ខ្មែរប៉ុស្ដិ៍ Close

ភាពសមហេតុផល នៃប្រតិកម្មរបស់កម្ពុជាចំពោះ AUKUS

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 112
ភាពសមហេតុផល នៃប្រតិកម្មរបស់កម្ពុជាចំពោះ AUKUS លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​សហភាព​អឺរ៉ុប-អាស៊ាន នៅ​ទីស្នាក់ការ​ក្រុម​ប្រឹក្សា​អឺរ៉ុប ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​ប៊ែលហ្សិក កាលពី​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ (រូបថត៖ John Thys/AFP)

កាលពីថ្ងៃទី ១៤ ខែមីនា ប្រធានាធិបតី Joe Biden, នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Rishi Sunak និង នាយករដ្ឋមន្ត្រីអូស្ត្រាលី Antony Albanese បានផ្តល់ព័ត៌មានថ្មីៗអំពីផែនការត្រីភាគី ដែលនឹងផ្តល់ឱ្យកងទ័ពជើងទឹកអូស្ត្រាលី «Royal Australian» នូវនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។

ចាប់តាំងពីពេលនោះមក បញ្ហានេះក៏បានទទួលនូវការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងចំពោះរបៀបដែលបណ្តាប្រទេសអាស៊ាននឹងឆ្លើយតបចំពោះកិច្ចព្រមព្រៀងនេះ និងថា «តើកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់អូស្ត្រាលីក្នុងការដោះស្រាយក្តីកង្វល់ក្នុងតំបន់ចំពោះកិច្ចព្រមព្រៀងអូស្ត្រាលី-ចក្រភពអង់គ្លេស-អាមេរិក (AUKUS) នឹងមានការវិវឌ្ឍជាវិជ្ជមានដែរឬទេ»។

ក្នុងចំណោមរដ្ឋអាស៊ាន ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី គឺជាប្រទេសដែលបានបញ្ចេញមតិច្រើនជាងគេ ដោយសារការគ្រប់គ្រងដែនទឹកប្រជុំកោះរបស់ពួកគេអាចនឹងបង្កផលប៉ះពាល់ដោយផ្ទាល់ដល់នាវាមុជទឹក AUKUS របស់អូស្ត្រាលី នៅក្នុងរយៈពេល ៣ ទសវត្សរ៍ខាងមុខ។ ក្នុងនាមជាសមាជិកអាស៊ានដីគោកដ៏តូចមួយ ជាមួយនិងសមត្ថភាពដែនសមុទ្រដ៏តិចតួច កម្ពុជាបានសម្តែងនូវការសង្ស័យមួយចំនួនចំពោះ AUKUS ក៏ប៉ុន្តែវាមិនមែនជាអរិភាពទាំងស្រុងចំពោះកិច្ចព្រមព្រៀងនេះទេ។

សូមអាន ការប្រកាសអំពីនាវាមុជទឹករបស់ AUKUS ដែលគ្រប់គ្នាបានទន្ទឹងរង់ចាំជាយូរ នឹងកើតមានក្នុងពេលឆាប់ៗនេះ៖ តើយើងគួររំពឹងអ្វីខ្លះអំពីរឿងនេះ?

ការឆ្លើយតបរបស់កម្ពុជាចំពោះ AUKUS មិនសូវមានលក្ខណៈគួរឱ្យកត់សម្គាល់ខ្លាំងនោះទេ។ បើប្រៀបធៀបទៅនឹងឥណ្ឌូណេស៊ីនិងម៉ាឡេស៊ី សេចក្តីថ្លែងការណ៍ជាសាធារណៈរបស់កម្ពុជាស្តីពី AUKUS មិនបានបង្ហាញនូវភាពម៉ឺងម៉ាត់ខ្លាំងនោះឡើយ ដោយបានត្រឹមលើកឡើងនូវក្តីសង្ឃឹមថា «AUKUS នឹងមិនជំរុញឱ្យមានការប្រកួតប្រជែងដ៏តានតឹងនោះទេ»។

