ខ្មែរប៉ុស្ដិ៍ Close

អាមេរិកចែចង់អាស៊ាន ប៉ុន្តែប្លុកនេះប្រយ័ត្នប្រយែងចំពោះដំណើរស្ទាក់ស្ទើរមួយផ្សេងទៀតរបស់មហាអំណាចនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែមិថុនា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 44
អាមេរិកចែចង់អាស៊ាន ប៉ុន្តែប្លុកនេះប្រយ័ត្នប្រយែងចំពោះដំណើរស្ទាក់ស្ទើរមួយផ្សេងទៀតរបស់មហាអំណាចនេះ អាមេរិកចែចង់អាស៊ាន ប៉ុន្តែប្លុកនេះប្រយ័ត្នប្រយែងចំពោះដំណើរស្ទាក់ស្ទើរមួយផ្សេងទៀតរបស់មហាអំណាចនេះ

ទីបំផុតទៅ នៅប៉ុន្មានខែបន្ទាប់ពីការឡើងកាន់តំណែងជាប្រធានាធិបតីរបស់ លោក ចូ បៃឌិន សហរដ្ឋអាមេរិកបានបង្វែរការយកចិត្តទុកដាក់ផ្នែកការទូតរបស់ខ្លួនមកកាន់តំបន់អាស៊ីអាគ្នេយ៍ដើម្បីប្រឆាំងនឹងការកើនឡើងនូវឥទ្ធិពលរបស់ចិន។

អនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី Wendy Sherman បានក្លាយជាមន្រ្តីជាន់ខ្ពស់អាមេរិកដំបូងគេនៅ ក្នុងរដ្ឋបាលលោក បៃឌិន ដែលបានទៅធ្វើទស្សនកិច្ចនៅបណ្ដាប្រទេសជាសមាជិកអាស៊ាននៅសប្តាហ៍នេះ។

លោកស្រី Sherman បានជួបជាមួយនាយករដ្ឋមន្រ្តីថៃ លោក Prayuth Chan-ocha នៅទីក្រុងបាងកកកាលពីថ្ងៃពុធ ជាទីដែលលោកស្រីបានប្រកាសផ្តល់ជំនួយចំនួន ៣០លានដុល្លារ ដល់ប្រទេសនេះដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។

ប៉ុន្តែ ទោះបីជាសហរដ្ឋអាមេរិកបង្កើនការវាយលុកតាមបែបទន់ភ្លន់របស់ខ្លួនក៏ដោយ ក៏អ្នកជំនាញនិយាយថា ទីក្រុងវ៉ាស៊ីនតោនបានបង្អែរបង្អង់យូរពេក ដែលជាហេតុធ្វើឱ្យទីក្រុងប៉េកាំងបានបោះជំហានទៅមុខមុនក្នុងការចែចង់តំបន់ដែលកាន់តែមានសារសំខាន់នេះ។

លោកស្រី Sherman ក៏បានទៅធ្វើទស្សនកិច្ចនៅទីក្រុង Jakarta ផងដែរ ជាទីដែលលេខាធិការដ្ឋានអាស៊ានស្ថិតនៅ។ កាលពីថ្ងៃចន្ទ លោកស្រីបានជួបជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi នៅទីនោះ ដើម្បីពិភាក្សាអំពី មធ្យោបាយនានាដើម្បីជម្រុញពាណិជ្ជកម្មនិងការវិនិយោគ។

«នៅប្រទេសកម្ពុជា លោកស្រី Sherman បានសន្យាជាមួយលោក នាយករដ្ឋមន្រ្តីហ៊ុន សែន ថានឹងផ្ដល់ជំនួយចំនួន ១១ លានដុល្លារអាមេរិកសម្រាប់ប្រយុទ្ធប្រឆាំងនឹង កូវីដ-១៩»។ ជំនួបនេះគឺជានិមិត្តរូបមួយដែលនៅក្នុងអាណត្តិរបស់លោក ត្រាំ ពុំមានមន្ត្រីជាន់ខ្ពស់អាមេរិកណាម្នាក់ដែលមានឋានៈស្មើ ឬខ្ពស់ជាងលោកស្រី បានមកធ្វើទស្សនកិច្ចនៅប្រទេសនេះនោះទេ។

