ខ្មែរប៉ុស្ដិ៍ Close

ប្រេងឡើងថ្លៃខ្លាំង​ នៅពេលដែល​សហរដ្ឋ​អាមេរិក​កំពុងពិចារណាហាមឃាត់​ប្រេង​ឆៅ​របស់​រុស្ស៊ី ហើយអារ៉ាប៊ីសាអូឌីត​ដំឡើង​ថ្លៃ​លក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 58
ប្រេងឡើងថ្លៃខ្លាំង​ នៅពេលដែល​សហរដ្ឋ​អាមេរិក​កំពុងពិចារណាហាមឃាត់​ប្រេង​ឆៅ​របស់​រុស្ស៊ី ហើយអារ៉ាប៊ីសាអូឌីត​ដំឡើង​ថ្លៃ​លក់ រូបភាព (Reuters)

តម្លៃភាគហ៊ុនប្រេងឆៅប្រចាំសប្តាហ៍បានហក់ឡើងខ្ពស់ដល់ចំនួន២ខ្ទង់ ហើយទីផ្សារភាគហ៊ុនបានបិទទៅវិញជាមួយនិងតម្លៃប្រេងឆៅហក់ឡើងខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេលយ៉ាងតិច ៩ ឆ្នាំ បន្ទាប់ពីសេតវិមានបាននិយាយថា ខ្លួនកំពុងពិចារណាហាមឃាត់ការនាំចូល ប្រេងពីរុស្ស៊ី ដែលជាការបង្កើននូវការព្រួយបារម្ភបន្ថែមទៀតទៅលើទីផ្សារភាគហ៊ុនដែលកំពុងហើមប៉ោងស្រេចទៅហើយដែលបណ្ដាលមកពីការ
ដាក់ទណ្ឌកម្មនានា ទៅលើប្រទេសដែលនាំចេញថាមពលដ៍ធំបំផុតមួយនៅក្នុងលោក។

សង្គ្រាមដែលកំពុងតែកើនសន្ទុះនៅក្នុងប្រទេសអ៊ុយក្រែនបូករួមទាំងការសងសឹករបស់បស្ចិមប្រទេស តាមរយៈការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ទៅលើទីក្រុងមូស្គូ បានជំរុញឱ្យភាគហ៊ុនប្រេងឆៅកើនខ្ពស់ខ្លាំងកាលពីថ្ងៃសុក្រ។ មូលហេតុមួយទៀត នៃការឡើងថ្លៃនេះ គឺ ការប្រកាសរបស់អារ៉ាប៊ីសាអូឌីតអំពីការតម្លើងថ្លៃប្រេងឆៅរបស់ខ្លួន។

តម្លៃប្រេងឆៅ West Texas Intermediate ឬ WTI របស់អាមេរិក បានឡើងថ្លៃចំនួន $8.01 ឬ ៧,៤% ពោលគឺកើនឡើងដល់ $115.68 ក្នុងមួយធុងបារ៉ែលដែលជាតម្លៃនៅពេលបិទទីផ្សារដ៏ខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ ២០០៨ មក។ សម្រាប់សប្តាហ៍នេះ ប្រេងឆៅរបស់សហរដ្ឋអាមេរិកបានឡើងថ្លៃឡើងប្រហែល ២៦% ដែលជាការឡើងថ្លៃប្រចាំសប្តាហ៍ដ៏ខ្ពស់បំផុតរបស់ខ្លួនចាប់តាំងពីខែមីនាឆ្នាំ ២០២០ មក។

សន្ទស្សន៍តម្លៃប្រេងពិភពលោក Brent បានឡើងថ្លៃចំនួន $7.65 ឬ ៦,៩% ពោលគឺឡើងដល់ $118.11 ក្នុងមួយធុងបារ៉ែល។ សម្រាប់សប្តាហ៍នេះប្រេងឆៅ Brent បានឡើងថ្លៃចំនួន ២១% ដែលជាការកើនឡើងប្រចាំសប្តាហ៍ដ៏ខ្ពស់បំផុតរបស់ខ្លួនចាប់តាំងពីខែមេសា ២០២០ មក។

ប្រេងឆៅ WTI បានឡើងថ្លៃប្រហែល ៥៤% ចាប់តាំងពីដើមឆ្នាំមក ហើយប្រេងឆៅ Brent បានឡើងថ្លៃប្រហែល ៥២%។ ការឡើងថ្លៃនៃ ប្រេងឆៅបានកើន ឡើងយ៉ាងខ្លាំងនៅក្នុងសប្តាហ៍នេះដែលបណ្ដាលមកពីការព្រួយបារម្ភដែលថា ការដាក់ទណ្ឌកម្មដ៏ចាស់ដៃប្រឆាំងនឹងរុស្ស៊ី ជុំវិញការឈ្លានពានរបស់ប្រទេសនេះទៅលើអ៊ុយក្រែននឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការនាំចេញថាមពលពីទីក្រុងម៉ូស្គូ ដែលជាអ្នកផ្គត់ផ្គង់ប្រមាណ ១០% នៃ ប្រេងរបស់ពិភពលោក និង ៤០% នៃតម្រូវការឧស្ម័ននៅអឺរ៉ុប។

សេតវិមានបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនកំពុងពិចារណាហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ីដើម្បីធ្វើឱ្យទីក្រុងមូស្គូកាន់តែឯកោ បន្ថែមទៀតពីសហគមន៍អន្តរជាតិ ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ ទោះ​យ៉ាង​ណា គេនៅមិន​ទាន់ឃើញមាន​ការ​សម្រេច​ចិត្តណាមួយ​ត្រូវ​បាន​ធ្វើ​ឡើង​នៅឡើយទេ ចំពោះបញ្ហា​នេះ​។

មន្ត្រីនៃរដ្ឋបាលលោក Biden បាននិយាយកាលពីសប្តាហ៍មុនថា ពួកគេមិនមានបំណងក្នុងការហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ីដោយប្រញាប់ប្រញាល់នោះទេ ព្រោះវាអាចនឹងធ្វើឱ្យតម្លៃថាមពលកើនឡើងយ៉ាងខ្ពស់សម្រាប់ប្រជាជនអាមេរិកដែលបានចំណាយច្រើនបំផុតរួចទៅហើយសម្រាប់ប្រេងឥន្ធនៈចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ មក។

ក្រុមហ៊ុនប្រេងរដ្ឋរបស់អារ៉ាប៊ីសាអូឌីត Aramco (SE:2222) បានប្រកាសអំពីការដំឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាន នូវតម្លៃលក់ផ្លូវការ ឬ OSP របស់ខ្លួនទៅកាន់អាស៊ី ដែលជាការបង្កើនថ្លៃបុព្វលាភ (Premium) ចំនួន $4.95 សម្រាប់ប្រេងឆៅទម្ងន់ស្រាលរបស់អារ៉ាប់ (Arab Light Crude) ក្នុងមួយធុងបារ៉ែល ដែលនឹងចែកចាយក្នុងខែមេសា បើធៀបទៅនឹងតម្លៃជាមធ្យមនៅទីផ្សារ Oman/Dubai ដែលខ្លួនប្រើប្រាស់ជាថ្លៃមូលដ្ឋាន។

ក្រុមហ៊ុន Aramco បាននិយាយថា តម្លៃលក់ផ្លូវការ (OSP) របស់ប្រេងឆៅទម្ងន់ស្រាលរបស់អារ៉ាប់ ដែលដាក់លក់ក្នុងខែមេសាទៅកាន់សហរដ្ឋអាមេរិកនឹងឡើងថ្លៃចំនួន $3.45។

ប្រេងឆៅដែលឡើងថ្លៃតិចជាងគេគឺ North West Europe ដែលកើន ដល់ត្រឹមតែ $114 ប៉ុណ្ណោះក្នុងមួយធុងបារ៉ែល។

លោក John Kilduff ដៃគូនៅក្រុមហ៊ុន New York Energy Hedge Again Capital បាននិយាយថា «នេះគឺជាអ្វីដែលហៅថា ការកេងប្រវ័ញ្ចស្រស់ៗ» ដែលជាការសំដៅទៅលើការដំឡើងថ្លៃខ្ពស់បំផុតរបស់ក្រុមហ៊ុន Aramco ។

លោកបន្តថា «យើងដឹងថា នេះជាការរកស៊ី។ ប៉ុន្តែនៅពេលដែលពិភពលោកកំពុងស្ថិតក្នុងភាពអាសន្នដ៏ធ្ងន់ធ្ងរជុំវិញវិបត្តិរុស្ស៊ី-អ៊ុយក្រែន ហើយតម្រូវការក្នុងការផ្គត់ផ្គង់ប្រេងដែលមានតម្លៃសមរម្យ និងឡើងថ្លៃបន្តិចបន្តួច កំពុងកើនឡើងខ្ពស់ជាងពេលណាៗទាំងអស់»។

តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានសារព័ត៌មានជាច្រើនបានស្នើឱ្យមានការវិវឌ្ឍឱ្យបានឆាប់រហ័សជុំវិញកិច្ចពិភាក្សារវាងអ៊ីរ៉ង់ ជាមួយនិងមហាអំណាចពិភពលោក ដើម្បីដំណើរការ ឡើងវិញនូវកិច្ចព្រម ព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលអាចរំដោះសាធារណរដ្ឋអ៊ីស្លាមមួយនេះចេញពីការដាក់ទណ្ឌកម្មប្រេងពីសំណាក់សហរដ្ឋអាមេរិក។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានដកស្រង់សម្តីរបស់លោក Mikhail Ulyanov ដែលជាប្រធាននៃកិច្ចចរចាររបស់រុស្ស៊ីនៅឯកិច្ចចរចានុយក្លេអ៊ែរ ដោយបាននិយាយថា កិច្ចព្រមព្រៀងមួយទំនងជានឹងសម្រេចបានក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដែលជាការត្រួសត្រាយផ្លូវសម្រាប់ការវិលត្រឡប់វិញដោយស្របច្បាប់នូវប្រេងរបស់ទីក្រុងតេអេរ៉ង់ទៅកាន់ទីផ្សារពិភពលោក៕ investing.com