ខ្មែរប៉ុស្ដិ៍ Close

ចិនត្រូវពង្រឹងតម្លៃផ្ទះសម្បែង បើមិនដូច្នោះទេនឹងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 66
ចិនត្រូវពង្រឹងតម្លៃផ្ទះសម្បែង បើមិនដូច្នោះទេនឹងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើន បានបញ្ចុះតម្លៃ ចំពេលដែលទីផ្សារធ្លាក់ចុះ។ រូបថត៖ bgy.com.cn

បណ្តាសេដ្ឋវិទូនិងអ្នកជំនាញអចលនទ្រព្យបានអំពាវនាវឱ្យរដ្ឋាភិបាលចិនជួយពង្រឹងតម្លៃផ្ទះសម្បែង និងដោះស្រាយបញ្ហាបំណុលរបស់រដ្ឋាភិបាលថ្នាក់តំបន់ ខណៈពេលដែលទីផ្សារផ្ទះសម្បែងបានរងនូវការធ្លាក់ចុះកាលពីខែមុន។ ធនាគារប្រជាជនចិន (People’s Bank of China) នៅថ្ងៃទី ២០ ខែមិថុនា បានបន្ទាបអត្រាការប្រាក់ដើម លើប្រាក់កម្ចីដែលមានរយៈពេល ១ ឆ្នាំ ពីចំនួន ៣,៦៥% មកនៅត្រឹមចំនួន ៣,៥៥% ហើយក៏បានកាត់បន្ថយអត្រាការប្រាក់រយៈពេល ៥ឆ្នាំពីចំនួន ៤,៣% មកនៅត្រឹមចំនួន ៤,២% ផងដែរ។

នេះជាលើកដំបូងហើយដែលធនាគារកណ្តាលចិនបានបន្ទាបអត្រាការប្រាក់ដើមលើប្រាក់កម្ចី បន្ទាប់ពីការកាត់បន្ថយអត្រាការប្រាក់រយៈពេលមធ្យមកាលពីសប្តាហ៍មុន ពីចំនួន ២,៧៥% មកនៅត្រឹម ២,៦៥%។ វិធានការនេះក៏ត្រូវបានធ្វើឡើងនៅក្រោយការប្រកាសរបស់ការិយាល័យស្ថិតិជាតិចិននៅថ្ងៃទី ១៦ ខែមិថុនា ផងដែរថា «បណ្តាទីក្រុងនៅចិនបានរាយការណ៍អំពីការធ្លាក់ចុះនៃតម្លៃអចលនទ្រព្យនៅខែឧសភាក្នុងកម្រិតច្រើនជាងនៅខែមេសា»។

អ្នកវិភាគមួយចំនួនបាននិយាយថា «បណ្តាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ បានព្យាយាមដំឡើងតម្លៃនៅខែមេសា ក៏ប៉ុន្តែក្រោយមកបានរងនូវការប្រឆាំងខ្លាំងពីសំណាក់អ្នកទិញផ្ទះ។ ដូច្នេះពួកគេបានកាត់បន្ថយតម្លៃវិញ នៅខែឧសភា។ ចរន្តបែបនេះបានបង្កសម្ពាធខ្លាំងលើទីផ្សារបន្ទាប់បន្សំ (Secondary Market) នៅតាមបណ្តាទីក្រុងភាគច្រើនកាលពីខែមុន»។

អ្នកជំនាញអចលនទ្រព្យនិងសេដ្ឋវិទូមួយចំនួនបាននិយាយថា «បញ្ហាបំណុលរបស់រដ្ឋាភិបាលថ្នាក់តំបន់ដែលកំពុងវិវឌ្ឍទៅកាន់តែអាក្រក់ បានជះឥទ្ធិពលយ៉ាងខ្លាំងលើទំនុកចិត្តរបស់អ្នកទិញផ្ទះនៅប៉ុន្មានខែចុងក្រោយនេះ»។ របាយការណ៍សារព័ត៌មានបានឱ្យដឹងថា «ខេត្ត Yunan, Guizhou និងខេត្ត Guangxi បានព្រមានថាពួកគេអាចនឹងធ្លាក់ចូលក្នុងស្ថានភាពគ្មានលទ្ធភាពសងបំណុលនៅឆ្នាំនេះ»។

លោក Zhao Yanjing ដែលជាអនុប្រធាននៃសមាគមរៀបចំផែនការទីក្រុងចិន និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Xiamen University បានលើកឡើងនៅក្នុងអត្ថបទមួយថា «រដ្ឋាភិបាលកណ្តាលគួរជួយរដ្ឋាភិបាលថ្នាក់តំបន់ដោះស្រាយបញ្ហាបំណុល, ទប់ស្កាត់ពួកគេពីការលក់ដីធ្លីក្នុងតម្លៃទាប, ពង្រីកការផ្តល់ប្រាក់កម្ចីធនាគារដល់បណ្តាគ្រួសារ ក្រុមហ៊ុន និងរដ្ឋាភិបាលថ្នាក់តំបន់ ក៏ដូចជាដាក់កម្រិតលើលំហូរចេញមូលធន»។

