ខ្មែរប៉ុស្ដិ៍ Close

ការលក់រាយនៅចិនមានកំណើនយឺត ខណៈទីផ្សារការងារកំពុងរង្គោះរង្គើរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 46
ការលក់រាយនៅចិនមានកំណើនយឺត ខណៈទីផ្សារការងារកំពុងរង្គោះរង្គើរ ការលក់រាយនៅចិនមានកំណើនយឺត ខណៈទីផ្សារការងារកំពុងរង្គោះរង្គើរ

ការស្តារសេដ្ឋកិច្ចឡើងវិញនៅក្រោយវិបត្តិកូវីដ-១៩ នៅចិន មានដំណើរយឺតជាងការរំពឹងទុក នៅពេលដែលអ្នកប្រើប្រាស់ទំនិញជាច្រើនកំពុងរងគ្រោះពីការកាត់បន្ថយប្រាក់ឈ្នួល និងការចំណាយដ៏ច្រើនលើការចិញ្ចឹមកូន និងការថែទាំមនុស្សចាស់។ អត្រាកំណើននៃការលក់រាយទំនិញប្រើប្រាស់ បានធ្លាក់ចុះពី ១៨,៤% នៅខែមេសា មកនៅត្រឹម ១២,៧% នៅខែឧសភា (យោងតាមស្ថាប័នស្ថិតិជាតិនៅថ្ងៃទី ១៥ ខែមិថុនា)។

នៅក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ ការលក់រាយទំនិញប្រើប្រាស់សរុបនៅចិនបានកើនឡើង ៩,៣% ក្នុងទំហំទឹកប្រាក់១៨,៧៦ ទ្រីលានយ័ន (២,៦៣ ទ្រីលានដុល្លារ) បើធៀបនឹងឆ្នាំមុន។ ប៉ុន្តែការកើនឡើងនេះគឺពឹងផ្អែកជាចម្បងលើកម្រិតកំណើនទាបកាលពីឆ្នាំមុន នៅពេលដែលទីក្រុងចិនជាច្រើនត្រូវបានបិទខ្ទប់នៅខែមីនា-ឧសភាកាលពីឆ្នាំមុន។

ជាក់ស្តែង អត្រាកំណើនមានចំនួន ៧,៦% នៅចន្លោះឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣ បើប្រៀបធៀបទៅនឹងចំនួន ៨% នៅចន្លោះឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១។ បើទោះបីជាការធ្វើបច្ចុប្បន្នភាពស្ថិតិផ្លូវការមិនបានបង្ហាញអំពីបញ្ហានេះក៏ដោយ ក៏បណ្តាញអ៊ីនធឺណិតកំពុងផ្សព្វផ្សាយនូវរឿងរ៉ាវថា «កម្មករកំពុងរងគ្រោះ ឬអាចនឹងរងគ្រោះនៅពេលឆាប់ៗនេះ ដោយសារការកាត់បន្ថយប្រាក់ឈ្នួល»។

អ្នកអត្ថាធិប្បាយនៅខេត្ត Henan ដែលមានឈ្មោះ Wu បានចេញផ្សាយនូវអត្ថបទមួយក្រោមចំណងជើងថា «យុគនៃការកាត់បន្ថយប្រាក់បៀវត្សអាចនឹងកើតឡើងនៅពេលឆាប់ៗនេះ។ សូមថែរក្សាការងាររបស់អ្នក។ សាច់ប្រាក់គឺជាស្តេច។ មនុស្សជាច្រើនមិនចង់ចំណាយប្រាក់នោះទេ នៅពេលដែលពួកគេកំពុងរងនូវការកាត់បន្ថយប្រាក់ឈ្នួល ឬកំពុងប្រឈមមុខនឹងហានិភ័យនៃការបាត់បង់ការងារ»។

លោកបានបន្ថែមថា «នៅពេលអត្រាអត់ការងារធ្វើក្នុងចំណោមមនុស្សវ័យក្មេងនៅតែបន្តកើនឡើង អ្នកស្វែងរកការងារជាច្រើនអាចនឹងស្នើសុំប្រាក់ឈ្នួលកាន់តែទាបជាងមុន។ មនុស្សភាគច្រើនដែលមានការងារធ្វើនឹងប្រឈមមុខនឹងការកាត់បន្ថយប្រាក់ឈ្នួលនៅឆ្នាំនេះ។ ពលរដ្ឋចង់បង្កើនការសន្សំប្រាក់នៅពេលនេះ ដោយហេតុថា អតិផរណានៅចិនអាចនឹងបន្តកើនឡើងរហូតដល់ដំណាច់ឆ្នាំនេះ»។

