ខ្មែរប៉ុស្ដិ៍ Close

អ្នកឈ្នះពានរង្វាន់ណូបែលសន្តិភាពមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយ CIA

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 61
អ្នកឈ្នះពានរង្វាន់ណូបែលសន្តិភាពមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយ CIA អ្នកទទួលរង្វាន់ណូបែលសន្តិភាពឆ្នាំ 2022 សុទ្ធតែមានទំនាក់ទំនងជាមួយ NED ដែលជាសាខារបស់ CIA

គណៈកម្មាធិការពានរង្វាន់ណូបែលមានអ្នកកាត់សេចក្តី (Judge) ចំនួន ៥ រូបដែលត្រូវបានតែងតាំងដោយសភានៃប្រទេសន័រវេស មានភារកិច្ចជ្រើសរើសអ្នកឈ្នះពានរង្វាន់នេះ។ ប៉ុន្តែមនុស្សចាប់ផ្តើមងឿងឆ្ងល់ថា «តើវាអាចមានអ្នកកាត់សេចក្តីទី៦ ដែរឬទេ ដែលមិនត្រូវបានតែងតាំងដោយសភាន័រវេសទេ ក៏ប៉ុន្តែដោយ CIA ដែលត្រូវបានប្រគល់ភារកិច្ចឱ្យធ្វើការធានាថា អ្នកឈ្នះពានរង្វាន់ណូបែលសន្តិភាពនឹងបន្តជំរុញរបៀបវារៈរបស់អ្នកបង្កើតគោលនយោបាយអាមេរិក»។

បើទោះបីជាគំនិតនេះមើលទៅដូចជាមិនទំនងក៏ដោយ ក៏ប៉ុន្តែអ្នកដែលបានឈ្នះពានរង្វាន់ទាំងអស់នៅឆ្នាំនេះ សុទ្ធតែមានទំនាក់ទំនងជាមួយស្ថាប័នដែលជាសាខារបស់ CIA ដែលនោះគឺ «មូលនិធិជាតិដើម្បីប្រជាធិបតេយ្យ (NED – National Endowment for Democracy)»។ ជាក់ស្ដែង អ្នកនាង Oleksandra Matviichuk ដែលបានទទួលពានរង្វាន់ណូបែលសន្តិភាពនៅឆ្នាំនេះ ជំនួសមុខឱ្យ «មជ្ឈមណ្ឌលអ៊ុយក្រែនសម្រាប់សេរីភាពស៊ីវិល» (CCL) បានទទួលពានរង្វាន់ប្រជាធិបតេយ្យប្រចាំឆ្នាំរបស់ NED ក្នុងនាមជាអ្នកតំណាងឱ្យមជ្ឈមណ្ឌល CCL កាលពី ៦ ខែមុន។

NED ត្រូវបានបង្កើតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ដើម្បីលើកកម្ពស់ការឃោសនា និងប្រតិបត្តិការផ្លាស់ប្តូររបប ក្នុងគោលបំណងបម្រើផលប្រយោជន៍ឱ្យចក្រពត្តិអាមេរិក។ លោក Allen Weinstein ដែលជានាយកផ្នែកការសិក្សាស្រាវជ្រាវ ដែលជាអ្នកដឹកនាំបង្កើត NED បានកត់សម្គាល់នៅក្នុងឆ្នាំ ១៩៩១ ថា «អ្វីដែលយើងកំពុងធ្វើសព្វថ្ងៃនេះ ភាគច្រើនត្រូវបានធ្វើដោយសម្ងាត់កាលពី ២៥ ឆ្នាំមុន ដោយ CIA»។

អ្នកទទួលពានរង្វាន់ណូបែលសន្តិភាព ២ រូបទៀត នៅឆ្នាំនេះ គឺលោក Ales Bialiatski ដែលជាអ្នកប្រឆាំងជនជាតិបេឡារុស្ស និងអង្គការ Memorial ដែលជាអង្គការសិទ្ធិមនុស្សមួយ ដែលត្រូវបានបណ្តេញចេញពីប្រទេសរុស្ស៊ី ដោយសារការរំលោភលើច្បាប់ទីភ្នាក់ងារបរទេស ក៏ធ្លាប់បានទទួលពានរង្វាន់ បូករួមនឹងការផ្តល់ហិរញ្ញប្បទានពី NED ផងដែរ។

