ខ្មែរប៉ុស្ដិ៍ Close

បញ្ហាប្រឈម នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាននិងសហភាពអឺរ៉ុប

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 10
បញ្ហាប្រឈម នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាននិងសហភាពអឺរ៉ុប បញ្ហាប្រឈម នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាននិងសហភាពអឺរ៉ុប

ភាពជាដៃគូយុទ្ធសាស្ត្រថ្មីរវាងអាស៊ាននិងសហភាពអឺរ៉ុប (ASEAN–EU Strategic Partnership) ដែលបានប្រកាសនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២០ គឺជាចំណុចរបត់មួយនៅក្នុងទំនាក់ទំនងរវាងអង្គការក្នុងតំបន់ទាំងពីរនេះ។

នាពេលនេះ សហភាពអឺរ៉ុបប្រហែលជាត្រូវការអាស៊ានខ្លាំងជាងអាស៊ានត្រូវការ សហភាពអឺរ៉ុបទៅទៀត។ ភាពជាដៃគូយុទ្ធសាស្រ្តនេះរួមមានកិច្ចព្រមព្រៀងសហប្រតិបត្តិការលើ បញ្ហាជាច្រើន ដូចជា សេដ្ឋកិច្ច, សមាហរណកម្មអាស៊ាន, ការឆ្លើយតបនឹងវីរុស Covid-19 ការអភិវឌ្ឍប្រកប ដោយចីរភាព, កិច្ចសហប្រតិបត្តិការ នៅដែនសមុទ្រនិងសន្តិសុខតាមប្រព័ន្ធអុីនធើណេត។

ប៉ុន្តែ ដើម្បីអាចសម្រេចបាននូវបញ្ហាយុទ្ធសាស្រ្តនៅក្នុងភាពជាដៃគូនេះ បញ្ហាប្រឈមមួយចំនួន ចាំបាច់ត្រូវតែជម្នះឱ្យបាន។

អស់រយៈពេលជាយូរមកហើយ សហភាពអឺរ៉ុបនិងអាស៊ាន បានផ្តោតលើគុណតម្លៃរួម និងគោលការណ៍រួមមួយចំនួន ដូចជាសណ្តាប់អន្តរជាតិដោយផ្អែកលើច្បាប់, ពហុភាគីនិយម និងពាណិជ្ជកម្មសេរី។

ប៉ុន្តែ ភ័ស្តុតាងមួយចំនួនបានបង្ហាញថា ប្លុកទាំងពីរនេះ មិនសូវយល់ពីគ្នា និងមិនសូវចុះសម្រុងគ្នាប៉ុន្មាននោះទេ។ ពួកគេមានជំហរខុសៗគ្នាពាក់ព័ន្ធនឹងបញ្ហាអាទិភាពជាច្រើនរបស់ពួកគេ ហើយពួកគេក៏មានតួនាទី
ដោះស្រាយបញ្ហាខុសៗគ្នានៅក្នុង ចំណោមសមាជិករបស់ពួកគេផងដែរ។

នៅពេលនិយាយដល់គុណតម្លៃសេចក្តីថ្លែងការណ៍របស់សហប្រធានអាស៊ាន និងសហភាពអឺរ៉ុបដែលប្រកាសអំពី ភាពជាដៃគូយុទ្ធសាស្រ្តនេះ មិនបានលើកឡើងអំពីបញ្ហាលទ្ធិប្រជាធិបតេយ្យ ឬសិទ្ធិមនុស្សទាល់តែសោះ បើទោះបីជាបញ្ហានេះជាបញ្ហាដ៏សំខាន់ក៏ដោយ។

អស់ពេលជាយូរ មកហើយ សហភាពអឺរ៉ុបនៅតែមិនអាចមានសមត្ថភាពក្នុងការផ្លាស់ប្តូរបទដ្ឋានរបស់អាស៊ាន ហើយដោយផ្អែកលើហេតុផលនេះ សហភាពអឺរ៉ុបគួរតែវាយតម្លៃឡើងវិញនូវតួនាទីរបស់ខ្លួនក្នុងនាមជាអ្នកផ្លាស់ប្តូរបទដ្ឋាន (Norm entrepreneur)។