អ្នកអត្ថាធិប្បាយម្នាក់នៅគេហទំព័រព័ត៌មានហិរញ្ញវត្ថុ «Lanjinger.com» បានសរសេរក្នុងអត្ថបទមួយដែលបានចេញផ្សាយនៅថ្ងៃទី ១៥ ខែមិថុនាថា «នៅពេលថ្មីៗនេះ បុគ្គលិកជាច្រើននៅតាមបណ្តាធនាគារវិនិយោគ និងក្រុមហ៊ុនកម្រៃជើងសារត្រូវបានគេប្រាប់ថា ពួកគេនឹងទទួលបានប្រាក់បៀវត្ស និងប្រាក់រង្វាន់ទាបជាងមុននៅឆ្នាំនេះ»។

អ្នកអត្ថាធិប្បាយម្នាក់ទៀតនៅខេត្ត Hunan បាននិយាយថា «បុគ្គលិកសុខាភិបាលជាច្រើននាក់បានប្រឈមមុខនឹងការកាត់បន្ថយប្រាក់ឈ្នួលនៅឆ្នាំនេះ នៅពេលដែលមន្ទីរពេទ្យទទួលបានអ្នកជំងឺកាន់តែតិចជាងមុន»។ អ្នកប្រើប្រាស់ប្លក់ចិនម្នាក់បានលើកឡើងថា «អ្នកធ្វើការនៅផ្នែកព័ត៌មានវិទ្យាមួយចំនួនក៏កំពុងរងនូវការកាត់បន្ថយប្រាក់ឈ្នួលចន្លោះពី ៣០% ទៅ ៥០% ផងដែរ»។

ស្ថិតិផ្លូវការនៅខ្វះព័ត៌មានលម្អិតអំពីសំណាក់ឧស្សាហកម្មនីមួយៗស្តីពីប្រាក់ឈ្នួល និងមិនបានលើកឡើងអំពីស្ថានការណ៍នៃការកាត់បន្ថយប្រាក់ឈ្នួលដូច ដែលត្រូវបានរៀបរាប់ដោយអ្នកប្រើអ៊ីនធឺណិតនោះទេ។ យោងតាមស្ថាប័នស្ថិតិជាតិចិន «ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗនៅតាមតំបន់ប្រជុំជនបានកើនឡើង ៤% ក្នុងចំនួន ១៤ ៣៨៨ យ័ន (តួលេខបន្ទាប់បន្សំ—Nominal Terms) នៅត្រីមាសទី១ នៃឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំមុន ឬកើនឡើងចំនួន ២,៧% (តួលេខជាក់ស្តែង—Real Terms)»។

ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗនៅតាមតំបន់ជនបទបានកើនឡើង ៦,១% ក្នុងចំនួន ៦ ១៣១ យ័ន ឬកើនឡើង ៤,៨% ក្នុងតួលេខជាក់ស្តែង។ របាយការណ៍ពីបណ្តាញព័ត៌មានបានឱ្យដឹងកាលពីឆ្នាំមុនថា «មន្ត្រីរដ្ធការនិងគ្រូបង្រៀនមិនបានទទួលប្រាក់រង្វាន់លើកទឹកចិត្តនៅចុងឆ្នាំទេ»។

ប៉ុន្តែស្ថាប័នស្ថិតិជាតិចិនបាននិយាយថា «ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់នៅចិនបានកើនឡើង ៥% ក្នុងទឹកប្រាក់ ៣៦ ៨៨៣ យ័ន (តួលេខបន្ទាប់បន្សំ—Nominal Terms) នៅឆ្នាំ ២០២២ ឬកើនឡើង ២,៩% ក្នុងតួលេខជាក់ស្តែង»។ អ្នកអត្ថាធិប្បាយចិនម្នាក់បានកត់សម្គាល់ថា «ប្រាក់ចំណូលរបស់ប្រជាជនបានទទួលរងសម្ពាធពីការកើនឡើងនៃការចំណាយលើការចិញ្ចឹមកូននិងការថែទាំមនុស្សចាស់»។

យោងតាមការស្រាវជ្រាវរបស់ YuWa Population Research «ដើម្បីចិញ្ចឹមកូនម្នាក់នៅចិន គ្រួសារមួយត្រូវតែចំណាយប្រាក់ប្រមាណ ៦២៧ ០០០ យ័ន ដែលជាចំនួនដ៏ច្រើនអនេក។ ក្រៅពីនោះ ដោយសារតែចំនួនប្រជាពលរដ្ឋចិនកាន់តែច្រើនមានវ័យកាន់តែចំណាស់ មនុស្សចាស់ម្នាក់នឹងត្រូវការមនុស្សពេញវ័យ ២ នាក់ (២,៣ នាក់) ដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ»។