បើទោះបីជាកាលពីមុន ពានរង្វាន់ណូបែលសន្តិភាពធ្លាប់បានផ្តល់ទៅដល់មនុស្សបង្កហេតុ ដូចជា Theodore Roosevelt, Henry Kissinger និង Barack Obama ក៏ដោយ ក៏វាមិនធ្លាប់បានផ្តល់ទៅដល់អង្គការដែលមានទំនាក់ទំនងយ៉ាងស្និទ្ធស្នាលជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេស ដែលមានភាពទុច្ចរិតផ្នែកនយោបាយ និងដែលមានជំនាញខាងធ្វើសង្គ្រាមចិត្តសាស្ត្រនោះទេ។

ពិធីប្រគល់រង្វាន់ណូបែលសន្តិភាពទាំងមូលនៅឆ្នាំនេះមានលក្ខណៈដូចជាផ្នែកមួយនៃផ្ទាំងទស្សនីយភាពទំនាក់ទំនងសាធារណៈ ដែលមានគោលបំណងប្រមែរប្រមូលមតិសាធារណៈប្រឆាំងនឹងរុស្ស៊ី ដើម្បីគាំទ្រដល់ភាពតានតឹងផ្នែកយោធានៅក្នុងសង្គ្រាមនៅអ៊ុយក្រែន។ នៅក្នុងសុន្ទរកថារបស់ពួកគេ អ្នកទទួលពានរង្វាន់សន្តិភាពទាំង ៣ នាក់ បានធ្វើការបរិហារឧក្រិដ្ឋកម្មសង្រ្គាម និងការឈ្លានពានរបស់រុស្ស៊ី និងបានបង្ហាញការគាំទ្រចំពោះសង្គ្រាមនៅអ៊ុយក្រែន។

អ្នកនាង Oleksandra Matviichuk ក៏បានលើកឡើងផងដែរនូវការស្នើដោយផ្ទាល់ ទៅកាន់រដ្ឋាភិបាលន័រវេសឱ្យផ្តល់ការការពារផ្នែកដែនអាកាសបន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន បូករួមនឹងការផ្គត់ផ្គង់អាវុធផ្សេងៗទៀត។ អ្នកនាងបាននិយាយថា «លោកខាងលិចបានបិទភ្នែកធ្វើមិនឃើញនូវការបំផ្លិចបំផ្លាញរបស់រុស្ស៊ី និងបានចាប់ដៃជាមួយថ្នាក់ដឹកនាំរុស្ស៊ី, បានសាងសង់បំពង់បង្ហូរឧស្ម័ន និងបានបន្តធ្វើអាជីវកម្មជាមួយរុស្ស៊ីដូចធម្មតា នៅពេលដែលកងទ័ពរុស្ស៊ីបានប្រព្រឹត្តឧក្រិដ្ឋកម្មនៅក្នុងប្រទេសផ្សេងៗអស់រយៈពេលជាច្រើនទសវត្សរ៍»។

អ្នកនាង Matviichuk បានលើកឡើងទៀតថា «លោកខាងលិចដ៏បរិសុទ្ធបានសមគំនិតក្នុងការផ្គាប់ចិត្តរុស្ស៊ី» បើទោះបីជានៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ វាគឺជាកងទ័ពសហរដ្ឋអាមេរិក និងភ្នាក់ងាររបស់ខ្លួនទេ ដែលបានវាយលុកនៅពាសពេញតំបន់មជ្ឈិមបូព៌ា និងបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមដ៏ធំ។ គ្រប់ពេល រុស្ស៊ីតែងធ្វើអន្តរាគមន៍ដើម្បីការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់សហរដ្ឋអាមេរិក និងអង្គការ NATO ដូចជានៅហ្សកហ្ស៊ីក្នុងឆ្នាំ ២០០៨ ឬតបតាមសំណើរបស់សម្ព័ន្ធមិត្ត ដូចជានៅស៊ីរី ដែលជាកន្លែងដែលរុស្ស៊ីបានជួយសង្គ្រោះពីការរងនូវជោគវាសនាដូចប្រទេសលីប៊ី ដែលត្រូវបានបំផ្លាញដោយការធ្វើអន្តរាគមន៍របស់អាមេរិក-NATO នៅឆ្នាំ ២០១១។

