ខ្មែរប៉ុស្ដិ៍ Close

Asia Times ៖ របបយោធា មីយ៉ាន់ម៉ាចំណាយលុយយ៉ាងច្រើន សន្ធឹកសន្ធាប់ទៅ លើគម្រោងសព្វាវុធ Toys-For-Boys

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៣០ ខែមករា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 40
Asia Times ៖ របបយោធា មីយ៉ាន់ម៉ាចំណាយលុយយ៉ាងច្រើន សន្ធឹកសន្ធាប់ទៅ លើគម្រោងសព្វាវុធ Toys-For-Boys ទាហាន​មីយ៉ាន់ម៉ាកំពុង​ដើរ​ក្បួន​។ រូបថត៖ AFP/Khin Maung Win

នាវាមុជទឹកគឺជាអាវុធប្រភេទចុងក្រោយបង្អស់មួយ ដែលកងកម្លាំងនៃប្រទេសមីយ៉ាន់ម៉ាចង់បានយកមកប្រើប្រាស់។ កាលពីពេលថ្មីៗនេះ ឧត្តមសេនីយ៍មីយ៉ាន់ម៉ាក៏ទើបនឹងទទួលបាននាវាមុជទឹក ដើរដោយថាមពលអគ្គីសនី និងប្រេងម៉ាស៊ូត (Diesel-electric Submarines) ចំនួន ២ គ្រឿងផងដែរ។

កាលពីខែមីនា ឆ្នាំ២០២០ ប្រទេសឥណ្ឌាបានផ្តល់នាវាមុជទឹកប្រភេទ Kilo-class សម័យសូវៀត ដែលមានទម្ងន់ ៣០០០ តោន ចំនួនមួយគ្រឿង ដល់ប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានបង្ហាញឱ្យឃើញនៅក្នុងការធ្វើសមយុទ្ធកងទ័ពជើងទឹកកាលពីខែតុលាឆ្នាំនោះ។ នាវាមុជទឹកនេះអាចនឹងត្រូវបានយកទៅប្រើនៅក្នុងមូលដ្ឋានទ័ពជើងទឹកមួយកន្លែងនៅឈូងសមុទ្រ Bengal ។

បន្ទាប់មក នៅក្នុងខែធ្នូ ឆ្នាំ ២០២១ ប្រទេសមីយ៉ាន់ម៉ាក៏បានទទួលនាវាមុជទឹកមួយគ្រឿងទៀតម៉ាក «Type-035 Ming Class» ដែលមានទម្ងន់ ២១០០ តោនពី សំណាក់ប្រទេសចិន។ នៅក្នុងវីដេអូដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម គេបានឃើញនាវានេះកំពុងធ្វើដំណើរតាមដងទន្លេ Yangon ដោយមានអមដំណើរដោយនាវាប្រភេទ Type 5 ដែលជានាវាវាយប្រហារល្បឿនលឿនមួយគ្រឿងទៀតរបស់កងទ័ពជើងទឹកមីយ៉ាន់ម៉ា។

រូបភាពស្តីពីការបង្ហាញសម្ភារៈយោធាខាងលើនេះគឺមានសារៈសំខាន់ណាស់ផ្នែកយុទ្ធសាស្ត្រ ហើយវាបានបង្ហាញយ៉ាងច្បាស់ថា «ប្រទេសចិននិងឥណ្ឌាគឺជាអ្នកផ្គត់ផ្គង់នាវាមុជទឹកដល់មីយ៉ាន់ម៉ា»។ តាមរយៈការផ្តល់
នាវាមុជទឹកដល់ប្រទេសមីយ៉ាន់ម៉ា ប្រទេសឥណ្ឌាសង្ឃឹមថា «ខ្លួននឹងអាចយកឈ្នះលើប្រទេសចិន ដែលកំពុងតែព្យាយាមបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលសកម្មភាពនេះគឺជាកង្វល់ដ៏ធំមួយសម្រាប់អ្នករៀបចំផែនការសន្តិសុខរបស់ទីក្រុង New Delhi»។

