ខ្មែរប៉ុស្ដិ៍ Close

មហិច្ឆតាតៃវ៉ាន់របស់លោក Xi Jinping បង្កការគំរាមកំហែងដល់ការកើនឡើងនៃឥទ្ធិពលរបស់ចិន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 1496
មហិច្ឆតាតៃវ៉ាន់របស់លោក Xi Jinping បង្កការគំរាមកំហែងដល់ការកើនឡើងនៃឥទ្ធិពលរបស់ចិនFile photo: AFP/Ludovic Marin

«សម្ងំលាក់ខ្លួន ដើម្បីរង់ចាំឱកាស» គឺជាដំបូន្មានដ៏ល្បីល្បាញរបស់លោក Deng Xiaoping ដែលបានជួយប្រទេសចិនយ៉ាងល្អប្រសើរនៅក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ។ លោក Deng ដែលគោលនយោបាយសេដ្ឋកិច្ចរបស់លោកបាននាំមកនូវការផ្លាស់ប្តូរប្រទេសចិន បានយល់ថា «ប្រសិនបើប្រទេសរបស់លោកអាចក្លាយជាអ្នកមាននិងរឹងមាំ កាប្រឈមមុខជាមួយលោកខាងលិចត្រូវតែចៀសវាងឱ្យបានជាដាច់ខាត»។

ប៉ុន្តែលោក Xi Jinping ដែលបានដឹកនាំប្រទេសចិនតាំងពីឆ្នាំ ២០១២ មក បានសម្រេចចិត្តថា «យុគសម័យសន្សំកម្លាំងដើម្បីរង់ចាំពេលវេលាបានចូលដល់ទីបញ្ចប់ហើយ»។ លោកបានលើកឡើងអំពីប្រទេសចិនដែលហ៊ានប្រយុទ្ធ។ បើទោះជាលោក Xi មិនមានន័យថា «ប្រទេសចិនគួរតែឈានទៅរកសង្រ្គាម» ក៏ដោយ ក៏លោកបានបង្ហាញសញ្ញាថា «ចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខនឹងគូប្រជែងអន្តរជាតិរបស់ខ្លួន»។

លោក Xi បានអះអាងថា «គោលនយោបាយរបស់លោកគឺជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់អាមេរិក»។ នៅក្នុងសុន្ទរកថាដែលលោកបានអំពាវនាវដល់ប្រជាជនចិនឱ្យហ៊ានតស៊ូប្រយុទ្ធ លោកបានចោទប្រកាន់អាមេរិកថាបានអនុវត្តគោលនយោបាយស្តីពីការទប់ស្កាត់ និងការបង្ក្រាបប្រទេសចិន។

ប៉ុន្តែការធ្វើវិនិច្ឆ័យរបស់លោក Xi អំពីស្ថានភាពរបស់ចិន គឺខុសនៅក្នុងចំណុចសំខាន់ៗ ៣។ បានមើលខុសអំពីចេតនារបស់អាមេរិក ដោយក្នុងនោះបានបំផ្លើសអំពីការគំរាមកំហែងដែលគោលនយោបាយរបស់អាមេរិកអាចបង្កមកលើសេដ្ឋកិច្ចរបស់ចិន ហើយក៏បានមើលស្រាលហានិភ័យនៃការប្រឈមមុខជាមួយអាមេរិកដែរ។

មន្ត្រីនិងអ្នកប្រាជ្ញចិនតែងតែជជែកគ្នាជាលក្ខណៈឯកជនថា «អាមេរិកកំពុងព្យាយាមរារាំងការកើនឡើងនៃឥទ្ធិពលរបស់ចិន តាមរយៈការទាញចិនឱ្យចូលទៅក្នុងសង្រ្គាមនៅកោះតៃវ៉ាន់»។ ប៉ុន្តែបើទោះបីជាអន្ទាក់បែបនេះកំពុងត្រូវបានបង្កើតឡើងនៅវ៉ាស៊ីនតោនមែន (តែវាមិនមែនទេ) វាពិតជាងាយស្រួលណាស់ក្នុងការជៀសវាងពីការជាប់អន្ទាក់នេះ។ លោក Xi គ្រាន់តែជៀសវាងពីការវាយប្រហារ ឬការឡោមព័ទ្ធតៃវ៉ាន់។

ដូចគ្នានឹងជប៉ុននៅមុនសង្គ្រាមលោកលើកទី ២ ដែរ គឺចិនបានត្អូញត្អែរថា «អាមេរិកកំពុងព្យាយាមខ្ទប់ដង្ហើមសេដ្ឋកិច្ចរបស់ខ្លួន»។ អាមេរិកបានបន្តបដិសេធរាល់ចេតនាបែបនេះ ដោយលើកហេតុផលថា «ការដាក់កំហិតលើការនាំចេញបច្ចេកវិទ្យារបស់អាមេរិក មានគោលដៅផ្តោតលើសមត្ថភាពប្រយុទ្ធប្រឆាំងនឹងសង្គ្រាមរបស់ចិន»។ ប៉ុន្តែបើទោះបីជាអាមេរិកមានផែនការរារាំងកំណើនសេដ្ឋកិច្ចរបស់ចិនក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែងបែបនេះនឹងមិនទទួលជោគជ័យនោះទេ។