អ្នកនាង Matviichuk បាន​លើកឡើងនៅ​ក្នុង​សុន្ទរកថា​​ថា «សង្គ្រាម​នៅ​អ៊ុយក្រែន​មិនមែន​ជា​សង្គ្រាម​រវាង​រដ្ឋ​២ នោះទេ ក៏ប៉ុន្តែ​វាគឺជា​សង្គ្រាម​រវាង​​ប្រព័ន្ធ​២ ​គឺ​របប​ផ្តាច់ការ និង​របបប្រជាធិបតេយ្យ»។ ប្រសិនបើដូច្នោះមែន វាមិនច្បាស់ទេថា «តើនាងស្ថិតនៅខាងរបបមួយណា» ខណៈដែលប្រធានាធិបតីរបស់នាង គឺលោក Volodymyr Zelensky បានហាមឃាត់គណបក្សប្រឆាំងចំនួន ១១ បូករួមទាំងគណបក្សកុម្មុយនីស្តស្របច្បាប់នៅក្នុងប្រទេសរុស្ស៊ី និងបានបើកប្រតិបត្តិការបំបិទមាត់អ្នកប្រឆាំងទៀតផង។

អ្នកនាង Matviichuk បានបន្ថែមថា «ពិភពលោកមិនបានឆ្លើយតបឱ្យបានគ្រប់គ្រាន់ចំពោះទង្វើឈ្លានពាន និងការកាត់យកឧបទ្វីបគ្រីមៀនោះទេ»។ ទោះជាយ៉ាងណាក៏ដោយ គ្រីមៀធ្លាប់ជាផ្នែកមួយរបស់រុស្ស៊ី និងមិនដែលត្រូវបានឈ្លានពានឡើយ។ ប្រជាជននៅគ្រីមៀបានបោះឆ្នោតគាំទ្រការត្រូវបានបញ្ចូលឡើងវិញទៅក្នុងប្រទេសរុស្ស៊ី នៅក្នុងការធ្វើប្រជាមតិមួយ បន្ទាប់ពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានគាំទ្ររដ្ឋប្រហារស្តាំនិយមនៅអ៊ុយក្រែន ដែលអាចបង្កការគំរាមកំហែងផ្នែកសន្តិសុខយ៉ាងធ្ងន់ធ្ងរចំពោះព្រំដែនរបស់ប្រទេសរុស្ស៊ី។

អ្នកនាង Matviichuk បានលើកឡើងនូវប្រវត្តិសាស្រ្តមិនពិតបន្ថែម ទៀតនៅពេលដែល នាងបានអះអាងថា «ប្រជាជនរុស្ស៊ីត្រូវទទួលខុសត្រូវចំពោះជំពូកដ៏អាម៉ាស់នៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ (សំដៅលើការឈ្លានពានអ៊ុយក្រែន) ក៏ដូចជាបំណងប្រាថ្នារបស់ពួកគេក្នុងការស្ដារឡើងវិញនូវអតីតអាណាចក្ររបស់ពួកគេដោយប្រើប្រាស់កម្លាំង»។ ទោះជាយ៉ាងណាក៏ដោយ ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន មិនមែនជាការប៉ុនប៉ងស្ដារចក្រភពរុស្ស៊ីឡើងវិញនោះទេ ក៏ប៉ុន្តែវាជាការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខជាតិដ៏ពិតប្រាកដ ដែលរុស្ស៊ីបានប្រឈមមុខដែលបង្កឡើងដោយរដ្ឋប្រហារស្តាំនិយមនៅអ៊ុយក្រែន និងការពង្រីកខ្លួនរបស់អង្គការ NATO នៅតាមព្រំដែនរបស់រុស្ស៊ី។

អ្នកនាង Matviichuk មិនបានអើពើទេនឹងការពិតដែលថា «រុស្ស៊ីកំពុងធ្វើអន្តរាគមន៍មនុស្សធម៌ដ៏ពិតប្រាកដ ដើម្បីជួយសង្គ្រោះប្រជាជននៅភាគខាងកើតអ៊ុយក្រែន ដែលជាគោលដៅនៃប្រតិបត្តិការបោសសម្អាត ជនជាតិភាគតិចរបស់យោធាអ៊ុយក្រែន ដែលបានធ្វើឱ្យជនស៊ីវិល ១៤ ០០០ នាក់បានស្លាប់»។ អ្នកនាង Matviichuk បានបញ្ចប់សុន្ទរកថារបស់នាងដោយការបញ្ជាក់ថា ៖

«ប្រជាជនអ៊ុយក្រែនចង់បានសន្តិភាពច្រើនជាងមនុស្សផ្សេងទៀតនៅក្នុងពិភពលោក។ ប៉ុន្តែ​សន្តិភាព​មិន​អាចសម្រេចបាន​ដោយ​ការ​វាយ​ប្រហារ​ដោយអាវុធទេ។ បន្ទាប់ពីការរំដោះទីក្រុង Bucha យើងបានឃើញជនស៊ីវិលជាច្រើន ដែលបានស្លាប់នៅតាមដងផ្លូវ និងនៅក្នុងទីធ្លាផ្ទះរបស់ពួកគេ។ មនុស្សទាំងនោះគ្មានអាវុធទេ។ យើងត្រូវតែបញ្ឈប់ការជឿថា ការគំរាមកំហែងផ្នែកយោធាគឺជាការសម្របសម្រួលផ្នែកនយោបាយ»។

