តើសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន បានជះឥទ្ធិពលលើនយោបាយការបរទេសរបស់កម្ពុជាយ៉ាងដូចម្តេចខ្លះ?
ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំនេះ បានធ្វើឱ្យខូចដល់គោលការណ៍ជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិ បូករួមទាំងមាត្រានៃធម្មនុញ្ញរបស់អង្គការនេះដែលបានចែងថា «ជម្លោះរវាងប្រទេសនិងប្រទេស គួរត្រូវបានដោះស្រាយដោយសន្តិវិធី»។
ខណៈពេលដែលប្រទេសជាច្រើនមានការស្ទាក់ស្ទើរក្នុងការថ្កោលទោស និងការធ្វើឱ្យប្រទេសរុស្ស៊ីស្ថិតនៅឯកោរ ដោយសារតែសកម្មភាពឈ្លានពានរបស់ខ្លួន ដោយក្នុងនោះរួមមានទាំងប្រទេសចិន វៀតណាម ថៃឥណ្ឌូណេស៊ី ឥណ្ឌា និងប៉ាគីស្ថាន «ប្រទេសកម្ពុជាបានបញ្ចេញមតិរិះគន់យ៉ាងខ្លាំងចំពោះបញ្ហានេះ» «ដែលជាហេតុទទួលបាននូវការពេញចិត្តយ៉ាងខ្លាំងពីសំណាក់អ៊ុយក្រែន»។
សង្រ្គាមបានបង្កើនការព្រួយបារម្ភផ្នែកសន្តិសុខរបស់បណ្តារដ្ឋតូចៗដូចជាកម្ពុជាដែលមានការព្រួយបារម្ភថា «មហាអំណាចធំៗនឹងបង្កើនការឈ្លានពាន ឬជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ពួកគេ»។ អាស្រ័យហេតុនេះ ពួកគេបានបន្តពឹងផ្អែកលើច្បាប់អន្តរជាតិដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ពួកគេ។
ការសម្រេចរបស់កម្ពុជាក្នុងការបង្កើនការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែនបូករួមនឹងការថ្កោលទោសរុស្ស៊ី បានបង្ហាញយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការប្រកាន់ខ្ជាប់នូវបទដ្ឋានអន្តរជាតិ។ នៅដំណាក់កាលដំបូងនៃសង្រ្គាម មនុស្សមួយចំនួនបានសន្និដ្ឋានថា «កម្ពុជានឹងបោះឆ្នោតអនុប្បវាទលើរាល់ការថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន»។
ការសន្និដ្ឋាននេះហាក់ដូចជាសមហេតុផល ដោយផ្អែកលើហេតុផលចំនួន ២។
ទី១៖ «រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នមានទំនាក់ទំនងជាប្រវត្តិសាស្ត្រយ៉ាងស៊ីជម្រៅជាមួយនឹងទីក្រុងម៉ូស្គូ»។ បន្ទាប់ពីផ្តួលរំលំរដ្ឋាភិបាលខ្មែរក្រហម ដោយវៀតណាម នៅឆ្នាំ ១៩៧៩ មក មានតែសហភាពសូវៀត និងវៀតណាមប៉ុណ្ណោះ ដែលបានទទួលស្គាល់ជាផ្លូវការនូវរដ្ឋាភិបាលថ្មីរបស់កម្ពុជា ដែលនៅពេលនោះត្រូវបានគេស្គាល់ថាជា «សាធារណៈរដ្ឋប្រជាមានិតកម្ពុជា» ជារដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។
នៅពេញមួយទសវត្សរ៍ឆ្នាំ ១៩៨០ សហគមន៍អន្តរជាតិភាគច្រើនបានបន្តទទួលស្គាល់រដ្ឋាភិបាលចម្រុះ «កម្ពុជាប្រជាធិបតេយ្យ» (CGDK) ដែលជាសម្ព័ន្ធភាព ដែលនៅសេសសល់ពីរបបខ្មែរក្រហម និងក្រុមតស៊ូ ២ ផ្សេងទៀត។ សហភាពសូវៀតក៏មានសារៈសំខាន់ផងដែរ តាមរយៈការផ្តល់ជំនួយជាសម្ភារៈ និងជំនួយរូបិយវត្ថុ ដែលមានចំនួនប្រហែល ៨០ លានដុល្លារដល់សាធារណៈរដ្ឋប្រជាមានិតកម្ពុជាជារៀងរាល់ឆ្នាំ ដែលនេះគឺជាជំនួយដ៏សំខាន់សម្រាប់ការរស់រានមានជីវិតនៃរបបនេះ។
