រដ្ឋប្រហាររបស់ក្រុម Wagner បានផ្លាស់ប្តូរទស្សនៈរបស់អាស៊ីចំពោះរុស្ស៊ី
ការប៉ុនប៉ងបះបោររបស់កងកម្លាំងប្រដាប់អាវុធនៅរុស្ស៊ីកាលពីថ្ងៃ ទី ២៣-២៤ មិថុនា ឆ្នាំ ២០២៣ ដោយក្នុងនោះ ក្រុមហ៊ុនយោធាឯកជន Wagner ដែលដឹកនាំដោយបុគ្គលដ៏ចម្រូងចម្រាសរបស់រុស្ស៊ី គឺលោក Yevgeny Prigozhin បានបន្តបង្កការភ្ញាក់ផ្អើលទាំងនៅក្នុងស្រុក និងក្រៅស្រុក។ ខណៈការធ្វើរដ្ឋប្រហារនេះពិតជាបានបង្កឱ្យមានការជជែកវែកញែកអំពីលទ្ធភាពរស់រាននៃរបបរបស់លោក Vladimir Putin ការសន្និដ្ឋានជាបឋមមួយចំនួនអាចត្រូវបានទាញពាក់ព័ន្ធនឹងអត្ថន័យនៃការបះបោរនេះចំពោះតំបន់អាស៊ី។
បញ្ហាសំខាន់ពីរ ត្រូវបានគេលើកយកមកពិចារណា ដែលនោះគឺ «តើអនាគតរបស់ក្រុម Wagner នឹងទៅជាយ៉ាងណា» ហើយ «តើផលប៉ះពាល់ចំពោះគោលជំហរអន្តរជាតិរបស់រុស្ស៊ីនៅក្នុងតំបន់អាស៊ី ដោយសារការប៉ុនប៉ងបះបោររបស់ពួកគេ នឹងមានលក្ខណៈបែបណា»។
ក្រោយពីត្រូវបានបង្កើតឡើងជាផ្លូវការនៅឆ្នាំ ២០១៤ ក្រុម Wagner ទទួលបានកេរ្តិ៍ឈ្មោះជាក្រុមស៊ីឈ្នួលសម្រាប់កិច្ចការសន្តិសុខឯកជនដ៏មានប្រសិទ្ធភាពបំផុតនៅក្នុងពិភពលោក ជាពិសេសគឺនៅក្នុងបេសកកម្មផ្តល់ការគាំទ្រដោយផ្ទាល់ដល់រដ្ឋរុស្ស៊ី ឬដល់ដៃគូបរទេសរបស់រុស្ស៊ី។ ក្រោយប្រមូលផ្តុំបានអតីតមន្ត្រីយោធាសកម្មមួយចំនួន ក្រុម Wagner បានធ្វើសកម្មភាពនៅស៊ីរី និងនៅផ្នែកខ្លះនៃតំបន់អាហ្រ្វិក ដែលជាកន្លែងដែលពួកគេបង្កើតបាននូវមូលដ្ឋានដ៏រឹងមាំ។
ចាប់តាំងពីមានការប្រឈមមុខដាក់គ្នារវាងរុស្ស៊ីនិងអ៊ុយក្រែននៅក្នុងឆ្នាំ ២០១៤ ក្រុម Wagner បានចូលរួមយ៉ាងសកម្មនៅក្នុងការជួយកងកម្លាំងបំបែកខ្លួន ដែលគាំទ្ររុស្ស៊ីនៅក្នុងតំបន់ Donetsk និង Luhansk។ ចាប់ពីឆ្នាំ ២០២២ មក កងកម្លាំងប្រយុទ្ធកាន់តែច្រើនបានចូលរួមនៅក្នុងប្រតិបត្តិការជួរមុខប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែន នៅក្នុងតំបន់ Donbas ។
