រុស្ស៊ីព្រមានអំពីការកើតមានសង្គ្រាមលោកលើកទី៣ បន្ទាប់ពីមន្ត្រីកំពូលរបស់អាមេរិកបានទៅដល់ទីក្រុងគៀវ
កាលពីថ្ងៃចន្ទទី២៥ ខែមេសា រុស្ស៊ីបានព្រមានថា «ជម្លោះនៅអ៊ុយក្រែនអាចនឹងវិវឌ្ឍទៅជាសង្គ្រាមលោកលើកទី ៣» នៅមួយថ្ងៃបន្ទាប់ពីមន្ត្រីកំពូល ២រូប របស់អាមេរិកបានមកបំពេញទស្សនកិច្ចនៅអ៊ុយក្រែន និងបាននិយាយថា «កងកម្លាំងអ៊ុយក្រែនអាចវាយបកយកឈ្នះលើការឈ្លានពានរបស់រុស្ស៊ី»។
ជម្លោះនេះបាននាំមកនូវសន្ទុះនៃការគាំទ្រពីសំណាក់បណ្តាប្រទេសលោកខាងលិច ដែលបានបន្តបញ្ជូនអាវុធមកកាន់ប្រទេសអ៊ុយក្រែនដើម្បីធ្វើសង្រ្គាមប្រឆាំងនឹងកងទ័ពរុស្ស៊ី។
ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី រដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Sergei Lavrov បានរិះគន់វិធីសាស្រ្តដ៏ច្របូកច្របល់របស់អ៊ុយក្រែនក្នុងការចរចាស្វែងរកសន្តិភាព ហើយលោកបាននិយាយថា «ហានិភ័យនៃការអាចកើតមានសង្គ្រាម លោកលើកទី៣ គឺមានកម្រិតខ្ពស់ណាស់ ហើយអ្នកមិនអាចមើលស្រាលលើបញ្ហានេះបានទេ»។
លោក Lavrov ក៏បានចោទប្រកាន់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ផងដែរអំពី «ការធ្វើពុតជាចរចា»។
អស់រយៈពេលជាច្រើនខែមកហើយ លោក Zelensky បានស្នើសុំសព្វាវុធធុនធ្ងន់ បូករួមទាំងកាំភ្លើងធំ និងយន្តហោះចម្បាំងពីសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន ជាមួយនឹងការប្តេជ្ញាថា «កងកម្លាំងរបស់លោកអាចផ្លាស់ប្តូរស្ថានការណ៌នៃសង្រ្គាមនេះបាន ប្រសិនបើមានអាវុធក្នុងឃ្លាំងកាន់តែច្រើន»។
ការអំពាវនាវនេះបន្តមានសន្ទុះកាន់តែខ្លាំង ដោយក្នុងនោះបណ្តាប្រទេសជាច្រើនដែលជាសមាជិក របស់អង្គការ NATO បានសន្យាថានឹងផ្តល់អាវុធធុនធ្ងន់ និងឧបករណ៍ជាច្រើនដល់អ៊ុយក្រែន បើទោះបីជាមានការ តវ៉ាពីទីក្រុងមូស្គូក៏ដោយ។
រដ្ធមន្ត្រីនៃមន្ទីរបញ្ចកោណ លោក Lloyd Austin បាននិយាយថា «ជំហានដំបូងក្នុងការឈ្នះគឺការជឿជាក់ថា អ្នកអាចយកឈ្នះបាន។ យើងជឿថា យើងអាចឈ្នះ ហើយពួកគេអាចឈ្នះ ប្រសិនបើពួកគេមានឧបករណ៍ ប្រយុទ្ធដ៏ត្រឹមត្រូវនិងការគាំទ្រដ៏សមស្រប»។
