ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា លើកទឹកចិត្តដល់វិនិយោគគិនទាំងអស់បន្តវិនិយោគបន្ថែមទៀត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 32

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងស្វាគមន៍គ្រប់វិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុកសូមអញ្ជើញចូលមករកស៊ីវិនិយោគនៅកម្ពុជាក្រោមដំបូលសន្តិភាព លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយមិនមានការរើសអើងនោះឡើយ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនីប្រមាណជាង១ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៣៤ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Chengdu Bayi (Cambodia) ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោកបានលើកទឹកចិត្តដល់អ្នកវិនិយោគិនក្រៅប្រទេសទាំងអស់ គឺមានសិទ្ធិវិនិយោគភាគហ៊ុនផ្ទាល់ខ្លួន (១០០%) ពេញ ដោយមិនចាំបាច់មានដៃគូក្នុងស្រុក ឬភាគហ៊ុនក្នុងស្រុកចូលរួមនោះឡើយ។ លោកបានបន្ថែមថា កម្ពុជាក៏មិនបានកំណត់ប្រាក់ចំណេញពីការវិនិយោគយកចេញទៅក្រៅប្រទេសនោះទេ ផ្ទុយមកវិញ កម្ពុជាគាំទ្រលើកទឹកចិត្តដល់វិនិយោគិនទាំងអស់សូមបន្តវិនិយោគបន្ថែមទៀតគឺកាន់តែល្អប្រសើរ ដែលនេះជាចំណុចពិសេសនៃគោលនយោបាយបើកចំហរបស់រាជរដ្ឋាភិបាលកម្ពុជា។ លើសពីនេះទៀត គោនយោបាយសេដ្ឋកិច្ចកម្ពុជានាពេលនេះ គឺជាគោនយោបាយ ហ៊ុន សែន ណូមិច ប្រៀបបានដូចជា «គោលនយោបាយផ្កាយព្រឹក» ដែលមិនមានពេលអស្តង្គគតនោះឡើយ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសំណូម ពរដល់ក្រសួង មន្ទីរពាក់ព័ន្ធ និអាជ្ញាធរសមត្ថកិច្ចគ្រប់ដាប់ថ្នាក់ជួយពន្យល់ ណែនាំបង្ហាញ ទាក់ទាញ និងជួយសម្រួលរាល់នូវបែបបទ និងលិខិតបទដ្ឋាននានាដល់អ្នកវិនិយោគទុន និងពាណិជ្ជករ ដើម្បីឱ្យពួកគាត់សប្បាយរីករាយ ពេញចិត្ត និងកក់ក្តៅក្នុងការវិនិយោគ និងធ្វើពាណិជ្ជកម្មគ្រប់កម្រិតនៅក្នុងប្រទេសកម្ពុជាដោយគ្មានការភ័យខ្លាច៕

អត្ថបទទាក់ទង