ខ្មែរប៉ុស្ដិ៍ Close

Asia Times ៖ ស្នូរសង្គ្រាមដែលនៅឆ្ងាយ បានធ្វើឲ្យមានការរញ្ជួយនៅតំបន់អាស៊ីអាគ្នេយ៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 69
Asia Times ៖ ស្នូរសង្គ្រាមដែលនៅឆ្ងាយ បានធ្វើឲ្យមានការរញ្ជួយនៅតំបន់អាស៊ីអាគ្នេយ៍ គិតមកទល់ពេលនេះ រដ្ឋបាល បៃឌិន បានមើលរំលងតំបន់អាស៊ីអាគ្នេយ៍នៅក្នុងយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការទប់ស្កាត់ប្រទេសចិន។ រូបភាព៖ ហ្វេសប៊ុក

ឯកអគ្គរដ្ឋទូតមកពីបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍បានប្រមូលផ្តុំគ្នានៅរដ្ឋធានី Kiev របស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ១៩ ខែតុលា ដើម្បីសម្ភោធទីតាំងកន្លែងអប់រំថ្មីមួយកន្លែង ស្របពេលដែលរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin ក៏បានសម្តែងនូវការព្រួយបារម្ភ តាមរយៈការលើកឡើងនៅក្នុងសុន្ទរកថាអំពីករណីកងទ័ពរុស្ស៊ី ដែលបានធ្វើការប្រមូលផ្តុំគ្នានៅតាមព្រំដែនរបស់ប្រទេសអ៊ុយក្រែន។

ការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ាននៅសាកលវិទ្យាល័យជាតិ Taras Shevchenko គឺជាការឆ្លើយតបចំពោះទឹកចិត្តរបស់ទីក្រុង Kiev ក្នុងការជំរុញការធ្វើទំនាក់ទំនងជាមួយតំបន់អាស៊ីអាគ្នេយ៍។

ការសន្យារបស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba ក្នុងការបង្កើនការធ្វើពាណិជ្ជកម្មជាមួយអាស៊ានឱ្យកើនឡើងដល់ទៅ ៥ ពាន់លានដុល្លារត្រូវបានផ្អាក ខណៈដែលពិភពលោកកំពុងរង់ចាំមើលថា តើប្រធានាធិបតីរុស្ស៊ី Vladimir Putin នឹងធ្វើការឈ្លានពានតាមការគំរាមកំហែងរបស់លោកដែរឬទេ។

បើមើលពីខាងក្រៅ ការឈ្លានពាននេះបានបង្កឱ្យមានការព្រួយបារម្ភតិចតួចប៉ុណ្ណោះសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ព្រោះប្រទេសអ៊ុយក្រែនគ្រាន់តែជាប្រទេសដៃគូពាណិជ្ជកម្មតូច ហើយមានលំហូរនៃការវិនិយោគតិចតួចប៉ុណ្ណោះ។

ជនជាតិអ៊ុយក្រែនដែលបានមកកំសាន្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០១៩ មានត្រឹមតែប្រហែល ៦០.៤០០ នាក់ប៉ុណ្ណោះ ពោលគឺតិចជាងប្រទេសអ៊ីរ៉ង់ទៅទៀត។

ប្រទេសរុស្ស៊ីដែលកំពុងតែប្រឈមមុខនឹងទណ្ឌកម្មដ៏សន្ធឹកសន្ធាប់ពីសំណាក់បស្ចិមប្រទេស ហើយក៏អាចនឹងជួបប្រទះនឹងបញ្ហាផ្គត់ផ្គង់ក្នុងស្រុកបន្ថែមទៀត។ ប្រសិនបើប្រទេសនេះសម្រេចធ្វើការឈ្លានពាន ក៏មិនសូវជាសំខាន់ខ្លាំងពេកសម្រាប់តំបន់អាស៊ីអាគ្នេយ៍ផងដែរ ព្រោះរុស្សីគ្រាន់តែជាដៃគូពាណិជ្ជកម្មធំទី៩ ជាមួយប្លុកនេះតែប៉ុណ្ណោះកាលពីឆ្នាំ ២០១៩។

មានតែប្រទេសវៀតណាម និងរបបយោធាមីយ៉ាន់ម៉ាតែប៉ុណ្ណោះដែលបានចាត់ទុកទីក្រុងម៉ូស្គូ ថាជាប្រទេសដៃគូជាចម្បងសម្រាប់ការនាំចូលអាវុធ