យន្តហោះចម្បាំងចិន J-15 ហោះចេញពីនាវាផ្ទុកយន្តហោះ Shandong អំឡុងពេលល្បាតត្រៀមប្រយុទ្ធ និងសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់ ដោយបញ្ជាការកងទ័ពភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន (PLA) កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៣ ។

ដូចប្រទេសភាគច្រើនដែរ ប្រទេសចិនមានចំណែកនៅក្នុងការបង្កើតឱ្យមានបញ្ហា។ ប៉ុន្តែកំណើនសេដ្ឋកិច្ចរបស់ចិននៅតែមានលក្ខណៈគួរឱ្យចាប់អារម្មណ៍ ខណៈដែលនៅឆ្នាំនេះចិនត្រូវបានគេព្យាករថានឹងក្លាយជា ប្រទេសនាំចេញរថយន្តធំជាងគេបំផុតរបស់ពិភពលោក ដោយនឹងឡើងមកជំនួសតំណែងរបស់ជប៉ុន។ ចិនកំពុងធ្វើកិច្ចការបានយ៉ាងល្អ ជាពិសេសពាក់ព័ន្ធនឹងរថយន្តអេឡិចត្រូនិចដែលអាចនឹងមានវត្តមាននៅគ្រប់ទីកន្លែងនៅពេលអនាគត។

លោក Bill Gates បានលើកឡើងថា «ការហាមឃាត់ការនាំចេញបច្ចេកវិទ្យារបស់អាមេរិកអាចជំរុញឱ្យចិនព្យាយាមបង្កើនការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបានកាន់តែលឿនជាងមុន»។ ស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះបាននិយាយនៅពេលថ្មីៗនេះថា «ខ្ញុំមិនគិតថាអាមេរិកនឹងទទួលបានជោគជ័យក្នុងការរារាំងចិន ពីការទទួលបានបន្ទះឈីបនោះទេ»។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនដ៏មានឥទ្ធិពលបំផុតនៅលោកខាងលិច ដូចជា Tim Cook បានបញ្ជាក់យ៉ាងច្បាស់ថា «ពួកគេគ្មានចេតនាដើរចេញពីប្រទេសចិនឡើយ»។

លោកXi គួរយល់ថា «អំណាចនយោបាយពិភពលោកគឺកើតចេញពីអំណាចសេដ្ឋកិច្ច»។ ចិនមិនចាំបាច់ឈ្នះសង្រ្គាមបាញ់ប្រហារគ្នាដើម្បីអាចពង្រីកអំណាច និងឥទ្ធិពលអន្តរជាតិរបស់ខ្លួននោះទេ។ ការធ្វើពាណិជ្ជកម្ម, ការផ្តល់ជំនួយនិងការវិនិយោគនឹងជួយចិនឱ្យសម្រេចគោលដៅនេះ ដោយមិនចាំបាច់ត្រូវប្រឈមមុខនឹងហានិភ័យនិងការបង្ហូរឈាម។ ប្រទេសជាង ១២០ នៅជុំវិញពិភពលោក មានដៃគូពាណិជ្ជកម្មដ៏ធំបំផុតគឺ «ប្រទេសចិន» ដែលបានវ៉ាដាច់អាមេរិកយ៉ាងឆ្ងាយ ហើយរឿងនេះពិតជាបានផ្តល់នូវឥទ្ធិពលដ៏ខ្លាំងក្លាដល់ប្រទេសចិន។

អាមេរិកមានការខកចិត្តដែលប្រទេសជាច្រើននៅក្នុងតំបន់ Global South បានរក្សាជំហរអព្យាក្រឹតជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ ប៉ុន្តែប្រទេសដែលងាកទៅរកចិនកាន់តែខ្លាំងសម្រាប់ពាណិជ្ជកម្មនិងការវិនិយោគ ដូចជា ប្រេស៊ីល ឬឥណ្ឌូណេស៊ី នឹងនៅតែទទួលស្តាប់យ៉ាងយកចិត្តទុកដាក់ទាំងពីសំណាក់ចិននិងអាមេរិក ពាក់ព័ន្ធនឹងបញ្ហាអន្តរជាតិធំៗ។ វាក៏ដូចគ្នាដែរសម្រាប់ប្រទេសដែលជំពាក់បំណុលចិនយ៉ាងច្រើន ដូចជាស្រីលង្កា, ប៉ាគីស្ថាន, អង់ហ្គោឡា ឬសំប៊ី។

