ខ្មែរប៉ុស្ដិ៍ Close

ការដកទ័ពរបស់អាមេរិកចេញពីអាហ្វហ្កានីស្ថាន រំលឹកអំពីអតីតកាលដ៏រន្ធត់របស់កម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៧ ខែកក្កដា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 41
ការដកទ័ពរបស់អាមេរិកចេញពីអាហ្វហ្កានីស្ថាន រំលឹកអំពីអតីតកាលដ៏រន្ធត់របស់កម្ពុជា ការដកទ័ពរបស់អាមេរិកចេញពីអាហ្វហ្កានីស្ថាន រំលឹកអំពីអតីតកាលដ៏រន្ធត់របស់កម្ពុជា

ឧទ្ធម្ភាគចក្រចំនួន ១២ គ្រឿងបំពាក់ដោយអាវុធ ព្រមជាមួយនិងទាហានម៉ារីនសហរដ្ឋអាមេរិក បានបើកទម្លុះផ្សែងអ័ព្ទពេលព្រឹកព្រលឹមតម្រង់មកចុះចតនៅកណ្ដាលរដ្ឋធានីរបស់កម្ពុជាដែលកំពុងត្រូវបានឡោមព័ទ្ធដោយពួកខ្មែរក្រហម។

ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញបានអបអរសាទរដល់ជនជាតិអាមេរិកាំងដែលពួកគេជឿថា កំពុងប្រញាប់ប្រញាល់ដើម្បីចូលមកជួយសង្រ្គោះពួកគេ។ ប៉ុន្តែនៅឯស្ថានទូត សហរដ្ឋអាមេរិកឯណោះវិញ ឯកអគ្គរដ្ឋទូតរបស់ប្រទេសនេះបានសម្រក់ទឹកភ្នែកនៅចំពោះមុខ ទីក្រុងមួយដែលហូរឈាមខ្សោះហៀប នឹងស្លាប់នេះ។

ក្រោយពីនោះមក លោកឯកអគ្គរដ្ឋទូត John Gunther Dean បានពិពណ៌នា ព្រឹត្តិការណ៍ថ្ងៃទី ១២ ខែមេសា ឆ្នាំ ១៩៧៥ ថា «ជាថ្ងៃដែលសហរដ្ឋអាមេរិកបានបោះបង់ ចោលប្រទេសកម្ពុជា ហើយប្រគល់ប្រទេសនេះទៅក្នុងកណ្ដាប់ដៃ ពួកកាប់សម្លាប់»។ លោក Dean បានសម្រក់ទឹកភ្នែក ព្រោះគាត់បានដឹងថានឹងមានរឿងអ្វីកើតឡើង នៅពេលបន្ទាប់ដែល នោះគឺជា«រជ្ជកាលនៃ ភាពភ័យរន្ធត់»។

លោកឯកអគ្គរដ្ឋទូត John Gunther Dean
លោកឯកអគ្គរដ្ឋទូតអាមេរិក John Gunther Dean

ជិតកន្លះសតវត្សរ៍ក្រោយមកស្របពេលដែលសហរដ្ឋអាមេរិកត្រៀមដកកងទ័ពរបស់ខ្លួន ចេញពីប្រទេសអាហ្វហ្គានីស្ថាន បើទោះបីជាសង្គ្រាម នៅក្នុងប្រទេសនេះកាន់តែរីករាលដាលក៏ដោយ សហសេវិក សម័យសង្រ្គាមឥណ្ឌូចិនមួយចំនួនរបស់ខ្ញុំដែលជាអតីតអ្នកកាសែត, ទាហាន និងអ្នកការទូត កំពុងតែនឹកឃើញដល់រឿងរ៉ាវកាលពីអតីតកាល ហើយយើងកំពុងតែនាំគ្នាសួរថា តើប្រវត្តិសាស្រ្តច្រំដែលនឹងកើតឡើងជាថ្មីដែរឬទេ បន្ទាប់ពីកងទ័ពក្រុមចុងក្រោយបង្អស់របស់អាមេរិកនឹងចាកចេញអស់ពីប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃទី ១១ ខែកញ្ញានេះ។

