ឥណ្ឌូណេស៊ីកំពុងឈរនៅចន្លោះមហាអំណាច
ថ្មីៗនេះ ប្រទេសចិនបានបង្កើនការលេងល្បែងប្រកួតប្រជែងរបស់ខ្លួនទល់នឹងប្រទេសឥណ្ឌូណេស៊ី នៅឯសមុទ្រចិនខាងត្បូង។ ប្រទេសចិនបានធ្វើការតវ៉ាមួយដែលមិនធ្លាប់មានពីមុនមក ជុំវិញការខួងយកឧស្ម័នធម្មជាតិនៅក្នុងដែនទឹកដែលគេស្គាល់ថាជាប្លុក Tuna ដោយបានចាត់ទុកថា:ឲ សកម្មភាពនេះគឺជាការរំលោភលើបូរណភាពដែនដីរបស់ប្រទេសចិន។
ដោយទទួលការអនុញ្ញាតពីរដ្ឋាភិបាលឥណ្ឌូណេស៊ី ការខួងយករ៉ែបានប្រព្រឹត្តទៅយ៉ាងរលូននៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសឥណ្ឌូណេស៊ី (EEZ) ជុំវិញប្រជុំកោះ Natuna ប៉ុន្តែស្ថិតនៅខាងក្នុង «ខ្សែបន្ទាត់ ៩ ចំណុច – Nine Dash Line» ដែលចិនទាមទារ។
គេអាចយល់បាន យ៉ាងប្រាកដថា ការដែលភាគីទាំង២ ទើបតែមកឈ្លោះប្រកែកគ្នានៅពេលនេះ គឺដោយសារនៅក្នុងតំបន់ ប្រទេសឥណ្ឌូណេស៊ីស្ថិតនៅចំទីតាំងនៃការប្រជែងគ្នារវាងចិននិងអាមេរិក។
កាលពីខែមីនាឆ្នាំមុន បន្ទាប់ពីបានជួបជាមួយសមភាគីជប៉ុន រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី Prabowo Subianto បានប្រកាសនៅទីក្រុងតូក្យូថា ឥណ្ឌូណេស៊ី និងជប៉ុន សុទ្ធតែប្រឆាំងដូចៗគ្នាទៅនឹងសកម្មភាពណាមួយរបស់ចិន «ដើម្បីកែប្រែស្ថានភាពបច្ចុប្បន្ន» នៅសមុទ្រចិនខាងត្បូង និងនៅសមុទ្រចិនខាងកើត ដែលជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ចិន ក្នុងការបន្តធ្វើសមយុទ្ធយោធារយៈពេលមួយខែ នៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេសផ្ដាច់មុខ EEZ របស់ប្រទេសហ្វីលីពីន។
លុះមកដល់ខែមិថុនា ប្រទេសឥណ្ឌូណេស៊ីបានចាប់ផ្តើមខួងយកឧស្ម័នធម្មជាតិ នៅប្លុក Tuna ហើយបន្ទាប់មកខ្លួនក៏ទទួលបានលិខិតតវ៉ាពីសំណាក់ប្រទេសចិន។ ដោយគេចចេញពីការទូត «មេហ្គាហ្វូន – Megaphone» ទីក្រុង Jakarta បានងាកទៅប្រើប្រាស់វិធីសាស្ត្រការទូតដែលប្រយ័ត្នប្រយែងជាងមុន ដោយបានបញ្ជូនការតវ៉ាប្រឆាំងទៅកាន់ទីក្រុងប៉េកាំងវិញ ជុំវិញការទាមទាររបស់ប្រទេសចិន។
កាលពីខែកក្កដា ប្រទេសឥណ្ឌូណេស៊ី បានចូលរួមជាអ្នកសង្កេតការណ៍នៅក្នុងសមយុទ្ធយោធាប្រចាំឆ្នាំរវាងអាមេរិក-អូស្ត្រាលីដែលមានឈ្មោះថា «Talisman Sabre» ហើយបន្ទាប់មក នៅក្នុងខែសីហាកងទ័ពឥណ្ឌូណេស៊ីក៏បានធ្វើសមយុទ្ធយោធារួមគ្នាមួយ ជមួយសហរដ្ឋអាមេរិក ឈ្មោះថា «Garuda Shield» ដែលជាសមយុទ្ធដ៏ធំបំផុតមិនធ្លាប់មាន ដោយមានការចូលរួមពីកងទ័ពចំនួន ៣០០០ នាក់ នៅភាគខាងត្បូងកោះស៊ូម៉ាត្រា។
