ខ្មែរប៉ុស្ដិ៍ Close

យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិកត្រូវបានអនុវត្តនៅអ៊ុយក្រែន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 149
យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិកត្រូវបានអនុវត្តនៅអ៊ុយក្រែន យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិកត្រូវបានអនុវត្តនៅអ៊ុយក្រែន

នៅក្នុងរយៈពេល ១ ឆ្នាំកន្លងទៅនេះ សហរដ្ឋអាមេរិកបានជួយតំបន់អឺរ៉ុបក្នុងការគាំទ្រដល់ការការពារអធិបតេយ្យភាពរបស់អ៊ុយក្រែន។ ខណៈពេលដែលមនុស្សជាច្រើនបានសាទរចំពោះរឿងនេះ ក្រុមអ្នកសង្កេតការណ៍មួយចំនួននៅតែមានការព្រួយបារម្ភថា «សង្រ្គាមនៅអឺរ៉ុបអាចបង្វែរចំណាប់អារម្មណ៍របស់អាមេរិកចេញពីការគំរាមកំហែងខ្លាំង ដែលខ្លួនកំពុងតែប្រឈមមុខជាមួយនឹងប្រទេសចិន» ក៏ប៉ុន្តែ វាអាចនឹងមិនមែនដូច្នោះនោះទេ។

ដោយសារតែការពឹងពាក់គ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅរវាងអឺរ៉ុប និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បូករួមនឹងកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងរវាងរុស្ស៊ីនិងចិន ការកម្ចាត់ប្រទេសរុស្ស៊ីនៅតែជាមធ្យោបាយដ៏ល្អបំផុតសម្រាប់សហរដ្ឋអាមេរិកក្នុងការផ្តួលប្រទេសចិន។ រដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin បានលើកឡើងថា «សហរដ្ឋអាមេរិកចង់ឃើញប្រទេសរុស្ស៊ីចុះខ្សោយដល់កម្រិតមួយដែលពួកគេនឹងមិនអាចបើកការវាយប្រហារកន្លែងផ្សេងបានដូចនៅអ៊ុយក្រែន»។

សូមអាន រុស្ស៊ីព្រមានអំពីការកើតមានសង្គ្រាមលោកលើកទី៣ បន្ទាប់ពីមន្ត្រីកំពូលរបស់អាមេរិកបានទៅដល់ទីក្រុងគៀវ

ប្រសិនបើសហរដ្ឋអាមេរិកអាចសម្រេចបាននូវកិច្ចការនេះ ពួកគេនឹងអាចកម្ចាត់បាននូវការគំរាមកំហែងចំពោះតុល្យភាពអំណាចរបស់អឺរ៉ុបនៅក្នុងពេលអនាគតដ៏ខ្លី ហើយវាក៏អាចបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ការបង្វែរការយកចិត្តទុកដាក់របស់អាមេរិកឆ្ពោះទៅរកការគំរាមកំហែងដែលបង្កឡើងដោយចិននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ។

ផ្ទុយទៅវិញការបោះបង់ចោលប្រទេសអ៊ុយក្រែនអាចបង្កជាបញ្ហាចំពោះសណ្តាប់ធ្នាប់សន្តិសុខនៅអឺរ៉ុប។ វានឹងទាមទារឱ្យសហរដ្ឋអាមេរិកត្រូវបង្កើននូវការចូលរួមផ្នែកយុទ្ធសាស្ត្រឱ្យបានកាន់តែខ្លាំងក្លាជាងនេះ។ ដើម្បីស្វែងយល់ឱ្យបានត្រឹមត្រូវអំពីទំនាក់ទំនងរវាងយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិកនៅតំបន់អឺរ៉ុប និងនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក វានឹងតម្រូវឱ្យមានការទទួលស្គាល់ការពិតសំខាន់ៗចំនួន៣។

ទី១៖ «ផែនការសន្តិសុខនៅក្នុងតំបន់ទាំងពីរ បានពឹងផ្អែកលើអំណាចយោធារបស់អាមេរិក»។
ទី២៖ «សហរដ្ឋអាមេរិកបានចំណាយធនធានការពារជាតិរបស់ខ្លួនជាច្រើនសម្រាប់តំបន់ទាំងពីរនេះ បើប្រៀបធៀបជាមួយទីកន្លែងផ្សេងៗទៀត» និង
ទី៣៖ «ឥឡូវនេះសហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងការប្រកួតប្រជែងជាមួយមហាអំណាចទាំងនៅតំបន់អឺរ៉ុប និងនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនៅក្នុងពេលដំណាលគ្នា»។

