ខ្មែរប៉ុស្ដិ៍ Close

តើចិននឹងឆ្លើយតបយ៉ាងដូចម្តេច នៅពេលដែលអាមេរិកងាកមកពង្រីកវត្តមាននៅអាស៊ីប៉ាស៊ីហ្វិកកាន់តែខ្លាំង?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 135
តើចិននឹងឆ្លើយតបយ៉ាងដូចម្តេច នៅពេលដែលអាមេរិកងាកមកពង្រីកវត្តមាននៅអាស៊ីប៉ាស៊ីហ្វិកកាន់តែខ្លាំង? តើចិននឹងឆ្លើយតបយ៉ាងដូចម្តេច នៅពេលដែលអាមេរិកងាកមកពង្រីកវត្តមាននៅអាស៊ីប៉ាស៊ីហ្វិកកាន់តែខ្លាំង?

បើយោងតាមអ្នកវិភាគម្នាក់បានឱ្យដឹងថា ប្រទេសចិនត្រូវបានគេរំពឹងថា នឹងធ្វើការពង្រឹងការការពាររបស់ខ្លួនដើម្បីបណ្តេញកងកម្លាំងផ្សេងៗដែលបានចូលមកក្នុងឆ្នេរសមុទ្ររបស់ខ្លួន ខណៈដែលអាមេរិកកំពុងតែត្រៀមពង្រីកវត្តមានយោធារបស់ខ្លួននៅក្នុងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់នេះ។

អ្នកវិភាគចំនួន ២ រូបបាននិយាយថា ទីក្រុងប៉េកាំងក៏អាចនឹងព្យាយាមដាក់សម្ពាធមកលើប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយចំនួន ដើម្បីឱ្យពួកគេរក្សាគម្លាតពីអាមេរិកផងដែរ។

ការវាយតម្លៃនេះត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក Joe Biden បានចាត់ទុកប្រទេសចិនថាជា «បញ្ហាប្រឈម» និងបានស្នើសុំថវិកាការពារជាតិអាមេរិកចំនួន ៨៦៦ ពាន់លានដុល្លារអាមេរិកសម្រាប់ឆ្នាំ ២០២៤ ដែលក្នុងនោះទឹកប្រាក់ចំនួន ៨៤២ ពាន់លានដុល្លារអាមេរិក នឹងត្រូវផ្តល់ឱ្យមន្ទីរប៉ង់តាហ្គោន។ ប្រសិនបើចំនួនទឹកប្រាក់ទាំងនោះពិតជាត្រូវបានគេផ្តល់ឱ្យពិតមែន នោះវានឹងក្លាយជាថវិកាសម្របសម្រួលដ៏ធំបំផុតរបស់អាមេរិក ហើយតួលេខនៃថវិកានេះក៏នឹងកើនឡើង ៣,២% បើធៀបនឹងថវិកាឆ្នាំមុន។

រដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin បាននិយាយថា «កញ្ចប់ថវិកាថ្មីនេះនឹងធ្វើឱ្យមានការវិនិយោគសំខាន់ៗដើម្បីគាំទ្រផលប្រយោជន៍យោធារបស់អាមេរិកឱ្យមានប្រៀបជាងប្រទេសចិន»។

ដើម្បីរក្សាបាននូវអត្ថប្រយោជន៍ទាំងនោះ ទីបញ្ជាការនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិក កំពុងស្វះស្វែងដើម្បីជំរុញសមត្ថភាពរបស់ខ្លួនប្រឆាំងនឹងទីក្រុងប៉េកាំងដែលរួមមានទាំងការផ្តល់អាវុធថ្មី, ហេដ្ឋារចនាសម្ព័ន្ធថ្មី និងការបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តនៅក្នុងតំបន់។ ទំនាក់ទំនងទាំងនោះត្រូវបានគូសបញ្ជាក់កាលពីថ្ងៃចន្ទ នៅក្នុងដំណើរទស្សនកិច្ចរបស់លោក Biden ទៅកាន់រដ្ឋកាលីហ្វ័រញ៉ា ដើម្បីប្រកាសអំពីការលក់នាវាមុជទឹកនុយក្លេអ៊ែរទៅឱ្យអូស្ត្រាលីដែលនេះគឺជាទង្វើដែលប្រទេសចិនបានប្រឆាំងខ្លាំងបំផុត។