«ហើយនេះគឺជាមូលហេតុដែលឆន្ទៈរបស់ប្រជាជនអ៊ុយក្រែនក្នុងការទប់ទល់នឹងចក្រពត្តិរុស្ស៊ីមានសារៈសំខាន់ខ្លាំង។ យើង​នឹង​មិន​ទុក​ឱ្យ​មនុស្ស​នៅ​ក្នុង​ទឹកដី​ដែលត្រូវបានកាន់កាប់ ​ត្រូវ​រងនូវការសម្លាប់ និង​ការធ្វើ​ទារុណកម្ម​ឡើយ។ ជីវិតរបស់ប្រជាជនមិនអាចជាការសម្របសម្រួលផ្នែកនយោបាយបានទេ។ ការតស៊ូដើម្បីសន្តិភាពមិនមែនមានន័យស្មើនឹងការចុះញ៉មនឹងសម្ពាធរបស់អ្នកឈ្លានពាននោះទេ ក៏ប៉ុន្តែវាមានន័យស្មើនឹងការការពារប្រជាជនពីភាពឃោរឃៅរបស់អ្នកឈ្លានពាន»។

វាគឺជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលដែលមនុស្សម្នាក់បានប្រើវេទិកាដែលផ្តល់ទៅឱ្យនាងតាមរយៈការឈ្នះពានរង្វាន់សន្តិភាពពិភពលោកដ៏ធំមួយ ដើម្បីព្យាយាមបកស្រាយការពារសង្រ្គាមដែលប្រទេសរបស់នាងបានចាប់ផ្តើម (នៅក្នុងឆ្នាំ ២០១៤ នៅពេលដែលអ៊ុយក្រែនបានវាយប្រហារលើប្រជាជននៅភាគខាងកើតនៃប្រទេសដែលបានបោះឆ្នោតចង់បានស្វ័យភាពកាន់តែច្រើន បន្ទាប់ពីមានរដ្ឋប្រហារនៅអ៊ុយក្រែនដែលទទួលបានការគាំទ្រពីបរទេស និងបន្ទាប់ពីរដ្ឋាភិបាលក្រោយរដ្ឋប្រហារបានដាក់ចេញនូវច្បាប់ដ៏តឹងរ៉ឹង។

ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko (២០១៤-២០១៩) ថែមទាំងបានលាតត្រដាងថា «អ៊ុយក្រែនគ្មានចេតនាចង់គោរពតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុង Minsk នោះទេ ដែលអាចរារាំងការផ្ទុះជម្លោះយ៉ាងពេញទំហឹងជាមួយរុស្ស៊ី»។ ផ្ទុយទៅវិញ អ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងនេះដើម្បីផ្តល់ពេលវេលាបន្ថែមទៀតដល់ខ្លួនក្នុងការកសាងអំណាចយោធា និងទទួលបានអាវុធ និងការគាំទ្រកាន់តែច្រើនពីសំណាក់សហរដ្ឋអាមេរិកដើម្បីត្រៀមលក្ខណៈទប់ទល់នឹងរុស្ស៊ី។

អ្នកនាង Matviichuk បានផ្សព្វផ្សាយព័ត៌មានមិនពិតបន្ថែមទៀត តាមរយៈការលើកឡើងថា «ជនជាតិរុស្ស៊ីបានសម្លាប់ជនស៊ីវិលទាំងអស់នៅក្នុងទីក្រុង Bucha» ខណៈដែលការស៊ើបអង្កេតស៊ីជម្រៅបានរកឃើញថា «ជនស៊ីវិលជាច្រើននាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុង Bucha ដោយជនជាតិអ៊ុយក្រែន បន្ទាប់ពីកងកម្លាំងរុស្ស៊ីត្រូវបានបណ្តេញចេញ»។

