ខ្មែរប៉ុស្ដិ៍ Close

ហេតុអ្វីបានជាអនាគតសេដ្ឋកិច្ចរបស់វៀតណាមមានភាពត្រចះត្រចង់ និងកាន់តែត្រចះត្រចង់?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 61
ហេតុអ្វីបានជាអនាគតសេដ្ឋកិច្ចរបស់វៀតណាមមានភាពត្រចះត្រចង់ និងកាន់តែត្រចះត្រចង់? ហេតុអ្វីបានជាអនាគតសេដ្ឋកិច្ចរបស់វៀតណាមមានភាពត្រចះត្រចង់ និងកាន់តែត្រចះត្រចង់?

កាលពីពេលថ្មីៗនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានផ្លាស់ប្តូរការព្យាករកំណើនសេដ្ឋកិច្ចរបស់វៀតណាម សម្រាប់ឆ្នាំ ២០២២ ពីចំនួន ៦% ទៅ ៧%។ នេះគឺជាការកើនឡើងដ៏សំខាន់តែមួយគត់នៅក្នុងចំណោមបណ្តាប្រទេសអាស៊ី ហើយនេះក៏ជាអត្រាមួយដែលខ្ពស់ជាងបណ្តាប្រទេសសំខាន់ៗក្នុងតំបន់ផងដែរដូចជាឥណ្ឌា ជប៉ុន និងចិន ដែលការព្យាករត្រូវបានកាត់បន្ថយមកនៅចន្លោះពី ០,៧% ទៅ ១,១%។

នៅក្នុងសប្តាហ៍នេះ ធនាគារពិភពលោកក៏បានកែសម្រួលការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចរបស់វៀតណាមផងដែរពីចំនួន ៥,៣% ទៅ ៧,២% ដែលជាតួលេខដ៏ខ្ពស់បំផុតមួយនៅក្នុងតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍។ បើទោះបីជាករណីនេះបានបង្កនូវការភ្ញាក់ផ្អើលចំពោះមនុស្សជាច្រើនក៏ដោយ ក៏វាមិនមែនជារឿងចម្លែកនោះទេសម្រាប់អ្នកដែលបានតាមដានប្រទេសវៀតណាមយ៉ាងយកចិត្តទុកដាក់នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។

វៀតណាមបានផ្លាស់ប្តូរពីប្រទេសដែលមានសេដ្ឋកិច្ចក្រីក្របំផុតមួយនៅក្នុងពិភពលោក ទៅជាប្រទេសមួយដែលមានកំណើនលឿនបំផុត។ ការប្រកួតប្រជែងអំណាចដ៏ខ្លាំងក្លារវាងចិននិងសហរដ្ឋអាមេរិក ក៏បានជួយជំរុញកំណើនរបស់វៀតណាមនៅពេលថ្មីៗនេះផងដែរ។ បន្ទាប់ពីយោធាអាមេរិកបានដកថយពីវៀតណាមនៅក្នុងឆ្នាំ ១៩៧៥ សេដ្ឋកិច្ចរបស់ប្រទេសនេះបានជួបប្រទះនឹងបញ្ហាយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីភាពគ្មានប្រសិទ្ធភាព នៃសេដ្ឋកិច្ច, ឥទ្ធិពលសង្រ្គាមដែលនៅសេសសល់ និងអត្រាផលិតភាពទាប។

ទន្ទឹមនឹងនេះដែរ ការឈ្លានពានរបស់វៀតណាមនៅកម្ពុជាក្នុងឆ្នាំ ១៩៧៩ ដើម្បីបណ្តេញរដ្ឋាភិបាលខ្មែរក្រហម ក៏បានបង្កភាពតានតឹងកាន់តែខ្លាំងដល់វិបត្តិសេដ្ឋកិច្ច ខណៈដែលធនធានត្រូវបានបង្វែរទៅកាន់កិច្ចខិតខំប្រឹងប្រែងធ្វើសង្រ្គាម ហើយវៀតណាមក៏ត្រូវជួបប្រទះនឹងភាពងាយរងគ្រោះចំពោះសម្ពាធពីអន្តរជាតិ បូករួមទាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងការឈ្លានពានពីសំណាក់ប្រទេសចិន។