ចាប់តាំងពីឆ្នាំ ២០១៣ មក ប្រទេសឥណ្ឌាបានបញ្ជូនកាំភ្លើងធំ, ប្រព័ន្ធរ៉ាដា និងឧបករណ៍សម្រាប់មើលនៅពេលយប់ មកកាន់កងកម្លាំង Tatmadaw។ ក៏ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសឥណ្ឌាបានងាកមកផ្តោតលើកិច្ចសហប្រតិបត្តិការផ្នែកកងទ័ពជើងទឹកវិញ ក្នុងគោលបំណងទប់ទល់នឹងការកើនឡើង នៃឥទ្ធិពលរបស់ប្រទេសចិននៅក្នុងតំបន់មហាសមុទ្រឥណ្ឌា។

ទន្ទឹមគ្នានេះដែរ ប្រទេសចិនបានបង្កើនកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបន្តសម្ព័ន្ធភាពយោធា និងដើម្បីបន្តធ្វើជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់របស់ប្រទេសមីយ៉ាន់ម៉ា ដោយក្នុង នោះរួមមានទាំងសម្ភារៈសម្រាប់កងទ័ពជើងទឹកផងដែរ។ កងទ័ពជើងទឹករបស់ប្រទេសមីយ៉ាន់ម៉ាត្រូវបានបំពាក់ដោយមីស៊ីលប្រឆាំងនឹងនាវា ប្រភេទ «C-802» ដែលផលិតដោយប្រទេសចិន ខណៈដែលកងទ័ពអាកាសមីយ៉ាន់ម៉ា ក៏កំពុងតែប្រើប្រាស់យន្តហោះ ដែលផលិតដោយប្រទេសចិនជាច្រើនគ្រឿងផងដែរ បូករួមទាំងយន្តហោះចម្បាំង «Chengdu JF-17 Thunder» និងយន្តហោះដឹកជញ្ជូន «Shaanxi Y-8»។

ការផ្ទេរនាវាមុជទឹក នេះគឺជាសញ្ញាដែលបង្ហាញឱ្យឃើញពីចេតនារបស់ចិនក្នុងការរក្សានិងពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយរបបយោធាមីយ៉ាន់ម៉ា។ ប្រទេសរុស្ស៊ីក៏បានចូលរួមនៅក្នុងការ ប្រកួតនេះផងដែរ ដោយក្នុងនោះរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបាន បង្ហាញថា «រថក្រោះដែលផលិតដោយរុស្ស៊ី និងឧបករណ៍ផ្សេងៗទៀត ត្រូវបានគេប្រគល់ជូនដល់រដ្ឋាភិបាលយោធាកាលពីថ្ងៃទី២៣ ខែមករា»។

ឧត្តមសេនីយ៍មីយ៉ាន់ម៉ាក៏មានគោលបំណងក្នុងការធានាឱ្យបានថា «ក្រុមមន្ត្រី និងកងទ័ពនឹងនៅតែមានភាព ស្មោះត្រង់ចំពោះមេដឹកនាំថ្នាក់កំពូលដែលស្ថិតក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing» ។ ហេតុដូច្នេះហើយវាពិតជាមានសារៈសំខាន់ណាស់ក្នុងការ បង្កើនការបំពាក់ក្រុមកងទ័ពនូវឧបករណ៍ ទំនើបៗលំដាប់ពិភពលោក។

ឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing
ឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing

យោធាមីយ៉ាន់ម៉ាក៏បានទិញរថក្រោះ និងរថពាសដែកធុនធ្ងន់មួយចំនួនផងដែរ ដើម្បីធ្វើការប្រឆាំងទប់ទល់នឹងក្រុមទ័ពព្រៃ។ ការបញ្ជាទិញនេះគឺជាផ្នែកមួយនៃគោលលទ្ធិការពារ «Toys-for-the-boys» របស់ប្រទេសមីយ៉ាន់ម៉ា ដោយក្នុង នោះរបបយោធាបានទទួលអត្ថប្រយោជន៍ផ្ទាល់ខ្លួនជាច្រើនពីការចំណាយដ៏ធំនេះ ហើយទិដ្ឋភាពនៃផែនការយោធានេះក៏បានក្លាយជារឿងកាន់តែសំខាន់ចាប់តាំងពីពេលកើតមានរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈឆ្នាំមុន។