អ្វីដែលសហរដ្ឋអាមេរិកបានធ្វើនៅក្នុងតំបន់មួយ ពិតជាអាចបង្កឱ្យមានផលប៉ះពាល់ដល់សមត្ថភាពរបស់អាមេរិកនៅក្នុងតំបន់មួយផ្សេងទៀត។ ដូច្នេះការកំណត់អាទិភាពទៅលើតំបន់មួយជ្រុលហួសហេតុពេក អាចបើកឱកាសសម្រាប់ការឈ្លានពាននៅកន្លែងមួយផ្សេងទៀតពីសំណាក់ជនឆ្លៀតឱកាស។ ជាក់ស្តែង យុទ្ធសាស្ត្រការពារជាតិរបស់សហរដ្ឋអាមេរិកបានអះអាងថា «ប្រទេសចិន និងរុស្ស៊ីបានពង្រីកកិច្ចសhប្រតិបត្តិការរបស់ពួកគេដែលអាចបង្កបញ្ហាប្រឈមដល់ការប្រមូលកម្លាំងរួម និងដល់ការចូលរួមរបស់អាមេរិកនៅក្នុងពេលកើតមានវិបត្តិ ឬជម្លោះ»។

អ្នកជំនាញមួយចំនួនបានព្រមានអំពីបញ្ហាប្រឈមនៃការធ្វើសង្រ្គាមក្នុងពេលដំណាលគ្នានៅក្នុងតំបន់អឺរ៉ុប និងឥណ្ឌូ-ប៉ាស៊ីហ្វិក។ សារៈសំខាន់របស់តំបន់អឺរ៉ុបនិងឥណ្ឌូ-ប៉ាស៊ីហ្វិកត្រូវបានកំណត់ដោយផ្អែកទៅលើមូលដ្ឋានដែលថា «វាគឺជាតំបន់តែ ២ គត់ដែលមានផ្ទុកសក្តានុពលប្រជាសាស្រ្ត, ឧស្សាហកម្ម, បច្ចេកវិទ្យា និងយោធា ដែលនឹងធ្វើឱ្យមហាអំណាចណាមួយដែលទទួលបានសិទ្ធិត្រួតត្រាលើពួកគេ អាចមានសមត្ថភាពទប់ទល់ និងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះអាមេរិក»។

ដូច្នេះ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការរក្សាតុល្យភាពឱ្យបានល្អនៅក្នុងពេលដំណាលគ្នា ទាំងនៅអឺរ៉ុបនិងអាស៊ីដើម្បីធានាឱ្យបានថា «គ្មានមហាអំណាច ឬក្រុមសម្ព័ន្ធណាមួយអាចគ្រប់គ្រងទៅលើធនធានរបស់តំបន់ណាមួយឡើយ»។ ការសន្មតដែលថា «តុល្យភាពអំណាចនៅក្នុងតំបន់ទាំងពីរ កំពុងតែមានលក្ខណៈស្រពិចស្រពិល និងទាមទារឱ្យមានការចូលរួមជាអចិន្ត្រៃយ៍ពីសំណាក់សហរដ្ឋអាមេរិក» បានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការផ្តោតអាទិភាពខ្ពស់ទៅលើតំបន់មួយដែលអាចនាំមកនូវការព្រងើយកន្តើយចំពោះតំបន់មួយផ្សេងទៀត។

សារៈសំខាន់របស់តំបន់នីមួយៗតែងតែប្រែប្រួលទៅតាមពេលវេលា ហើយកម្រិតនៃការពឹងពាក់គ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រ ក៏មានការប្រែប្រួលផងដែរ។ មនុស្សជាច្រើនបានយល់ស្របថា «តំបន់អឺរ៉ុបគឺជាទី តាំងដ៏សំខាន់របស់សហរដ្ឋអាមេរិកនៅក្នុងអំឡុងសង្គ្រាមត្រជាក់»។ បើទោះបីជាសេដ្ឋកិច្ចរបស់សហភាពសូវៀតមិនអាចប្រៀបធៀបបាននឹងសេដ្ឋកិច្ចរបស់អាមេរិកនិងអឺរ៉ុបក៏ដោយ ក៏សហភាពសូវៀតនៅតែអាចទទួលបានកំណើនសេដ្ឋកិច្ចយ៉ាងល្អ គួរសមនៅក្នុងអំឡុងសង្គ្រាមត្រជាក់ ហើយក៏នៅតែជាមហាអំណាចនៅក្នុងផ្នែកឧស្សាហកម្ម និងបច្ចេកវិទ្យាផងដែរ។