ប្រទេសចិនបានទាញយកប្រយោជន៍ពីអវត្តមានរបស់អាមេរិក ដោយបានបង្កើនឥទ្ធិពលរបស់ខ្លួនមកលើប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈគំនិតផ្តួចផ្តើមកសាងហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវ៉ាត់និងផ្លូវ។

បន្ទាប់ពីបានព្រងើយកន្តើយម្តងហើយម្តងទៀតដោយលោក ត្រាំ ដែលបានខកខានក្នុងការចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (East Asia Summit) ជាមួយអាស៊ាន, ជប៉ុន និងចិន ក្នុងរយៈពេល ៤ ឆ្នាំ នៃការកាន់តំណែងរបស់លោក សមាជិកអាស៊ានបានស្វាគមន៍ការខិតខំរបស់រដ្ឋបាល លោក បៃឌិន ដើម្បីជម្រុញភាពជាសម្ព័ន្ធមិត្ត ក៏ដូចជាភាពជាដៃគូរបស់សហរដ្ឋអាមេរិក ខណៈពេលដែល ប្រទេសចិនកាន់តែពង្រីកឥទ្ធិពលរបស់ខ្លួននៅជុំវិញពិភពលោក។

«នៅមុននេះ លោក ហ៊ុនសែន បាន បង្ហាញអំពីការខកចិត្តចំពោះកង្វះជម្រើសការទូតរបស់លោក»។ ថ្លែងនៅក្នុងសន្និសីទ ស្ដីពី «អនាគតរបស់អាស៊ី» កាលពីខែឧសភា លោកហ៊ុនសែន បាននិយាយថា «ប្រសិនបើខ្ញុំមិនពឹងចិន តើឱ្យខ្ញុំទៅពឹងអ្នកណា? ប្រសិនបើខ្ញុំមិនសុំជំនួយពីប្រទេសចិន តើឱ្យខ្ញុំទៅសុំពីអ្នកណា?»។

លោក គិន ភា នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានសរសេរថា «ប្រទេសកម្ពុជាគួរតែស្វែងរកមធ្យោបាយណាដែលធ្វើឱ្យមានតុល្យភាពរវាងទំនាក់ទំនងជាមួយមហាអំណាចទាំងពីរ ដើម្បីទទួលបានផលចំណេញកាន់តែច្រើន ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងការទូត»។

ទោះយ៉ាងណា ការសង្ស័យនៅតែមានដដែលថា «រដ្ឋបាលលោក បៃឌិន សន្យាទៅកាន់អាស៊ានតែនៅលើបបូរមាត់ប៉ុណ្ណោះ»។ គេឃើញថា ដំណើររបស់លោកស្រី Sherman កើតមានឡើងនៅជាង ៤ ខែឯណោះ បន្ទាប់ពីលោក បៃឌិន ចូលកាន់តំណែង។

«មេដឹកនាំអាស៊ានត្រូវបានដាក់នៅចុង ក្រោយគេនៃបញ្ជីឈ្មោះមេដឹកនាំបរទេសដែលលោក បៃឌិន នឹងត្រូវជួបពិភាក្សាជាមួយ បន្ទាប់ពីការឡើងកាន់តំណែងរបស់លោក ឯជំនួយរបស់សហរដ្ឋអាមេរិកចំពោះតំបន់នេះទៀតសោត គឺស្ដួចស្ដើងណាស់បើធៀបនឹងជំនួយពីប្រទេសចិន»។

