ខ្មែរប៉ុស្ដិ៍ Close

វិស័យអាកាសចរណ៍ស៊ីវិលជួយលើកកម្ពស់វិស័យទេសចរណ៍ដែលជាវិស័យគន្លឹះសំខាន់មួយនៃសេដ្ឋកិច្ចជាតិ

ដោយ៖Sreyleak | 4 ម៉ោងមុន ព័ត៌មានទូទៅ 50
វិស័យអាកាសចរណ៍ស៊ីវិលជួយលើកកម្ពស់វិស័យទេសចរណ៍ដែលជាវិស័យគន្លឹះសំខាន់មួយនៃសេដ្ឋកិច្ចជាតិ វិស័យអាកាសចរណ៍ស៊ីវិលជួយលើកកម្ពស់វិស័យទេសចរណ៍ដែលជាវិស័យគន្លឹះសំខាន់មួយនៃសេដ្ឋកិច្ចជាតិ

ក្នុងសារលិខិតអបអរសាទរទិវាជាតិអាកាសចរណ៍ស៊ីវិលលើកទី១ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការកំណត់នូវប្រធានបទ «អាកាសចរណ៍ស៊ីវិលដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមជំរុញសេដ្ឋកិច្ច ទេសចរណ៍ សង្គមនិងវប្បធម៌ ឱ្យមានការរីកចម្រើនប្រកបដោយចីរភាពនៅព្រះរាជាណាចក្រកម្ពុជា» ជាប្រធានបទដ៏សំខាន់មួយសម្រាប់បង្កើនការយល់ដឹងកាន់តែទូលំទូលាយក្នុងចំណោមពលរដ្ឋទូទាំងប្រទេស បណ្តាស្ថាប័នរដ្ឋាភិបាល ស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័នតុលាការ និងបណ្តាភាគីពាក់ព័ន្ធផ្សេងៗទៀតអំពីសារៈសំខាន់នៃវិស័យអាកាសចរណ៍ស៊ីវិល។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា វិស័យអាកាសចរណ៍ស៊ីវិលមិនគ្រាន់តែចូលរួមចំណែកក្នុងការរក្សាបាននិងលើកកម្ពស់នូវសុវត្ថិភាពនិងសន្តិសុខដល់បងប្អូនជនរួមជាតិក្នុងការធ្វើដំណើរតាមផ្លូវអាកាសប៉ុណ្ណោះទេ វិស័យអាកាសចរណ៍ស៊ីវិលថែមទាំងបានជួយលើកកម្ពស់វិស័យទេសចរណ៍ដែលជាវិស័យគន្លឹះសំខាន់មួយនៃសេដ្ឋកិច្ចជាតិតាមរយៈការកែលម្អសេវាកម្មអាកាសចរណ៍ និងការសាងសង់អាកាសយានដ្ឋានទំនើបៗ បានធ្វើឱ្យមានការទាក់ទាញភ្ញៀវទេសចរច្រើនជាងមុន មកពីបណ្តាប្រទេសនានាជុំវិញពិភពលោកដោយជួយបង្កើនចំណូលជាតិ បង្កើតការងារនិងឱកាសអាជីវកម្មថ្មីៗ។

លើសពីនេះទៅទៀត វិស័យអាកាសចរណ៍ស៊ីវិលក៏ជួយលើកស្ទួយការរីកចម្រើនសង្គមនិងវប្បធម៌ ដោយតាមរយៈការតភ្ជាប់ការហោះហើរតាមផ្លូវអាកាសកាន់តែច្រើន បានជំរុញឱ្យមានការផ្លាស់ប្តូរវប្បធម៌ ការទាក់ទងជាមួយបណ្តាប្រទេសនានាជុំវិញពិភពលោក៕