ខ្មែរប៉ុស្ដិ៍ Close

សង្គ្រាមនៅអ៊ុយក្រែនបានលាតត្រដាងឱ្យឃើញនូវភាពបរាជ័យរបស់អឺរ៉ុប ក្នុងការផ្តល់នូវការធានាចំពោះអាស៊ាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 68
សង្គ្រាមនៅអ៊ុយក្រែនបានលាតត្រដាងឱ្យឃើញនូវភាពបរាជ័យរបស់អឺរ៉ុប ក្នុងការផ្តល់នូវការធានាចំពោះអាស៊ាន សង្គ្រាមនៅអ៊ុយក្រែនបានលាតត្រដាងឱ្យឃើញនូវភាពបរាជ័យរបស់អឺរ៉ុប ក្នុងការផ្តល់នូវការធានាចំពោះអាស៊ាន

នៅពេលរុស្ស៊ីចាប់ផ្តើមធ្វើសង្គ្រាមនៅអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈ ពិភពលោកបានឃ្លាំមើលព្រឹត្តិការណ៍នេះជាមួយនឹងក្តីរន្ធត់យ៉ាងខ្លាំង ហើយ ៦ ថ្ងៃក្រោយមក ប្រទេសជាសមាជិកអាស៊ានភាគច្រើនបានចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីថ្កោលទោសប្រទេសរុស្ស៊ីនៅក្នុងកិច្ចប្រជុំបន្ទាន់មួយនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ។ ក្នុងចំណោមរដ្ឋជាសមាជិកអាស៊ានទាំង ១០ មានតែវៀតណាមនិងឡាវទេ ដែលបានបោះឆ្នោតអនុប្បវាទ។

បើទោះបីជាមានការបញ្ចេញប្រតិកម្មក្នុងលក្ខណៈទ្រង់ទ្រាយធំបែបនេះក៏ដោយ ក៏ការត្រួតពិនិត្យឱ្យបានល្អិតល្អន់នឹងលាតត្រដាងឱ្យឃើញនូវរូបភាពនៃការបែកបាក់គ្នា ឬការប្តេជ្ញាចិត្តដែលមានភាពមិនច្បាស់លាស់។

ប្រទេសសិង្ហបុរីគឺជាប្រទេសអាស៊ានតែមួយគត់ដែលបានប្រកាសដាក់ទណ្ឌកម្មលើរុស្ស៊ី ខណៈដែលប្រទេសផ្សេងៗទៀត បូករួមទាំងប្រទេសធំៗ នៅអាស៊ាន ដូចជាឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ បានលើកឡើងនូវការរិះគន់ជាសាធារណៈ ក៏ប៉ុន្តែក្នុងជំហររក្សាអព្យាក្រឹត្យភាព ។

ទំនាក់ទំនងទ្វេភាគី ដែលប្រទេសនីមួយៗ មានជាមួយរុស្ស៊ី អាចជាមូលហេតុនៅពីក្រោយការបញ្ចេញប្រតិកម្មជាសាធារណៈរបស់ពួកគេ ហើយឧទាហរណ៍ដ៏ជាក់ស្តែងមួយគឺ «របបយោធាមីយ៉ាន់ម៉ាដែលគាំទ្ររុស្ស៊ី»។ ប៉ុន្តែ ភាពស្រពិចស្រពិលរបស់អាស៊ានក៏អាចបណ្តាលមកពីមូលហេតុដែលថា «ជម្លោះនេះគឺជាបញ្ហាដែលទាក់ទងនឹងតំបន់អឺរ៉ុប»។

នេះគឺជារឿងពិតជាពិសេស នៅពេលដែលជនភៀសខ្លួនពីប្រទេសអ៊ុយក្រែនបានចាប់ផ្តើមទៅដល់ទឹកដីអឺរ៉ុប ហើយបណ្តាញផ្សព្វផ្សាយសង្គមក៏បានចុះផ្សាយអំពីសកម្មភាពមិនល្អ ដែលបានកើតឡើងចំពោះនិស្សិតអន្តរជាតិ ដែលមិនមែនជាជនជាតិអឺរ៉ុបដែលបាន ភៀសខ្លួនចេញពីអ៊ុយក្រែន។

ជនជាតិអ៊ុយក្រែន បានទទួលនូវការស្វាគមន៍យ៉ាងកក់ក្តៅនៅពេលទៅដល់ទឹកដីអឺរ៉ុប ដែលនេះមានលក្ខណៈខុសគ្នាពីអ្វីដែលជនភៀសខ្លួនដែលមកពីទីកន្លែងផ្សេងនៃពិភពលោកបានជួបប្រទះ។ អ្វីដែលកំពុងកើត ឡើងចំពោះជនស៊ីវិល គឺជាអំពើដ៏ខុសឆ្គង និងមិនអាចលើកលែងឱ្យបានទេ ហើយពួកគេគួរតែទទួលបាននូវការការពារដ៏សមស្រប។