និន្នាការនយោបាយពិតរបស់នាងត្រូវបានគេមើលឃើញយ៉ាងច្បាស់នៅចុងបញ្ចប់នៃសុន្ទរកថា នៅពេលដែលនាងសរសើរ «ប្រជាជននៅក្នុងប្រទេសអ៊ីរ៉ង់ដែលកំពុងតស៊ូប្រយុទ្ធនៅតាមផ្លូវដើម្បីសេរីភាពរបស់ពួកគេ និងប្រជាជននៅក្នុងប្រទេសចិន ដែលកំពុងប្រឆាំងនឹងរបបផ្តាច់ការឌីជីថលនៅក្នុងប្រទេសរបស់ពួកគេ»។ នេះគឺមានលក្ខណៈស៊ីគ្នានឹងយុទ្ធសាស្ត្ររបស់ NED ដែលបានឧបត្ថម្ភអង្គការនានាដែលថ្កោលទោសការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសឯករាជ្យដែលត្រូវបានកំណត់គោលដៅដោយសហរដ្ឋអាមេរិកសម្រាប់ការផ្លាស់ប្តូររបប ទន្ទឹមនឹងការលើកតម្កើងអំពីវីរភាពរបស់អ្នកប្រឆាំងដែលដើរស្របតាមគោលដៅ របស់អាមេរិក។

ការប្រើប្រាស់ពិធីប្រគល់រង្វាន់ណូបែលសន្តិភាពដល់អ្នកនាង Matviichuk ជាវេទិកាមួយដើម្បីលើកកម្ពស់សង្រ្គាម បានដើរតាមគំរូដែលត្រូវបានបង្កើតឡើងដោយលោក Barack Obama នៅពេលដែលលោកបានឈ្នះពានរង្វាន់ណូបែលសន្តិភាពនៅក្នុងឆ្នាំ ២០០៩។ នៅក្នុងសុន្ទរកថាទទួលពានរង្វាន់នោះ លោក Obama បានផ្តល់ការការពារចំពោះទារុណកម្មសង្គ្រាមរបស់អាមេរិកនៅអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ ជាមួយនឹងការអះអាងថា «យើងត្រូវចាប់ផ្តើមដោយការទទួលស្គាល់នូវការពិតដ៏លំបាកដែលថា យើងនឹងមិនលុបបំបាត់ជម្លោះហិង្សានៅក្នុងជីវិតរបស់យើងបានទេ។ ពេលខ្លះ ប្រទេសមួយចំនួន ទាំងជាលក្ខណៈបុគ្គល ឬជាក្រុម អាចនឹងត្រូវប្រើប្រាស់កម្លាំងដើម្បីស្វែងភាពយុត្តិធម៌»។

លោក Obama បានបន្តថា «​ខ្ញុំ​ធ្វើ​សេចក្តី​ថ្លែងការណ៍​នេះ​ ដោយ​បានចងចាំអំ​ពី​អ្វី​ដែល​លោក Martin Luther King បាន​និយាយ​នៅក្នុង​ពិធី​ដដែល​នេះ​កាលពី​ឆ្នាំមុន។ អំពើហិង្សា​មិន​ដែល​នាំមក​នូវ​សន្តិភាព​អចិន្ត្រៃយ៍​ឡើយ​។ វាមិនអាចដោះស្រាយបញ្ហាសង្គមបានទេ។ វាគ្រាន់តែបង្កើតនូវអ្វីដែលថ្មី និងដែលកាន់តែស្មុគស្មាញជាងមុន។ ក្នុងនាមជាប្រមុខរដ្ឋដែលបានស្បថការពារប្រទេសជាតិរបស់ខ្ញុំ ខ្ញុំមិនអាចឈរ​នៅស្ងៀម​ចំពោះមុខការ​គំរាម​កំហែងចំពោះ​ប្រជាជន​អាមេរិក​បាន​នោះទេ។ អំពើអាក្រក់ពិតជាមាននៅក្នុងលោក។ ចលនាអហិង្សាមិនអាចរារាំងកងទ័ពរបស់ហ៊ីត្លែរបានទេ។ ការ​ចរចា​នឹងមិន​អាច​បញ្ចុះបញ្ចូល​មេដឹកនាំ​អាល់កៃដាឱ្យទម្លាក់​អាវុធ​បាន​ទេ។ ការនិយាយថា ការប្រើកម្លាំងគឺជារឿងចាំបាច់ មិនមែនជារឿងអាត្មានិយមនោះទេ តែវាគឺជាការទទួលស្គាល់នូវប្រវត្តិសាស្ត្រ, ភាពមិនល្អឥតខ្ចោះរបស់មនុស្ស និងដែនកំណត់នៃហេតុផល»។