ខណៈពេលដែលសហភាពអឺរ៉ុបនិងអាស៊ានបានធ្វើការឆ្ពោះទៅរកការបង្កើនទំនាក់ទំនងរវាងគ្នាយ៉ាងជិតស្និទ្ធអស់រយៈពេលជាច្រើនឆ្នាំមកហើយ ភាពជាដៃគូ នាពេលថ្មីៗនេះបានបង្ហាញថា «ភាគីសហភាពអឺរ៉ុបគឺជាអ្នកជំរុញឱ្យមានភាពជាដៃគូយុទ្ធសាស្ត្រខ្លាំងជាងភាគីអាស៊ាន»

ការបង្កើតឱ្យមាន ភាពជាដៃគូយុទ្ធសាស្រ្តនេះគឺជារឿងសមហេតុផល ដោយសារសហភាពអឺរ៉ុបគឺជាដៃគូអភិវឌ្ឍដ៏សំខាន់និងជាម្ចាស់ជំនួយដ៏ធំបំផុតរបស់អាស៊ាន។

ភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាននិងសហភាពអឺរ៉ុបបានផ្តល់ការគាំទ្រដល់មជ្ឈភាពអាស៊ាន និងទស្សនវិស័យរបស់អាស៊ានស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ជាមួយនឹងអវត្តមាននៃការលើក ឡើងអំពីបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ភាពជាដៃគូយុទ្ធសាស្ត្រនេះ ប្រៀបដូចជាការអនុម័តស្របតាមបទដ្ឋាន និងគោលការណ៍របស់អាស៊ាន ជាជាងស្របតាមគោលដៅ និងគុណតម្លៃរបស់សហភាពអឺរ៉ុប។

ភាពជាដៃគូយុទ្ធសាស្ត្រអន្តរតំបន់នេះបានបង្ហាញនូវបញ្ហាប្រឈមជាច្រើន។

ទី ១ ៖ សហភាពអឺរ៉ុប និងប្រទេសជាសមាជិកត្រូវធានាឱ្យបាននូវសាមគ្គីភាពនៅក្នុងទំនាក់ទំនងរបស់ពួកគេជាមួយអាស៊ាន។ រដ្ឋជាសមាជិក EU មួយចំនួនបានបង្កើតយុទ្ធសាស្ត្រអាស៊ី-ប៉ាស៊ីហ្វិក ឬឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ពួកគេរួចហើយ ដោយបានលើកឡើងអំពីចំណុចអាទិភាពផ្នែកសន្តិសុខ និងពាណិជ្ជកម្ម ក៏ដូចជាវិធីសាស្ត្រតាមបែបការទូតផងដែរ។

ទី ២ ៖ សហភាពអឺរ៉ុបចាំបាច់ត្រូវធានាឱ្យបាននូវសាមគ្គីភាព នៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយអាស៊ាននិងជាមួយរដ្ឋជាសមាជិកអាស៊ាននីមួយៗ។ សហភាពអឺរ៉ុបបានអនុវត្តនូវជំហររបស់ខ្លួនចំពោះរដ្ឋជាសមាជិកអាស៊ានលើបញ្ហាជាក់លាក់មួយចំនួនដែលមានលក្ខណៈផ្ទុយគ្នាពីអ្វីដែលខ្លួនបានធ្វើចំពោះអាស៊ាន ដែលក្នុងនោះរួមមានការផ្អាកឯកសិទ្ធិពាណិជ្ជកម្មពីប្រទេសកម្ពុជា ដោយសារតែបញ្ហាមនុស្សសិទ្ធិ, ជម្លោះជាមួយប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ីលើបញ្ហាប្រេងដូង និងការផ្អាកកិច្ចចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសម៉ាឡេស៊ី, ថៃ និងហ្វីលីពីន។