«តើអឺរ៉ុបបានឆ្លើយតបយ៉ាងដូចម្តេចចំពោះជម្លោះនៅយេម៉ែន, ស៊ីរ៉ី, និងនៅអាហ្វហ្គានីស្ថាន ក៏ដូចជាចំពោះរឿងរ៉ាវដ៏តក់ស្លុតជាច្រើនដែលបានកើតឡើង នៅសមុទ្រ Méditerranée នៅ ចំពេលកើតមានវិបត្តិជនចំណាកស្រុករបស់អឺរ៉ុបនៅឆ្នាំ 2015?»

ការពិតដែលមិនអាចប្រកែកបាននោះគឺ «ផ្នត់គំនិតនៃការអនុវត្តនូវគុណតម្លៃសកលដែលមានលក្ខណៈចោះៗរបស់សហភាពអឺរ៉ុបបានធ្វើឱ្យមនុស្សជាច្រើនយល់ថា ការបើកចំហបស់អឺរ៉ុបអាចកើតមានលុះត្រាតែលក្ខខណ្ឌណាមួយត្រូវបានបំពេញស្របតាមការចង់បានរបស់អឺរ៉ុប»។

ទស្សនៈនេះអាចជារឿងដែលពិបាកទទួលយកសម្រាប់អឺរ៉ុបជាពិសេសនៅពេលដែលអឺរ៉ុបកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការដោះស្រាយវិបត្តិនៅអ៊ុយក្រែនដើម្បីឆ្លើយតបទៅនឹងសង្គ្រាមមួយដែលបានធ្វើឱ្យជ្រួលច្របល់ដល់ប្រជាពលរដ្ឋទូទាំងតំបន់នៅអឺរ៉ុប។

ឥរិយាបទរបស់បណ្តាប្រទេសអាស៊ានចំពោះលោកខាងលិចបានរងនូវការ ប្រែប្រួលអស់មួយរយៈពេលមកហើយ។ សង្គ្រាមប្រឆាំងនឹងភេរវកម្មដែលមានរយៈពេល ១ ទសវត្សរ៍បានបង្កផលប៉ះពាល់ដល់ការយល់ឃើញ របស់បណ្តាប្រទេសដែលមានជនជាតិម៉ូស្លីមភាគច្រើនដូចជាឥណ្ឌូណេស៊ី និងម៉ាឡេស៊ីដែលយល់ថា «អាមេរិក និងអឺរ៉ុបមានការស្អប់ ខ្ពើមខ្លាំងចំពោះជនជាតិអ៊ីស្លាម»។

នេះគឺជាបញ្ហាមួយ ដែលរុស្ស៊ីបានព្យាយាមកេងចំណេញតាមរយៈការចាត់ទុកខ្លួនឯងជា «មិត្តភក្តិ និងសម្ព័ន្ធមិត្តរបស់អ៊ីស្លាម» ហើយរុស្ស៊ីក៏ទទួលបានជោគជ័យនៅក្នុងរឿងនេះផងដែរ ជាពិសេសនៅតំបន់ប៉ាស៊ីហ្វិក។

នៅកន្លែងផ្សេងៗទៀត ឥទ្ធិពលនៃការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើ ប្រទេសរុស្ស៊ី បានបង្កនូវភាពរអាក់រអួលយ៉ាងខ្លាំងដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងបាន បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់បណ្តាប្រទេសអាស៊ានដែលកំពុងតែ ព្យាយាមងើបចេញពីផលប៉ះពាល់ដែលបង្ក ឡើងដោយវីរុសរាតត្បាត។

ឧទាហរណ៍ ប្រទេសថៃបានបាត់បង់ប្រភពចំណូលដោយសាររុស្ស៊ីបានផ្អាកការបញ្ជាទិញផលិតផលសំខាន់ៗ បូករួមនឹងការធ្លាក់ចុះយ៉ាងខ្លាំងនូវចំនួនភ្ញៀវទេសចរដែលជាជនជាតិរុស្ស៊ី។

ទាំងនេះគឺជាបញ្ហាសំខាន់ ដោយសារតែស្ថានភាពភូមិសាស្ត្រនយោបាយដែលកំពុងពោរពេញទៅ ដោយការបែកបាក់គ្នាខ្លាំងដែលបណ្តាប្រទេសមហាអំណាចកណ្តាល ដូចជាសហភាពអឺរ៉ុបនិងអាស៊ានកំពុងតែជួបប្រទះនៅក្នុងពេលបច្ចុប្បន្ននេះ។