ប៉ុន្តែអ្វីៗដែលនឹងត្រូវកើតឡើងបន្ទាប់ទៀតពីប្រទេសអ៊ុយក្រែន គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប្រសិនបើការឈ្លានពាននេះ បានក្លាយទៅជាជម្លោះនៅក្នុងតំបន់អឺរ៉ុបទាំងមូល។

យន្តហោះចម្បាំង F-16 របស់កងទ័ពអាកាសកោះតៃវ៉ាន់មួយគ្រឿង បានហោះនៅជាមួយយន្តហោះទម្លាក់គ្រាប់បែក H-6K របស់កងទ័ពរំដោះប្រជាជនចិនកាលពីឆ្នាំ ២០១៨។ រូបថត៖ AFP/ក្រសួងការពារជាតិកោះតៃវ៉ាន់
យន្តហោះចម្បាំង F-16 របស់កងទ័ពអាកាសកោះតៃវ៉ាន់មួយគ្រឿង បានហោះនៅជាមួយយន្តហោះទម្លាក់គ្រាប់បែក H-6K របស់កងទ័ពរំដោះប្រជាជនចិនកាលពីឆ្នាំ ២០១៨។ រូបថត៖ AFP/ក្រសួងការពារជាតិកោះតៃវ៉ាន់

អ្នកសរសេរប្លុកជាតិនិយមចិនម្នាក់ ដែលមានឈ្មោះថា Huashan Qiong Jian បានលើកឡើងនៅក្នុងខែនេះថា «ការឈ្លានពានរបស់ប្រទេសរុស្ស៊ីនឹងក្លាយជាឱកាសក្នុងប្រវត្តិសាស្ត្រមួយសម្រាប់យើងក្នុងការដោះស្រាយបញ្ហាកោះតៃវ៉ាន់» ។

លោក Rechard Heydarian អ្នកសិក្សាស្រាវជ្រាវ និងជាអ្នកសរសេរអត្ថបទសម្រាប់សារព័ត៌មាន បាននិយាយថា «សេណារីយ៉ូដ៏អាក្រក់បំផុតនោះ គឺជាការវាយប្រហារក្នុងពេលតែមួយដោយប្រទេសរុស្ស៊ីមកលើប្រទេសអ៊ុយក្រែន និងដោយប្រទេសចិនមកលើកោះតៃវ៉ាន់»។

អស់រយៈពេលជា ច្រើនខែមកហើយ ដែលប្រទេសលោកខាងលិចបានភ័យខ្លាចថា «កងកម្លាំងចិនអាចបើកការឈ្លានពានក្នុងដែនកំណត់មួយ ឬធ្វើការឡោមព័ទ្ធកោះតៃវ៉ាន់ដែលជាកោះដែលទីក្រុងប៉េកាំងចាត់ទុកថា ជាខេត្តបំបែកខ្លួន»។

ប្រធានាធិបតីចិន Xi Jinping មិនដែលបដិសេធថានឹងមិនប្រើប្រាស់ដំណោះស្រាយហិង្សាចំពោះបញ្ហាកោះតៃវ៉ាន់នោះទេ។ អ្នកវិភាគមួយចំនួនបានគិតថា «ផ្លូវឆ្ពោះទៅកាន់សង្រ្គាមអាចត្រូវបានដាក់ចេញនៅក្នុងការធ្វើសមាជរបស់គណបក្សកុម្មុយនិស្តចិន ដែលបានប្រព្រឹត្តទៅកាលពីខែតុលា»។

ដោយលើកឡើងអំពីការងឿងឆ្ងល់ចំពោះកម្រិតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងរុស្ស៊ី លោក Heydarian បាននិយាយថា «ការភ័យខ្លាចចំពោះការវាយប្រហារស្របពេលគ្នានេះ គឺជាការភ័យស្លន់ស្លោជ្រុលពេកហើយ»។

ទីក្រុងម៉ូស្គូមិនសូវជាសប្បាយចិត្តខ្លាំងពេកទេ ចំពោះសកម្មភាពរបស់ប្រទេសចិនក្នុងការដណ្តើមទីផ្សារលក់អាវុធរបស់ខ្លួន ហើយជារឿយៗ ការទម្លាក់តម្លៃឱ្យថោកជាងរបស់ប្រទេសចិន បានធ្វើឱ្យការនាំចេញរបស់ប្រទេសរុស្សីត្រូវបានកាត់បន្ថយ ។