គំរូដ៏អាក្រក់មួយត្រូវបានបង្កើតឡើងនៅក្នុងការប្រគល់ពានរង្វាន់ណូបែលសន្តិភាពដល់ទីភ្នាក់ងារឃោសនា ដែលអាចបញ្ឆេះឱ្យមានសង្គ្រាមលោកលើកទី៣។ ផ្នែកដ៏សំខាន់នៃបេសកកម្មបច្ចុប្បន្នរបស់មជ្ឈមណ្ឌល CCL គឺ «ការចងក្រងឯកសារឧក្រិដ្ឋកម្មសង្រ្គាមរបស់រុស្ស៊ីនៅ Donbas» បើទោះបីជាអ៊ុយក្រែនគួរតែជាអ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសិទ្ធិមនុស្សភាគច្រើននៅទីនោះក៏ដោយ បើគិតចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម បន្ទាប់ពីរដ្ឋប្រហារដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ២០១៤។

អ្នកស្រុកមកពីទីក្រុងនានានៅភាគខាងកើតអ៊ុយក្រែនបានរាយការណ៍អំពីការរំលោភ និងការធ្វើទារុណកម្មលើអ្នកទោសដែលត្រូវបានចាប់ខ្លួនដោយកងទ័ពអ៊ុយក្រែន និងការបាញ់ផ្លោងឥតឈប់ឈរមកលើជនស៊ីវិល និងការទម្លាក់គ្រាប់បែកនៅក្នុងរយៈពេល ៨ ឆ្នាំ។ រឿងនេះមិនត្រូវបានអើពើដោយមជ្ឈមណ្ឌល CCL ទេ ដែលជំនួសមកវិញបានព្យាយាមផ្តោតតែទៅលើរឿងរ៉ាវរបស់ជនរងគ្រោះនៃអំពើហិង្សាផ្លូវភេទដែល បង្កឡើងដោយទាហានរុស្ស៊ីនៅអ៊ុយក្រែន និងស្ត្រីដែលត្រូវបានចាប់ពង្រត់ដោយទាហានរុស្ស៊ី។

លើសពីនេះទៅទៀត មជ្ឈមណ្ឌល CCL បានបង្កើតយុទ្ធនាការអន្តរជាតិមួយដើម្បីជំរុញឱ្យមានការដោះលែងអ្នកទោសនយោបាយនៅរុស្ស៊ី និងដើម្បីលើកកម្ពស់ការយល់ដឹងអំពីការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយនៅតំបន់គ្រីមៀ។ មជ្ឈមណ្ឌល CCL បានចាត់ទុកខ្លួនឯងជាអ្នកការពារដ៏ពិសេសរបស់ក្រុមជនជាតិ Crimean Tatars ដែលមួយចំនួនបានសហការជាមួយ Nazi អាល្លឺម៉ង់នៅក្នុងសង្គ្រាមលោកលើកទី២ និងដែលត្រូវបានប្រើប្រាស់ជាយូរមកហើយដោយមហាអំណាចខាងក្រៅដើម្បីព្យាយាមធ្វើឱ្យរុស្ស៊ីមានអស្ថិរភាព និងដើម្បីបញ្ឆេះជម្លោះជនជាតិភាគតិចដែលជាផ្នែកមួយនៃយុទ្ធសាស្រ្ត «បំបែកបំបាក់ និងយកឈ្នះ»។

មេដឹកនាំ Crimean Tatars លោក Mustafa Dzhemilev ដែលទទួលបានពានរង្វាន់ពី NED នៅក្នុងឆ្នាំ ២០១៨ បានធ្វើដំណើរទៅកាន់ទីស្នាក់ការកណ្តាលរបស់អង្គការ NATO នៅទីក្រុងព្រុចសែល បន្ទាប់ពីការកាត់បញ្ចូលឧបទ្វីបគ្រីមៀដោយរុស្ស៊ីកាលពីខែមីនា ឆ្នាំ ២០១៤ ដើម្បីអំពាវនាវឱ្យមានការធ្វើអន្តរាគមន៍ប្រដាប់អាវុធដោយអង្គការសហប្រជាជាតិ ដើម្បីប្រគល់តំបន់គ្រីមៀទៅឱ្យអ៊ុយក្រែនវិញ។

លោក Matviichuk គឺជាអ្នកសហការនិពន្ធនូវការសិក្សាមួយដែលមានឈ្មោះថា «The Fear Peninsula: Chronicles of Occupation and Violations of Human Rights in Crimea» ដែលជាខិតបណ្ណឃោសនា ដែលមានគោលបំណងប្រមែរប្រមូលសាធារណជនឱ្យគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែនក្នុងការដណ្តើមយកមកវិញនូវតំបន់គ្រីមៀ ដែលជាការប្រឆាំងនឹងការចង់បានរបស់ប្រជាជននៅទីនោះ។