បន្ទាប់ពីបំពេញការងារបានចំនួន ៤ ដង ជាអ្នកយកព័ត៌មាននៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ក្នុងនោះ ​៣ ដងបានបង្កប់ខ្លួននៅក្នុងជួរជាមួយកងទ័ពសហរដ្ឋអាមេរិក និងបានចូលរួមនៅឯពិធីបុណ្យណូអែលមួយនៅទីក្រុងកាប៊ុល និងម្ដងទៀតនៅក្នុងការជម្លៀសទៅជាមួយលោក Dean នៅលើឧទ្ធម្ភាគចក្រចុងក្រោយចេញពីទីក្រុងភ្នំពេញ ខ្ញុំក៏មានអារម្មណ៍រន្ធត់ណាស់ដែរ ដោយខ្លាចក្រែងព្រឹត្តិការណ៍អតីតកាល មួយនេះនឹងកើតឡើងជាថ្មី។

ក្រុមតាលីបង់ដែលជាអ្នកតស៊ូឥស្លាមនិយមជ្រុលនៅអាហ្គានីស្ថាន ប្រហែលជាមិនមានលក្ខណៈប្រល័យពូជសាសន៍ដូចក្រុមខ្មែរក្រហមនៅប្រទេសកម្ពុជានោះទេ។ ប៉ុន្តែកំណត់ត្រាក្នុងអំឡុងពេល ៥ ឆ្នាំនៃការកាន់អំណាច របស់ពួកគេ (១៩៩៦-២០០១) បានបញ្ជាក់ប្រាប់រួចជាស្រេចហើយអំពីការសម្លាប់រង្គាលជាលក្ខណៈប្រព័ន្ធទៅលើគូប្រជែងរបស់ពួកគេ, ការបំផ្លិចបំផ្លាញវប្បធម៌ប្រពៃណីនិងការអប់រំ, ការប្រហារជីវិតដ៏ឃោរឃៅព្រៃផ្សៃ ក៏ដូចជាការគាបសង្កត់ទៅលើស្ត្រីភេទ ដោយរួមមានការលក់ស្ត្រីជាច្រើននាក់ឱ្យទៅធ្វើជាទាសករផ្លូវភេទជាដើម។

ការបន្តធ្វើសង្គ្រាមដ៏សាហាវព្រៃផ្សៃរបស់ក្រុមតាលីបង់ បានបង្ហាញថា ចលនានេះនឹងមិនផ្លាស់ប្តូរនូវទង្វើព្រៃផ្សៃទាំងនេះរបស់ខ្លួនទេ ប្រសិនបើខ្លួនទទួលបានជោគជ័យ ហើយមនុស្សជាច្រើនជឿថា ក្រុមនេះនឹងទទួលបានជ័យជំនះនៅក្នុងជម្លោះរយៈពេល ២០ ឆ្នាំនេះ។

គ្រាន់តែនៅពេលដែលសហរដ្ឋអាមេរិកចាប់ផ្ដើមដកទ័ពដែល នៅសេសសល់ប្រមាណ ២៥០០ នាក់របស់ខ្លួនពីប្រទេសនេះនៅថ្ងៃទី ១ ឧសភាភ្លាម ពួកតាលីបង់បានធ្វើការវាយសង្គ្រប់ផ្ទួនៗ នៅទូទាំងប្រទេសអាហ្វហ្កានីស្ថាន ដោយបានដណ្ដើមកាន់កាប់ស្រុកមួយដែលនៅចម្ងាយត្រឹមតែ ៤០ គីឡូម៉ែត្រប៉ុណ្ណោះពីភាគខាង ត្បូងទីក្រុងកាប៊ុល។ កងទ័ព NATO ដែលនៅសេសសល់ ក៏កំពុងតែចាកចេញពីប្រទេសនេះដូចគ្នា ចំណែកឯការចរចា សន្តិភាពវិញក៍មិនមាន ដំណើរការនោះទេ។

