ធនាគារ និងមីក្រូហិញ្ញវត្ថុនៅកម្ពុជា ផ្តល់ឥណទានសរុបជាង ៤៧ពាន់លានដុល្លារ ដល់ប្រជាជនជាង ៤.៨លាននាក់
គិតត្រឹមខែធ្នូឆ្នាំ២០២២ គ្រឹះស្ថានធនាគារ និងមីក្រូហិញ្ញវត្ថុ បានផ្តល់ឥណទាន សរុបចំនួន ១៩៥ ៤៣៩ ២៣៤ លានរៀល ឬប្រមាណជាង ៤៧ពាន់លានដុល្លារ ដល់ប្រជាជនចំនួន ៤.៨លាននាក់ នៅក្នុង ២៥រាជធានីខេត្ត។ បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនក្រេឌីតប្យូរ៉ូ ហៅកាត់ថា CBC។
បើតាម CBC រាជធានីខេត្តចំនួន៤ គឺរាជធានីភ្នំពេញ កណ្តាល សៀមរាប និងបន្ទាយមានជ័យ បានផ្តល់ឥណទានជិត ៦០% នៃសមតុល្យឥណទានសរុប។
ក្នុងនោះរាជធានីភ្នំពេញ មានបរិមាណឥណទានច្រើនជាងគេចំនួន ជាង ៨១ទ្រីលានរៀល ស្មើនឹង ៤២% នៃឥណទានសរុបទូទាំងប្រទេស និងមានអ្នកខ្ចីប្រាក់សរុបចំនួន ៦១.៧ម៉ឺននាក់។ បន្ទាប់មក គឺខេត្តកណ្តាលមានបរិមាណឥណទានសរុបជាង ១១ទ្រីលានរៀល ឬស្មើនឹង ៥.៩% និងមានអ្នកខ្ចីសរុបចំនួន ៣៧.៤ម៉ឺននាក់។ បន្ទាប់មកទៀត គឺខេត្តសៀមរាប ដែលមានបរិមាណខ្ពស់លំដាប់ទី៣ ពោលគឺមានប្រមាណជាង ១០ទ្រីលានរៀល ស្មើនឹង ៥.៣% និងមានអ្នកខ្ចីចំនួន ៣១.៦ ម៉ឺននាក់។
ចំណែកខេត្តបន្ទាយមានជ័យ គឺជាខេត្តដែលមានបរិមាណឥណទានខ្ពស់លំដាប់ទី៤ ក្នុងបរិមាណជាង ១០ទ្រីលានរៀល ស្មើនឹង ៥.១% និងមានអ្នកខ្ចីចំនួន ២១.៨ ម៉ឺននាក់។ ដោយឡែកខេត្តដែលមានបរិមាណឥណទានទាប នៅឡើយក្រោម ១ពាន់លានរៀល មានដូចជាខេត្តមណ្ឌលគិរី ប៉ៃលិន និងកែប។
CBC បានឱ្យដឹងផងដែរ ៧៦% នៃអតិថិជនទូទាំងប្រទេសបានខ្ចីប្រាក់ពី ១ ស្ថាប័នប៉ុណ្ណោះ និងប្រហែល ១៩% នៃអតិថិជនទូទាំងប្រទេសខ្ចីប្រាក់ ២ស្ថាប័ន ហើយ ៥% ខ្ចីប្រាក់ពី ៣ ស្ថាប័ន។ ខេត្តស្វាយរៀង ព្រះសីហនុ និងរាជធានីភ្នំពេញ មានអត្រាអ្នកខ្ចីប្រាក់តែពី ១ ស្ថាប័នខ្ពស់ជាងគេលើសពី ៨០% ដែលជាអត្រាល្អមួយ។
សម្រាប់ការប៉ាន់ស្មានទំហំទីផ្សារវិញ គិតត្រឹមចុងឆ្នាំ ២០២២ អត្រានៃការប្រើប្រាស់ឥណទានជាមធ្យមនៅក្នុងខេត្តនីមួយៗមានប្រមាណ ៤៧% បើធៀបនឹងប្រជាជនសរុបដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ខេត្តដែលមានអត្រានៃការប្រើប្រាស់ឥណទានច្រើនជាងគេ គឺរាជធានីភ្នំពេញប្រមាណ ៦៣% ព្រះវិហារ ៦២% កំពង់ស្ពឺ ៦១% ប៉ៃលិន ៥៨% មណ្ឌលគិរី ៥៧% ឧត្តរមានជ័យ ៥៧%។ ចំណែកខេត្តដែលប្រើប្រាស់ឥណទានទាបជាងគេក្រោម ៤០% គឺខេត្តត្បូងឃ្មុំ និងបាត់ដំបង។
ចំពោះគុណភាពឥណទានវិញ គិតត្រឹមចុងឆ្នាំ ២០២២ ចំពោះការសងត្រឡប់យឺតលើសពី ៩០ថ្ងៃមានចំនួន ២.២% ប៉ុណ្ណោះ។ ខេត្តដែលមានអត្រាសងត្រឡប់យឺតលើសពី ៩០ថ្ងៃទាបជាងគេ គឺខេត្តតាកែវ កែប ព្រៃវែង ស្វាយរៀង ស្ទឹងត្រែង និងកំពត៕
Fresh News