លោកបាននិយាយថា «ការធ្លាក់ចុះនៃសេដ្ឋកិច្ចចិននៅពេលបច្ចុប្បន្ន មិនមានជាប់ពាក់ព័ន្ធនឹងពាណិជ្ជកម្មអន្តរជាតិនោះទេ បើទោះបីជាផលប៉ះពាល់អវិជ្ជមានខ្លះបានកើតចេញពីសង្គ្រាមពាណិជ្ជកម្ម, សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងវីរុសរាតត្បាតក៏ដោយ។ ដើមចមពិតប្រាកដនៃវិបត្តិគឺយើងមានបញ្ហាបំណុលដ៏ធំនៅក្នុងតារាងតុល្យការរបស់យើង»។

លោកបានបន្ថែមថា «ចាប់ពីខែកក្កដា ឆ្នាំ ២០២១ ទីផ្សារអចលនទ្រព្យបានរងសម្ពាធពីគោលនយោបាយ ដែលជាហេតុធ្វើឱ្យសល់ផ្ទះនិងដីជាច្រើននៅក្នុងទីផ្សារ។ ដោយសារស្ថានភាពបែបនេះ ពលរដ្ឋ, ក្រុមហ៊ុន និងរដ្ឋាភិបាលថ្នាក់តំបន់ បានលក់ទ្រព្យសកម្មរបស់ពួកគេចោលក្នុងតម្លៃថោក ដែលជាហេតុនាំមកនូវការធ្លាក់ចុះតម្លៃអចលនទ្រព្យកាន់តែខ្លាំង និងបង្កឱ្យមានវិបត្តិបំណុលកាន់តែធ្ងន់ធ្ងរ»។

លោកបានព្រមានថា «ប្រទេសចិននឹងប្រឈមមុខនឹងការធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច ប្រសិនបើនៅតែមិនមានវិធានការដោះស្រាយ។ លោក Zhang Ming ដែលជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុនៅមូលនិធិដើម្បីការសិក្សាអំពីការអភិវឌ្ឍ និងការកែទម្រង់ (CITIC Foundation for Reform and Development Studies) បាននិយាយថា «វិធានការរឹតត្បិតរបស់រដ្ឋាភិបាលកណ្តាលលើវិស័យអចលទ្រព្យបានបង្កផលប៉ះពាល់ដល់សមត្ថភាព និងប្រាក់ចំណូលរបស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនៅក្នុងការទិញដីធ្លីនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»។

លោក Zhang បានបន្តថា «ដោយសាររដ្ឋាភិបាលថ្នាក់តំបន់មិនអាចបង្កើតប្រាក់ចំណូលឱ្យបានគ្រប់គ្រាន់តាមរយៈការលក់ដីធ្លី ពួកគេបានងាកទៅខ្ចីប្រាក់បន្ថែមដើម្បីបន្តគម្រោងវិនិយោគរបស់ពួកគេ។ បច្ចុប្បន្ននេះ រដ្ឋាភិបាលថ្នាក់តំបន់កំពុងប្រឈមមុខនឹងសម្ពាធចំណាយដ៏ធំ។ ពួកគេគួរតែត្រូវបានអនុញ្ញាតឱ្យយកពន្ធអាករថ្មីៗ ដូចជាពន្ធលើការប្រើប្រាស់ទំនិញ និងគួរទទួលបានការអនុញ្ញាតឱ្យផ្ទេរការចំណាយមួយផ្នែកលើរបបសន្តិសុខសង្គមនិងសុខាភិបាលទៅឱ្យរដ្ឋាភិបាលកណ្តាល ខណៈពេលដែលពួកគេកំពុងប្រឈមមុខនឹងប្រជាជនវ័យចំណាស់កាន់តែច្រើន»។

ដោយយោងតាមទិន្នន័យរបស់ IMF «លោក Zhang បាននិយាយថា អនុបាតបំណុលធៀប GDP សរុបរបស់រដ្ឋាភិបាលចិនមានប្រមាណ ១០៨% បើគិតត្រឹមពាក់កណ្តាលឆ្នាំ ២០២២ ដែលនៅមិនមានកម្រិតខ្ពស់នោះទេ បើប្រៀបធៀបនឹងចំនួន ១១០% នៅអាមេរិក»។ ប៉ុន្តែលោកបានបន្តថា «វាគឺជារឿងមិនសមទាល់តែសោះដែលរដ្ឋាភិបាលថ្នាក់តំបន់ត្រូវក្លាយជាអ្នកទូលរែកបំណុលភាគច្រើន»។