ប្រទេសទាំងពីរ មានសកម្មភាពភាព មិនស្របគ្នាមួយចំនួននៅក្នុងតំបន់អាស៊ីកណ្តាល ដោយទីក្រុងម៉ូស្គូមិនរីករាយចំពោះសកម្មភាពឈ្លានពានរបស់ប្រទេសចិននៅភាគខាងកើតនោះទេ ខណៈទីក្រុងប៉េកាំងក៏មិនសប្បាយចិត្តចំពោះសកម្មភាពរបស់ប្រទេសរុស្ស៊ីដែលបានបង្កការរំខានដល់ប្រទេសនៅអឺរ៉ុបដែលជាដៃគូពាណិជ្ជកម្មរបស់ខ្លួនផងដែរ។

យ៉ាងណាក៏ដោយ ការឈ្លានពានរបស់រុស្សីមកលើប្រទេសអ៊ុយក្រែនគឺជាហានិភ័យមួយចំពោះទីក្រុងវ៉ាស៊ីនតោន ហើយអ្វីដែលអាក្រក់ជាងនេះទៅទៀតនោះគឺ ប្រសិនបើសហរដ្ឋអាមេរិកបរាជ័យក្នុងការទប់ស្កាត់ការវាយលុករបស់ប្រទេសរុស្ស៊ី អាមេរិកនឹងបង្ហាញអំពីភាពទន់ខ្សោយរបស់ខ្លួន ហើយអាមេរិកនឹងមិនអាចបង្ហាញកំលាំងដើម្បីបន្តរក្សាស្ថិរភាពនៅក្នុងតំបន់អឺរ៉ុបបានទៀតនោះទេ។

ប្រសិនបើការដាក់ទណ្ឌកម្មរបស់អាមេរិកមិនអាចធ្វើការប្រឆាំងនឹងលោក Putin បាន ឬអ្នកខ្លះសង្ស័យថា ការដាក់ទណ្ឌកម្មនេះអាចរារាំងបានត្រឹមតែក្នុងរយៈពេលខ្លី ប្រភពដ៏សំខាន់នៃការរារាំងរបស់សហរដ្ឋអាមេរិកនេះ នឹងបាត់បង់តម្លៃនៅក្នុងតំបន់ផ្សេងទៀតនៃពិភពលោក។

ប្រសិនបើការដាក់ទណ្ឌកម្មមិនអាចរារាំងមិនឱ្យគេធ្វើអំពីអាក្រក់បានទៀតទេ នោះវានឹងបន្សល់ទុកនូវការទទួលយក ឬជម្លោះ។

ប្រសិនបើមានការផ្ទុះឡើងនៃជម្លោះដ៏ធ្ងន់ធ្ងរជាមួយរដ្ឋមួយចំនួននៅតំបន់អឺរ៉ុបអំពីវិធីសាស្ត្រដែលសហរដ្ឋអាមេរិកគួរធ្វើការឆ្លើយតបនោះ កិច្ចព្រមព្រៀងអន្តរអាត្លង់ទិកនឹងត្រូវបំផ្លាញ ហើយសហរដ្ឋអាមេរិកនឹងកាន់តែឯកោ។

មេដឹកនាំរបស់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ហាក់មានការស្ងប់ស្ងាត់ចំពោះបញ្ហារបស់ប្រទេសអ៊ុយក្រែននៅពេលនេះ។

នៅពេលដែល កងទ័ពរុស្ស៊ីបានធ្វើការលុកលុយប្រទេសនៅអឺរ៉ុបខាងកើតនៅក្នុងឆ្នាំ២០១៤ ដើម្បីក្តោបក្តាប់តំបន់ Crimea នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានលើកឡើងភ្លាមៗថា «វាជាការរំលឹកមួយដែលថា ប្រទេសតូចៗត្រូវដឹងអំពីរបៀបការពារខ្លួន ក៏ដូចជារបៀបក្នុងការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្តភក្តិ និងជាសម្ព័ន្ធមិត្ត»។

