រយៈពេល ៩ខែ ក្នុងឆ្នាំ ២០២២ នេះ ការនាំចេញកសិផលរបស់កម្ពុជាមានទំហំទឹកប្រាក់ជាង ២,២ ពាន់លានដុល្លារ កើន ៥,៨%
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឲ្យដឹងថា នៅរយៈពេល៩ខែ ឆ្នាំ២០២២ ការនាំចេញកសិផលមានចំនួន ២ ២២៧,៥លានដុល្លារអាមេរិក កើនឡើងប្រមាណ ១២២,៣ លានដុល្លារអាមេរិក ស្មើនឹង៥,៨%។
ក្នុងចំណោមកសិផលផលដែលបាននាំចេញ ក្នុងនោះ ៖
- ស្រូវនាំចេញមានតម្លៃ ៥០៣,៦ លានដុល្លារអាមេរិក ថយចុះប្រមាណ ៩១,២ លានដុល្លារអាមេរិក ស្មើនឹង ១៥,៣%។
- ការនាំចេញអង្ករមានតម្លៃ ២៩១,៥ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៥.១ លានដុល្លារអាមេរិក ស្មើនឹង ១,៨%។
- ការនាំចេញកៅស៊ូមានតម្លៃ ២៧២,៨ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៧ លានដុល្លារអាមេរិក ស្មើនឹង ២,៦%។
- និងកសិផលផ្សេងទៀតមានតម្លៃ ១ ១៥៩,៧ លានដុល្លារអាមេរិក កើនឡើង ២០១,៥ លានដុល្លារអាមេរិក ស្មើនឹង ២១%។
ឧកញ៉ា ហ៊ុន ឡាក់ ដែលជាអ្នកនាំចេញផលិតផលកសិកម្មដ៏ល្បីឈ្មោះនៅកម្ពុជា បានថ្លែងថា ក្នុងរយៈពេល ៩ខែ ឆ្នាំ ២០២២ នេះ កសិផលនាំចេញមានការកើនឡើង រួមមាន៖ អង្ករ, ដំឡូងមីក្រៀម, ដំឡូងមីស្រស់, កាកសំណលដំឡូងមី, សណ្ដែកបាយ, សណ្ដែកសៀង និងថ្នាំជក់ រួមទាំងកសិផលមួយចំនួនទៀត។
លោកឧកញ៉ាបានបញ្ជាក់ថា៖
«ចំពោះការនាំចេញផ្លែចេកស្រស់វិញ រយៈពេល៩ខែឆ្នាំនេះថយចុះ ១០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ការធ្លាក់ចុះនេះ ដោយសារគោលនយោបាយសូន្យកូវីដរបស់ចិន។ រីឯការនាំចេញផ្លែស្វាយស្រស់វិញ ក៏មានការធ្លាក់ចុះជាង ២៦% ដោយសារគោលនយោបាយសូន្យកូវីដរបស់ចិន ការបិទខ្ទប់ព្រំប្រទល់វៀតណាមនិងចិន បូករួមនឹងបញ្ហានៃតម្លៃដឹកជញ្ជូនទៅចិនហក់ឡើងខ្ពស់ ធ្វើឲ្យការនាំចេញផ្លែស្វាយត្រូវបានខកខានក្នុងការនាំចេញ»។
លោកឧកញ៉ាបានបន្ដថា ការនាំចេញផ្លែស្វាយស្រស់ធ្លាក់ចុះ ប៉ុន្ដែការនាំចេញដំណាប់ស្វាយបានកើនឡើង ៤% ដោយបាននាំចេញទៅប្រទេសចិន, ថៃ, ហ្វីលីពីន, អាមេរិក និងប្រទេសដៃទៀតផងដែរ។
សម្រាប់ការនាំចេញរយៈពេល ៩ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទបានចំនួន ៤៤៩ ៣២៥ តោន ទៅកាន់គោលដៅចំនួន ៥៥៕
Fresh News