បើទោះបីជាទំនាក់ទំនងសេដ្ឋកិច្ចបច្ចុប្បន្នរវាងប្រទេសទាំងពីរ មានភាពខុសគ្នាពីអ្វីដែលធ្លាប់មាននៅក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ក៏ដោយ ក៏រុស្ស៊ីនិងកម្ពុជានៅតែមានទំនាក់ទំនងការទូតនិងនយោបាយដ៏ល្អរវាងគ្នា។ នៅក្នុងឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៦ មន្ត្រីរដ្ឋាភិបាលកំពូលរបស់កម្ពុជាដែលរួមមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន, ឧបនាយករដ្ឋមន្ត្រី សុខ អាន, រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង និងលោក ហោ ណាំហុង ដែលជាអតីតឯកអគ្គរដ្ឋទូតប្រចាំនៅសហភាពសូវៀត បានធ្វើទស្សនកិច្ចដាច់ដោយឡែកពីគ្នាទៅកាន់ប្រទេសរុស្ស៊ី។
នៅមួយខែមុនការលុកលុយ លោក Nikolai Patrushev ដែលជាលេខាធិការរបស់រុស្ស៊ីនៅឯក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងជាសមាជិកក្នុងក្រុមបក្ខពួកដ៏ជិតស្និទ្ធរបស់លោក Putin បានមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ ថ្ងៃនៅកម្ពុជា។ គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺ «ការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ» ហើយនៅក្នុងដំណើរទស្សនកិច្ចនេះ លោក Patrushev ក៏បានប្រគល់មេដាយមិត្តភាពរបស់រុស្ស៊ីជូនលោក ហ៊ុន សែន ផងដែរ។
ទី២៖ «អ្នកសង្កេតការណ៍ និងអ្នកវិភាគជាច្រើនដែលបានពិពណ៌នាអំពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនថាជាជម្លោះរវាងលទ្ធិប្រជាធិបតេយ្យជាមួយនឹងលទ្ធិផ្តាច់ការ បានរំពឹងថា កម្ពុជានឹងធ្វើតាមការដឹកនាំរបស់ចិន ហើយនឹងចេញមកគាំទ្ររុស្ស៊ីដោយស្វ័យប្រវត្តិ»។ ការយល់ឃើញនេះ មិនត្រឹមតែកើតមានក្នុងចំណោមអ្នកសង្កេតការណ៍បរទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានបន្ទរឡើងដោយបណ្តាមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាផងដែរ។
ជាឧទាហរណ៍ : លោកជ្រុន ថេរ៉ាវ៉ាត ដែលជារដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងនូវមតិមួយថា «ការវាយប្រហាររបស់រុស្ស៊ីនៅអ៊ុយក្រែន មិនមែនជាការឈ្លានពានទេ»។ ប៉ុន្តែ ផ្ទុយទៅនឹងការសន្និដ្ឋានទាំងនេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តផ្តល់ការគាំទ្រដល់អ៊ុយក្រែន ដោយក្នុងនោះកម្ពុជាបានធ្វើជាសហប្រធាននៃសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីខែមីនា ដើម្បីថ្កោលទោសរុស្ស៊ី។
នៅក្នុងខែតុលាឆ្នាំនេះ កម្ពុជាបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចមួយផ្សេងទៀតរបស់មហាសន្និបាតដែលបានថ្កោលទោសការកាត់បញ្ចូលទឹកដីរបស់អ៊ុយក្រែនដោយប្រទេសរុស្ស៊ី។ ក្រៅពីការចុះហត្ថលេខាលើសេចក្តីសម្រេច កម្ពុជាក៏បានផ្តល់ជំនួយជាសម្ភារៈដល់ប្រទេសអ៊ុយក្រែនផងដែរ។ កាលពីដើមខែវិច្ឆិកា លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ដែលក្នុងអំឡុងពេលនោះ លោកបានសន្យាថា នឹងបញ្ជូនអ្នកជំនាញការដោះមីនពីកម្ពុជាឱ្យទៅជួយកម្ចាត់មីន ដែលត្រូវបានដាក់ដោយកងទ័ពរុស្ស៊ី។