សូមអាន ការប្រកាសអំពីនាវាមុជទឹករបស់ AUKUS ដែលគ្រប់គ្នាបានទន្ទឹងរង់ចាំជាយូរ នឹងកើតមានក្នុងពេលឆាប់ៗនេះ៖ តើយើងគួររំពឹងអ្វីខ្លះអំពីរឿងនេះ?

ចិនក៏កំពុងបង្កើនការចំណាយផ្នែកយោធាផងដែរ ដោយពួកគេបានប្រកាសនៅក្នុងសម័យប្រជុំសភាប្រចាំឆ្នាំរបស់ខ្លួនកាលពីដើមខែនេះថា «ការចំណាយទៅលើវិស័យការពារជាតិនឹងកើនឡើង ៧,៦% ដែលនឹងធ្វើឱ្យទំហំទឹកប្រាក់កើនឡើងដល់ ១,៥៥ ទ្រីលានយ័ន ឬ ២២៤,៨ ពាន់លានដុល្លារ»។

លោក Malcolm Davis អ្នកវិភាគជាន់ខ្ពស់នៅវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលីបាននិយាយថា អាមេរិកកំពុងព្យាយាមកែលម្អសមត្ថភាពទប់ទល់នឹងការវាយលុកចូលក្នុងតំបន់ការពាររបស់ខ្លួនពីចម្ងាយដើម្បីឆ្លើយតបទៅនឹងប្រទេសចិន។ លោក Davis បាន និយាយថា «យើងកំពុងមើលឃើញ នូវការចាប់ផ្តើមនៃការប្រកួតប្រជែងទៅលើគ្រាប់មីស៊ីល និងការវាយប្រហារនៅក្នុងតំបន់នេះ ខណៈដែលអាមេរិកកំពុងតែទទួលស្គាល់ថា ខ្លួនត្រូវការការពារពីចម្ងាយ ជាជាងការដាក់ពង្រាយសម្ភារៈយោធាដូចជានាវាកងទ័ពជើងទឹក ឬយន្តហោះដើម្បីទប់ទល់នឹងការវាយលុកចូលដ៏សាហាវរបស់ចិន»។ សមត្ថភាពក្នុងការទប់ទល់នឹងការវាយលុកចូលក្នុងតំបន់ការពាររបស់ខ្លួន គឺសំដៅទៅលើការដាក់កំហិតទៅលើសកម្មភាពយោធានៅក្នុងតំបន់ជាក់លាក់មួយ។

យោងតាមលោក Raymond Kuo អ្នកឯកទេសសន្តិសុខអាស៊ីបូព៌ានៅសាជីវកម្ម Corporation Rand ដែលជាស្ថាប័នផ្តល់យោបល់របស់អាមេរិកបានបញ្ជាក់ថា ប្រសិនបើមូលនិធិនេះពិតជាត្រូវបានផ្តល់ជូនមែន យោធាអាមេរិកនឹងបង្កើនការផ្តល់នូវអាទិភាពកាន់តែខ្ពស់ដល់តំបន់អាស៊ីប៉ាស៊ីហ្វិក។ លោក Kuo បាននិយាយថា «នៅក្នុងអំឡុងពេលសង្គ្រាមប្រឆាំងភេរវកម្ម អាមេរិកបានបញ្ជូនកងកម្លាំងរបស់ខ្លួន និងរៀបចំមូលដ្ឋាននៅក្នុងតំបន់មជ្ឈឹមបូព៌ា និងអាស៊ីកណ្តាល។ ប៉ុន្តែឥឡូវនេះ អាមេរិកកំពុងតែប្រកាន់យក «ជំហរសកម្ម» បន្ថែមទៀតនៅក្នុងតំបន់ និងបានរៀបចំកិច្ចព្រមព្រៀងជាច្រើន ដើម្បីពង្រីកការចូលមកកាន់មូលដ្ឋាននានានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»។