សមត្ថភាពរបស់ចិនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ក៏បង្កើតបានជាឥទ្ធិពលផងដែរ។ មន្ត្រីអាមេរិកម្នាក់បាននិយាយថា «អាមេរិកមិនអាចប្រកួតប្រជែងជាមួយនឹងលុយដែលចិនបានចំណាយ នៅតំបន់អាស៊ីអាគ្នេយ៍បាននោះទេ»។ ឥទ្ធិពលរបស់ចិនបានលាតសន្ធឹងកាន់តែឆ្ងាយ ដោយក្នុងនោះក្រុមហ៊ុនចិនបច្ចុប្បន្នកំពុងសាងសង់ប្រព័ន្ធរថភ្លើងក្រោមដីនៅក្នុងរដ្ឋធានីនៃប្រទេសអេហ្ស៊ីប និងកូឡុំប៊ី។ ដូច្នេះ «តើអ្វីអាចត្រូវបានចាត់ទុកជារឿងខុស?» ចម្លើយដ៏ច្បាស់លាស់បំផុតគឺ «សង្គ្រាម»។ ចិនកំពុងត្រៀមឈ្លានពានតៃវ៉ាន់។

វោហាសាស្ត្រជាតិនិយមរបស់លោក Xi កំពុងបង្កើតនូវបញ្ហាដ៏គ្រោះថ្នាក់នៅទីក្រុងប៉េកាំង។ លោក Tong Zhao ដែលជាអ្នកសិក្សាស្រាវជ្រាវមួយរូបបានលើកឡើងនូវការព្រួយបារម្ភថា «មេដឹកនាំរបស់ចិនកំពុងរុញខ្លួនឯងឱ្យទាល់ច្រកនៅតៃវ៉ាន់»។ ប៉ុន្តែប្រសិនបើលោក Xi សម្រេចចាត់វិធានការចំពោះកោះតៃវ៉ាន់ ហើយអាមេរិកលូកដៃចូលមកក្នុងជម្លោះ ដូចដែលប្រធានាធិបតី Joe Biden បានសន្យាមែននោះ មេដឹកនាំចិនច្បាស់ជានឹងចាប់ផ្តើមសង្រ្គាមលោកលើកទី៣ ជាមួយនឹងផលវិបាកដែលមិនអាចគណនាបានសម្រាប់ប្រទេសរបស់លោក និងសម្រាប់ពិភពលោកទាំងមូល។

លោកស្រី Tsai In-Wen, AP

បើទោះជាតៃវ៉ាន់សុខចិត្តចុះចាញ់យ៉ាងឆាប់រហ័ស ឬអាមេរិកឈរអោបដៃមើលនៅម្ខាងក៏ដោយ ក៏មុខមាត់របស់ចិននៅលើឆាកអន្តរជាតិនឹងផ្លាស់ប្តូរជារៀងរហូត។ គ្រប់ក្រុមហ៊ុនលោកខាងលិច ឬប្រទេសដែលបច្ចុប្បន្នកំពុងឈរនៅកណ្តាល អាចនឹងសម្រេចចូលរួមនៅក្នុងយុទ្ធនាការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹង។ សកលភាវូបនីយកម្មសេដ្ឋកិច្ចនឹងរងនូវការបែកបាក់ជាមួយនឹងការផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរសម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។

បើទោះបីជាមានហានិភ័យបែបនេះក៏ដោយ ក៏លោក Xi អាចនឹងនៅតែយល់ថា «ការវាយលុកតៃវ៉ាន់ដោយជោគជ័យនឹងផ្តល់ឱ្យលោកនូវទីតាំងនៅក្នុងសៀវភៅប្រវត្តិសាស្ត្រ ក្នុងនាមជាមេដឹកនាំដែលអាចសម្រេចបាននូវការស្តារឡើងវិញដ៏អស្ចារ្យសម្រាប់ប្រជាជនចិន»។ ប៉ុន្តែមេដឹកនាំដែលផ្តោតសំខាន់លើសៀវភៅប្រវត្តិសាស្ត្រ តែងតែមិនអាចសមតាមបំណងដែលពួកគេចង់បាននោះឡើយ។

លោក Putin គឺជាមេដឹកនាំបុរសខ្លាំងចុងក្រោយគេបង្អស់ដែលក្តីសង្ឃឹមសម្រាប់សង្រ្គាមដ៏ខ្លីនិងរុងរឿងបានប្រែក្លាយទៅជាបញ្ហាខុសឆ្គងយ៉ាងធ្ងន់ធ្ងរ។ លោកPutin កំពុងដឹកនាំប្រទេសមួយ ដែលនឹងមិនអាចឈោងទៅចាប់បាន នូវឋានៈជាមហាអំណាច ដោយផ្អែកលើកម្លាំងសេដ្ឋកិច្ចនោះទេ។ លោក Xi នៅតែមានមធ្យោបាយសេដ្ឋកិច្ចដើម្បីដើរឆ្ពោះទៅរកភាពអស្ចារ្យរបស់ជាតិ ហើយលោកគួរតែជ្រើសរើសយកផ្លូវនេះ៕

Channel News Asia

អត្ថបទទាក់ទង