លក្ខណៈនយោបាយនៃពិធីប្រគល់ពានរង្វាន់ណូបែលនៅឆ្នាំនេះ មានលក្ខណៈកាន់តែជាក់ស្តែង ជាមួយនឹងការជ្រើសរើសអ្នកប្រឆាំងបេឡារុស្សម្នាក់ឈ្មោះ Ales Bialiatski ជាសហម្ចាស់ពានរង្វាន់សន្តិភាព (co-winner)។ ជាមួយនឹងការជាប់គុកពីបទផ្តល់ហិរញ្ញប្បទានដល់សកម្មភាពដែលបានបង្កការរំខានដល់សណ្តាប់ធ្នាប់សាធារណៈ លោក Bialiatski គឺជាផ្នែកមួយនៃការបះបោរ និងបដិវត្តន៍ពណ៌ដែលទទួលបានការឧបត្ថម្ភពី NED នៅក្នុងឆ្នាំ ២០២០-២០២១ ដែលបានបរាជ័យក្នុងការផ្តួលរំលំមេដឹកនាំសង្គមនិយមរបស់ប្រទេសបេឡារុសគឺ Alexander Lukashenko ដែលជាអ្នកជួយសង្គ្រោះប្រទេសនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។

លោក Lukashenko គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់លោក Vladimir Putin ដែលបានគាំទ្រការពង្រឹងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) ដែលជាសម្ព័ន្ធមិត្តនៃបណ្តាប្រទេសអឺរ៉ាស៊ីក្នុងគោលបំណងលើកកម្ពស់ការធ្វើពាណិជ្ជកម្មជារូបិយបណ្ណជាតិជំនួសឱ្យប្រាក់ដុល្លារអាមេរិក និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ដើម្បីបង្ហាញអំពីការរួបរួមដ៏រឹងមាំប្រឆាំងនឹងចក្រពត្តិអាមេរិក។

ភរិយារបស់លោក Bialiatski គឺលោកស្រី Natalia Pinchuk ដែលបានមកទទួលពានរង្វាន់ណូបែលសន្តិភាពជំនួសស្វាមី បានប្រើប្រាស់ឱកាសនេះដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់លោក Lukashenko ក្នុងនាមជាមេដឹកនាំរបបផ្តាច់ការ ដោយក្នុងនោះលោកស្រី Pinchuk បានថ្កោលទោសលោក Lukashenko ជុំវិញការប្រើប្រាស់កម្លាំង ដូចជាគ្រាប់បែកដៃ, ដំបង, កាំភ្លើងឆក់, ការចាប់ខ្លួន និងការធ្វើទារុណកម្មគ្មានទីបញ្ចប់។

ពាក្យចុងក្រោយទាំងនេះអាចមានការពិតខ្លះ ក៏ប៉ុន្តែមេដឹកនាំនៅទូទាំងពិភពលោក ច្បាស់ណាស់នឹងមានប្រតិកម្មដូចលោក Lukashenko ដែរ ប្រសិនបើពួកគេត្រូវប្រឈមមុខនឹងការបះបោរដែលមានការគាំទ្រពីបរទេសដែលមានគោលបំណងចង់បំផ្លាញសង្គមនិយមដ៏ជោគជ័យរបស់ប្រទេសបេឡារុស្ស និងដែលចង់ប្រែក្លាយប្រទេសឱ្យទៅជាកូនអុកមួយផ្សេងទៀតរបសអាមេរិក និងអង្គការ NATO ដើម្បីប្រើ​ជា​មូលដ្ឋាន​សម្រាប់ការបង្ក​អស្ថិរភាព​ដល់រុស្ស៊ី។

គួរឱ្យកត់សម្គាល់ផងដែរថា «លោក Bialiatski គឺជាអ្នកចូលរួមម្នាក់នៅក្នុងវេទិកា NED ឆ្នាំ ២០១៤» ដែលនៅពេលនោះ លោកបានចូលរួមនិយាយជាមួយនាយក NED គឺលោក Carl Gershman។ សកម្មភាពនេះបានបង្ហាញថា «វាអាចមានការផ្តល់មូលនិធិដោយ NED ដល់អង្គការដែលលោក Bialiatski បានបង្កើត គឺអង្គការ Viasna ដែលមានគោលបំណងតាមដានការរំលោភសិទ្ធិមនុស្សដែលប្រព្រឹត្តដោយរដ្ឋាភិបាលរបស់លោក Lukashenko និងដើម្បីតស៊ូមតិសម្រាប់ក្រុមប្រឆាំងនឹងរបបដឹកនាំប្រទេស»។