កប៉ាល់របស់ចិនទាំងនេះបានបង្កឱ្យមានជម្លោះការទូតកាលពីឆ្នាំមុន បន្ទាប់ពីបានចូលចតនៅតំបន់ថ្មប៉ប្រះទឹកមួយកន្លែងក្នុងដែនទឹកប្រទេសហ្វីលីពីនអស់រយៈពេលជាច្រើនសប្តាហ៍។ រូបថត៖ AFP / ក្រុមការងារជាតិ-សមុទ្រហ្វីលីពីនខាងលិច
កប៉ាល់របស់ចិនទាំងនេះបានបង្កឱ្យមានជម្លោះការទូតកាលពីឆ្នាំមុន បន្ទាប់ពីបានចូលចតនៅតំបន់ថ្មប៉ប្រះទឹកមួយកន្លែងក្នុងដែនទឹកប្រទេសហ្វីលីពីនអស់រយៈពេលជាច្រើនសប្តាហ៍។ រូបថត៖ AFP / ក្រុមការងារជាតិ-សមុទ្រហ្វីលីពីនខាងលិច

បញ្ហាប្រទេសអ៊ុយក្រែនក៏ប្រហែលជាមេរៀនថ្មីមួយទៀតផងដែរ។ លោក William Bratton អ្នកនិពន្ធសៀវភៅ «China’s Rise, Asia’s Decline» បានលើកឡើងនៅក្នុងអត្ថបទមួយក្នុងខែនេះថា «អត្ថន័យមួយទៀតនៃការលុកលុយរបស់រុស្សីមកលើប្រទេសអ៊ុយក្រែនគឺថា បណ្តាប្រទេសលោកខាងលិចប្រហែលជាមិនមែនជាដៃគូយោធាដ៏គួរឱ្យទុកចិត្តដូចបណ្តាប្រទេសនៅអាស៊ីមួយចំនួនបានសង្ឃឹមជឿជាក់នោះទេ»។

លោកបានបន្ថែមថា «ទោះបីស្ថានការណ៍អ៊ុយក្រែនត្រូវបានគេទប់ស្កាត់ក៏ដោយ វាច្បាស់ណាស់ដែលថា ប្រទេសលោកខាងលិចគ្មានបំណងក្នុងការប្រើប្រាស់សមត្ថភាពយោធារបស់ខ្លួនដើម្បីរារាំងការឈ្លានពានរបស់ប្រទេសរុស្ស៊ីនោះទេ ហើយគំនិតដែលថាមហាអំណាចលោកខាងលិចតែងតែស្វែងរកការការពារឧត្តមគតិរបស់ពួកគេ គឺជាការក្លែងបន្លំតែប៉ុណ្ណោះ»។

ជាថ្មីម្តងទៀតវាគ្មានអ្វីថ្មីនោះទេ។ ទីក្រុងហាណូយមានការងឿងឆ្ងល់ជាយូរមកថា តើទីក្រុងវ៉ាស៊ីនតោននឹងអាចលូកដៃចូលដែរឬទេ ប្រសិនបើមានភាពតានតឹងកើនឡើងជាមួយទីក្រុងប៉េកាំង នៅជុំវិញបញ្ហាសមុទ្រចិនខាងត្បូង។

នៅពេលដែលប្រធានាធិបតីហ្វីលីពីន Rodrigo Duterte មានបំណងចង់លុបចោលកិច្ចព្រមព្រៀងកងកម្លាំងបំពេញទស្សនកិច្ច ដែលបានអនុញ្ញាតឱ្យទាហានអាមេរិកចូលទៅកាន់មូលដ្ឋាននៅក្នុងប្រទេសហ្វីលីពីន លោក Duterte បានចង្អុលបង្ហាញអំពីការបរាជ័យជាក់ស្តែងរបស់ទីក្រុងវ៉ាស៊ីនតោនកាលពីអតីតកាលក្នុងការជួយការពារប្រទេសដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងក្នុងអំឡុងពេលដែលប្រទេសហ្វីលីពីនមានជម្លោះជាមួយប្រទេសចិនកាលពីឆ្នាំ២០១២ ពាក់ព័ន្ធនឹងតំបន់ Scarborough នៅក្នុងសមុទ្រចិនខាងត្បូង។

លោក Bratton បានលើកឡើងថា «ការប្តេជ្ញាចិត្តរបស់បណ្តាប្រទេសលោកខាងលិចចំពោះប្រទេសជាដៃគូនៅអាស៊ី មិនគួរត្រូវបានចាត់ទុកថាមានរយៈ ពេលជាអចិន្ត្រៃយ៍ នោះទេ ហើយតែងតែក្លាយជាកម្មវត្ថុនៃភាពមិនច្បាស់លាស់សម្រាប់នយោបាយនៅក្នុងស្រុក»។