ដំណើរទស្សនកិច្ចដ៏រសើបរបស់មន្ត្រីកំពូល ២ រូប របស់ប្រធានាធិបតី Joe Biden បានកើតឡើងនៅចំពេលដែលការប្រយុទ្ធគ្នាបានបន្តនៅទូទាំងប្រទេសអ៊ុយក្រែន។ បន្ទាប់ពីការប្រយុទ្ធគ្នាពេញមួយចុងសប្តាហ៍ មនុស្សយ៉ាងតិច ៥ នាក់បានស្លាប់ និង ១៨ នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់រុស្ស៊ីមកលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅតំបន់ Vinnytsia ភាគកណ្តាលអ៊ុយក្រែន។
កាលពីថ្ងៃចន្ទអភិបាលនៃតំបន់ Belgorod របស់រុស្ស៊ី ដែលស្ថិតនៅជាប់ព្រំដែនអ៊ុយក្រែនបាន ចោទប្រកាន់ទីក្រុងគៀវ ថាបានទម្លាក់គ្រាប់បែកលើភូមិ១ របស់ខ្លួនដែលបានធ្វើឱ្យជនស៊ីវិល ២ នាក់រងរបួស និងបានបំផ្លាញផ្ទះអស់ជាច្រើនខ្នង។ នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រុស្ស៊ីបានចោទប្រកាន់កងកម្លាំងអ៊ុយក្រែនថាបានវាយប្រហារមកលើដែនដីរបស់រុស្ស៊ី បូករួមទាំងភូមិចំនួន ២ នៅតំបន់ Belgorod និងភូមិមួយទៀតនៅក្នុងតំបន់ Bryansk ។
រដ្ឋមន្ត្រីការពារជាតិរបស់អង់គ្លេស លោក Ben Wallace បានប្រកាសកាលពីថ្ងៃចន្ទថា «អង់គ្លេសនឹងបញ្ជូនរថពាសដែកទៅឱ្យអ៊ុយក្រែន ដែលមានសមត្ថភាពអាចធ្វើការបាញ់មីស៊ីលប្រឆាំងនឹងយន្តហោះចម្បាំងរបស់រុស្ស៊ី ហើយឧបករណ៍ទាំងនេះនឹងផ្តល់ឱ្យកងកម្លាំងអ៊ុយក្រែននូវសមត្ថភាពទប់ទល់នឹងការវាយប្រហារតាមផ្លូវអាកាសទាំង នៅពេលថ្ងៃ និងពេលយប់»។
សហរដ្ឋអាមេរិកគឺជាអ្នកផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងជំនួយសព្វាវុធឈានមុខគេរបស់អ៊ុយក្រែន និងជាតួអង្គដ៏សំខាន់នៅក្នុងដំណើរការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ក៏ប៉ុន្តែសហរដ្ឋអាមេរិកមិនធ្លាប់បានបញ្ជូនមន្ត្រីកំពូលរបស់ខ្លួនទៅកាន់ទីក្រុងគៀវ ទេ ខណៈដែលមេដឹកនាំអឺរ៉ុបមួយចំនួនធ្លាប់បានធ្វើដំណើរមកកាន់ទីក្រុងនេះរួច ហើយដើម្បីបញ្ជាក់ពីការគាំទ្ររបស់ពួកគេ។
លោក Austin បាននិយាយថា «ប្រទេសជាច្រើននឹងបន្តផ្តល់អាវុធបន្ថែម ទៀត។ ដូច្នេះយើងនឹងបន្តជំរុញឱ្យបានកាន់តែខ្លាំងតាមដែលអាចធ្វើបាននិងឱ្យបានលឿនតាមដែលអាចធ្វើបានដើម្បីឱ្យពួកគេអាចទទួលបាននូវអ្វីដែលពួកគេត្រូវការ»។ លោក Blinken និងលោក Austin ក៏បាន និយាយផងដែរថា «អ្នកការទូតអាមេរិកនឹងវិលត្រឡប់មកកាន់អ៊ុយក្រែននៅក្នុងសប្តាហ៍នេះ ហើយនឹងប្រកាសអំពីជំនួយយោធាចំនួន ៧០០ លានដុល្លារអាមេរិកបន្ថែមទៀត»។