មនុស្សវ័យចាស់ជរានៅប្រទេសចិន

នៅក្នុងរបាយការណ៍នៅថ្ងៃទី ១៥ ខែមិថុនា ស្ថាប័នស្ថិតិជាតិចិនបានលើកឡើងថា «អត្រាអត់ការងារធ្វើនៅតាមតំបន់ជនបទនៅតែមិនផ្លាស់ប្តូរ គឺស្ថិតក្នុងរង្វង់ ៥,២% នៅក្នុងខែឧសភា បើធៀបនឹងខែមេសា។ អត្រាអត់ការងារធ្វើរបស់មនុស្សដែលមានអាយុចន្លោះពី ១៦ ដល់ ២៤ ឆ្នាំមានចំនួន ២០,៨% ខណៈដែលមនុស្សអាយុចន្លោះ ២៥ ដល់ ៥៩ ឆ្នាំ មានអត្រាអត់ការងារធ្វើ ៤,១% កាលពីខែមុន»។

អ្នកអត្ថាធិប្បាយមួយចំនួនបាននិយាយថា «តួលេខនេះត្រូវបានគេបំប៉ោង ដោយសារមនុស្សនឹងមិនត្រូវបានចាត់ថ្នាក់ថាអត់ការងារធ្វើនោះទេ ប្រសិនបើពួកគេធ្វើការយ៉ាងតិច ១ ម៉ោងក្នុងមួយសប្តាហ៍, ប្រសិនបើ ពួកគេវិលទៅកាន់តំបន់ជនបទវិញ ឬប្រសិនបើពួកគេពឹងផ្អែកលើការគាំទ្រផ្នែកហិរញ្ញវត្ថុពីឪពុកម្តាយ»។

ពួកគេបាននិយាយថា «និស្សិតបញ្ចប់ការសិក្សាមួយចំនួនដែលនៅគ្មានការងារធ្វើ ត្រូវបន្លំថាខ្លួននឹងត្រូវបានផ្តល់ការងារឱ្យធ្វើដើម្បីអាចបញ្ចប់ការសិក្សា ដោយសារសាលារៀនរបស់ពួកគេតម្រូវឱ្យនិស្សិតបញ្ចប់ការសិក្សាបង្ហាញភស្តុតាងថា ពួកគេត្រូវបានផ្តល់ការងារឱ្យធ្វើនៅមុនពេលសាលាអាចចេញវិញ្ញាប័នបត្របញ្ចប់ការសិក្សាជូន។ និស្សិតបញ្ចប់ការសិក្សាមួយចំនួនត្រូវសុំឱ្យមិត្តភក្តិ និងសាច់ញាតិចេញលិខិតផ្តល់ការងារដើម្បីអាចឱ្យពួកគេបង្ហាញទៅសាលារៀន»។

និស្សិតចិនទទួលសញ្ញាបត្របញ្ចប់ការសិក្សា

ស្ថាប័នស្ថិតិជាតិចិនបានលើកឡើងថា «តួលេខអត់ការងារធ្វើផ្លូវការបានឆ្លុះបញ្ចាំងយ៉ាងសុក្រឹតអំពីស្ថានភាពទីផ្សារការងារ»។ អ្នកនាំពាក្យស្ថាប័នស្ថិតិជាតិចិន លោក Fu Linghui បាននិយាយថា «យើងបានបន្តពង្រឹងប្រព័ន្ធស្ទង់មតិកម្លាំងពលកម្មរបស់ប្រទេស ចាប់ពីវាត្រូវបានបង្កើតឡើង។ អត្រាអត់ការងារធ្វើមានលក្ខណៈវិទ្យាសាស្ត្រ និងត្រូវបានកំណត់ស្របតាមស្តង់ដារអន្តរជាតិ និងអាចឆ្លុះបញ្ចាំងអំពីស្ថានភាពអត់ការងារធ្វើនៅតាមតំបន់ប្រជុំជនរបស់ប្រទេស»។

លោក Fu បានបន្ថែមថា «អ្នកដែលធ្វើការយ៉ាងតិច ១ ម៉ោងក្នុងមួយសប្តាហ៍ ឬអ្នកដែលឈប់ពីការងារជាបណ្តោះអាសន្ន ដោយសារតែថ្ងៃឈប់សម្រាក ឬការព្យួរការងារ នៅតែត្រូវបានចាត់ទុកថាមានការងារធ្វើ។ វាគឺជាការអនុវត្តជាលក្ខណៈអន្តរជាតិក្នុងការដកមនុស្សដែលមិនមានបំណងធ្វើការចេញពីការស្ទង់មតិកម្លាំងពលកម្ម»។