នៅក្នុងសៀវភៅរបស់លោកដែលមានចំណងជើង «Colossus: The Rise and Fall of the American Empire» ប្រវត្តិវិទូ Niall Ferguson បានអះអាងថា «ចំណុចខ្សោយដ៏សំខាន់មួយរបស់ទីក្រុងវ៉ាស៊ីនតោនគឺ ឱនភាពនៃការយកចិត្តទុកដាក់»។

ដោយលើកឧទាហរណ៍អំពីការដកទ័ពរបស់អាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថានកាលពីពេលថ្មីៗនេះ លោក Bratton បាន ពណ៌នាសកម្មភាពនេះថា «ជាទំនោររបស់អ្នកបោះឆ្នោតអាមេរិក ដែលតែងតែបាត់បង់ចំណាប់អារម្មណ៍ទៅ លើការធ្វើអន្តរាគមន៍ ទ្រង់ទ្រាយធំណាមួយ បន្ទាប់ពីបានចាប់ផ្តើមអស់រយៈពេលប្រហែល ៤ ឆ្នាំ»។

ទោះជាយ៉ាងណាក៏ដោយ អ្វីដែលអាចជាមូលហេតុផ្សេង ទៀតនោះគឺ ទំនោររបស់ប្រធានាធិបតីអាមេរិកដែលតែងតែផ្លាស់ប្តូរការផ្តោតអារម្មណ៍ជាសកលរបស់អាមេរិក នៅពេលណាដែលពួកគេចូលកាន់តំណែង។

ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ មក ការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិកបានផ្លាស់ប្តូរចេញពីតំបន់អាស៊ីទៅតំបន់អឺរ៉ុប និងតំបន់មជ្ឈិមបូព៌ា ហើយផែនការរបស់លោក Barack Obama កាលពីឆ្នាំ ២០១១ បានផ្លាស់ប្តូរការចាប់អារម្មណ៍របស់អាមេរិកត្រលប់មកកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកវិញ

អតីត​ប្រធានាធិបតី​អាមេរិក លោក Barack Obama ឈរ​ជា​មួយ​អនុ​ប្រធានា​ធិបតី Joe Biden នៅ​បន្ទប់​ខាង​កើត​នៃ​សេតវិមាន​ក្នុង​ក្រុង Washington កាល​ពី​ថ្ងៃ​ទី១៤ ខែ​កក្កដា ឆ្នាំ​២០១៥។ រូបថត៖ Andrew Harnik / Pool / AFP
អតីត​ប្រធានាធិបតី​អាមេរិក លោក Barack Obama ឈរ​ជា​មួយ​អនុ​ប្រធានា​ធិបតី Joe Biden នៅ​បន្ទប់​ខាង​កើត​នៃ​សេតវិមាន​ក្នុង​ក្រុង Washington កាល​ពី​ថ្ងៃ​ទី១៤ ខែ​កក្កដា ឆ្នាំ​២០១៥។ រូបថត៖ Andrew Harnik / Pool / AFP

លោក Derek Grossman អ្នកវិភាគការពារជាតិជាន់ខ្ពស់ នៅក្រុមហ៊ុន RAND បាននិយាយថា «ខ្ញុំគិតថាបញ្ហាប្រឈមចម្បងមួយសម្រាប់សហរដ្ឋអាមេរិក បើសិនជាពួកគេជាប់គាំងនៅក្នុងការ ប្រឆាំងនឹងប្រទេសរុស្ស៊ីនៅតំបន់អឺរ៉ុបខាងកើតគឺ ការបង្ហាញដល់បណ្តាប្រទេសជាសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកថា សហរដ្ឋអាមេរិកមិនអាចដោះស្រាយចំពោះបញ្ហាច្រើននៅក្នុងពេលតែ មួយបាននោះទេ (it can chew gum and walk at the same time)»។

លោកបានបន្ថែម ទៀតថា «និយាយម្យ៉ាងទៀត តើទីក្រុងវ៉ាស៊ីនតោននៅតែគួរឱ្យទុកចិត្តសម្រាប់ការអនុវត្តតាមការប្តេជ្ញាចិត្តផ្នែកសន្តិសុខរបស់ខ្លួន ខណៈពេលដែល ពួកគេកំពុងតែជាប់គាំងនៅក្នុងវិបត្តិរុស្ស៊ី-អ៊ុយក្រែនដែរឬទេ?