ជាងនេះទៅទៀត លទ្ធិកុម្មុយនិស្តក៏ទទួលបានភាពទាក់ទាញយ៉ាងខ្លាំងផងដែរនៅទូទាំងតំបន់អឺរ៉ុបខាងលិច។ កម្លាំងយោធារបស់សូវៀត និងវត្តមានរបស់ពួកគេនៅទូទាំងតំបន់អឺរ៉ុបកណ្តាលបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់តុល្យភាពអំណាចរបស់អឺរ៉ុប ខណៈដែលនៅអាស៊ី ការគំរាមកំហែងបែបនេះមិនបានកើតមាននោះទេ។ ប្រទេសចិនមានភាពទន់ខ្សោយផ្នែកសេដ្ឋកិច្ច ហើយបើពិនិត្យមើលឱ្យកាន់តែស៊ីជម្រៅ ប្រទេសចិនពិតជាមានលក្ខណៈដូចគ្នានឹងសហភាពសូវៀត ដែលត្រូវបានគេចាត់ទុកជា «ការគំរាមកំហែងចំពោះសម្ព័ន្ធមិត្ត និងផលប្រយោជន៍របស់អាមេរិកនៅតំបន់អាស៊ីបូព៌ា»។

សព្វថ្ងៃនេះ ស្ថានការណ៍បានប្រែប្រួល ហើយវាអាចនឹងឆាប់ពេកក្នុងការទាញយកមេរៀនជាច្រើនពីប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ហើយវាក៏អាចនឹងឆាប់ពេកផងដែរក្នុងការលែងចាត់ទុករុស្ស៊ីជាមហាអំណាច ពីព្រោះរុស្ស៊ីនៅតែជាការគំរាមកំហែងដ៏ធ្ងន់ចំពោះតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក ដោយសារអាវុធនុយក្លេអ៊ែរ និងកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើទំនើបកម្មរបស់ពួកគេ។

ទោះជាយ៉ាងណាក៏ដោយ អសមត្ថភាពរបស់រុស្ស៊ីក្នុងការដណ្តើមយកជោគជ័យនៅតំបន់ភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន និងអត្រាដ៏ខ្ពស់នៃការបាត់បង់ឧបករណ៍ប្រយុទ្ធ បាននាំមកនូវការសង្ស័យលើសមត្ថភាពរបស់រុស្ស៊ីក្នុងការបង្កការគំរាមកំហែងផ្នែកយោធាចំពោះអង្គការ NATO ដែលបានបន្តពង្រីកបរិវេណការពាររបស់ខ្លួនដល់តំបន់វាលទំនាបអឺរ៉ុបខាងជើង និងថែមទាំងបានចូលទៅក្នុងសមុទ្របាល់ទិក និងសមុទ្រខ្មៅទៀតផង។ ការបញ្ចូលប្រទេសហ្វាំងឡង់និងស៊ុយអែតនឹងជួយបង្កើនសមត្ថភាពរបស់អង្គការ NATO។

ក្រៅពីប្រទេសរុស្ស៊ី វាមិនមានការគំរាមកំហែងធំដុំណាមួយចំពោះតុល្យភាពអំណាចរបស់អឺរ៉ុបនោះទេ។ ប៉ុន្តែ អឺរ៉ុបនៅប្រឈមមុខនឹងឧបសគ្គមួយចំនួនដោយសារតែភាពខុសៗគ្នានៃផលប្រយោជន៍ជាតិ បូករួមនឹងស្វ័យភាពដែលផ្តោតសំខាន់ទៅលើកិច្ចការសេដ្ឋកិច្ច។ សង្គ្រាមនៅអ៊ុយក្រែនអាចធ្វើឱ្យអឺរ៉ុបត្រូវបង្កើនការពឹងផ្អែកផ្នែកសន្តិសុខនិងថាមពលទៅលើអាមេរិកកាន់តែខ្លាំង។

បើទោះជាអឺរ៉ុបនៅតែត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចនិងសន្តិសុខមួយចំនួនក៏ដោយ ក៏តុល្យភាពអំណាចជាមូលដ្ឋានរបស់អឺរ៉ុបមិនបានរងនូវបញ្ហាធំដុំនោះទេ។ ប៉ុន្តែវាអាចមានភាពខុសគ្នានៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយសារការងើប ឡើងរបស់ចិនបាននិងកំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ ការធ្វើទំនើបកម្ម និងការឈ្លានពានផ្នែកយោធារបស់ចិនបានបង្កើនចំនួនទីតាំងយោធារបស់ចិននៅក្នុងតំបន់ បើធៀបនឹងសហរដ្ឋអាមេរិក ហើយបញ្ហានេះអាចបង្កជាបញ្ហាប្រឈមចំពោះការបម្លាស់ទីដោយសេរីរបស់អាមេរិកនៅក្នុងប្រតិបត្តិការនៅតំបន់ប៉ាស៊ីហ្វិកខាងលិច។