ការចំណាយដ៏ធំ នេះត្រូវបានធ្វើឡើង ស្របពេលដែលប្រទេសមីយ៉ាន់ម៉ាកំពុងតែជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ដោយកាលពីឆ្នាំមុន សេដ្ឋកិច្ចរបស់ប្រទេសនេះបានរងនូវការធ្លាក់ចុះរហូតដល់ -១៨% ហើយមូលហេតុចម្បងគឺបណ្តាលមកពីអស្ថិរភាពដែលបង្ក ឡើងដោយការធ្វើរដ្ឋប្រហារយោធា។

ប៉ុន្តែអ្វីដែលជាអាទិភាពសំខាន់របស់របបយោធា គឺការរក្សាអំណាចនិងការរក្សាភាពស្មោះត្រង់ក្នុងចំណោមកងទ័ព។ ហេតុដូច្នេះហើយទើបបានជាពួកគេនៅតែបន្តរៀបចំផែនការបញ្ជាទិញឧបករណ៍ទាំងនេះ។

វាជាលើកដំបូងហើយក្នុងរយៈពេលជាច្រើនទស្សវត្សរ៍កន្លងមកនេះដែលរបបយោធាមីយ៉ាន់ម៉ាកំពុងតស៊ូប្រយុទ្ធជាមួយក្រុមបះបោរជនជាតិភាគតិចនៅតាមតំបន់ព្រំដែន បូករួមនឹងការទប់ទល់នឹងការបះបោរ ប្រដាប់អាវុធនៅក្នុងទីក្រុង និងតំបន់ផ្សេងៗ ទៀតដែលធ្លាប់តែជាទីស្ងប់ស្ងាត់។

វាក៏មានករណីនៃការរត់ចោលជួរក្នុងចំណោមកងកម្លាំងសន្តិសុខផងដែរជាពិសេសក្នុងចំណោមកងកម្លាំងប៉ូលីសដែលបានរត់ ទៅចូលរួមជាមួយក្រុម ប្រដាប់អាវុធប្រឆាំងនឹងរបបយោធាដែល មានឈ្មោះថា «កងកម្លាំងការពារប្រជាជន» (PDF)។

តួលេខជនរងគ្រោះដែលបានចេញផ្សាយដោយកងកម្លាំង PDF បានឱ្យដឹងថា «ទាហានរហូតដល់ ៨០០០ នាក់ ត្រូវបានសម្លាប់ចាប់តាំងពីពេលកើតមានរដ្ឋប្រហារ»។ តួលេខខាងលើអាចត្រូវបានបំប៉ោង ក៏ប៉ុន្តែសូម្បីតែអ្នកសង្កេតការណ៍ឯករាជ្យក៏ជឿដែរថា «របបយោធាបានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមក នៅក្នុងសង្គ្រាមស៊ីវិលដែលកំពុងតែរីករាលដាលនៅពាសពេញប្រទេស»។

ក្នុងពេលជាមួយគ្នានេះដែរ ទុក្ខលំបាករបស់ប្រជាពលរដ្ឋក៏មានមានលក្ខណៈធ្ងន់ធ្ងរផងដែរ ដោយក្នុងនោះរបាយការណ៍ រួមកាលពីថ្ងៃទី ៤ ខែមករា របស់ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការ មនុស្សធម៌ និងឧត្តមស្នងការអង្គការសហប្រជាជាតិទទួល បន្ទុកជនភៀសខ្លួន បានឱ្យដឹងថា «ជនស៊ីវិលជាង ១៣៥,០០០ នាក់ត្រូវបានបង្ខំឱ្យផ្លាស់ទីលំនៅដោយសារតែការ ប្រយុទ្ធគ្នា ហើយការ បន្តធ្វើប្រតិបត្តិការយោធាថ្មីៗនៅក្នុងរដ្ឋ Karen និង Kayah អាចនឹងធ្វើឱ្យតួលេខ នាពេលបច្ចុប្បន្ន កើនឡើងខ្ពស់ជាងមុន រហូតដល់ ២ ដង»។