សម្រាប់សមយុទ្ធចុងក្រោយនេះ បើទោះបីជាវាគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលឥណ្ឌូណេស៊ីបានធ្វើចាប់តាំងពីឆ្នាំ ២០០៩ មកក៏ដោយ ក៏វាបានធ្វើឱ្យប្រទេសចិនកាន់តែក្ដៅស្លឹកត្រចៀកជាងមុនទៅទៀត ហើយបានផ្ញើលិខិតតវ៉ាមួយទៀតទៅកាន់ឥណ្ឌូណេស៊ី។
ហើយនៅចុងខែដដែលនោះ ដើម្បីបញ្ជាក់អំពីការមិនសប្បាយចិត្តរបស់ខ្លួន ទីក្រុងប៉េកាំងបានអនុញ្ញាតឱ្យនាវាស្រាវជ្រាវចិនមួយ ដែលមានទម្ងន់ ៦៥០០ តោនឈ្មោះ Haiyang Dhizi10 ឱ្យបើកបរឆ្លងចូលទៅក្នុងដែនទឹករបស់ប្រទេសឥណ្ឌូណេស៊ី និងបានបន្តនៅទីនោះរហូតដល់ចុងខែតុលា។
ភាគច្រើននៃភាពតានតឹងទាំងនេះត្រូវបានរលត់បាត់ទៅវិញ ចំពេលមានការផ្តោតអារម្មណ៍ខ្លាំងទៅលើការប្រកាសកិច្ចព្រមព្រៀង «AUKUS» កាលពីចុងខែកញ្ញាដែលចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបាន ប្រកាសគាំទ្រប្រទេសអូស្ត្រាលីក្នុងការទទួល បាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដែលជាការជំរុញឱ្យមានការផ្ទុះកំហឹងជាខ្លាំងនៅ ក្នុងប្រទេសចិន។
នៅមុនខែធ្នូឆ្នាំមុន សារព័ត៌មានធំៗនៅ ក្នុងប្រទេសឥណ្ឌូណេស៊ី បានរាយការណ៍អំពីការទាមទាររបស់ចិនចំពោះ «ដែនសមុទ្រ Natuna ភាគខាងជើង» ជាតំបន់ដែលឥណ្ឌូណេស៊ីបានចាត់ទុកថាជាកម្មសិទ្ធិរបស់ខ្លួន។
នៅក្នុងការអះអាងពីការទាមទាររបស់ខ្លួនចំពោះផ្នែកមួយនៃដែនទឹករបស់ប្រទេសឥណ្ឌូណេស៊ីបច្ចុប្បន្ននេះ ទីក្រុងប៉េកាំងពិតជាចង់បង្រៀនទីក្រុង Jakarta នូវមេរៀនមួយថា ចិនអាចផ្លាស់ប្តូរ «ស្ថានភាពបច្ចុប្បន្ន» បានប្រសិនបើឥណ្ឌូណេស៊ីចង់សាក។ ប៉ុន្តែប្រសិនបើចិនព្រួយបារម្ភអំពីទំនាក់ទំនងរវាងឥណ្ឌូណេស៊ីជាមួយអាមេរិក នោះចិនក៏ត្រូវទទួលស្គាល់ផងដែរថា ទំនាក់ទំនងរវាងអាមេរិកនិងឥណ្ឌូណេស៊ី ក៏មានបញ្ហាប្រឈមរបស់វាផងដែរ។
រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បានទៅទស្សនកិច្ចនៅទីក្រុង Jakarta កាលពីខែធ្នូ ហើយបានសម្តែងការគាំទ្រចំពោះ «ភាពជាអ្នកដឹកនាំរបស់ឥណ្ឌូណេស៊ី ដែលជាប្រទេសប្រជាធិបតេយ្យធំជាងគេ
ទី៣ របស់ពិភពលោក និងជាអ្នកគាំទ្រដ៏មុតមាំចំពោះសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។
លោក Blinken បានលើកយកពាក្យ «ឥណ្ឌូ-ប៉ាស៊ីហ្វិក» មកនិយាយម្ដងហើយ ម្ដងទៀតនៅក្នុងសុន្ទរកថារបស់លោក ដែលមានន័យចង់លើកស្ទួយនូវគំនិតមួយដែលថា សហរដ្ឋអាមេរិកគឺជាដៃគូដែលអាចទុកចិត្តបានសម្រាប់ឥណ្ឌូណេស៊ី ជាងប្រទេសចិន។