កាលពីដើមខែកុម្ភៈ អាមេរិកនិងហ្វីលីពីនបានព្រមព្រៀងគ្នាថា អាមេរិកនឹងរៀបចំមូលដ្ឋានទ័ពថ្មីចំនួន ៤ ទីតាំងទៀតនៅក្នុងប្រទេសនេះ បន្ថែមពីលើមូលដ្ឋានចំនួន ៥ ដែលអាមេរិកបាននិងកំពុងប្រើប្រាស់រួចមកហើយ ដើម្បីបណ្តុះបណ្តាលកម្លាំងយោធា និងស្តុកទុកសម្ភារៈយោធា។

ស្របពេលដែលសកម្មភាពខាងលើកំពុងតែជម្រុញឱ្យប្រទេសចិនកាន់តែខឹងសម្បារនោះ លោក Kuo បានបញ្ជាក់បន្ថែមទៀតថា «ការបន្តរៀបចំមូលដ្ឋានថ្នាក់តំបន់របស់អាមេរិក ដូចអ្វីដែលពួកគេបានរៀបចំជាមួយហ្វីលីពីននៅពេលថ្មីៗនេះ គឺជាគន្លឹះដ៏សំខាន់ដើម្បីការពារសេរីភាពនៃការធ្វើនាវាចរណ៍ និងពាណិជ្ជកម្មតាមដែនសមុទ្រ ក៏ដូចជាដើម្បីជួយដល់ប្រទេសជាដៃគូ និងការពារសម្ព័ន្ធមិត្តរបស់ពួកគេ»។

លោក Kuo បាននិយាយទៀតថា «ចិននឹងបន្តវិនិយោគដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួន ជាពិសេសគឺនៅក្នុងវិស័យថ្មីៗមួយចំនួន ដូចជាវិស័យអ៊ិនធឺណិត និងលំហអាកាស។ ហើយប្រទេសនេះក៏នឹងពឹងផ្អែកទៅលើទំនាក់ទំនងសេដ្ឋកិច្ចដ៏ទូលំទូលាយរបស់ខ្លួនជាមួយបណ្តាប្រទេសក្នុងតំបន់ ដើម្បីកាត់បន្ថយកិច្ចសហប្រតិបត្តិការរបស់ពួកគេជាមួយអាមេរិកផងដែរ»។

លោក Davis បានលើកឡើងថា ប្រទេសចិនក៏នឹងពង្រឹងសមត្ថភាពទប់ទល់នឹងការវាយលុកចូលក្នុងតំបន់ការពាររបស់ខ្លួនដើម្បីបង្កការគំរាមកំហែងដល់ការបន្តពង្រាយកម្លាំងរបស់អាមេរិក។ ហើយចិនក៏នឹងព្យាយាមកាត់បន្ថយការកើនឡើងនៃឥទ្ធិពលរបស់អាមេរិក តាមរយៈការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន ប៉ុន្តែការធ្វើបែបនេះក៏នឹងមានដែនកំណត់ផងដែរ។

លោក Davis បាននិយាយថា «ទីក្រុងប៉េកាំងអាចនឹងព្យាយាមដាក់សម្ពាធមកលើប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយចំនួនឱ្យបញ្ឈប់ការធ្វើទំនាក់ទំនងជាមួយអាមេរិក ប៉ុន្តែវាពិតជានឹងមិនជោគជ័យនោះឡើយសម្រាប់ប្រទេសហ្វីលីពីន ឬវៀតណាម»៕

South China Morning Post