ទីភ្នាក់ងារអង្គការ សហប្រជាជាតិក៏បានលើកឡើងពីសកម្មភាពនៃការបំផ្លិចបំផ្លាញ, ការលួចទ្រព្យសម្បត្តិ, ការចាប់ខ្លួនមនុស្សតាមអំពើចិត្ត, ការប្រព្រឹត្តអំពើ ហិង្សាផ្លូវភេទ, ការរំលោភបំពានកម្លាំងពលកម្ម, ការធ្វើទារុណកម្ម បូករួមទាំងការសម្លាប់។

ទង្វើទាំងនេះអាចនឹងបង្កផលប៉ះពាល់ដល់សីលធម៌របស់កងទ័ព ជាពិសេស នៅពេលដែលវាកើតឡើងនៅក្នុងតំបន់ដែលកងកម្លាំងប្រដាប់អាវុធជនជាតិ ភាគតិចភូមាភាគច្រើនកំពុងរស់នៅ ។

កាលពីមុន កងទ័ព Tatmadaw គឺជាកង កម្លាំងដ៏ឃោរឃៅបំផុតដែលធ្លាប់បានប្រព្រឹត្តអំពើឃោរឃៅជាច្រើនលើប្រជាជន ស៊ីវិលដែលភាគច្រើន បានកើតឡើងនៅតាមតំបន់ព្រំដែនជនជាតិ ភាគតិច។ ប៉ុន្តែ បើទោះបីជានៅពេលនោះយោធាមិនសូវមានអាវុធទំនើបៗក៏ដោយ ក៏ពួកគេនៅតែជាកងកម្លាំងដែលរឹងមាំនិងប្រកបដោយប្រសិទ្ធភាព។

អ្វីៗទាំងអស់បានផ្លាស់ប្តូរបន្ទាប់ពីមាន ការបះបោរដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យនៅឆ្នាំ១៩៨៨ ហើយការភ័យខ្លាចជាចម្បងនៅក្នុងជួរថ្នាក់ដឹកនាំរបស់កងទ័ពនៅពេលនោះ ហើយអាចនឹងកើតមាននៅពេលនេះដែរគឺ «ទាហានដែល មានការមិនពេញចិត្ត អាចនឹងងាកទៅចូលរួមជាមួយក្រុមសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ» ដែលនេះគឺជាសេណារីយ៉ូមួយដែលអាចធ្វើឱ្យការគ្រប់ គ្រងរបស់របបយោធា នៅមីយ៉ាន់ម៉ាឈានដល់ទីបញ្ចប់។

ទាហាន​មីយ៉ាន់ម៉ាដើរក្បួនដង្ហែ​ក្នុង​ពេល​មាន​ការ​តវ៉ា​ប្រឆាំង​រដ្ឋ​ប្រហារ។ រូបភាព៖ Getty តាមរយៈ AFP / Hkun Lat
ទាហាន​មីយ៉ាន់ម៉ាដើរក្បួនដង្ហែ​ក្នុង​ពេល​មាន​ការ​តវ៉ា​ប្រឆាំង​រដ្ឋ​ប្រហារ។ រូបភាព៖ Getty តាមរយៈ AFP / Hkun Lat

ដូចជាពេលនេះដែរ ដើម្បីទប់ស្កាត់ការ បែកបាក់ផ្ទៃក្នុងនៅក្នុងជួរយោធា សកម្មភាពជាច្រើនត្រូវបានធ្វើឡើងដើម្បីបំពេញចិត្តរបស់កងទ័ព។ ចាប់តាំងពីឆ្នាំ១៩៨៩ មក កងទ័ព Tatmadaw បានចំណាយទឹកប្រាក់
ជាង ១ពាន់លានដុល្លារ លើការទិញឧបករណ៍ យោធាថ្មីៗ និងទំនើបជាងមុន។

