អ្នកនិពន្ធគឺជាទូតសុឆន្ទៈក្នុងការអភិរក្សនិងអភិវឌ្ឍវប្បធម៌ដើម្បីសន្តិភាព
ក្នុងសារលិខិតអបអរសាទរទិវាជាតិអ្នកនិពន្ធ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវមនោសញ្ចេតនារីករាយ និងចូលរួមអបអរសាទរទិវាជាតិអ្នកនិពន្ធ ឆ្នាំ ២០២៥ ក្រោមប្រធានបទ «អ្នកនិពន្ធគឺជាទូតសុឆន្ទៈក្នុងការអភិរក្សនិងអភិវឌ្ឍវប្បធម៌ដើម្បីសន្តិភាព»។
នៅក្នុងសារលិខិតនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទិវាជាតិអ្នកនិពន្ធ ៧ធ្នូ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ រួមចំណែកដល់ការលើកស្ទួយគុណតម្លៃ ការគោរពដឹងគុណបុព្វកវីនិពន្ធខ្មែរ និងជាការរម្លឹកនូវសេចក្តីចងចាំគុណបំណាច់របស់បណ្តាកវីនិពន្ធគ្រប់ជំនាន់ដែលបានចូលរួមចំណែកពង្រឹងអក្សរសាស្រ្តជាតិនិងវិស័យអប់រំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ការប្រារព្ធទិវាជាតិអ្នកនិពន្ធជារៀងរាល់ឆ្នាំ ក៏សំដៅដល់ការ ជំរុញវប្បធម៌តែងនិពន្ធនៅកម្ពុជា លើកកម្ពស់សមត្ថភាពអ្នកនិពន្ធ ដើម្បីប្រមូលផ្តុំរួបរួមកម្លាំងសាមគ្គីភាពរវាង អ្នកនិពន្ធគ្រប់និន្នាការដោយសុច្ឆន្ទៈមនសិការនៃវប្បធម៌សន្តិភាព ក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពដែល ធានាគុណភាពតែងនិពន្ធប្រកបដោយសច្ចធម៌ បរិយាបន្ន និងលើកកម្ពស់គុណតម្លៃនៃស្មារតីប៉ាកកាសន្តិភាព ពេញមួយជីវិតដើម្បីទាំងអស់គ្នា៕