រដ្ឋប្រហារនាពេលថ្មីៗនេះនៅប្រទេសមីយ៉ាន់ម៉ាក៏អាចបង្កផលប៉ះពាល់ដល់ទំនាក់ទំនងនាពេលអនាគតផងដែរ។ បណ្តាមេដឹកនាំអឺរ៉ុប បានថ្កោលទោសរដ្ឋប្រហារនេះលឿនពេក បើទោះបីជាមិនទាន់បានចាត់វិធានការប្រឆាំងនឹងប្រទេសមីយ៉ាន់ម៉ាក៏ដោយ។

ចំណែកឯអាស៊ានវិញ បានចេញសេចក្តីថ្លែងការណ៍ដោយជម្រុញឱ្យមានការស្វែងរកកិច្ចសន្ទនា ដើម្បីអាចឈានទៅ ដល់ការផ្សះផ្សានិងការវិលត្រឡប់ទៅរកភាព ប្រក្រតីឡើងវិញ។

វិធានការបន្ទាប់របស់អាស៊ាននិងសហភាពអឺរ៉ុបចំពោះស្ថានភាពនៅមីយ៉ាន់ម៉ាអាចនឹងជះឥទ្ធិពលគួរឱ្យកត់សម្គាល់មួយចំនួនមក លើភាពជាដៃគូយុទ្ធសាស្ត្រនេះ។

ការប៉ះទង្គិចគ្នាណាមួយនឹងរារាំងដល់កិច្ចសហប្រតិបត្តិការ។ ជាឧទាហរណ៍ កាលពីឆ្នាំ ២០០៩ ការចរចាស្តីពី FTA រវាងសហភាពអឺរ៉ុបនិងអាស៊ានបានជាប់គាំង មួយផ្នែកក៏ដោយសារមិនមានការស្រុះស្រួលគ្នាចំពោះវិធីដោះស្រាយបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

គេនៅមិនទាន់ច្បាស់ទេថា «តើភាពជាដៃគូយុទ្ធសាស្ត្រថ្មីនេះនឹងអាចផ្សះផ្សាទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការពហុភាគីបានដែរឬទេ នៅក្នុងពេលកំពុងកើតមានការឈ្លានពានពីសំណាក់ប្រទេសចិន បូករួមនឹងគោលនយោបាយរបស់សហរដ្ឋអាមេិកដែល បានបង្វែការផ្តោតចំណាប់អារម្មណ៍មក លើតំបន់អាស៊ី»

នៅក្នុងដំណើរឆ្ពោះទៅមុខ អាស៊ាន និងសហភាពអឺរ៉ុបត្រូវតែស្វែងរកការឯកភាពគ្នា ពាក់ព័ន្ធនឹងគុណតម្លៃ, ជំហរនៅក្នុងតំបន់និងផលប្រយោជន៍ខុសៗគ្នានៅក្នុងចំណោមរដ្ឋជាសមាជិករបស់ពួកគេ។

ពួកគេក៏ត្រូវស្វែងរកការឯកភាពគ្នាលើវិធីសាស្ត្រដោះស្រាយបញ្ហាទ្វេភាគីនិងបញ្ហានៅក្នុងតំបន់ និងបង្កើតឱ្យមានឱកាសសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រថ្មីៗទាំង នៅក្នុងវេទិការតំបន់ និងវេទិការទ្វេរភាគី និងពហុភាគី។

អ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបដែលទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខ លោក Josep Borrell បាន ប្រកាសថា «ភាពជា ដៃគូរវាងអឺរ៉ុបនិងអាស៊ានមានភាពចាំបាច់ណាស់»

ការផ្តោតលើគោលការណ៍រួមនិងការទទួលយកភាពខុសគ្នានឹងក្លាយជាគន្លឹះដែលអាចធ្វើឱ្យដៃគូយុទ្ធសាស្ត្រថ្មីរបស់ពួកគេកាន់តែមានសារៈសំខាន់និងកាន់តែមានភាពឋិតឋេរ៕ East Asia Forum

អត្ថបទទាក់ទង