ខណៈពេលដែល ប្រជាជនឥណ្ឌូណេស៊ីស្គាល់អំពីគោលគំនិត នៃភូមិសាស្ត្រនយោបាយ នោះវាមិនមែនជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើលនោះទេ បើផ្អែកតាមប្រវត្តិសាស្ត្រ និងមនោសញ្ចេតនា។ អាស៊ីអាគ្នេយ៍ គឺជាទីតាំងដែលផ្ដល់ប្រយោជន៍ដល់ឥណ្ឌូណេស៊ីអស់ពេលជាយូរណាស់មកហើយ ហើយក៏ជាទីដែលប្រទេសនេះមានឥទ្ធិពលខ្លាំក្លាជាងគេផងដែរ។
ជាក់ស្តែង ខណៈពេលដែលឥណ្ឌូណេស៊ីមានការពេញចិត្តចំពោះការយកចិត្តទុកដាក់ពីសំណាក់អាមេរិកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo បានកំណត់ពេលជួបជាមួយលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី Nikolai Patrushev នៅថ្ងៃតែមួយជាមួយគ្នា ដែលជាការបន្ថយសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិក។ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បានហ៊ានទាំងហៅសហរដ្ឋអាមេរិកនិង រុស្ស៊ីថាជា «ដៃគូល្អទាំង២» របស់ឥណ្ឌូណេស៊ីទៀតផង។
ការមិនចូលបក្សសម្ព័ន្ធបានបន្តកំណត់អំពីទស្សនៈវិស័យរបស់ឥណ្ឌូណេស៊ីចំពោះជំហររបស់ខ្លួននៅក្នុងតំបន់។ នៅពេលដែលការប្រជែងគ្នារវាងទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោនកាន់តែតានតឹងឡើងៗ ទីក្រុង Jakarta កំពុងព្យាយាមចាប់ប្រជល់មហាអំណាចឱ្យប្រឆាំងគ្នាទៅវិញទៅមក ដោយសង្ឃឹមថា ខ្លួននឹងទាញបានផលប្រយោជន៍ពីវា។
លោក Subianto បានលើកយកចំណុចសំខាន់នេះទៅនិយាយនៅឯកិច្ចសន្ទនា IISS Manama លើកទី ១៧ នៅប្រទេសបារ៉ែន កាលពីខែវិច្ឆិកា ដោយលើកហេតុផលថា ប្រទេសឥណ្ឌូណេស៊ីត្រូវតែមានភាព «ប្រាកដនិយម» ក្នុងការកាន់ចង្កូតការប្រកួតប្រជែងគ្នារវាងមហាអំណាច។
លោកបាននិយាយថា ពេលខ្លះការមិនចូលបក្សសម្ព័ន្ធនឹងបង្កភាព «លំបាក» ប៉ុន្តែ វានៅតែបម្រើផលប្រយោជន៍ដល់ឥណ្ឌូណេស៊ីដដែល។
ការព្រមានថ្មីៗរបស់ចិនចំពោះឥណ្ឌូណេស៊ី នឹងមិនត្រូវបានគេយកចិត្តទុកដាក់នោះទេ នៅក្នុងទីក្រុង Jakarta ប៉ុន្តែវាបានធ្វើឱ្យសហរដ្ឋអាមេរិកកាន់តែងាកមកផ្អែមល្ហែមជាមួយប្រទេសឥណ្ឌូណេស៊ីវិញ។
ប្រជាជនឥណ្ឌូណេស៊ីជាច្រើននៅតែមើលឃើញពីភាពពុតត្បុតជាច្រើននៅក្នុងគោលនយោបាយការបរទេសរបស់អាមេរិក ជាក់ស្ដែងដូចជាសង្រ្គាមនៅអ៊ីរ៉ាក់ និងនៅអាហ្វហ្កានីស្ថាន ជាដើម ហើយអ្វីដែលសំខាន់
បំផុតនោះ គឺតួនាទីរបស់សហរដ្ឋអាមេរិកក្នុងការបោសសម្អាតជនកុម្មុយនីស្តនៅក្នុងប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំ ១៩៦៦ នៅពេលដែលលោក ស៊ូហារតូ បានដណ្តើមអំណាច។
ដូច្នេះ អ្វីដែលល្អបំផុតដែលទាំងសហរដ្ឋអាមេរិកនិងចិនអាចសង្ឃឹមបានពីឥណ្ឌូណេស៊ី គឺការគាំទ្រដោយផ្នែកៗ ព្រោះឥណ្ឌូណេស៊ីនឹងមិនចង់ផ្តាច់ខ្លួនចេញពីមហាអំណាចណាមួយនោះទេ៕ The Interpreter