គេរំពឹងថា «ក្រុមដោះមីនទី១ នឹងត្រូវបានបញ្ជូនទៅនៅក្នុងខែធ្នូនេះ ហើយក្រុមទី២ នឹងត្រូវបញ្ជូនទៅនៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០២៣»។ កម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ក៏បានចេញសេចក្តីថ្លែងការណ៍បង្ហាញអំពីក្តីបារម្ភរបស់ខ្លួនផងដែរចំពោះស្ថានការណ៍នៅអ៊ុយក្រែន និងបានជំរុញឱ្យភាគីទាំងពីរ ដោះស្រាយជម្លោះដោយសន្តិវិធី។
លោក ហ៊ុន សែន បានសន្យាថានឹងបន្តគាំទ្រដល់គោលដៅរបស់អ៊ុយក្រែនក្នុងការក្លាយជា «ដៃគូសន្ទនាតាមវិស័យ» ជាមួយអាស៊ាន ដែលជាជំហានកាន់តែខិតទៅជិត «ភាពជាដៃគូសន្ទនា» ដែលក្រុមអាស៊ាននេះកំពុងមានជាមួយរុស្ស៊ី, ចិន, អាមេរិក និងបណ្តារដ្ឋដទៃទៀត។ «ការគាំទ្រអស់ពីដួងចិត្តរបស់កម្ពុជាចំពោះអ៊ុយក្រែនគឺរឿងគួរឱ្យកត់សម្គាល់» ជាពិសេសដោយសារតែប្រទេសទាំងពីរ ស្ទើរតែមិនមានទំនាក់ទំនងការទូតរវាងគ្នាទាល់តែសោះនៅមុនពេលកើតមានសង្គ្រាម។
ការគាំទ្ររបស់កម្ពុជាចំពោះអ៊ុយក្រែន ជាជាងការគាំទ្ររុស្ស៊ីដែលជាប្រទេសដ៏មានឥទ្ធិពលបានបង្ហាញថា «កម្ពុជាផ្តល់អាទិភាពខ្ពស់ដល់ការការពារអធិបតេយ្យភាពនិងសិទ្ធិទឹកដី»។ ក្តីកង្វល់ផ្នែកសន្តិសុខទាំងនេះក៏ត្រូវបានបង្ហាញឱ្យឃើញផងដែរនៅក្នុងអាទិភាពនៃគោលនយោបាយការបរទេស ដែលកម្ពុជាបានធ្វើការការពារនៅក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ។
កម្ពុជាបានចាត់ទុកអាស៊ានជាយន្តការមួយដែលអាចជួយការពារផលប្រយោជន៍របស់ខ្លួន និងជាយានដែលប្រទេសនេះអាចបង្ហាញពីទស្សនៈរបស់ខ្លួននៅលើឆាកអន្តរជាតិ។ នេះអាចជាមូលហេតុដែលនៅឆ្នាំ ២០២២ នេះ កម្ពុជាបានអនុវត្តនូវតួនាទីជាប្រធានរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ និងបានព្យាយាមពង្រឹងការរួបរួមនៅក្នុងចំណោមរដ្ឋអាស៊ាន ទន្ទឹមនឹងការព្យាយាមបង្កើនតួនាទីរបស់ខ្លួននៅលើឆាកអន្តរជាតិ។
នៅពេញមួយអាណត្តិជាប្រធាន កម្ពុជាបានខិតខំប្រឹងប្រែងចូលរួមទាំងជាមួយមហាអំណាចធំៗ និងមធ្យម បូករួមនឹងការព្យាយាមពង្រឹងតួនាទីរបស់អាស៊ាននៅលើឆាកអន្តរជាតិ។ ឧទាហរណ៍ដ៏ជាក់ស្តែងមួយគឺ «កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអាស៊ានឱ្យដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅក្នុងអំឡុងនៃកិច្ចប្រជុំកំពូលអាស៊ាន» ដែលជាឋានៈមួយដែលចិនអាចសម្រេចបាននៅឆ្នាំ ២០២១។
កម្ពុជាក៏បានអញ្ជើញរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនឱ្យមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ ផងដែរ ដែលត្រូវបានធ្វើឡើងនៅរាជធានីភ្នំពេញនៅពេលថ្មីៗនេះ ដោយបានបើកផ្លូវឱ្យអ៊ុយក្រែនអាចចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ (TAC)។ ប្រទេសចំនួន ៦ ផ្សេងទៀតក៏បានចុះហត្ថលេខាលើសន្ធិសញ្ញា TAC នេះផងដែរ ដែលរួមមានដាណឺម៉ាក, ក្រិក, អូម៉ង់, កាតា និងអារ៉ាប់រួម។