ការបែកបាក់គ្នាទំនងជាបានបង្កផលប៉ះពាល់ដល់ប្រតិបត្តិការរបស់ក្រុម Wagner នៅឯបរទេស ដែលរួមមានទាំងផ្នែកខ្លះនៃតំបន់អាស៊ីដែលមិនសូវមានឯកសារច្បាស់លាស់ ដើម្បីបញ្ជាក់អំពីសកម្មភាពរបស់ពួកគេ ។ ជាមួយនឹងការចេញផ្សាយនូវរបាយការណ៍ដែលបានលាតត្រដាងអំពីសកម្មភាពគោលដៅប្រឆាំងនឹងក្រុម Wagner នៅស៊ីរី ប្រតិបត្តិការនៅពេលអនាគតរបស់ក្រុមនេះអាចនឹងត្រូវបានផ្លាស់ប្តូរ ដោយសារតែកងកម្លាំងដែលនៅសល់របស់ពួកគេបានបាត់បង់ស្វ័យភាពនៃការធ្វើប្រតិបត្តិការ។
បើទោះបីជាភស្តុតាងនៃវិសាលភាព និងទំហំនៃប្រតិបត្តិការរបស់ក្រុមនេះនៅក្នុងតំបន់អាស៊ីមានចំនួនតិចតួចក៏ដោយ ក៏ក្តីបារម្ភជាច្រើនត្រូវបានលើកឡើងពាក់ព័ន្ធនឹងការចូលរួមដែលអាចកើតមាននៅក្នុងសកម្មភាពសម្ងាត់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន, មីយ៉ាន់ម៉ា និងកូរ៉េខាងជើង។ សកម្មភាពដែលត្រូវបានគេរាយការណ៍មួយចំនួន រួមមានការជ្រើសរើសអតីតមន្ត្រីកងកម្លាំងពិសេស ដើម្បីទៅប្រយុទ្ធនឹងអ៊ុយក្រែន, ការផ្តល់ជំនួយបច្ចេកទេស និងការបណ្តុះបណ្តាល និងការដឹកជញ្ជូនអាវុធខុសច្បាប់។
ខណៈពេលដែលសមត្ថភាពរបស់រុស្ស៊ីក្នុងការប្រើប្រាស់ក្រុម Wagner សម្រាប់សកម្មភាពសម្ងាត់នៅពេលអនាគតនៅទូទាំងតំបន់អាស៊ី អាចនឹងត្រូវបានកាត់បន្ថយកងកម្លាំងមួយចំនួនរបស់ពួកគេដែលត្រូវបានស្រូបចូលទៅក្នុងរចនាសម្ព័ន្ធអំណាចរបស់រុស្ស៊ីអាចនឹងនៅតែបន្តមានវត្តមាន។
បញ្ហាដ៏ធំមួយទៀតដែលបង្កឡើងដោយការប៉ុនប៉ងធ្វើរដ្ឋប្រហារគឺ «ហានិភ័យចំពោះកេរ្តិ៍ឈ្មោះរបស់លោក Putin ក្នុងនាមជាអ្នកគ្រប់គ្រងប្រទេសរុស្ស៊ី នៅក្រោមក្រសែភ្នែករបស់ប្រទេសនៅក្នុងតំបន់អាស៊ី»។ នៅក្នុងអំឡុងកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណិតរបស់អង្គការសហប្រតិបត្តិការសៀងហៃកាល ពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២៣ លោក Putin បានសង្កត់ធ្ងន់ថា «ការបះបោរមិនបានបង្កផលប៉ះពាល់ដល់ការរួបរួមនៃប្រជាជាតិរបស់លោក ឬឥស្សរជនដែលកំពុងកាន់អំណាចនោះទេ ហើយលោកនៅតែអាចបន្តគ្រប់គ្រងប្រទេសបានដដែល»។
ទោះជាយ៉ាងណាក៏ដោយ សំណួរនៅតែកើតមានដែលនោះគឺ «តើសកម្មភាពរបស់លោក Prigozhin ពិតជាបានលាតត្រដាងអំពីបញ្ហាសម្ងាត់របស់វិមានក្រឹមឡាំង និងវិសាលភាពនយោបាយដ៏ធំរបស់រុស្ស៊ី មែនដែរឬទេ»។ ការចេញផ្សាយនូវព័ត៌មានលម្អិតមួយចំនួននៃកិច្ចប្រជុំពិសេសរវាងលោក Putin, លោក Prigozhin និងមេបញ្ជាការក្រុម Wagner ទំនងជានឹងបង្កើនឱ្យមានសំណួរកាន់តែច្រើន។