ការបញ្ជាទិញមាន ប្រភពចម្បងមកពីប្រទេសចិន ហើយក៏ មានមួយចំនួនមកពីប្រទេសសិង្ហបុរី, ប៉ាគីស្ថាន និងអ៊ីស្រាអែលផងដែរ។ ទោះជាយ៉ាងណាក៏ដោយ សម្ភារៈដែល បានទិញភាគច្រើន នៅពេលនោះ គឺសុទ្ធតែជាសម្ភារៈដែល យោធាមីយ៉ាន់ម៉ាមិនសូវមានតម្រូវការ ប្រើប្រាស់ខ្លាំងនោះទេ ដោយក្នុងនោះរួមមាន ដូចជាប្រព័ន្ធកាំជ្រួច, រថក្រោះធុនធ្ងន់, រថពាសដែក, ទូកល្បាតជើងទឹក និងឧបករណ៍រ៉ាដាជាច្រើន ប្រភេទទៀត។

ក្នុងពេលជាមួយគ្នានោះដែរ ឧស្សាហកម្មការពារជាតិរបស់ប្រទេសមីយ៉ាន់ម៉ាក៏បានចាប់ផ្តើមផលិតកាំភ្លើងថ្មីដើម្បីជំនួសឱ្យកាំភ្លើងប្រភេទ G-3 ដែលចាស់ និងមានទំងន់ធ្ងន់ដែល ត្រូវបានផលិតដោយប្រទេសអាល្លឺម៉ង់ ហើយក្រុមកងទ័ពក៏ទទួលបានឯកសណ្ឋានថ្មី និងល្អៗជាងមុនផងដែរ។

បើទោះបីជាមាន ការដាក់ចេញនូវបទឈប់បាញ់ជាបន្តបន្ទាប់ជាមួយក្រុម ប្រដាប់អាវុធជនជាតិ ភាគតិចក៏ដោយក៏កងកម្លាំង Tatmadaw នៅតែបន្តបង្កើនចំនួនកងទ័ពរបស់ខ្លួនយ៉ាងច្រើន។ ចំនួនកងទ័ពនៅក្នុងវិស័យទាំង៣ ដែលរួមមានជើងគោក, ជើងអាកាសនិងជើងទឹក មានចំនួនមិនដល់ ១៩៥,០០០ នាក់នោះទេ នៅមុនឆ្នាំ១៩៨៨ ហើយស្ទើរតែទាំងអស់នៃក្រុមទាហានទាំងនោះគឺជាកងកម្លាំងជើងគោក ខណៈកងទ័ពជើងអាកាស និងកងទ័ពជើងទឹកមានចំនួនតិចតួចប៉ុណ្ណោះ ។

វិទ្យាស្ថាន «International Institute for Strategic Studies»ដែលមាន មូលដ្ឋាននៅទីក្រុងឡុងដ៍ និងក្រុមអ្នក ស្រាវជ្រាវអន្តរជាតិផ្សេងៗទៀតបានឱ្យដឹងថា «ចំនួនកងទ័ពនៅពេលឥឡូវនេះរួមមានកងទ័ព ជើងគោកចំនួន ៥០៧,០០០ នាក់, កងទ័ពអាកាស ២៣,០០០ នាក់ និងកងទ័ពជើងទឹក ១៩,០០០ នាក់ ដែលសរុបទាំងអស់មានចំនួន ៥៤៩,០០០ នាក់»។

ក្រុមអ្នកស្រាវជ្រាវ ទាំងនោះអាចនឹងធ្វើការប៉ាន់ប្រមាណចំនួនកងកម្លាំងរបស់ Tatmadaw លើស ខណៈដែលអង្គភាពកងទ័ពភាគច្រើនត្រូវបានគេរាយការណ៍ថា «មិនមានមនុស្សគ្រប់ចំនួនដូចការលើក ឡើងខាងលើនោះទេ ហើយចំនួនទាហានជាច្រើនមានតែនៅ ក្នុងរបាយការណ៍ផ្លូវការតែប៉ុណ្ណោះ»។ ចំនួនកងកម្លាំង Tatmadaw ពិតប្រាកដអាចមានត្រឹមតែពាក់កណ្តាលនៃតួលេខខាងលើប៉ុណ្ណោះ ក៏ប៉ុន្តែវាអាចមានចំនួនច្រើន ជាងកាលពីមុនឆ្នាំ ១៩៨៨។

