ខ្មែរប៉ុស្ដិ៍ Close

សហរដ្ឋអាមេរិកកំពុងរុញតំបន់អាស៊ីអាគ្នេយ៍ឱ្យធ្លាក់ចូលទៅក្នុងកណ្តាប់ដៃរបស់ចិន ហើយរឿងនេះគឺគ្រោះថ្នាក់ណាស់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1523
សហរដ្ឋអាមេរិកកំពុងរុញតំបន់អាស៊ីអាគ្នេយ៍ឱ្យធ្លាក់ចូលទៅក្នុងកណ្តាប់ដៃរបស់ចិន ហើយរឿងនេះគឺគ្រោះថ្នាក់ណាស់លោក Xi Jinping

ឥទ្ធិពលរបស់សហរដ្ឋអាមេរិកកំពុងរងនូវការធ្លាក់ចុះនៅក្នុងផ្នែកមួយនៃពិភពលោក ខណៈដែលចិនបាននិងកំពុងឈានទៅរកតួនាទីកាន់តែលេចធ្លោ។ តំបន់អាស៊ីអាគ្នេយ៍គឺពោរពេញទៅដោយភាពចម្រុះ ហើយប្រទេសទាំងនេះ រាប់ចាប់ពីសិង្ហបុរីដែលមានការអភិវឌ្ឍខ្លាំង រហូតដល់ប្រទេសកម្ពុជាដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងរហូតដល់ប្រទេសមីយ៉ាន់ម៉ាដែលកំពុងជួបប្រទះនឹងបញ្ហាដ៏ធ្ងន់ធ្ងរ។

ប្រទេសឡាវ និងវៀតណាម បានបន្តនូវកេរិ៍្តតំណែលផ្តាច់ការនិយមដែលបន្សល់ទុកតាំងពីសម័យកុម្មុយនីស្ត ហើយប្រទេសថៃក៏បានធ្លាក់ចូលទៅក្នុងការគ្រប់គ្រងរបស់យោធាម្តងទៀត។ សិង្ហបុរី និងកម្ពុជា គឺជាប្រទេសពីរ ដែលមានភាពខុសគ្នាខ្លាំង ក៏ប៉ុន្តែពួកគេបានផ្តល់នូវសារមួយដែលមានលក្ខណៈដូចគ្នា ដែលនោះគឺ «ប្រទេសចិនកំពុងធ្វើការច្រើនជាងសហរដ្ឋអាមេរិកនៅក្នុងតំបន់នេះ ពាក់ព័ន្ធនឹងការវិនិយោគ, ការផ្តល់ប្រាក់កម្ចី និងការធ្វើពាណិជ្ជកម្ម»

អាស៊ីអាគ្នេយ៍គឺជាតំបន់ជិតខាងរបស់ចិន និងសំបូរទៅដោយគុណសម្បត្តិធម្មជាតិនៃភូមិសាស្ត្រ, ប្រវត្តិសាស្ត្រនិងវប្បធម៌។ ប្រជាជនកម្ពុជាមានភាពរស់រាយរាក់ទាក់ និងស្មោះត្រង់ ហើយពួកគេមានបំណងប្រាថ្នាចង់បោះជំហានទៅមុខនៅលើឆាកពិភពលោក។ មេដឹកនាំនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានបង្ហាញឱ្យយើងឃើញថា «ពួកគេចង់បានវត្តមានដ៏រឹងមាំរបស់អាមេរិក ដើម្បីរក្សាតុល្យភាពអំណាចរបស់ចិន»។

ពួកគេមានការគោរព និងកោតសរសើរចំពោះសហរដ្ឋអាមេរិក ហើយពួកគេមានទំនោរដើរតាមនិន្នាការនៅសហរដ្ឋអាមេរិក។ ពួកគេបានបញ្ជូនកូនទៅសិក្សានៅសហរដ្ឋអាមេរិក ហើយពួកគេចូលចិត្តវិធីធ្វើអាជីវកម្មរបស់ក្រុមហ៊ុនអាមេរិក។ ប៉ុន្តែពួកគេក៏បាននិយាយដែរថា «ពួកគេនឹងទទួលយករាល់ការវិនិយោគ និងការធ្វើពាណិជ្ជកម្មពីប្រទេសទាំងឡាយណាដែលផ្តល់ឱ្យពួកគេនូវលក្ខខណ្ឌអំណោយផល»។

សហរដ្ឋអាមេរិកមានផលប្រយោជន៍ជាច្រើននៅក្នុងតំបន់ដ៏សំខាន់មួយនេះ ហើយវាមិនមែនសុទ្ធតែជាផលប្រយោជន៍សេដ្ឋកិច្ចនោះទេ។ សហរដ្ឋអាមេរិកចង់លើកកម្ពស់សេរីភាព និងការបើកចំហឱ្យបានកាន់តែច្រើន បូករួមទាំងគោលការណ៍ទូទៅ ក៏ដូចជាដើម្បីប្រឆាំងនឹងឥទ្ធិពលម៉ាក្សនិយម-លេនីននិយមរបស់ចិន។

ប្រទេសវៀតណាម និងឡាវ នៅមិនទាន់បានងាកចេញពីលទ្ធិកុម្មុយនិស្តរបស់ពួកគេនៅឡើយទេ។ ប្រទេសកម្ពុជាកំពុងក្លាយជាប្រទេសថ្មីដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ នៅក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ កម្ពុជាបានកសាងសង្គមរបស់ខ្លួនឡើងវិញ បន្ទាប់ពីអំពើប្រល័យពូជសាសន៍។