នៅក្នុងការខិតខំ ប្រឹងប្រែងដើម្បីចៀសវាងពីការត្រូវបង្ខំឱ្យជ្រើសរើសយកភាគីណាមួយរវាងអាមេរិកនិងចិន និងដើម្បីបន្ធូបន្ថយភាពតានតឹងសហភាពអឺរ៉ុបនិងអាស៊ានបានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងតួនាទី និងជំហរផ្ទាល់ខ្លួននៅលើឆាកអន្តរជាតិ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ប្លុកទាំង២ នេះបានព្យាយាមដាក់ឱ្យអនុវត្តឡើងវិញនូវគោលនយោបាយពហុភាគី បូករួមទាំងការលើកកម្ពស់ទំនាក់ ទំនងរវាងពួកគេនៅ ក្នុងឆ្នាំ ២០២០ ឱ្យឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រ» ដោយផ្អែកលើគុណតម្លៃ និងគោលការណ៍រួម។ ទោះជាយ៉ាងណាក៏ដោយ ការពង្រឹងសម្ព័ន្ធភាពទាមទារឱ្យមានជំនឿចិត្តលើគ្នាទៅវិញទៅមក។

ប្រសិនបើ «ភាពជាដៃគូពិតប្រាកដគឺជាការបន្តជួយជ្រោមជ្រែងគ្នានិងគាំទ្រគ្នាទៅវិញទៅមកដោយឥតលក្ខខណ្ឌ» នោះសហភាពអឺរ៉ុបបានទទួលបរាជ័យនៅក្នុងការបញ្ជូនសារនេះ ទាំងទៅកាន់អាស៊ាននិងទៅកាន់បណ្តាសម្ព័ន្ធមិត្តដទៃទៀតនៅក្នុងពេលវេលាដ៏សំខាន់បែបនេះ។

នេះមិនមានន័យថា «បណ្តាប្រទេសអាស៊ានកំពុងរួមគ្នាប្រឆាំងនឹងលោកខាងលិចនោះទេ» ក៏ប៉ុន្តែនៅពេលនេះ វាក៏គ្មានប្រទេសអាស៊ានណាមួយ ដែលបានបង្ហាញនូវការគាំទ្រចំពោះលោកខាងលិចនោះដែរ។

អព្យាក្រឹតភាព របស់ចិននៅក្នុងការឆ្លើយតបទៅនឹងសង្គ្រាមនៅអ៊ុយក្រែន (បើទោះបីជាចេញពីចិត្ត ឬក្លែងក្លាយក៏ ដោយ) កំពុងមានភាពទាក់ទាញខ្លាំងចំពោះអាស៊ាន ជាពិសេសដោយសារតែភាពមិនច្បាស់លាស់ពាក់ព័ន្ធនឹងបញ្ហាថា «តើសម្ព័ន្ធភាពមួយណា ដែលអាស៊ានអាចពឹងពាក់បាននៅក្នុងករណីកើតមានវិបត្តិថ្មីមួយទៀត»។

វិបត្តិមួយផ្សេងទៀតអាចនឹងកើត ឡើងលឿនជាងការរំពឹងទុកជាពិសេស នៅពេលដែលតម្លៃទំនិញប្រើប្រាស់បាននិងកំពុងបន្តកើនឡើង យ៉ាងខ្លាំង ហើយការខ្វះខាតស្បៀងអាហារ នៅក្នុងបណ្តាប្រទេសក្រីក្របានក្លាយជាក្តីកង្វល់ដ៏ធំនៅក្នុងបណ្តាប្រទេសអ្នកមាន។

ទោះជាយ៉ាងណាក៏ដោយ ក្តីសង្ឃឹមគឺនៅតែមានហើយពិភពលោកមិនបានព្រងើយកន្តើយទាំងស្រុងចំពោះគោលការណ៍នៃកិច្ចសន្យាសង្គម និងគុណតម្លៃសិទ្ធិមនុស្សដែលសហភាពអឺរ៉ុបបានបន្ត លើកតម្កើងនោះទេ។

បើទោះបីជាមាន ភាពខ្វះចន្លោះមួយចំនួនក៏ដោយ ក៏អឺរ៉ុបនៅតែមានចំណុចល្អខ្លះ ជាពិសេសនៅពេលដែលអឺរ៉ុបបានក្លាយជាតួអង្គពិភពលោកតែមួយគត់ដែលអាចផ្តល់នូវជម្រើសដ៏ពិតប្រាកដនៅក្នុងពិភពលោកដែលកាន់តែគ្រោះថ្នាក់ដូចពេលនេះ។ «អាស៊ានត្រូវតែចងចាំរឿងនេះ ខណៈ ពេលដែលអាស៊ានកំពុងប្រឈមមុខនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើងៗ»៕ Nikkei Asia