ភាពមិនច្បាស់លាស់ដែលកំពុងបន្ត អាចនឹងជះឥទ្ធិពលទៅលើទស្សនៈរបស់ឥស្សរជនដែលកំពុងកាន់អំណាចនៅក្នុងតំបន់អាស៊ី ជាពិសេសពាក់ព័ន្ធនឹងការធ្វើទំនាក់ទំនងជាមួយរុស្ស៊ី នៅពេលដែលរុស្ស៊ីកំពុងតែព្យាយាមពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយតំបន់នេះ។ ចិនគឺជាគំរូដ៏ល្អមួយ។ បើទោះបីជាការឆ្លើយតបជាផ្លូវការរបស់ចិនចំពោះព័ត៌មាននៃការធ្វើរដ្ឋប្រហារត្រូវបានធ្វើឡើងដោយប្រុងប្រយ័ត្នក៏ដោយ ក៏ការព្រួយបារម្ភនៅតែត្រូវបានបង្ហាញឡើងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយជាផ្លូវការ។
ប្រតិកម្មរបស់ប្រទេសអាស៊ីជាច្រើនផ្សេងទៀតមានភាពខុសៗគ្នា។ ការអត្ថាធិប្បាយជាផ្លូវការត្រូវបានហាមឃាត់ ឬមានទំនោរថ្កោលទោសការបះបោរ ក៏ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅក្នុងតំបន់មានទំនោរផ្តោតទៅលើបញ្ហាសម្រាប់របបរបស់លោក Putin។ ប្រព័ន្ធផ្សព្វផ្សាយរបស់ឥណ្ឌាមួយចំនួនបានបន្តចោទសួរដោយបើកចំហអំពីស្ថិរភាពរបស់រុស្ស៊ី ខណៈដែលសារព័ត៌មានថៃបានប៉ាន់ស្មានថា «លោក Putin អាចនឹងអនុវត្តតាមឥទ្ធិពលរបស់ចិន»។
វានឹងត្រូវចំណាយពេលខ្លះសម្រាប់រុស្ស៊ីដើម្បីស្តារទំនុកចិត្តរបស់ឥស្សរជននៅក្នុងតំបន់ឡើងវិញពាក់ព័ន្ធនឹងនិរន្តរភាពនយោបាយរបស់ខ្លួន។ ស្ថាប័នការទូតរុស្ស៊ី ដែលកំពុងធ្វើការនៅទូទាំងតំបន់អាស៊ី ឥឡូវនេះកំពុងទទួលខុសត្រូវលើការងារដ៏សំខាន់ដែលនោះគឺ «ការជួយស្តារកេរ្តិ៍ឈ្មោះរបស់រុស្ស៊ីឡើងវិញ»។
លោក Putin ត្រូវតែបញ្ជាក់ប្រាប់គេឯងថា «លោកនៅតែជាអ្នកគ្រប់គ្រង ហើយវិមានក្រឹមឡាំងនៅតែមានការឯកភាពគ្នា ហើយឥស្សរជនរុស្ស៊ីមួយចំនួនដូចជា លោក Prigozhin មិនអាចកំណត់របៀបវារៈផ្ទៃក្នុងនិងកិច្ចការបរទេសរបស់ប្រទេសរុស្ស៊ីបានឡើយ»។ ប្រសិនបើលោក Putin ទទួលបរាជ័យ រុស្ស៊ីអាចនឹងត្រូវបាត់បង់មុខមាត់ដែលខ្លួនបានខិតខំពង្រឹងអស់រយៈពេលជិត ២ ទសវត្សរ៍កន្លងមកនេះ៕
East Asia Forum