ទោះជាយ៉ាងណាក៏ដោយ បទពិសោធន៍ប្រយុទ្ធរបស់កងទ័ពជំនាន់ថ្មីនេះនៅមានកម្រិតនៅឡើយ ដោយសារតែការដាក់ចេញនូវបទឈប់បាញ់ពីមុនៗ ដែល មួយចំនួនអាចមានសុពលភាពជិត ២ ទស្សវត្សរ៍មកហើយ។ ប្រភពដ៏ល្បីមួយបានឱ្យដឹងថា «ពួកកងទ័ពទាំងនោះមានជំនាញក្នុងការដើរដង្ហែរក្បួន បង្ហាញឯកសណ្ឋាន និងកាំភ្លើងថ្មីៗរបស់ពួកគេ ជាជាងការ ប្រយុទ្ធនៅក្នុងសមរភូមិជាក់ស្តែង»។

លើសពីនេះទៅទៀត ការផ្លាស់ប្តូរទៅអនុវត្តគម្រូសេដ្ឋកិច្ចទីផ្សារ ក្រោយកើតមានការបះបោរ និងការបង្ក្រាបកាលពីឆ្នាំ ១៩៨៨ បានផ្តល់ឱកាសឱ្យមន្រ្តីជាច្រើនចាប់ផ្តើមធ្វើការពង្រឹងអំណាចនិងធនធានផ្ទាល់ខ្លួន។ ប្រភពមួយពីក្នុងប្រទេសមីយ៉ាន់ម៉ា បានបង្ហោះសារនៅ លើបណ្តាញសង្គមថា «ក្រុមមន្រ្តីនៅក្នុងជួរកងទ័ពបានផ្តោតតែ ទៅលើការទទួលសំណូក និងការធ្វើជំនួញជាមួយក្រុមបក្ខពួករបស់ខ្លួនតែប៉ុណ្ណោះ ហើយពួកគេមិនចង់ប្រយុទ្ធគ្នាទៀតទេ។ ពួកគេចូលរួមជាមួយក្រុម កងទ័ពដើម្បីអាចក្លាយជាអ្នកមានលឿន»។

មន្ត្រីយោធាចូល និវត្តន៍ម្នាក់បានប្រាប់អ្នកយកព័ត៌មានតាំងពីមុនពេលកើតមានរដ្ឋប្រហារថា «នៅពេលខ្ញុំនៅធ្វើជាវរសេនីយ៍ឯកនៅ ក្នុងក្រុមកងទ័ព ភាពហ៊ឺហាររបស់ខ្ញុំគឺមានតែឈុតសម្រាប់លេងវាយសី និងដបស្រាតែប៉ុណ្ណោះ ក៏ប៉ុន្តែឥឡូវនេះ សូម្បីតែប្រធានក្រុម និងអនុសេនីយ៍ឯកក៏មានឡានច្រើនជាងមួយគ្រឿង, មានឈុតវាយកូនហ្គោលជាច្រើនហើយយ៉ាងហោចណាស់ក៏មានស្រីកំណាន់ ២ នាក់ផងដែរ ហើយពួកគេមិនចាំបាច់ត្រូវចេញប្រយុទ្ធទៀតនោះទេ»។

នៅពេលនេះ កងកម្លាំងថ្មីៗរបស់ Tatmadaw កំពុងត្រូវបានបញ្ចេញទៅឱ្យប្រយុទ្ធនៅលើសមរភូមិជាច្រើននៅទូទាំងប្រទេសមីយ៉ាន់ម៉ា ហើយភាគច្រើនមិនអាច ប្រយុទ្ធបានល្អនោះទេ។ ក្រុមកងទ័ពបានពង្រីកការប្រយុទ្ធរបស់ខ្លួនជាមួយពួកឧទ្ទាម Kachin នៅភាគខាងជើង, ពួក Karens នៅភាគអាគ្នេយ៍, ជាមួយក្រុម Chins នៅភាគខាងលិច និងជាមួយកងកម្លាំងតស៊ូរបស់មីយ៉ាន់ម៉ានៅទូទាំងប្រទេស បូករួមទាំង នៅទីក្រុងនិងរដ្ឋធានី Yangon ទៀតផង។