ដូចគ្នានេះដែរនៅក្នុងការស្ទង់មតិលើបណ្តារដ្ឋអាស៊ីអាគ្នេយ៍នៅឆ្នាំ ២០២២ ដែលត្រូវបានចេញផ្សាយដោយវិទ្យាស្ថាន ISEAS-Ishak Yusof «អ្នកឆ្លើយសំណួរកម្ពុជា ២៥,៩% បានចាត់ទុក AUKUS ជាការប្រឆាំងនឹងតុល្យភាពអំណាចយោធាចិនដែលកំពុងកើនឡើង ខណៈដែល ២៨,៤% បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងនាំមកនូវការប្រកួតប្រជែងសព្វាវុធក្នុងតំបន់»។

ប្រតិកម្មខុសគ្នានេះបានបង្ហាញអំពីរបៀបដែលសហគមន៍យុទ្ធសាស្ត្រ និងគោលនយោបាយការបរទេសរបស់កម្ពុជាបានចាត់វិធានការយ៉ាងប្រុងប្រយ័ត្ន ប៉ុន្តែមិនអរិភាពចំពោះ AUKUS ។ អ្នកសារព័ត៌មាន និងអ្នកស្រាវជ្រាវលោកខាងលិចបានច្រានចោលជំហររបស់កម្ពុជាលើ AUKUS ដោយផ្អែកទៅលើការសន្និដ្ឋានថា «ប្រតិកម្មរបស់កម្ពុជាចំពោះភាពជាដៃគូត្រីភាគីនេះ បានរងនូវឥទ្ធិពលចម្បងពីទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ខ្លួនជាមួយចិន»។

ប៉ុន្តែ​វាមាន​ហេតុផល​ចំនួន ដែល​នៅ​ពីក្រោយ​ជំហរ​​របស់​កម្ពុជា៖

ទី១ «ចាប់តាំងពី AUKUS ត្រូវបានបង្ហាញជាលើកដំបូងកាលពី ១៨ ខែមុន ភាពយ៉ាប់យ៉ឺននៅក្នុងទំនាក់ទំនងរវាងអាមេរិកនិងចិនបានបន្តកើនឡើងឥតឈប់ឈរ ជាមួយនឹងភាពតានតឹងកាន់តែខ្លាំងឡើងនៅកោះតៃវ៉ាន់ និងជម្លោះជុំវិញបាឡុងឃ្លាំមើលរបស់ចិន ដែលបានហោះហើរលើទឹកដីអាមេរិក»។

ជាមួយទីតាំងស្ថិតនៅចំកណ្តាលតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាបានតាមដានយ៉ាងព្រួយបារម្ភអំពីលទ្ធភាពនៃជម្លោះយោធារវាងចិននិងអាមេរិក ដែលអាចជះឥទ្ធិពលភ្លាមៗមកលើប្រទេសដែលនៅជិតខាង។ ប្រសិនបើប្រវត្តិសាស្ត្រសង្គ្រាមត្រជាក់គឺជាឧទាហរណ៍ កម្ពុជាយល់ថា «ជម្លោះបែបនេះច្បាស់ជានឹងបង្កផលប៉ះពាល់ដល់ស្ថិរភាពក្នុងស្រុក និងស្ថិរភាពក្នុងតំបន់»។

ដោយផ្អែកលើគោលការណ៍នយោបាយការបរទេសដែលមានចែងក្នុងរដ្ឋធម្មនុញ្ញស្តីពី «ការមិនជ្រៀតជ្រែក» កម្ពុជាមិនមានភាពចាំបាច់ណាមួយក្នុងការប្រឆាំងនឹងការសម្រេចចិត្តរបស់អូស្ត្រាលី ក្នុងការពង្រឹងសមត្ថភាពក្រោមបាតសមុទ្រកម្រិតខ្ពស់របស់ខ្លួនក្រោមកិច្ចព្រមព្រៀង AUKUS ឡើយ។