បន្ទាប់ពីសហរដ្ឋអាមេរិកផ្តោតទៅលើតំបន់មជ្ឈិមបូព៌ានិងប្រទេសអាហ្វហ្គានីស្ថានអស់រាប់ទសវត្សរ៍ ប្រទេសជាសម្ព័ន្ធមិត្តនិងដៃគូនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ពិតជាមានហេតុផលដែលត្រូវតែព្រួយបារម្ភ»។

លោក Grossman បានបន្តទៀតថា «អ្វីដែលសំខាន់ជាងនេះទៅទៀត សត្រូវរបស់សហរដ្ឋអាមេរិកនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ពោលគឺ ប្រទេសចិន និងកូរ៉េខាងជើង នឹងមានឱកាស ប្រសិនបើទីក្រុងវ៉ាស៊ីនតោន កំពុងតែទទួលរងការរំខាន»។

លោកបានបន្ថែមទៀតថា «ជាការពិតណាស់ នៅក្នុងបរិបទនេះ អ្នកសង្កេតការណ៍បានពិភាក្សាជាចំបងអំពីការចាត់វិធានការយោធាពីសំណាក់ប្រទេសចិន ប្រឆាំងនឹងកោះតៃវ៉ាន់ ប៉ុន្តែក៏នៅមានសេណារីយ៉ូផ្សេង ទៀតដែលអាចកើតមានឡើងផងដែរ ពោលគឺការចាត់វិធានការយោធាប្រឆាំងនឹងប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលទាមទារដែនសមុទ្រនៅក្នុងសមុទ្រចិនខាងត្បូង»។

ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានសម្តែងនូវការពេញចិត្តនៅពេលដែលលោក បៃឌិន បានបញ្ជាឱ្យសហរដ្ឋអាមេរិកដកទ័ពចេញពីប្រទេសអាហ្វហ្កានីស្ថានកាលពីឆ្នាំមុន ។

លោក Le Hong Hiep មកពីវិទ្យាស្ថាន Yusof Ishak របស់ប្រទេសសិង្ហបុរីបាន ប្រាប់ដល់សារព័ត៌មាន Asia Times នៅ ពេលនោះថា «អាស៊ីអាគ្នេយ៍អាចទទួលបានអត្ថប្រយោជន៍ពីការដកទ័ពរបស់សហរដ្ឋអាមេរិកចេញពីប្រទេសអាហ្វហ្កានីស្ថាន»។

ហើយសកម្មភាព នេះត្រូវបានគាំទ្រដោយអ្នកនយោបាយនៅក្នុងតំបន់មួយចំនួន ដែលរួមទាំងរដ្ឋមន្ត្រីការបរទេសហ្វីលីពីន Teodoro Locsin Jr. ផងដែរ។

ការដកទ័ពចេញពីប្រទេសអាហ្វហ្កានីស្ថាន ហាក់ដូចជាសកម្មភាពចុងក្រោយនៅក្នុងការផ្តោតរបស់សហរដ្ឋអាមេរិកចំពោះតំបន់អាស៊ី ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ២០១១ និងតែងតែត្រូវបានគេចាត់ទុកថាជាគោលនយោបាយផ្លូវ ២ គឺដើម្បីផ្តោតទៅលើភូមិសាស្ត្រនយោបាយ និងទីផ្សារដ៏សំខាន់នៅតំបន់អាស៊ី និងជាលេសដើម្បីដើរចេញពីតំបន់មជ្ឈិមបូព៌ា។

ទោះយ៉ាងណា ឥឡូវនេះគេមានការព្រួយបារម្ភថា ទីក្រុងវ៉ាស៊ីនតោនកំពុងបង្វែរការយកចិត្តទុកដាក់របស់ខ្លួនត្រឡប់ទៅតំបន់អឺរ៉ុបវិញ ក្រោយលោក បៃឌិន បានប្រកាសនៅក្នុងសប្តាហ៍នេះថា សហរដ្ឋអាមេរិកកំពុងបញ្ជូនទាហានចំនួន ៣០០០ នាក់ ទៅកាន់តំបន់អឺរ៉ុបខាងកើត។