រថពាសដែកបំពាក់ទៅដោយអាវុធ​ត្រូវ​បាន​គេមើល​ឃើញ​នៅ​ក្នុង​ក្បួន​ដង្ហែ​ព្យុហយាត្រានៃ​ទិវា​កង​កម្លាំង​ប្រដាប់​អាវុធ​លើក​ទី ៧២ ក្នុង​រដ្ឋធានី Nay Pyi Taw ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី២៧ ខែ​មីនា ឆ្នាំ ២០១៧។ រូបថត៖ AFP តាមរយៈទីភ្នាក់ងារ Andalou/Lamin Tun
រថពាសដែកបំពាក់ទៅដោយអាវុធ​ត្រូវ​បាន​គេមើល​ឃើញ​នៅ​ក្នុង​ក្បួន​ដង្ហែ​ព្យុហយាត្រានៃ​ទិវា​កង​កម្លាំង​ប្រដាប់​អាវុធ​លើក​ទី ៧២ ក្នុង​រដ្ឋធានី Nay Pyi Taw ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី២៧ ខែ​មីនា ឆ្នាំ ២០១៧។ រូបថត៖ AFP តាមរយៈទីភ្នាក់ងារ Andalou/Lamin Tun

ទាហានជើងគោក បានដកថយពីតំបន់មួយចំនួន បន្ទាប់ពីទទួលរងនូវការបង្ក្រាបយ៉ាងធ្ងន់ធ្ងរ ហើយក្រុមកងទ័ពបានងាក ទៅបើកការវាយប្រហារតាមផ្លូវអាកាស និងការបាញ់កាំភ្លើងធំធុនធ្ងន់ពីចម្ងាយវិញ ដែលនេះគឺជាសញ្ញានៃភាពទន់ខ្សោយរបស់កម្លាំងយោធារបស់មីយ៉ាន់ម៉ា។

ដោយមើលឃើញអំពីស្ថានការណ៍ដ៏អាក្រក់នៅពេលនេះ មនុស្សមួយចំនួនបានលើកឡើងថា «ការទិញនាវាមុជទឹក ពីសំណាក់ប្រទេសចិនក៏នឹងមិនអាចជួយអ្វីបានច្រើនដល់កងទ័ពនោះដែរ»។ ទន្ទឹមនឹងនេះដែរ ប្រទេសមីយ៉ាន់ម៉ាក៏បានក្លាយទៅជារដ្ឋដែលឯកោជាថ្មីម្តងទៀត ហើយអស្ថិរភាពដែលកំពុងតែរីករាលដាលនៅពាសពេញប្រទេស អាចនឹងធ្វើឱ្យប្រទេសនេះប្រឈមមុខនឹងការក្លាយជាកូនអុកនៅក្នុងល្បែងអំណាចភូមិសាស្ត្រនយោបាយ។

ប្រទេសចិន ដែលបានផ្តល់នាវាមុជទឹក និងប្រទេសឥណ្ឌា ដែលបានបញ្ជូននាវាមកឱ្យប្រទេសមីយ៉ាន់ម៉ានៅមុនការធ្វើរដ្ឋប្រហារនិងដែល បានបន្តផ្គត់ផ្គង់សម្ភារៈដល់ស្ថានីយ៍ការពារដែនអាកាសរបស់កងទ័ព Tatmadaw គឺស្ថិតក្នុងចំណោម ប្រទេសមួយចំនួនតូច ប៉ុណ្ណោះដែលជាមិត្តរបស់របបយោធា។ ស្ថានភាពនេះអាចនឹង បង្កផលប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់ទាហាន ជើងគោករបស់មីយ៉ាន់ម៉ាដែលកំពុងតែរងការបាញ់ប្រហារទាំងនៅក្នុង និងក្រៅប្រទេស៕ Asia Times

អត្ថបទទាក់ទង