ទោះជាយ៉ាង​ណា​ក៏​ដោយ AUKUS បានបង្ហាញអំ​ពី​ការ​ធ្លាក់​ចុះ​យ៉ាង​ទូលំទូលាយ​នៅក្នុង​ស្ថិរភាព និង​ការកើនឡើងនៃភាព​តានតឹង​ផ្នែក​យោធា​​នៅ​ទូទាំង​ឥណ្ឌូ​-ប៉ាស៊ីហ្វិក។ ជាងនេះទៅទៀត ដែនសមុទ្រក្នុងតំបន់នៅជុំវិញប្រទេសកម្ពុជា និងផ្លូវសមុទ្រសំខាន់ៗដែលការធ្វើពាណិជ្ជកម្មរបស់កម្ពុជាបាននិងកំពុងពឹងផ្អែក នឹងកាន់តែមានភាពស្មុគស្មាញ ដោយក្នុងនោះវៀតណាម, ថៃ និងមហាអំណាចក្នុងតំបន់ផ្សេងទៀត អាចនឹងប្រញាប់ប្រញាល់បញ្ជាទិញសមត្ថភាពដែនសមុទ្រកម្រិតខ្ពស់ និងដ៏សាហាវ។

ដូច្នេះកងទ័ពជើងទឹក​ដ៏តូចរបស់​កម្ពុជាអាចនឹងជួបប្រទះនឹងការលំបាកកាន់តែខ្លាំង​។ មនុស្សមួយចំនួនបានអះអាងថា «AUKUS គឺផ្តោតលើការរារាំង, មិនមែនការ ឈ្លានពានទេ»។ ប៉ុន្តែការពិតដែលថា «អូស្ត្រាលីត្រូវការពង្រឹងសមត្ថភាពរារាំងរបស់ខ្លួន» បានបញ្ជាក់អំពីការពិតដ៏អាក្រក់មួយ ដែលនោះគឺ «លទ្ធភាពនៃការកើតមានភាពតានតឹង ឬជម្លោះយោធាដោយចៃដន្យនៅក្នុងតំបន់ជិតខាងរបស់កម្ពុជា»។

ទី២ «កម្ពុជា​មានការព្រួយបារម្ភ​ អំពី​របៀប​ដែល AUKUS អាចនឹងបង្កផលប៉ះពាល់​ដល់ការមិនរីកសាយភាយនុយក្លេអ៊ែរជាអន្តរជាតិ»។ ក្នុងនាមជាភាគីផ្តល់សច្ចាប័នដល់សន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT), សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ (TPNW) និងសន្ធិសញ្ញាតំបន់គ្មានអាវុធនុយក្លេអ៊ែរអាស៊ីអាគ្នេយ៍ (SEANFWZ) កម្ពុជាបានធ្វើការរួមគ្នាជាមួយសហគមន៍អន្តរជាតិដើម្បីពង្រឹងភាពមិនរីកសាយភាយ និងដើម្បីទប់ស្កាត់ការរីករាលដាលនៃសារធាតុនុយក្លេអ៊ែរ។

ជាឧទាហរណ៍ : កម្ពុជាបានអនុវត្តតាមយ៉ាងតឹងរ៉ឹងបំផុតចំពោះការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងប្រទេសកូរ៉េខាងជើងដែលខ្លួនធ្លាប់មានទំនាក់ទំនងជាមួយតាំងពីសម័យសង្គ្រាមត្រជាក់។ ដោយមើលឃើញអំពីកំណត់ត្រាស្តីពីការមិនរីកសាយរបស់អូស្ត្រាលី និងទំនាក់ទំនងដ៏ចាស់ទុំដែលអូស្ត្រាលីបានបន្តពង្រឹងជាមួយកម្ពុជានៅក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកនេះ កម្ពុជាបានព្យាយាមស្វែងយល់អំពីហេតុផល និងការពន្យល់របស់អូស្ត្រាលីពាក់ព័ន្ធនឹង AUKUS ។