លោក Bob Mulholland អតីតយុទ្ធជននៅក្នុងសង្គ្រាមវៀតណាម និងជាសមាជិកជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យបាន និយាយថា «មានតែបុគ្គលិកហាត់ការងារ (សិក្ខាកាម) នៅក្នុងមន្ទីរប៉ង់តាហ្គោន
ប៉ុណ្ណោះដែលមិនអាចដឹងថា ពួកតាលីបង់នឹងក្លាយជារដ្ឋាភិបាល នៅអាហ្វាហ្កានីស្ថាននៅឆ្នាំនេះឬនៅឆ្នាំក្រោយនោះ។ ខ្ញុំគិតថា យើងគួរ តែដកខ្លួនចេញពីប្រទេសនេះតាំងពី ២០ ឆ្នាំមុនមកម៉្លេះ»។

«ការចាកចេញរបស់អាមេរិកនៅពេលនេះ ប្រហែលជាដោយសារភាពចាំបាច់ខាងផ្នែកយុទ្ធសាស្ត្រនិងនយោបាយ។ ប៉ុន្តែខ្ញុំគិតថា ការថែរក្សាអ្នកដែលបាននៅជាមួយយើង គឺជាភាពចាំបាច់ផ្នែកសីលធម៌។ រឿងដែលយើង «បានខ្លួនគេហើយ បោះបង់គេចោល» កើតឡើងគ្រប់ពេល។ អ្នកដែលយើងបានបង្ខំ, ឬជួល ឬក៏អ្នកដែលយើងបានអូសទាញឱ្យចូលក្នុងសំណាញ់របស់យើងហើយ ពួកគេមានជម្រើសផ្សេងពីនេះ។ ប៉ុន្តែ ពួកគេបានជ្រើសរើសយកយើង។ ប្រសិនបើនេះគឺជាជម្រើសសម្រាប់ពួកគេ នោះវាគឺជាជម្រើស ដ៏ឃោរឃៅបំផុត»។

លោក Bob Mulholland
លោក Bob Mulholland

ពាក្យថា «បានខ្លួនគេហើយ បោះបង់គេចោល» ជាពាក្យរបស់លោក ឆាំង សុង អតីរដ្ឋមន្រ្តីក្រសួងឃោសនាការកម្ពុជា ដែលថ្លែងនៅយប់មួយកាលពីឆ្នាំ ១៩៧៥ មិនយូរប៉ុន្មានមុនពេលដែលពួកខ្មែរក្រហមវាយលុកចូលទីក្រុងភ្នំពេញ ។

នៅពេលថ្ងៃកំណត់ដកទ័ពចេញទាំងអស់កាន់តែខិតជិតមកដល់ ខ្ញុំនៅតែភ័យតក់ស្លុតនឹងជម្រើសដ៏ឃោរឃៅ នេះ ថាតើវាជាការដកទ័ពដោយទុកឱ្យពលរដ្ឋអាហ្វហ្កានីស្ថាននៅរួមរស់ក្នុងសេចក្តីមេត្តាករុណារបស់ក្រុមអ៊ីស្លាមជ្រុលនិយម ឬមួយជាការអូសបន្លាយនូវការបង្ហូរ ឈាមដែលនៅទីបញ្ចប់ទៅ គឺជាកេរ៍ដំណែលតែមួយមុខគត់របស់ប្រទេសនេះ?

ដូច្នេះហើយ ទើបខ្ញុំក្រឡេកទៅមើល បទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំមួយចំនួននៅក្នុងប្រទេសដែលប្រកបដោយ សោកនាដកម្មនេះ ដើម្បីស្វែងរកចម្លើយពីសំណួរនេះ។

មានពេលមួយ ខ្ញុំត្រូវបានចាត់ឱ្យទៅកាន់ស្រុក Zhari ក្នុងខេត្ត Kandahar ដែលជាស្រុកកំណើត របស់ពួកតាលីបង់ ហើយក៏ជាទីដែលខ្ញុំបានបង្កប់ខ្លួននៅជាមួយកងវរសេនាតូចមួយនៃកងពលធំពិសេសលេខ ១០១ របស់សហរដ្ឋអាមេរិក ឈ្មោះ Airborne Division ។

