តាមរយៈការអនុវត្តនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម ៧% និងឆ្លងផុតពីប្រទេសមានចំណូលទាប
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី «គុណភាពនៃការ អនុវត្តន៍ហ្វឹកហ្វឺនកូនជាងសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក» នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ដែលរៀបចំដោយអង្គការអន្តរជាតិខាងការងារ (ILO)។ វគ្គបណ្តុះបណ្តាលនេះមាន រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១០-១៤ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ ១. បង្កើនការយល់ ដឹងដល់សិក្ខាកាមពីការហ្វឹកហ្វឺនកូនជាង, ២. ចែករំលែកបទពិសោធន៍ ការចុះអធិការកិច្ចការងារហ្វឹកហ្វឺនកូនជាងរវាងប្រទេសនិងប្រទេសក៏ដូចជាក្នុងតំបន់, ៣. កំណត់ធាតុគន្លឹះដែលជាការអនុវត្តន៍ល្អនៃស្ថាប័ន ក្នុងការ អភិវឌ្ឍ និងអនុវត្ត ហ្វឹកហ្វឺនកូនជាងឱ្យមានគុណភាព, និង៤. រៀបចំផែនការ សកម្មភាពដើម្បីលើកកម្ពស់គុណភាពនៃកម្មវិធីហ្វឹកហ្វឺនកូនជាង។
វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមមកពីប្រទេសចំនួន៩ រួមមាន ប្រទេសបង់ក្លាដែស កម្ពុជា ឥណ្ឌា ឥណ្ឌូណេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាម ព្រមទាំងមានការចូលរួមពីដៃគូអភិវឌ្ឍន៍មកពីប្រទេសកម្ពុជា កូរ៉េ ភូមា ស្វីស អ៊ីតាលី ចិន ឥណ្ឌូណេស៊ី ឥណ្ឌា វៀតណាម ថៃ និងភ្នាក់ងារ អភិវឌ្ឍន៍ផ្សេងទៀត។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ លោករដ្ឋមន្រ្តី អ៊ិត សំហេង បានមាន ប្រសាសន៍លើកឡើងថា សម្រាប់កម្ពុជា តាមរយៈការអនុវត្តនូវយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាលបានធ្វើឱ្យកម្ពុជាបន្តទទួលបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម៧% និងបានឆ្លងផុតពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូល មធ្យមកម្រិតទាបជាផ្លូវការនៅឆ្នាំ២០១៥។
ការសម្រេចបាននូវការរីកចម្រើន និងការផ្លាស់ប្តូរដ៏គួរឱ្យស្ញប់ស្ញែងនេះ ជាមួយនឹងការអនុវត្តគោលនយោបាយបែរមុខទៅផ្តល់ការគាំទ្រដល់ការបង្កើតការងាររបស់រាជរដ្ឋាភិបាលដោយការចាត់ទុកការងារ និងមុខរបរ គឺជាការគាំពារសង្គមដ៏ប្រសើរបំផុតបានផ្តល់លទ្ធភាពឱ្យកម្ពុជាអាចបង្កើតការងារបានកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋជាពិសេសសម្រាប់យុវជនដែលដល់អាយុធ្វើការក្នុងចំនួនដ៏ច្រើនក្នុងមួយឆ្នាំៗនិងកម្លាំងពលកម្មដែលបានចាកចេញពីវិស័យកសិកម្មក្នុងគោលបំណងស្វែងរកអនាគតប្រសើរជាងនៅក្នុងវិស័យឧស្សាហកម្មនិងសេវាកម្ម។
ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញ និងធនធានមនុស្ស និងការធ្វើឱ្យ ប្រសើរឡើងនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យស្រប តាមតម្រូវការទីផ្សារការងាររួមទាំងបង្កើតវិធានការជំរុញ និងលើកទឹកចិត្ត ដល់អ្នកសិក្សា តាមរយៈធ្វើការងារ ការហាត់ការ និងការហ្វឹកហ្វឺនកូនជាង ដូចមានចែងក្នុងច្បាប់ស្តីពីការងារត្រង់ជំពូកទី៣ ដែលមាន ១៤ មាត្រា (មាត្រា៥១-៦៤) ជាពិសេសក្នុងមាត្រា៥៧ បាន ចែងថា សហគ្រាសទាំង ឡាយដែលមានប្រើប្រាស់ កម្មករនិយោជិតច្រើនជាងហុកសិបនាក់ ត្រូវតែ មានកូនជាងចំនួនស្មើនឹងមួយភាគដប់ (មានន័យថា ១០%) នៃចំនួនកម្មករ និយោជិតដែលធ្វើការក្នុងសហគ្រាសនោះ។
ចាប់តាំងពីឆ្នាំ២០១៣ ដល់ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រសួង បានធ្វើការហ្វឹកហ្វឺន កូនជាងនៅតាមបណ្តាសហគ្រាសគ្រឹះស្ថាន សរុបចំនួន ៨៥៩៩៧ នាក់ ស្រី ៦៣១៤៥ នាក់ ដោយការអនុវត្តកន្លងមកនេះបានជួបប្រទះនូវបញ្ហាប្រឈម មួយចំនួនដូចជា៖
(១). សហគ្រាស គ្រឹះស្ថានខ្លះមិនទាន់យល់ពីនិយមន័យនៃការហ្វឹក ហ្វឺនកូនជាង
(២). សហគ្រាសគ្រឹះស្ថានខ្លះយល់ថាការងារនេះជាកាតព្វកិច្ចរបស់រដ្ឋ
(៣). និយោជកមិនចង់អនុវត្តព្រោះគាត់យល់ឃើញថាការជ្រើសរើស កម្មករនិយោជិតមកបម្រើការងារសុទ្ធតែមានជំនាញ
(៤). ការចំណាយច្រើនលើការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង
(៥). សហគ្រាសគ្រឹះស្ថានប្តូរឈ្មោះ និងទីតាំងដោយមិនបានជូនដំណឹង
(៦). សហគ្រាសគ្រឹះស្ថានផ្តល់ទិន្នន័យមិនច្បាស់លាស់ អំពីចំនួនកម្មករនិយោជិត
(៧). ខ្វះខាតថវិកានិងមធ្យោបាយសម្រាប់ចុះត្រួតពិនិត្យ និងវាយតម្លៃកម្មវិធីហ្វឹកហ្វឺនកូនជាង៕