ឱនភាពសេដ្ឋកិច្ច និងភាពតានតឹងទាំងនេះបានធ្វើឱ្យវៀតណាមក្លាយជាប្រទេសក្រីក្របំផុតមួយនៅក្នុងតំបន់អាស៊ី ជាមួយនឹងអត្រាកំណើន GDP ត្រឹម ២,៨% នៅក្នុងឆ្នាំ ១៩៨៥ និងអត្រាអតិផរណាចំនួន ៣៧៨% នៅក្នុងឆ្នាំ ១៩៨៦។ ប៉ុន្តែនៅឆ្នាំ ១៩៨៦ គណបក្សកុម្មុយនីស្តវៀតណាម (VCP) បានដាក់ចេញនូវការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួន ដោយងាកមកផ្តោតលើការប្រើប្រាស់កម្លាំងទីផ្សារដើម្បីបែងចែកធនធាន។

កំណែទម្រង់ដែលមានឈ្មោះថា «Doi moi» បានផ្តល់នូវការលើកទឹកចិត្តដល់ឧស្សាហកម្មឯកជន, ទទួលស្គាល់សិទ្ធិដីធ្លីឯកជន និងបានលុបបំបាត់ការធ្វើកសិកម្មបែបសមូហភាព។ ការផ្លាស់ប្តូរទាំងនេះ បូករួមនឹងការដកទ័ពរបស់វៀតណាមចេញពីកម្ពុជានៅក្នុងឆ្នាំ ១៩៨៩ បានធ្វើឱ្យប្រទេសវៀតណាមស្ថិតនៅលើផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងលឿន និងគួរឱ្យចាប់អារម្មណ៍បំផុត។

នៅពេលដែលគណបក្សកុម្មុយនីស្តវៀតណាមអនុវត្តកំណែទម្រង់ជាលើកដំបូង វៀតណាមគឺជាប្រទេសក្រីក្របំផុតមួយនៅក្នុងតំបន់ ដែលមានអត្រានៃភាពក្រីក្រច្រើនជាង ៧០%។ ប៉ុន្តែនៅឆ្នាំ ២០២០ អត្រានេះបានធ្លាក់ចុះមកនៅត្រឹម ៥% ខណៈមនុស្សជាង ១០ លាននាក់ត្រូវបានដកចេញពីភាពក្រីក្រនៅក្នុងឆ្នាំ ២០១០។

GDP សម្រាប់មនុស្សម្នាក់របស់ប្រទេសវៀតណាមក៏បានកើនឡើងជិត ១០ ដងផងដែរ ពីតិចជាង ៣០០ ដុល្លារនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ដល់ ២ ៨០០ ដុល្លារ ក្នុងឆ្នាំ ២០២០។ ដោយសារសេដ្ឋកិច្ចរបស់វៀតណាមមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាមួយនិងស្តង់ដារការងារនៅមានកម្រិតទាប ប្រទេសនេះបានក្លាយជាកន្លែងដ៏ទាក់ទាញសម្រាប់ការវិនិយោគ។

វាក៏បានក្លាយជាផ្នែកដ៏សំខាន់មួយផងដែរនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោកសម្រាប់ផលិតផលវាយនភណ្ឌ ស្បែកជើង និងគ្រឿងអេឡិចត្រូនិក។ វាយនភណ្ឌនិងស្បែកជើងមានចំណែក ១៨% នៃការនាំចេញរបស់វៀតណាមនៅក្នុងឆ្នាំ ២០១៨ ខណៈដែលគ្រឿងអេឡិចត្រូនិក និងឧបករណ៍អគ្គិសនីមានចំណែក ៤០%។ ក្រុមហ៊ុនធំៗដូចជា Adidas, Nike និង Samsung ក្នុងចំណោមក្រុមហ៊ុនជាច្រើនទៀត កំពុងមានវត្តមានផលិតកម្មនៅក្នុងប្រទេសវៀតណាម។

ការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់វៀតណាមបានកើនឡើងជាង ២០០ ដង បើគិតចាប់តាំងពីឆ្នាំ ១៩៨៦ ពីចំនួន ៤ម៉ឺនដុល្លារនៅក្នុងឆ្នាំ ១៩៨៦ ដល់ប្រហែល ១៥,៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ខណៈការនាំចេញបានកើនឡើងចំនួន ១៩% នៅចន្លោះឆ្នាំ ២០២០ ដល់ឆ្នាំ ២០២១។

វៀតណាមក៏ជាអ្នកទទួលផលពីការប្រកួតប្រជែងអំណាចរវាងសហរដ្ឋអាមេរិកនិងចិនផងដែរ។ នៅពេលដែលភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិនកើនឡើង គណបក្សកុម្មុយនិស្តចិនបានប្រកាន់ជំហរតឹងរ៉ឹងលើការធ្វើអាជីវកម្ម ហើយគោលនយោបាយកូវីដ-១៩ របស់ចិនក៏បានបង្កជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរដែលជាហេតុជំរុញឱ្យបណ្តាអាជីវកម្មនានាស្វែងរកការធ្វើពិពិធកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ពួកគេដើម្បីចៀសវាងពីភាពរអាក់រអួល។