លោកបានបន្ត ទៀតថា «មនុស្សដែលមានអាយុចន្លោះ ១៦ ដល់ ២៤ ឆ្នាំនៅក្នុងប្រទេសចិនមានចំនួន ៩៦ លាននាក់ ក៏ប៉ុន្តែមានតែ ៣៣ លាននាក់ប៉ុណ្ណោះដែលបានចូលរួមនៅក្នុងទីផ្សារការងារ ខណៈអ្នកដែលនៅសេសសល់កំពុងសិក្សានៅឡើយ ហើយក្នុងចំណោមនោះ មានតែ ៦ លាននាក់ប៉ុណ្ណោះ ដែលកំពុងស្វែងរកការងារធ្វើ។ អត្រាអ្នកអត់ការងារធ្វើដែលបានស្ទង់មតិនៅតាមទីក្រុងរបស់ប្រទេសចិន មានភាពដូចគ្នានឹងស្ថានភាពគ្មានការងារធ្វើជាក់ស្តែងនៅក្នុងប្រទេស។

លោកបាននិយាយថា «តាមទស្សនៈប្រវត្តិសាស្ត្រ តួលេខនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់នូវការផ្លាស់ប្តូរការងារនៅក្នុងទីក្រុង។ ជាឧទាហរណ៍ ដោយសារវីរុសរាតត្បាតនៅដើមឆ្នាំ ២០២០ សម្ពាធការងារនៅទីក្រុងបានចាប់ផ្តើមកើនឡើងនៅពេលនោះ»។ រដ្ឋាភិបាលចិនបានប្រកាសលុបចោលវិធានការកូវីដ-១៩ ទាំងអស់ចាប់ពីខែមករាឆ្នាំនេះ។ គេអាចប្រៀបធៀបតួលេខនៅខែមករា និងខែឧសភា ឆ្នាំ ២០២៣ និងឆ្នាំ ២០២១ ដើម្បីពិនិត្យមើលផលប៉ះពាល់ដែលកើតចេញពីការលុបចោលវិធានការកូវីដ-១៩ លើការលក់រាយទំនិញ។

យោងតាមស្ថាប័នស្ថិតិជាតិ «ប្រាក់ចំណូលពីវិស័យម្ហូបអាហារបានកើនឡើងដល់ ២ ទ្រីលានយ័នក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ ពោលគឺបានកើនឡើង ២២,៦% លើសឆ្នាំមុន ក៏ប៉ុន្តែបានកើនលើសត្រឹមតែ ១២,២% ប៉ុណ្ណោះបើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២១។ ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ ការលក់គ្រឿងអលង្ការបានកើន ១៣,២% លើសកម្រិតឆ្នាំ ២០២១»។

ការលក់គ្រឿងសម្អាងបានកើនឡើង ៤,២% ខណៈដែលការលក់ឧបករណ៍សារទូរគមនាគមន៍ បានកើនឡើង ២,៤%។ ការលក់សម្លៀកបំពាក់, ស្បែកជើង, មួក និងវាយនភ័ណ្ឌ បានកើនឡើង ១,៤% ខណៈការលក់រថយន្តនៅតែធ្លាក់ចុះ ២,៨% ហើយការលក់គ្រឿងបរិក្ខាអគ្គិសនី និងសម្ភារៈបំពងសំឡេងនិងវីដេអូ បានធ្លាក់ចុះ ៥,៩%។ ការលក់គ្រឿងសង្ហារឹមបានធ្លាក់ចុះ ១៥,៤% ខណៈការលក់សម្ភារៈលម្អអគារបានធ្លាក់ចុះ ១៨,៤%។

នៅខែមករា គណៈកម្មការនិយ័តករធានារ៉ាប់រងនិងធនាគារចិន បានលើកឡើងនៅក្នុងកិច្ចប្រជុំមួយថា «ការគាំទ្រដល់ការស្តារសេដ្ឋកិច្ចចិនឡើងវិញ និងការជំរុញការប្រើប្រាស់ទំនិញក្នុងស្រុក គឺជាអាទិភាពកំពូលរបស់ខ្លួននៅក្នុងចំណោមកិច្ចការទាំងអស់នៅឆ្នាំ ២០២៣»។ ធនាគារនានាអាចនឹងបង្កើនការផ្តល់ប្រាក់កម្ចីដល់អ្នកប្រើប្រាស់ទំនិញ និងអាចកាត់បន្ថយអត្រាការប្រាក់ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋបង្កើនការចំណាយឱ្យបានកាន់តែច្រើន៕

Asia Times

អត្ថបទទាក់ទង