ខ្មែរប៉ុស្ដិ៍ Close

ឯកអគ្គរាជទូត អ៊ិន តារា៖ ការចោទប្រកាន់របស់ថៃអំពី “មីនទើបដាក់ថ្មី” ធ្វើឡើងជាឯកតោភាគីដោយមិនផ្តល់សិទ្ធិដល់កម្ពុជា ឬអ្នកជំនាញអព្យាក្រឹតចូលទៅពិនិត្យទីតាំងជាក់ស្តែង

ដោយ៖Sreyleak | 8 ម៉ោងមុន ព័ត៌មានទូទៅ 54
ឯកអគ្គរាជទូត អ៊ិន តារា៖ ការចោទប្រកាន់របស់ថៃអំពី “មីនទើបដាក់ថ្មី” ធ្វើឡើងជាឯកតោភាគីដោយមិនផ្តល់សិទ្ធិដល់កម្ពុជា ឬអ្នកជំនាញអព្យាក្រឹតចូលទៅពិនិត្យទីតាំងជាក់ស្តែង ឯកអគ្គរាជទូត អ៊ិន តារា៖ ការចោទប្រកាន់របស់ថៃអំពី “មីនទើបដាក់ថ្មី” ធ្វើឡើងជាឯកតោភាគីដោយមិនផ្តល់សិទ្ធិដល់កម្ពុជា ឬអ្នកជំនាញអព្យាក្រឹតចូលទៅពិនិត្យទីតាំងជាក់ស្តែង

ទីក្រុងហ្ស៊ឺណែវ៖ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ឯកឧត្តម ឯកអគ្គរាជទូត អ៊ិន តារា តំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្ស៊ឺណែវ បានថ្លែងបទអន្តរាគមន៍ក្រោមរបៀបវារៈទី៩ ស្តីពីការទប់ស្កាត់ និងបង្ក្រាបសកម្មភាពហាមឃាត់ និងសម្រួលដល់ការអនុលោមភាពនៃអនុសញ្ញានៅក្នុងកិច្ចប្រជុំរដ្ឋភាគីនៃអនុសញ្ញាហាមឃាត់មីន (បទអន្តរាគមន៍ភា្ជប់ជាមួយ)។

ឯកឧត្តម ឯកអគ្គរាជទូត បានរំលឹកថា “គ្រាប់មីនបានបង្កើតនូវការចងចាំជាប្រវត្តិសាស្ត្រជាតិ និងជះឥទ្ធិពលទៅលើបទពិសោធន៍ប្រចាំថ្ងៃរបស់ប្រជាជនយើង”។ ការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះអនុសញ្ញានេះគឺផ្អែកលើជំនឿសីលធម៌ និងជំនឿថា ច្បាប់មនុស្សធម៌ត្រូវតែនៅជា “ស្ថាបត្យកម្មការពារដ៏រឹងមាំ មិនមែនជាឧបករណ៍ដែលបម្រើដល់ការកេងចំណេញនយោបាយនោះទេ”។

ឆ្លើយតបនឹងការចោទប្រកាន់របស់ថៃអំពី “មីនទើបដាក់ថ្មី” ឯកឧត្តម ឯកអគ្គរាជទូតបានថ្លែងថា ឧប្បត្តិហេតុដែលបានចោទប្រកាន់នោះបានកើតឡើងនៅក្នុងទឹកដីកម្ពុជា។ ការអះអាងរបស់ថៃពឹងផ្អែកលើសម្ភារៈ “ឯកតោភាគីទាំងស្រុង” ដោយមិនផ្តល់សិទ្ធិដល់កម្ពុជា ឬអ្នកជំនាញអព្យាក្រឹតចូលទៅពិនិត្យទីតាំងជាក់ស្តែង។ នេះជាវិធីសាស្រ្តមួយដែល “ទាបជាងស្តង់ដានៃភាពជឿជាក់ខាងវិទ្យាសាស្ត្រ ឬកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់”។ ការអះអាងដែលមិនអាចទទួលយកការត្រួតពិនិត្យឯករាជ្យ មិនអាចបង្កើតជាមូលដ្ឋាននៃការចោទប្រកាន់អនុលោមភាពក្រោមអនុសញ្ញានេះបានទេ។

ឯកឧត្តម ឯកអគ្គរាជបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ុនប៉ងជាបន្តបន្ទាប់របស់ថៃក្នុងការធ្វើឱ្យយន្តការអនុលោមតាមអនុសញ្ញាក្លាយជាឧបករណ៍នយោបាយ ដោយព្រមានថា យន្តការនេះមិនដែលត្រូវបានបម្រុងទុកដើម្បីបម្រើជា “ឧបករណ៍ក្នុងជម្លោះទ្វេភាគី ឬឧបករណ៍សម្រាប់ការផ្ញើសារជាយុទ្ធសាស្ត្រ” នោះទេ។ ការប្រើប្រាស់ខុសបែបនេះប្រឈមនឹងហានិភ័យនៃការបំផ្លាញទំនុកចិត្ត និងធ្វើឱ្យអនុសញ្ញាចុះខ្សោយសម្រាប់រដ្ឋភាគីទាំងអស់។