យោងតាមក្រសួងហិរញ្ញវត្ថុចិន «បំណុលរដ្ឋាភិបាលថ្នាក់តំបន់បានកើនឡើង ១៥,១% ដល់ទំហំទឹកប្រាក់ ៣៥,០៦ ទ្រីលានយ័ន (៥,០២ ទ្រីលានដុល្លារ) នៅត្រឹមចុងឆ្នាំ ២០២២ ពីចំនួន ៣០,៤៧ ទ្រីលានយ័ន កាលពីឆ្នាំ ២០២១»។ នៅថ្ងៃទី ១៥ ខែមិថុនា ការិយាល័យស្ថិតិជាតិចិនបានឱ្យដឹងថា «នៅខែឧសភា ទីក្រុងធំៗរបស់ចិនចំនួន ២៤ ក្នុងចំណោម ៧០ មានកំណត់ត្រាធ្លាក់ចុះនៃតម្លៃអចលទ្រព្យដែលទើបសាងសង់ថ្មីៗ បើប្រៀបធៀបនឹងចំនួនត្រឹមតែ ៧ ទីក្រុងកាលពីខែមេសា»។

ការិយាល័យស្ថិតិបានបន្ថែមថា «ទីក្រុងចំនួន ៥៥ បានរាយការណ៍អំពីការធ្លាក់ចុះនៃតម្លៃអចលទ្រព្យក្នុងទីផ្សារបន្ទាប់បន្សំ (Secondary Market) នៅខែឧសភា បើប្រៀបធៀបចំនួន ៣៤ នៅខែមេសា។ ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ តម្លៃអចលទ្រព្យជារួមបានធ្លាក់ចុះ ០,៩% ពីរយៈពេលដូចគ្នាកាលពីឆ្នាំមុន»។

អ្នកនាំពាក្យការិយាល័យស្ថិតិជាតិ លោក Fu Linghui បាននិយាយថា «ទីផ្សារអចលទ្រព្យកំពុងតែងើបឡើងវិញ និងកំពុងជួបប្រទះបញ្ហាប្រឈមមួយចំនួន។ តែនៅជំហានបន្ទាប់ សេដ្ឋកិច្ចចិននឹងបន្តងើបឡើងវិញ ហើយវិធានការគាំទ្ររបស់រដ្ឋាភិបាលនឹងអាចសម្រេចបានតាមគោលដៅ។ ការរំពឹងទុករបស់ទីផ្សារក៏នឹងមានភាពប្រសើរឡើងផងដែរ ដែលនឹងជួយផ្តល់ស្ថិរភាពដល់តម្លៃផ្ទះសម្បែង»។

លោក Yan Yuejin ដែលជានាយកមជ្ឈមណ្ឌលស្រាវជ្រាវ E-house China បាននិយាយថា «តម្លៃអចលនទ្រព្យបានធ្លាក់ចុះអស់រយៈពេលពីរខែជាប់ៗគ្នា គឺនៅខែមេសា និងឧសភា។ ដោយសារសម្ពាធខ្លាំងឡើងៗលើការលក់ ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យបានបន្ទាបតម្លៃនៅទីក្រុងមួយចំនួនកាលពីខែមុន ដែលជាហេតុបង្កផលប៉ះពាល់ដល់ទីផ្សារជារួម»។

ប្រធានអ្នកស្រាវជ្រាវ លោក Li Yujia នៅមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយលំនៅដ្ឋានរបស់ខេត្ត Guangdong បាននិយាយថា «អ្នកទិញផ្ទះដែលមានវ័យក្មេង ភ័យខ្លាចពុំហ៊ានទិញនោះទេ នៅពេលក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យបានដំឡើងថ្លៃនៅខែមេសា ហើយនេះជាមូលហេតុដែលក្រុមហ៊ុនអចលនទ្រព្យបានសម្រេចទម្លាក់តម្លៃវិញ»។ បើទោះបីជាធនាគារកណ្តាលចិនបានបន្ទាបអត្រាការប្រាក់ដើមលើប្រាក់កម្ចីចំនួន ១០ ពិន្ទុមូលដ្ឋាននៅថ្ងៃទី ២០ ខែមិថុនានេះក៏ដោយ ក៏អ្នកវិភាគមួយចំនួនបាននិយាយថា «ចំនួននេះនៅមិនគ្រប់គ្រាន់ដើម្បីស្តារស្ថានការណ៍ទីផ្សារមិនអំណោយផលនោះឡើយ»។

លោកស្រី Chen Wenjing ដែលជានាយកស្រាវជ្រាវទីផ្សារនៅ China Index Academy បានសរសេរក្នុងកំណត់ហេតុស្រាវជ្រាវមួយថា «នៅពេលសម្ពាធលើទីផ្សារអចលនទ្រព្យកំពុងកើនឡើងខ្លាំង មនុស្សកាន់តែច្រើននឹងរំពឹងថា រដ្ឋាភិបាលនិងធនាគារកណ្តាលនឹងដាក់ចេញនូវវិធានការគាំទ្រថ្មីៗ។ នៅពេលនោះក្រុមហ៊ុនអចលនទ្រព្យអាចនឹងខ្ចីប្រាក់បានងាយស្រួលជាងមុន ហើយនិយ័តករក៏អាចនឹងដាក់ឱ្យអនុវត្តនូវវិធានច្បាប់ថ្មីៗដើម្បីបន្ទាបការចំណាយលើប្រតិបត្តិការអចលនទ្រព្យផងដែរ»៕

Asia Times