ការពិតដែលថា «ទឹកដីរបស់ប្រទេសចិនបានគ្របដណ្តប់លើតំបន់ប៉ាស៊ីហ្វិកខាងលិចភាគច្រើន» បានធ្វើឱ្យចិនអាចបង្កើនការដាក់ពង្រាយកម្លាំងរបស់ខ្លួនទៅឯនាយសមុទ្រ។ ជាងនេះទៅទៀត ប្រទេសជាច្រើននៅតំបន់អាស៊ីបូព៌ាកំពុងតែស្ថិតនៅក្នុងគន្លងសេដ្ឋកិច្ចរបស់ប្រទេសចិន ហើយពួកគេក៏បានរក្សាទំនាក់ទំនងនយោបាយយ៉ាងល្អជាមួយទីក្រុងប៉េកាំងផងដែរ។

ជាក់ស្តែង សហរដ្ឋអាមេរិកបានទទួលស្គាល់អំពីភាពខុសគ្នារវាងរុស្ស៊ីនិងចិន។ កាលពីពេលថ្មីៗនេះ អនុរដ្ឋមន្ត្រីការពារជាតិលោក ស្រី Kathleen Hicks បាននិយាយសំដៅទៅលើប្រទេសរុស្ស៊ីថាជា «ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ» ខណៈដែលប្រទេសចិនត្រូវបានគេចាត់ទុកជា «បញ្ហាប្រឈម» ដែលអាចនាំមកនូវ «ការផ្លាស់ប្តូរអំណាចដ៏ធំមួយ»។ ភាពខុសគ្នានេះមិនមែនជារឿងតូចតាច នោះទេ។

រុស្ស៊ីនៅតែតំណាងឱ្យការគំរាមកំហែងនុយក្លេអ៊ែរដ៏ខ្លាំងក្លាដែលអាចបង្កការគំរាមកំហែងដល់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅតំបន់អឺរ៉ុបខាងកើត។ ប៉ុន្តែរុស្ស៊ីមិនស្ថិត នៅក្នុងស្ថានភាពមួយដែលអាចបង្កការរំខានដល់តុល្យភាពអំណាចរបស់អឺរ៉ុបនោះទេ កុំថាឡើយដល់ពិភពលោកទាំងមូល។ តែប្រទេសចិនអាចបង្កឱ្យមានបញ្ហាទាំងនេះបាន។

សរុបមក សហរដ្ឋអាមេរិកត្រូវប្រឈមមុខនឹងបញ្ហាតុល្យភាពអំណាចនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងបញ្ហាស្ថិរភាពនៅអឺរ៉ុបដែលនេះគឺជាមូលហេតុដែលធ្វើឲ្យតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទទួលបានការយកចិត្តទុកដាក់ខ្ពស់ជាយុទ្ធសាស្ត្រ។ តាមការសន្និដ្ឋាន កម្រិតនៃការពឹងពាក់គ្នាទៅវិញទៅមករវាងតំបន់អឺរ៉ុប និងឥណ្ឌូ-ប៉ាស៊ីហ្វិកគឺមានទំហំធំជាងកាលពីសម័យសង្គ្រាមត្រជាក់ទៅទៀត។

នៅពេលនោះ ប្រសិនបើសហរដ្ឋអាមេរិកមានអារម្មណ៍ថា «ពួកគេត្រូវតែបង្កើនការរួមចំណែកចំពោះតំបន់អឺរ៉ុបដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់សូវៀត» ហានិភ័យនៅកន្លែងផ្សេងទៀតអាចនឹងមិនសូវមានសភាពធ្ងន់ធ្ងរទេ។ ទោះជាយ៉ាងណាក៏ដោយ ធនធានរបស់សូវៀតក៏នៅមានកម្រិតផងដែរ ហើយការផ្តល់អាទិភាពរបស់រុស្ស៊ីចំពោះតំបន់អឺរ៉ុបនឹងកាត់បន្ថយការផ្តោតអារម្មណ៍របស់រុស្ស៊ីនៅក្នុងតំបន់អាស៊ីបូព៌ា។