នៅក្នុងជំរុំក្បែផ្លូវ Highway លេខ ១ យើងបានមើលឃើញឧត្ថម្ភាគចក្រកំពុងបាញ់លើទីតាំងរបស់ក្រុមតាលីបង់ក្នុងចម្ងាយតែ ប៉ុន្មានរយម៉ែត្រប៉ុណ្ណោះ។ គ្រាប់បែក នៅតាមដងផ្លូវបានផ្ទុះកម្ទេចក្បួនផ្គត់ផ្គង់ស្បៀងនៅលើផ្លូវថ្នល់ដ៏សំខាន់នេះ។ ក្រុមប៉ូលីសល្បាតបានធ្វើដំណើរល្បាតតាមផ្លូវ «បិសាចបៃតង» នេះដែលជាការហៅកាត់តាមផ្កាអ័រគីដេដ៏ស្រស់ស្អាតដែលគេបានបង្កប់គ្រឿងផ្ទុះពីខាងក្នុង។

លោក វរសេនីយ៍ទោ Peter N. Benchoff ដែលជាមេបញ្ជាការកងវរសេនាតូចនោះបាននិយាយថា : «ទីនេះគ្មានសន្តិសុខទេ។ ការអភិវឌ្ឍទេ? មិនមានអ្វីជាដុំកំភួននោះទេ។ យុទ្ធនាការផ្សព្វផ្សាយព័ត៌មាន? គ្មាននរណាគេជឿយើងទេ។ អភិបាលកិច្ច? មានដែរ ដំណើរទស្សនកិច្ចមួយ ដែលមានរយៈពេលមួយម៉ោងដោយមន្រ្តី រដ្ឋាភិបាលរបស់ប្រទេសនេះកាលពី ២ ខែកន្លះមុន។ នៅទីនេះ ក្រុមតាលីបង់គឺជាម្ចាស់ផ្ទះ»។

កាលពីខែឧសភា គឺ ១០ ឆ្នាំបន្ទាប់ពីការវាយតម្លៃ លោក Benchoff និង ២០ ឆ្នាំចាប់តាំងពីជនជាតិអាមេរិកបានចូលទៅប្រយុទ្ធនៅក្នុងប្រទេសអាហ្វហ្គានីស្ថានជាពេលដែលកងកម្លាំងរបស់រដ្ឋាភិបាលទីក្រុងកាប៊ុលបានចូលរួមនៅក្នុងការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញនៅស្រុក Zhari នេះដោយពុំមានវត្តមានរបស់កងពលធំលេខ ១០១ Airborne នោះទេ។ រហូតមកទល់ពេលនេះ ពួកតាលីបង់នៅតែជាក្រុមម្ចាស់ផ្ទះដដែល។

នៅខេត្ត Zabul ខ្ញុំបានខិតខំបំពេញការងារជាមួយនឹងកងឯកភាពមួយ ដែលមានគ្នា ៥០ នាក់ដោយបានល្បាតលើរយៈកម្ពស់ខ្ពស់នៅក្នុងបេសកកម្មមួយដែលមកទល់ពេលនេះ នៅតែមានសារសំខាន់ចំពោះជោគជ័យនៃសង្គ្រាមនេះ ដែលនោះគឺជាការបញ្ឈប់ ការជ្រៀតចូលពីប្រទេសជិតខាងប៉ាគីស្ថាន ជាទីដែលក្រុមមានអំណាចបានផ្តល់ជំនួយយោធានិងជម្រកសុវត្ថិភាពសម្រាប់ពួកតាលីបង់។

វាមិនមែនជាកិច្ចការងាយស្រួលនោះទេ ដោយហេតុថា ក្នុងទំហំដី ៦គ.ម មានតែទាហានម្នាក់ប៉ុណ្ណោះដើម្បីទទួលខុសត្រូវលើកិច្ចការនេះ ព្រោះតំបន់នោះនៅដាច់ស្រយាលពីគេឯង ហើយប្រមូលផ្តុំដោយកសិករក្រីក្រតោកយ៉ាក ដែលពួកគេខ្លះ ជាអ្នកដែលជួយទំនុកបម្រុងដល់ពួកតាលីបង់ទៀតផង។