សហរដ្ឋអាមេរិកត្រូវតែធ្វើការជាមួយបណ្តាប្រទេសទាំងនេះសម្រាប់រយៈពេលវែងដើម្បីអភិវឌ្ឍ និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងនយោបាយ និងដើម្បីលើកកម្ពស់គុណតម្លៃរួម។ ការធ្វើពាណិជ្ជកម្ម និងការវិនិយោគនឹងផ្តល់ឱកាសសម្រាប់ការពង្រឹងឥទ្ធិពល និងគុណតម្លៃប្រជាធិបតេយ្យរបស់អាមេរិកដែលអាចនាំមកនូវសេរីភាព និងវិបុលភាពកាន់តែច្រើន។ ធុរកិច្ចរបស់អាមេរិកមានឱកាសច្រើននៅក្នុងប្រទេសកម្ពុជា បូករួមទាំងនៅក្នុងវិស័យសាងសង់, វាយនភណ្ឌ, ការកែច្នៃម្ហូបអាហារ បូករួមនឹងវិស័យផ្សេងៗទៀត។

សហរដ្ឋអាមេរិកអាចបំពេញតម្រូវការថាមពលរបស់ប្រទេសកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការបង្កើតថាមពលស្អាតដែលរួមមានឧស្ម័នធម្មជាតិ LNG និងវារីអគ្គិសនីជាដើម។ ប្រទេសកម្ពុជាកំពុងព្យាយាមបង្កើនជំហររបស់ខ្លួននៅក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍជឿនលឿន (Advanced Developing Countries)។ ការធ្វើពាណិជ្ជកម្ម និងការវិនិយោគកាន់តែច្រើន នឹងនាំទៅរកភាពចម្រុងចម្រើន និងឱកាសកាន់តែច្រើនក្នុងការបង្កើនសេរីភាពដែលជាមូលដ្ឋាននៃសម្ព័ន្ធភាពដ៏រឹងមាំបំផុតរបស់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ។

សហរដ្ឋអាមេរិកអាចចាត់វិធានការចាប់ផ្តើមមួយចំនួន ដោយក្នុងនោះវិធានការដំបូងគឺ «ការអនុញ្ញាតឱ្យមានការនាំចូលទំនិញឡើងវិញនៅក្រោមប្រព័ន្ធអនុគ្រោះទូទៅ (GSP)»។ នេះគឺជារឿងដ៏សំខាន់ដើម្បីបើកទីផ្សាររបស់អាមេរិកជូនដល់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ប្រទេសកម្ពុជាត្រូវការសិទ្ធិក្នុងការចូលទៅកាន់ទីផ្សារឱ្យបានកាន់តែប្រសើរនៅសហរដ្ឋអាមេរិក ដែលជាដៃគូពាណិជ្ជកម្មធំជាងគេលំដាប់ទី២ របស់កម្ពុជា។

សហរដ្ឋអាមេរិកគួរតែបោះជំហានទៅមុខឱ្យបានឆាប់រហ័សក្នុងការដាក់បញ្ចូលប្រទេសកម្ពុជាទៅក្នុងក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិកសម្រាប់វិបុលភាព (IPEF) ដើម្បីបង្កើនភាពជិតស្និទ្ធរវាងអាមេរិកនិងកម្ពុជា និងជាមួយបណ្តាសម្ព័ន្ធមិត្តសំខាន់ៗរបស់អាមេរិក។ ក្របខណ្ឌ IPEF អាចជាចំណុចចាប់ផ្តើមសម្រាប់សហរដ្ឋអាមេរិកក្នុងការវិលត្រឡប់មកចូលរួមនៅក្នុងកិច្ចព្រមព្រៀង CPTPP ឡើងវិញ។

ជាអកុសល រដ្ឋបាលរបស់លោក Biden បានផ្អាកនូវការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗ ហើយក្របខណ្ឌ IPEF នឹងមិនអាចកើតចេញជារូបរាងបានទេ លុះត្រាណាតែរដ្ឋបាលអាមេរិកយល់ព្រមទទួលស្គាល់តួនាទីរបស់សភាក្នុងការកំណត់គោលនយោបាយពាណិជ្ជកម្ម។ យើងនៅមានមធ្យោបាយដែលអាចធ្វើឱ្យតំបន់អាស៊ីអាគ្នេយ៍ក្លាយជាដៃគូដ៏សំខាន់របស់យើង ដែលនៅទីបំផុតអាចនាំមកនូវការពង្រីក និងការទទួលយកគុណតម្លៃរបស់សហរដ្ឋអាមេរិក បូករួមទាំងនីតិរដ្ឋ, សិទ្ធិមនុស្ស និងការពង្រឹងស្ថានភាពសេដ្ឋកិច្ច។

ការធ្វើពាណិជ្ជកម្មដោយសេរី និងយុត្តិធម៌ (ប្រសិនបើប្រព្រឹត្តិទៅដោយរលូន) អាចជួយទាញប្រជាជនចេញពីភាពក្រីក្រ និងអាចផ្តល់នូវផលប្រយោជន៍សេដ្ឋកិច្ចដល់ប្រទេសពាក់ព័ន្ធទាំងអស់។ សហរដ្ឋអាមេរិកមិនអាចដកខ្លួនថយពីឆាកអន្តរជាតិបានទៀតទេ។ វត្តមានដ៏ច្បាស់លាស់នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នឹងធានាបាននូវផលប្រយោជន៍ និងជំហរដ៏រឹងមាំរបស់សហរដ្ឋអាមេរិកនៅក្នុងសតវត្សរ៍ទី ២១៕

Fox News

អត្ថបទទាក់ទង