នៅឆ្នាំ ២០២១ អង្គការ NED បានផ្តល់ជំនួយជាង ២,៥ លានដុល្លារដល់ក្រុមសង្គមស៊ីវិលនៅក្នុងប្រទេសបេឡារុស្ស បូករួមទាំងក្រុមដែលផ្តោតលើសិទ្ធិមនុស្ស និងបានចងក្រងឯកសារអំពីការរំលោភបំពានរបស់រដ្ឋាភិបាលរបស់លោក Lukashenko ក្រោមហេតុផលនយោបាយ។ តាមរយៈការជួយលាបពណ៌លោក Lukashenko ថាជាបិសាចនៅក្នុងប្រព័ន្ធផ្សព្វផ្សាយទាំងជាតិនិងអន្តរជាតិ អង្គការរបស់លោក Bialiatski និងក្រុមនានាផ្សេងទៀតរបស់លោក បានបម្រើផលប្រយោជន៍របស់ចក្រពត្តិអាមេរិក តាមរយៈការជួយប្រមែរប្រមូលការគាំទ្រពីសាធារណជនសម្រាប់ប្រតិបត្តិការផ្លាស់ប្តូររបប។

អ្នកឈ្នះទី៣ នៃពានរង្វាន់ណូបែលសន្តិភាពនៅឆ្នាំនេះ គឺជា «អង្គការសិទ្ធិមនុស្សរុស្ស៊ី» ដែលត្រូវបានហាមឃាត់និងដែលមានឈ្មោះថា «Memorial»។ នៅក្នុងឆ្នាំ ២០០៤ នាយករបស់អង្គការនេះគឺលោក Arseny Roginsky បានទទួលពានរង្វាន់ប្រជាធិបតេយ្យរបស់ NED។ ការផ្តល់ពានរង្វាន់នេះបានបង្ហាញថា «អង្គការ Memorial ដែលត្រូវបានបង្កើតឡើងដោយអ្នកប្រឆាំងជាជនជាតិសូវៀតឈ្មោះ Andrei Sakharov នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ អាចទទួលបានហិរញ្ញប្បទានពី NED ដែលមានចិត្តទូលាយនៅក្នុងប្រទេសរុស្ស៊ី ជាពិសេសចំពោះក្រុមសង្គមស៊ីវិលដែលមានរបៀបវារៈពាក់ព័ន្ធនឹងការបំផ្លាញប្រព័ន្ធរបស់សូវៀត និងលោក Putin។ នៅក្នុងឆ្នាំ ២០១៤ អង្គការ Memorial ត្រូវបានដាក់ក្នុងបញ្ជីភ្នាក់ងារបរទេសដោយរដ្ឋាភិបាលរុស្ស៊ ដែលសង្ស័យថាបានទទួលមូលនិធិពីបរទេស។

«តើវាគួរត្រូវបានប្តូរឈ្មោះទៅជាពានរង្វាន់ណូបែលសង្រ្គាម (Nobel War Prize) វិញដែរឬទេ?» ពានរង្វាន់ណូបែលសន្តិភាពបានបង្កការខូចខាតដល់កេរ្តិ៍ឈ្មោះរបស់ខ្លួន តាមរយៈការជ្រើសរើសអ្នកឈ្នះនៅក្នុងពេលកន្លងមក ហើយនៅឆ្នាំនេះវាហាក់បីដូចជាកាន់តែអាក្រក់ជាងពេលណាៗទាំងអស់ជាមួយនឹងពិធីប្រគល់រង្វាន់ដែលត្រូវបានប្រើជាវេទិកាសម្រាប់ការញុះញង់សង្រ្គាមប្រឆាំងនឹងប្រទេសរុស្ស៊ី។

នៅពេលអនាគត ពានរង្វាន់នេះគួរត្រូវបានប្តូរឈ្មោះទៅជា «ពានរង្វាន់ណូបែលសង្គ្រាម»។ បើទោះបីជាសកម្មជនសន្តិភាពដ៏ពិតប្រាកដដូចជា Emily Greene Balch, Linus Pauling និង Martin Luther King, Jr. ធ្លាប់បានទទួលពានរង្វាន់នេះក៏ដោយ ក៏ឥឡូវនេះវាកំពុងត្រូវបានប្រគល់ទៅឱ្យអ្នកឃោសនាសង្រ្គាម និងជនក្បត់ជាតិដែលត្រូវបានជួលដោយចៅហ្វាយនាយបរទេសដែលកំពុងប្រើប្រាស់ពួកគេជាកូនអុកនៅក្នុងល្បែងដ៏មហន្តរាយ ដែលវានឹងមិនមានអ្នកឈ្នះនោះឡើយ៕

Jeremy Kuzmarov/CovertAction Magazine

អត្ថបទទាក់ទង