ទោះជាយ៉ាងណាក៏ដោយ កម្ពុជាមិនអាចព្រងើយកន្តើយទាំងស្រុងនោះទេចំពោះការពិតដែលថា «ការប្រើប្រាស់របស់អូស្ត្រាលីនូវចន្លោះប្រហោងនៅក្នុងសន្ធិសញ្ញា NPT ដែលអនុញ្ញាតឱ្យមានការប្រើប្រាស់សារធាតុ Fissile Material នៅក្នុងន័យយោធាដែលពុំមានការពាក់ព័ន្ធទៅនឹងការបំផ្ទុះនឹងមិនស្ថិតក្រោមការឃ្លាំមើលរបស់ទីភ្នាក់ងារថាមពលអាតូមីកអន្តរជាតិ (International Atomic Energy Agency) នោះទេ»។

សកម្មភាពនេះនឹងបង្កើត​ជា​គំរូ​សម្រាប់​ប្រទេស​ផ្សេង​ទៀត​ឱ្យធ្វើ​តាម។ ដោយសារភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងទំនាក់ទំនងរវាងអាមេរិកនិងចិន លទ្ធភាពដែលអូស្ត្រាលីអាចនឹងប្រើប្រាស់ចន្លោះប្រហោងនៅក្នុង NPT ដើម្បីទទួលបានអាវុធនុយក្លេអ៊ែរសម្រាប់ការរារាំងគឺមានកម្រិតទាប តែក៏មិនមែនទាបដល់សូន្យនោះដែរ។ កម្ពុជាក៏គួរចងចាំផងដែរថា «អូស្ត្រាលីមិនមែនជាសមាជិកនៃសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ (TPNW) ដែលកម្ពុជាបានផ្តល់សច្ចាប័ននៅឆ្នាំ ២០២១ ទេ»។

ទី៣ «ប្រតិកម្មរបស់កម្ពុជាចំពោះ AUKUS អាចត្រូវបានពន្យល់ដោយអ្វីដែលកម្ពុជាយល់ថាជាការលាក់ពុតរបស់លោកខាងលិច និងជាការអនុវត្តស្តង់ដារ ២»។ អាមេរិកនិងសម្ព័ន្ធមិត្តបានចាត់ទុក AUKUS ជាទម្រង់នៃការរារាំង ក៏ប៉ុន្តែការធ្វើទំនើបកម្មរបស់កម្ពុជាលើមូលដ្ឋានទ័ពជើងទឹករបស់ខ្លួននៅរាម បែរជាត្រូវបានអាមេរិកនិងសម្ព័ន្ធមិត្តចាត់ទុកជាសញ្ញាមួយដែលបង្ហាញថា «កម្ពុជាគឺជារដ្ឋរណបរបស់ចិន» និងជា «ការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់» ទៅវិញ។

ការអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តីពី AUKUS នៅ ថ្ងៃទី ១៧ ខែមីនា បានបញ្ជាក់យ៉ាងច្បាស់អំពីរឿងទាំងនេះ។ លោកបាននិយាយថា «លោកយល់ថានាវាមុជទឹក AUKUS របស់អូស្ត្រាលីនឹងដំណើរការដោយថាមពលនុយក្លេអ៊ែរ ហើយវាមិនមែនជាអាវុធនុយក្លេអ៊ែរទេ»។ ប៉ុន្តែលោកបានចោទសួរថា «ហេតុអ្វីបានជាអាមេរិកនិងសម្ព័ន្ធមិត្តមិនយល់អំពីការអះអាងដដែលៗរបស់កម្ពុជាអំពីការមិនមានវត្តមានផ្តាច់មុខរបស់ចិននៅឯមូលដ្ឋានទ័ពជើងទឹកនៅរាម»។

សូមអាន តើចិននឹងឆ្លើយតបយ៉ាងដូចម្តេច នៅពេលដែលអាមេរិកងាកមកពង្រីកវត្តមាននៅអាស៊ីប៉ាស៊ីហ្វិកកាន់តែខ្លាំង?