ក្នុងពេលជាមួយគ្នានេះដែរ អ្នកការទូតអាល្លឺម៉ង់ចំនួន ៤០ នាក់នឹងធ្វើដំណើរចេញពីប្រទេសរុស្ស៊ី ទៅកាន់ប្រទេសដើមរបស់ខ្លួនវិញ បន្ទាប់ពីរុស្ស៊ីបានប្រកាសពីការបណ្តេញចេញ បន្ទាប់ពីអាល្លឺម៉ង់បានបណ្តេញអ្នកការទូតរុស្ស៊ីចំនួន ៤០ នាក់ កាលពីដើមខែនេះ។
ក្រុមមន្ត្រីបាននិយាយថា «ប្រធានរដ្ឋអាជ្ញារបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិនឹងចូលរួមជាមួយក្រុមស៊ើបអង្កេតរបស់សហភាពអឺរ៉ុបដើម្បីស៊ើបអង្កេតលើឧក្រិដ្ឋកម្មអន្តរជាតិ ដែលត្រូវបានប្រព្រឹត្តនៅអ៊ុយក្រែន»។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា «កងទ័ពអាកាសរុស្ស៊ីបានកំណត់គោលដៅ ៨២ ទីតាំងយោធារបស់អ៊ុយក្រែនបូករួមទាំងប៉ុស្តិ៍បញ្ជាការចំនួន៤ និងឃ្លាំងផ្ទុកប្រេងឥន្ធនៈចំនួន២ ហើយកងទ័ពបានបាញ់មីស៊ីលទៅកាន់គោលដៅចំនួន ២៧ នៅក្នុងការវាយប្រហារចុងក្រោយរបស់ពួកគេ»។
ក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថា «រុស្ស៊ីកំពុងបន្តវាយលុកលើហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវផ្គត់ផ្គង់ ដែលចាំបាច់សម្រាប់ការដឹកជញ្ជូនជំនួយយោធាពីដៃគូរបស់អ៊ុយក្រែន។ ទីក្រុង Kharkiv របស់អ៊ុយក្រែននៅតែស្ថិតក្រោមការឡោមព័ទ្ធដោយផ្នែកៗ ហើយកងកម្លាំងរបស់រុស្ស៊ីកំពុងប្រមូលផ្តុំឡើងវិញនៅភាគខាងត្បូង ក៏ប៉ុន្តែការប៉ុនប៉ងរបស់រុស្ស៊ីដើម្បីដណ្តើមការកាន់កាប់ទីក្រុង Zaporizhzhia នៅភាគខាងកើតបានបរាជ័យ»។
ប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទ បានចោទប្រកាន់ទីក្រុងគៀវ ពីបទរារាំងជនស៊ីវិលដែលកំពុងជាប់ជាមួយទាហានអ៊ុយក្រែននៅក្នុងរោងចក្រដែក Azovstal ដែលស្ថិតនៅទីក្រុង Mariupol មិនឱ្យចាកចេញពីទីតាំងនោះ បើទោះបីជាមានការប្រកាសពីបទឈប់បាញ់ក៏ដោយ។
ទីក្រុង Mariupol ដែលរុស្ស៊ីបានប្រកាសថាបានរំដោះហើយ គឺជាទីតាំងដ៏សំខាន់នៃផែនការសង្រ្គាមរបស់រុស្ស៊ី ដើម្បីបង្កើតផ្លូវតភ្ជាប់ទៅកាន់តំបន់គ្រីមៀ ដែលរុស្សីកំពុងកាន់កាប់ ហើយវាក៏អាចជួយតភ្ជាប់បន្តរហូត ដល់ប្រទេស Moldova ផងដែរ៕ The Strait Times