ក្នុងឆ្នាំ ២០២១ ក្រុមហ៊ុនបរទេសចំនួន ១១ ០០០ បានលុបចោលការចុះឈ្មោះក្រុមហ៊ុនរបស់ពួកគេនៅក្នុងប្រទេសចិន ហើយបណ្តាក្រុមហ៊ុនធំៗមួយចំនួនដូចជា Apple, Samsung និង Hasbro ដែលធ្លាប់មានប្រតិបត្តិការផលិតដ៏យូរអង្វែងនៅក្នុងប្រទេសចិន ក៏បានសម្រេចចិត្តកាត់បន្ថយប្រតិបត្តិការរបស់ពួកគេផងដែរ។

វៀតណាមទទួលបានផលប្រយោជន៍នៅពេលដែលក្រុមហ៊ុនធំៗបានផ្លាស់ប្តូរដំណើរការផលិតកម្មរបស់ពួកគេ មកកាន់ប្រទេសរបស់ខ្លួន។ ជាក់ស្ដែង ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកដ៏លេចធ្លោ និងដែលមានកិច្ចសន្យាជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងអស់ បូករួមទាំងជាមួយក្រុមហ៊ុន Apple ផងនោះ បានប្រកាសថា «ខ្លួននឹងវិនិយោគទឹកប្រាក់ ៣០០ លានដុល្លារ នៅក្នុងរោងចក្រថ្មីមួយនៅភាគខាងជើងប្រទេសវៀតណាម»។

ក្រុមហ៊ុន Google បានប្រកាសនៅពេលថ្មីៗនេះថា «ខ្លួនគ្រោងនឹងបង្វែរជាងពាក់កណ្តាលនៃការផលិតទូរសព្ទ Pixel របស់ខ្លួនទៅកាន់ប្រទេសវៀតណាម» ខណៈដែលក្រុមហ៊ុន Microsoft ក៏បានប្រើប្រាស់ប្រទេសវៀតណាមសម្រាប់ការផលិត Xbox មួយចំនួនផងដែរ។ កាលពីប៉ុន្មានឆ្នាំមុនសាជីវកម្មទាំងនេះបានផលិតទំនិញទាំងអស់នេះនៅក្នុងប្រទេសចិន។

សរុបមក ការវិនិយោគផ្ទាល់ពីបរទេសរបស់វៀតណាមបានកើនឡើង ៨,៩% នៅចន្លោះខែមករា ដល់ខែមិថុនានៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ ទោះយ៉ាងណាក៏ដោយ វៀតណាមនៅតែអាចប្រឈមមុខនឹងឧបសគ្គដ៏ធ្ងន់ធ្ងរចំពោះកំណើននៅពេលអនាគត ហើយកត្តាដ៏ចម្បងបំផុតគឺ «ទំហំប្រជាជនរបស់ប្រទេស»។

ដូចគ្នានេះដែរ កម្លាំងពលកម្មរបស់វៀតណាមនៅមានជំនាញទាប ហើយការផ្គត់ផ្គង់ថាមពលក៏កំពុងជួបប្រទះនឹងការលំបាកក្នុងការបំពេញតាមតម្រូវការ។ ទោះបីជាប្រទេសវៀតណាមមានការជឿនលឿនគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក៏ដោយ ក៏ប្រទេសនេះនៅតែស្ថិតនៅលេខ៤៧ នៅឡើយ នៅក្នុងចំណោមប្រទេសចំនួន ១៦០។

ទោះជាយ៉ាងណាក៏ដោយ វៀតណាមពិតជាអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ចមិនគួរឱ្យជឿនៅក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយនេះ ដែលបានធ្វើឱ្យប្រទេសនេះក្លាយជាទិសដៅ FDI ដ៏ទាក់ទាញ។ ជាងនេះទៅទៀត ដោយសារភាពតានតឹងរវាងចិននិងអាមេរិកកំពុងជះឥទ្ធិពលអវិជ្ជមានដល់ការបញ្ជាទិញទំនិញ បូករួមនឹងតួនាទីរបស់វៀតណាមក្នុងនាមជាទិសដៅវិនិយោគដ៏ទាក់ទាញជំនួសឱ្យប្រទេសចិន «ការព្យាករសេដ្ឋកិច្ចរបស់វៀតណាមនឹងបន្តមាននិន្នាការវិជ្ជមានកាន់តែខ្លាំងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ»៕

The Diplomat

អត្ថបទទាក់ទង