អាមេរិកនិង​សម្ព័ន្ធមិត្ត​បានចាត់​ទុក​ការ​ធ្វើ​ទំនើបកម្ម​នៅ​រាម​​ជា​បញ្ហា ខណៈ​ពេល​ដែល​កម្ពុជាបាននិង​កំពុង​ប្រើ​ប្រាស់សម្ភារៈបរិក្ខាររបស់ខ្លួន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​ភស្តុភារនិង​យុទ្ធសាស្ត្រ។ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ កម្ពុជាត្រូវបញ្ជូនទូកល្បាតរបស់ខ្លួនទៅកាន់ប្រទេសជិតខាងដើម្បីជួសជុល ជាមួយនិងតម្លៃដ៏ថ្លៃនិងការចំណាយពេលវេលាយ៉ាងយូរ។ ជាមួយនឹងការកែលម្អទីតាំងនៅរាម ការជួសជុលអាចនឹងធ្វើឡើងនៅក្នុងស្រុក។

លើសពីនេះកម្រិតទឹកនៅរាមគឺមានជម្រៅរាក់ពេក ដែលមិនអាចទទួលកប៉ាល់ធំៗដែលធ្វើប្រតិបត្តិការសន្តិសុខនៅដែនសមុទ្របានទេ។ ប៉ុន្តែនាវាមុជទឹក AUKUS ដែលមានភ្ជាប់មកជាមួយនូវកម្រិតជាក់លាក់នៃហានិភ័យ បែរជាមិនត្រូវបានចាត់ទុកជាបញ្ហាទៅវិញ។ សំណួរទាំងនេះត្រូវបានលើកឡើងនៅក្នុងចំណោមប្រជាជនកម្ពុជាជាច្រើនដែលបានមើលឃើញនូវការអនុវត្តស្តង់ដារ ២ របស់លោកខាងលិច។

ជាមួយការហៅទូរសព្ទច្រើនជាង ៦០ ដងទៅកាន់បណ្តារដ្ឋក្នុងតំបន់ អូស្ត្រាលីអាចស្វែងយល់បានថា «បណ្តារដ្ឋទាំងនេះនឹងចាត់ទុក AUKUS ជាផលប៉ះពាល់អវិជ្ជមានសម្រាប់តំបន់» ដូចដែលត្រូវបានលើកឡើងដោយអ្នកវិភាគប្រចាំតំបន់ Blake Herzinger និង Alice Nason។ អ្នកវិភាគទាំងពីររូបនេះ ក៏បានច្រានចោលផងដែរនូវការសង្ស័យរបស់កម្ពុជា ចំពោះ AUKUS ដោយបានចាត់ទុកវាជាពាក្យដដែលៗ ដោយផ្អែកលើទស្សនៈរបស់ពួកគេអំពីទំនាក់ទំនងផ្នែកការពារជាតិរវាងកម្ពុជានិងចិន។

ពួកគេបានបរាជ័យក្នុងស្វែងយល់អំពីបរិបទនៃប្រភពដើមនៃក្តីកង្វល់របស់កម្ពុជា។ ដើម្បីដោះស្រាយក្តីកង្វល់ទាំងនេះ ការធានាអះអាងប្រកបដោយនិរន្តរភាព និងដ៏រឹងមាំពាក់ព័ន្ធនឹង AUKUS ពីសំណាក់ប្រទេសអូស្ត្រាលី តាមរយៈកិច្ចសន្ទនាជាយុទ្ធសាស្ត្ររវាងរដ្ឋាភិបាលអូស្ត្រាលី និងអាស៊ាន, អ្នកសិក្សានិងសហគមន៍អ្នកស្រាវជ្រាវ នឹងក្លាយជាដំណើរដ៏វែងឆ្ងាយដើម្បីដោះស្រាយភាពមិនសប្បាយចិត្តនៅកម្ពុជា និងនៅបណ្តារដ្ឋធានីអាស៊ានផ្សេងៗទៀត៕

Fulcrum