ការងើបឡើងរបស់ប្រទេសចិនមានន័យថា «បញ្ហាប្រឈមនៅពេលបច្ចុប្បន្នគឺមានលក្ខណៈស្រដៀងគ្នាទៅនឹងកត្តាជំរុញឱ្យកើតមានសង្គ្រាមលោកលើកទី២» នៅពេលដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនត្រូវរងនូវបញ្ហាប្រឈមក្នុងពេលដំណាលគ្នាពីសំណាក់គូប្រជែងផ្សេងៗគ្នា។ ជាសំណាងល្អ នៅពេលនេះតុល្យភាពរបស់តំបន់អឺរ៉ុបហាក់ដូចជាមិនស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នោះទេ។

ការរំពឹងទុកសម្រាប់អស្ថិរភាពនៅក្នុងតំបន់នៅអឺរ៉ុបខាងកើត, ហានិភ័យដែលកំពុងតែកើតមានចំពោះសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់សហរដ្ឋអាមេរិក, ស្ថានភាពនុយក្លេអ៊ែររបស់រុស្ស៊ី និងការប្តេជ្ញាចិត្តដែលមានស្រាប់របស់សហរដ្ឋអាមេរិក បានបង្ហាញថា «កម្រិតនៃការចូលរួមរបស់សហរដ្ឋអាមេរិកនៅអឺរ៉ុបអាចនឹងមានទំហំធំធេង ហើយតំបន់អឺរ៉ុបអាចនឹងនៅតែមានសារៈសំខាន់ចំពោះអាមេរិក បើប្រៀបធៀបទៅនឹងតំបន់ផ្សេងៗទៀតក្រៅតែពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។

ប៉ុន្តែសារៈសំខាន់នេះអាចនឹងរងនូវការថយចុះ។ នៅក្នុងដំណាក់កាលនេះ វានឹងក្លាយជាកំហុសមួយក្នុងការងាកផ្តោតទៅលើប្រទេសចិន ខណៈដែលសង្គ្រាមនៅអ៊ុយក្រែនបានបង្ហាញថា «ការដឹកនាំផ្នែកនយោបាយ និងយោធារបស់អាមេរិកនៅតែមានភាពចាំបាច់ក្នុងការពង្រឹងផែនការសន្តិសុខរបស់អឺរ៉ុប»។ ជាក់ស្តែងមូលហេតុដែលនាំមកនូវការបរាជ័យរបស់រុស្ស៊ីនៅអ៊ុយក្រែនអាចមានជាប់ទាក់ទងនឹងការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះទីក្រុង Kyiv។

ដើម្បីទប់ស្កាត់សកម្មភាពរបស់រុស្ស៊ី វានឹងតម្រូវឱ្យមានការចូលរួមរបស់អាមេរិកប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អឺរ៉ុប។ ទោះជាយ៉ាងណាក៏ដោយ ជ័យជម្នះរបស់អ៊ុយក្រែននឹងនាំមកនូវការផ្តោតកាន់តែខ្លាំងទៅលើកត្តាមួយចំនួនដែលរួមមានការបញ្ជា និងការគ្រប់គ្រងលើការបាញ់ និងការផ្តល់ជំនួយសំខាន់ៗដែលអាចជំរុញឱ្យមានការផ្តោតលើការបង្កើនសមត្ថភាពការពាររបស់អឺរ៉ុប និងការពង្រឹងតួនាទីរបស់អឺរ៉ុបនៅក្នុងអង្គការ NATO។ ការធ្វើបែបនេះនឹងក្លាយជាការត្រួសត្រាយផ្លូវសម្រាប់សហរដ្ឋអាមេរិកក្នុងការផ្លាស់ប្តូរកងកម្លាំងពីតំបន់អឺរ៉ុបទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកវិញ ក្នុងករណីកើតមានវិបត្តិនៅកោះតៃវ៉ាន់ ឬនៅកន្លែងផ្សេង ទៀត។

ការដោះស្រាយការគំរាមកំហែងរបស់រុស្ស៊ីឱ្យបានហ្មត់ចត់ និងការធ្វើឱ្យអំណាចរបស់រុស្ស៊ីធ្លាក់ចុះយ៉ាងខ្លាំង អាចជាមធ្យោបាយដ៏ល្អបំផុតដើម្បីធានាឱ្យមាននូវការរក្សាតុល្យភាពឡើងវិញរបស់សហរដ្ឋអាមេរិកប្រកបដោយនិរន្តរភាពចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ នេះមិនត្រឹមតែជាផលប្រយោជន៍របស់អឺរ៉ុបឬអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែសម្ព័ន្ធមិត្តនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិកក៏មានផលប្រយោជន៍ជាយុទ្ធសាស្ត្រនៅក្នុងភាពជោគជ័យរបស់អាមេរិកនៅអឺរ៉ុបផងដែរ៕

War on the Rock

អត្ថបទទាក់ទង