ជម្លោះនៅក្នុងប្រទេសអ៊ុយក្រែននឹងមិនអាចត្រូវបានដោះស្រាយភ្លាមៗនោះទេ ហើយប្រសិនបើមានការឈ្លានពានកើតឡើង ការគំរាមកំហែងក្នុងការដាក់ទណ្ឌកម្មរបស់អាមេរិក អាចនឹងធ្វើឱ្យមានការឆ្លើយតបយ៉ាងឆាប់រហ័សនៅក្នុងផ្លូវដែលលោក បៃឌិន កំពុងព្យាយាមគេចវេះ។

លោក Derek Grossman បានសរសេរនៅលើ Twitter កាលពីសប្តាហ៍មុនថា «អ្នកឃ្លាំមើលតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកកំពុងតែមាន ភាពច្របូកច្របល់នៅពេលនេះ។ យើងកំពុងមើលតាមដានចំពោះសកម្មភាពរបស់រដ្ឋបាល បៃឌិន ដែលកំពុងតែមានការចាប់ផ្តើមដ៏រឹងមាំនៅក្នុងតំបន់របស់យើង ប៉ុន្តែឥឡូវនេះបានចាប់ផ្តើមបង្វែរខ្លួនចេញទៅកាន់តំបន់អឺរ៉ុបខាងកើតហើយ»។

លោកបានបន្ថែមទៀតថា «យើងធ្លាប់បានឃើញសកម្មភាពនេះពីមុន ហើយវាមិនមានការបញ្ចប់ដ៏ល្អនោះទេ ហើយវាក៏អាចជាការបរាជ័យជាថ្មីម្តងទៀតផងដែរ»។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ជាមួយរដ្ឋមន្ត្រីការបរទេសនាបណ្ដាប្រទេសអាស៊ាន នៅឯសម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១។ រូបថត៖ WikiCommons
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ជាមួយរដ្ឋមន្ត្រីការបរទេសនាបណ្ដាប្រទេសអាស៊ាន នៅឯសម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១។ រូបថត៖ WikiCommons

មេដឹកនាំអាស៊ីអាគ្នេយ៍រំពឹងថានឹងមានការធានាអះអាងឡើងវិញ។ ប៉ុន្តែសេតវិមាន ប្រហែលជាមិនអាចផ្តល់ឱ្យពួកគេទាំងនោះគ្រប់គ្រាន់នោះទេ។

អ្វីដែលជាចំណុចវិជ្ជមានមួយនោះគឺ លោក Marc Knapper បានមកដល់ទីក្រុងហាណូយ កាលពីសប្តាហ៍មុន ក្នុងនាមជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី។ ប៉ុន្តែសម្រាប់បណ្តាប្រទេសជាដៃគូរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍សំខាន់ៗ ដែលរួមមានទាំងប្រទេសថៃនិងហ្វីលីពីន ក៏ដូចជាអាស៊ានទាំងមូល ក៏នៅតែមិនទាន់មានឯកអគ្គរដ្ឋទូតថ្មីនៅឡើយនោះទេ។

រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken ក៏ត្រូវបានគេរិះគន់ផងដែរ ចំពោះការមិនបានលើកឡើងនូវអ្វីដែលថ្មីនៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសឥណ្ឌូណេស៊ីកាលពីខែធ្នូ។

កាលពីខែមុន លោក បៃឌិន បាននិយាយថា លោកនឹងព្យាយាមរៀបចំកិច្ចប្រជុំកំពូលអាស៊ានពិសេសនៅទីក្រុងវ៉ាស៊ីនតោននៅដើមឆ្នាំ ២០២២ ។

«សំណួរដែលសំខាន់នៅពេលនេះគឺ តើលោក បៃឌិន នឹងធ្វើការឆ្លើយតបដោយផ្ទាល់ជាមួយលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ចិនក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំនេះដោយរបៀបណា»?

អាស៊ានកំពុងតែមានការព្រួយបារម្ភចំពោះការទាមទាររបស់ខ្លួនដើម្បីរក្សាស្ថិរភាព និងការព្យាករណ៍ស្ថានការណ៍ទុកជាមុន ប៉ុន្តែអាស៊ានមិនទំនងជាអាចទទួលចំណុចទាំងអស់នេះពីទីក្រុងវ៉ាស៊ីនតោន នៅក្នុងឆ្នាំ២០២២ នេះទេ៕ David Hutt/Asia Times

អត្ថបទទាក់ទង