ឧទ្ធម្ភាគចក្របានហោះមកផ្គត់ផ្គង់ជំនួយដល់ទាហានទាំងនោះ ដែលលាក់ខ្លួននៅតាមបន្ទាយដែលធ្វើពីភក់ស្ងួតលាយជាមួយចំបើងព្រមទាំងកំណាត់ឈើ។ ប្រតិបត្ដិការដែលគ្មានផ្លែផ្កាមួយនេះ បានបង្ហាញខ្ញុំថា តើការងាររបស់ទាហានអាមេរិកទាំងនោះ វាលំបាកយ៉ាងណា។

ប្រតិបត្តិការនេះ ជាការឆ្លើយតបទៅនឹងរបាយការណ៍ពីវត្តមានរបស់អ្នកលបបាញ់ (Snipers) តាលីបង់ដែលត្រូវបានដាក់ពង្រាយនៅតាមបណ្តោយផ្លូវ ដែលប្រហែលគឺជាផ្លូវដែលត្រូវបានប្រើសម្រាប់ការជ្រៀតចូលនោះ ដើម្បីរារាំងកម្លាំងអាមេរិកមិនអោយចូលបាន។

ពុំមានកងកម្លាំងសត្រូវណាមួយត្រូវបានគេមើលឃើញ នៅតំបន់ស្ងាត់ជ្រងំនៃតំបន់ភ្នំទាំងនេះ នោះទេ។ ប៉ុន្តែវត្តមានរបស់ពួកតាលីបង់តែងតែមកលងនៅក្នុងអារម្មណ៍របស់ទាហានអាមេរិកជានិច្ច។

២ទសវត្សបន្ទាប់ពីសង្គ្រាមបានផ្ទុះឡើង ការជ្រៀតចូលពីប្រទេសប៉ាគីស្ថាននៅតែមានបន្ត។ ផ្លូវដឹកជញ្ជូនសំខាន់របស់ប្រទេសអាហ្វហ្កានីស្ថានដែលជាផ្លូវ Highway លេខ ១ នៅតែមិនមានសុវត្ថិភាពដដែល។
កាលពីខែឧសភា គ្រាប់បែកមួយនៅតាមដងផ្លូវបានសម្លាប់អ្នកដំណើរតាមរថយន្តក្រុងចំនួន ១១ នាក់ និងបង្កឱ្យរបួសមនុស្ស រាប់សិបនាក់ផ្សេងទៀតនៅលើផ្លូវមហាវិថីនេះនៅក្នុងខេត្ត Zabul ។

គ្មាននរណាម្នាក់អាចលុបបំបាត់អំពើពុករលួយរបស់មន្ត្រីរដ្ឋាភិបាលអាហ្វហ្កានីស្ថានបានទេ រួមទាំងជនជាតិអាមេរិកាំងផងដែរដែលវាប្រហែលគឺជាអាវុធដែលសាហាវបំផុតនៅក្នុងឃ្លាំងរបស់ពួកតាលីបង់ហើយ។

ការលាតត្រដាង នាពេលថ្មីៗនេះគឺជាការសាងសង់ «សាលារៀនខ្មោច» មួយនៅក្នុងទីក្រុង Zabul នេះដែលចំណាយថវិកាអស់ចំនួន $879,000 ដុល្លារ ប៉ុន្តែគ្មានឃើញមានឥដ្ឋមួយដុំណាត្រូវបានគេករឡើង
នោះទេ»។ ពលរដ្ឋអាហ្វហ្កានីស្ថាននិយាយថា «អំពើពុករលួយស្ថិត នៅក្រោមថ្មគ្រប់ដុំថ្មទាំងអស់» ។

