពអឺរ៉ុបផ្សេងទៀតបានបន្តប្រើប្រាស់ការធ្វើកម្មសិក្សា និងកម្មវិធីបណ្តុះបណ្តាលឡើងវិញ ដើម្បីផ្តល់ការគាំទ្រដល់បុគ្គលិកដើម្បីឱ្យពួកគេទទួលបានជំនាញបច្ចេកទេសដែលត្រូវការសម្រាប់ការងារឧស្សាហកម្មភាគច្រើន។
ប៉ុន្តែគោលនយោបាយឧស្សាហកម្មនឹងចូលរួមចំណែកតិចតួចប៉ុណ្ណោះក្នុងការជំរុញប្រាក់ឈ្នួលនៅក្នុងវិស័យសេវាកម្ម ដែលនេះជាមូលហេតុដែលធ្វើឱ្យច្បាប់ប្រាក់ឈ្នួលអប្បបរមាមានសារៈសំខាន់ខ្លាំងចំពោះរបៀបវារៈនៃគោលនយោបាយដែលមានទំនោរគាំទ្រកម្មករ។ បណ្តាប្រទេសនៅសហភាពអឺរ៉ុបត្រូវតែប្រើប្រាស់ការផ្លាស់ប្តូរថាមពលបៃតងជាឱកាសដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាឱ្យបានសមរម្យដែលអាចផ្តល់នូវស្តង់ដាររស់នៅមួយដ៏សមរម្យ។
នៅពេលថ្មីៗនេះ រដ្ឋាភិបាលអាល្លម៉ង់បានបោះជំហានដ៏សំខាន់មួយនៅក្នុងទិសដៅនេះ នៅពេលដែលពួកគេបានដំឡើងប្រាក់ឈ្នួលអប្បបរមាពី ១០,៤៥ អឺរ៉ូ ដល់ ១២ អឺរ៉ូ បើទោះបីជាការដំឡើងប្រាក់ឈ្នួលអប្បបរមាបែបនេះអាចនឹងត្រូវបានគេចាត់ទុកជាមោឃៈ ដោយសារតែអត្រាដ៏ខ្ពស់នៃអតិផរណាក៏ដោយ។
បន្ថែមពីលើនេះ ដើម្បីដើរឱ្យស្របតាមសេចក្តីប្រកាសនៅពេលថ្មីៗនេះរបស់សហភាពអឺរ៉ុបស្តីអំពីប្រាក់ឈ្នួលអប្បបរមា ប្រទេសអាល្លឺម៉ង់ត្រូវតែដំឡើងប្រាក់ឈ្នួលអប្បបរមារបស់ខ្លួនឱ្យឡើងដល់យ៉ាងហោចណាស់ដល់ ១៦ អឺរ៉ូឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ តាមរយៈការធ្វើដូច្នេះ វានឹងជួយជំរុញឱ្យសហភាពអឺរ៉ុបទាំងមូលអាចធ្វើការឆ្លើយតបបានយ៉ាងរឹងមាំចំពោះកម្មវិធីដែលមានទំនោរគាំទ្រដល់កម្មកររបស់ច្បាប់ IRA ៕
Project Syndicate