សកម្មភាពនេះបានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការពង្រឹងការគោរពច្បាប់ និងបទដ្ឋានអន្តរជាតិ។ សន្ធិសញ្ញា TAC គឺ ជាក្រមច្បាប់ដែលគ្រប់គ្រងទំនាក់ទំនងអន្តររដ្ឋដោយផ្អែកលើគោលការណ៍នៃការរួមរស់ និងកិច្ចសហប្រតិបត្តិការប្រកបដោយសន្តិភាព។ កម្ពុជាក៏បានជួយសម្រួល និងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទីម័រឡេស្ត ក្នុងការក្លាយជាសមាជិកទី ១១ របស់អាស៊ានផងដែរ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងភ្នំពេញ រដ្ឋជាសមាជិកបានផ្តល់ឋានៈជាអ្នកសង្កេតការណ៍ដល់ប្រទេសទីម័រឡេស្ត និងជាគោលការណ៍បានយល់ព្រមទទួលស្គាល់ប្រទេសទីម័រឡេស្តជាសមាជិកទី ១១ របស់ខ្លួន។ ប្រទេសទីម័រឡេស្តបានរង់ចាំការទទួលស្គាល់នេះអស់រយៈពេលជាង ១០ ឆ្នាំមកហើយ។ វាមិនមែនជារឿងចៃដន្យទេដែលកម្ពុជាបានព្យាយាមជំរុញឲ្យប្រទេសទីម័រឡេស្តចូលជាសមាជិកអាស៊ាន នៅចំពេលកំពុងកើតមានសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។
សូមអាន ប្រមុខដឹកនាំអាស៊ានចេញសេចក្តីថ្លែងការណ៍ អនុញ្ញាតឲ្យទីម័រឡេស្តេចូលជាសមាជិកអាស៊ានទី១១
ការគាំទ្ររបស់កម្ពុជាចំពោះទីម័រឡេស្តអាចត្រូវបានបកស្រាយថាជា «តម្រូវការសម្រាប់រដ្ឋតូចៗក្នុងការឈរនៅជាមួយគ្នា ជាពិសេសនៅក្នុងពិភពលោកមួយដែលគ្របដណ្តប់ទៅដោយការប្រកួតប្រជែងរវាងមហាអំណាច»។ កម្ពុជាក៏បានយល់យ៉ាងច្បាស់ផងដែរថា «វិបត្តិនៅមីយ៉ានម៉ាគឺជាបញ្ហាប្រឈមដ៏សំខាន់ចំពោះការរួបរួមរបស់អាស៊ាន»។ ហេតុនេះហើយទើបបានជាបញ្ហានេះបានគ្របដណ្ដប់លើរបៀបវារៈរបស់អាស៊ាននៅឆ្នាំ ២០២២។
ឧទាហរណ៍ពាក់ព័ន្ធនឹងរឿងនេះគឺ «ដំណើរទស្សនកិច្ចដ៏ញឹកញាប់ទៅកាន់មីយ៉ាន់ម៉ា ដោយមន្ត្រីកំពូលៗរបស់កម្ពុជា បូករួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន ដែលជាបេសកជនពិសេសរបស់អាស៊ានទទួល បន្ទុកលើមីយ៉ាន់ម៉ា»។ គោលបំណងនៃដំណើរទស្សនកិច្ចទាំងនេះគឺ «ការបង្កើតបរិយាកាសអំណោយផលសម្រាប់ការអនុវត្តផែនការសន្តិភាព ៥ ចំណុចរបស់អាស៊ាន»។
ប៉ុន្តែច្បាស់ណាស់ កម្ពុជាបានផ្តល់អាទិភាពដល់ការរួបរួមរបស់អាស៊ាននៅក្នុងការដោះស្រាយបញ្ហាជាមួយមីយ៉ាន់ម៉ា។ ជាឧទាហរណ៍ : បើទោះបីជាកម្ពុជាបានថ្កោលទោសយ៉ាងធ្ងន់ធ្ងរលើការប្រហារជីវិតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន ៤ នាក់ក៏ដោយ ក៏កម្ពុជាមិនដែលបានលើកទឹកចិត្តអាស៊ានឱ្យបណ្តេញមីយ៉ាន់ម៉ាចេញពីប្លុកនោះដែរ។
ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនបានបង្កើនការព្រួយបារម្ភផ្នែកសន្តិសុខសម្រាប់កម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលសង្រ្គាមបានបន្តរីករាលដាល គេនឹងរង់ចាំមើលថា «តើកម្ពុជានិងអាស៊ាននឹងមានប្រតិកម្មយ៉ាងណាចំពោះការផ្លាស់ប្តូរនៃនិន្នាការអន្តរជាតិ»។ តើកម្ពុជានឹងបន្តធ្វើសកម្មភាពដោយផ្អែកលើយុទ្ធសាស្ត្រ ដែលផ្តល់អាទិភាពលើអធិបតេយ្យភាព និងសិទ្ធិទឹកដី ឬអាចនឹងមានកម្លាំងផ្សេងមកផ្លាស់ប្តូរវិធានការរបស់កម្ពុជាឬទេ?
The Diplomat