ពិតណាស់ ប្រវត្តិសាស្រ្តមិនតែងតែកើតឡើងច្រំដែលដោយឯកឯងនោះទេ។ ដូច្នេះហើយទើបពីមុនមក ខ្ញុំមិនដែលប្រើពាក្យដែលគេគ្រប់គ្នាតែងតែបំពាក់លើប្រទេសអាហ្វហ្កានីស្ថានថាជា «ទីបញ្ចុះសពនៃអាណាចក្រ» ដូចដែលធ្លាប់បានកើតឡើងរួចហើយលើអាណាចក្ររបស់ស្ដេច Alexander the Great, ចក្រភពចក្រភពអង់គ្លេស និងចក្រភពរុស្ស៊ីនៅក្នុងប្រទេសនេះ។ ប៉ុន្តែប្រហែលជាខ្ញុំអាចប្រើពាក្យនេះបានហើយនៅពេលនេះ។

នៅក្នុងរឿង ប្រលោមលោកមួយ តួអង្គ Flashman បានព្យាយាមប្រើល្បិចបោកបញ្ឆោត និងបានប្រើនូវអំពើឃោរឃៅព្រៃផ្សៃ ដើម្បីអាចរស់រានមានជីវិតពីការសម្លាប់រង្គាលកាលពីឆ្នាំ ១៨៤២ លើទាហាន និងជនស៊ីវិលអង់គ្លេស ប្រមាណ ១៦០០០នាក់ ដោយជនជាតិអាហ្វហ្កានីស្ថាន។

ទោះយ៉ាងណា ខ្ញុំងាកមកជឿថា ការដកទ័ពរបស់អាមេរិកចេញនៅពេលនេះ គឺជាជម្រើសដែលប្រសើរជាង ព្រោះថាការបង្ហូរឈាមរយៈពេលពីរបីឆ្នាំទៀត នឹងមិនអាចដោះស្រាយនូវអ្វីដែលការបង្ហូរឈាមរយៈពេល ២០ឆ្នាំពុំអាចធ្វើបាននោះទេ។

ខ្ញុំនៅតែគ្មានសង្ឃឹមចំពោះដំណោះស្រាយនយោបាយដ៏ខុសឆ្គងមួយចំនួនទាំងនោះ។ ប៉ុន្តែខ្ញុំក៏នៅចាំបានផងដែរអំពីការខិតខំប្រឹងប្រែងដោយគ្មានការតក់ស្លុតរបស់លោក Dean ក្នុងការចរចា ខណៈពេលដែលពួកខ្មែរក្រហមបានចូលមកដល់មាត់ទ្វារទីក្រុងភ្នំពេញរួចទៅហើយនោះ។

នៅប្រទេសកម្ពុជា ខ្ញុំបានចាកចោលមិត្តភក្ដិល្អៗបំផុត ដែលជាអ្នកយកព័ត៌មាននិងជាអ្នកថតរូបរាប់សិបនាក់របស់ខ្ញុំ។ ពួកគេស្ទើរតែទាំងអស់បានស្លាប់បាត់បង់ជីវិតនៅក្នុង «របបវាលពិឃាដ»។ ម្នាក់ក្នុងចំណោមនោះ បានបន្តផ្ញើរបាយការណ៍ថ្មីៗមកខ្ញុំ បើទោះបីជាទាហានខ្មែរក្រហមបានចូលមកកាន់តែកៀកមែនទែនហើយក៏ដោយ។

សហសេវិករបស់ខ្ញុំជាច្រើននាក់ សុទ្ធតែបានបាត់បង់មិត្តភក្ត្រដែលមិនអាចបំភ្លេចបានដូចៗគ្នា។ ដូច្នេះពួកយើងកំពុងសង្ឃឹមថា ផ្នែកណាមួយនៃការិយាធិបតេយ្យរបស់សហរដ្ឋអាមេរិក នឹងមានផែនការក្នុងការជួយសង្គ្រោះប្រជាជនអាហ្វហ្គានីស្ថានដែលស្មោះស្ម័គ្រនិងពួកយើង ដែលគួរឱ្យគោរព និងជាជនដែលងាយរងគ្រោះ គឺពុំមែនគ្រាន់តែជាការធ្វើឱ្យរួចតែពីដៃ ដោយការជម្លៀសចេញតាមរយៈឧទ្ធម្ភាគចក្ររយៈពេល ១១ ម៉ោងនោះទេ៕ Nikkei Asia