អាមេរិកនិងអាស៊ានក៏បានគ្រោងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស លើកដំបូងរបស់ពួកគេ តាមរយៈប្រព័ន្ធវីដេអូផងដែរកាលពីថ្ងៃទី ២៥ ឧសភាកន្លងទៅ។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអាមេរិក Anthony Blinken ដែលពេលនោះកំពុងធ្វើដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ា បានលុបចោលកិច្ចប្រជុំនោះវិញ ដោយលើកឡើងអំពីបញ្ហាបច្ចេកទេស ខណៈពេលដែលសមភាគីរបស់លោកកំពុងរង់ចាំ។

មន្រ្តីអាស៊ានជាច្រើនបានមើលឃើញថា «ឧប្បត្តិហេតុនេះ គឺជាការប្រមាថកិត្តិយសពួកគេហើយក៏ពុំមានការកំណត់កាលបរិច្ឆេទថ្មីណាមួយនៅឡើយសម្រាប់កិច្ចប្រជុំនេះទេ»។

លោក បារ៉ាក់ អូបាម៉ា ដោយមាន លោក បៃឌិន ជាអនុប្រធានាធិបតីផងនោះ ដំបូងឡើយក៏បានព្យាយាមធ្វើឱ្យមានតុល្យភាពជាមួយទ្វីបអាស៊ីឡើងវិញផងដែរ នៅក្នុងអាណត្តិជាប្រធានាធិបតីរបស់លោក។

ប៉ុន្តែនៅទីបំផុតទៅ សង្រ្គាមនៅស៊ីរី ព្រមទាំងវិបត្តិផ្សេងទៀតនៅមជ្ឈឹមបូព៌ា បានទាក់ទាញចំណាប់អារម្មណ៍របស់លោកច្រើនជាង ដែលជាហេតុធ្វើឱ្យអ្នករិះគន់លោកនិយាយថា លោកបានអនុញ្ញាតឱ្យទីក្រុងប៉េកាំង
ពង្រីកវត្តមានរបស់គេនៅសមុទ្រចិនខាងត្បូង។

លោក Mohamad Rosyidin ជាសាស្ត្រាចារ្យ និងជាអ្នកវិភាគកិច្ចការបរទេសនៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ Diponegoro University នៅប្រទេសឥណ្ឌូណេស៊ី បាននិយាយថា «បើយើងក្រឡេកមើលនិន្នាការនៃគោលនយោបាយការបរទេសរបស់អាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី បៃឌិន យើងឃើញថា អាមេរិកកំពុងដាក់គោលដៅអាទិភាព លើតំបន់មជ្ឈឹមបូព៌ា ជាជាងលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។

លោកនិយាយ ដោយលើកឡើងពីក្ដីកង្វល់សំខាន់ៗរបស់អាមេរិកលើវិស័យប្រេង,  អ៊ីស្រាអែល, អ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត ថា «នោះគឺដោយសារតែប្រពៃណីនៃគោលនយោបាយការបរទេសអាមេរិក ដែលបានចាត់ទុកមជ្ឈឹមបូព៌ាជាទីតាំងឈរជើងដ៏សំខាន់ នៅក្នុងគោលនយោបាយការបរទេសរបស់ខ្លួន»។

ប្រទេសចិនបាន ដើរមួយជំហានមុនអាមេរិកក្នុងការចែចង់អាស៊ាន ក៏ដោយសារតែភាពជោគជ័យរបស់ក្រុងប៉េកាំងក្នុងការទប់ស្កាត់មេរោគកូវីដ-១៩ ក៏ដូចជាការស្តារសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសនេះផងដែរ។

រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក Wang Yi បានជួបប្រជុំជាមួយមន្ត្រីជាច្រើនរូបរបស់អាស៊ានរួចមកហើយ។ លោកនឹងអញ្ជើញសមភាគីអាស៊ានមក ប្រជុំនៅទីក្រុង Chongqing នៅសប្តាហ៍ក្រោយ ជាទីដែលគេរំពឹងថា លោក Wang នឹងប្រកាសផ្ដល់ជំនួយ ដើម្បីជួយតំបន់អាស៊ីអាគ្នេយ៍ក្នុងការស្ដារ សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃវីរុសរាតត្បាត៕ Nikkei Asia 

អត្ថបទទាក់ទង