ខ្មែរប៉ុស្ដិ៍ Close

ការរំពឹងទុកពីកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 136
ការរំពឹងទុកពីកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ការរំពឹងទុកពីកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន

សេតវិមាននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាននៅក្នុងសប្តាហ៍នេះ។ ជាមួយនឹងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែនដែលទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីអន្តរជាតិ រដ្ឋបាលរបស់លោក Biden បាននិយាយថា «កិច្ចប្រជុំកំពូលនេះនឹងបង្ហាញអំពីការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់អាមេរិកចំពោះអាស៊ាន ហើយតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នឹងនៅតែជាចំណុចអាទិភាពនៅក្នុងផែនការសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក»។

ឥទ្ធិពលនិងការពង្រីកអំណាចរបស់ចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងបង្ហាញឱ្យឃើញច្បាស់នៅក្នុងកិច្ចប្រជុំកំពូលនេះ។ ក៏ប៉ុន្តែកិច្ចប្រជុំរយៈពេល ២ថ្ងៃនេះ ក៏នឹងផ្តល់ឱកាសដល់សហរដ្ឋអាមេរិកផងដែរក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចឱ្យបានកាន់តែស៊ីជម្រៅជាមួយអាស៊ាន ដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី៧ នៅក្នុងពិភពលោក។ បញ្ហាសំខាន់ៗមួយចំនួនទៀតដូចជាបញ្ហាវីរុសកូវីដ-១៩, ការប្រែប្រួលអាកាសធាតុ និងវិបត្តិនៅមីយ៉ាន់ម៉ាក៏អាចនឹងត្រូវបានគេលើកយកមកពិភាក្សាផងដែរ។

លោក Brian Harding ដែលមកពីវិទ្យាស្ថាន «United States Institute of Peace» (USIP) បានពន្យល់អំពីកត្តាមួយចំនួនដែលធ្វើឱ្យអាស៊ានត្រូវបានដាក់បញ្ចូលទៅក្នុង «យុទ្ធសាស្ត្រស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» របស់រដ្ឋបាល Biden, ពីអ្វីដែលបណ្តាប្រទេសសមាជិកអាស៊ានចង់បានពីទីក្រុងវ៉ាស៊ីនតោន និងពីរបៀបដែលសង្រ្គាមនៅអ៊ុយក្រែន និងស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងប្រទេសមីយ៉ាន់ម៉ា នឹងត្រូវបានគេលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលនេះ។

យុទ្ធសាស្ត្រស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ដែលត្រូវបានចេញផ្សាយនៅក្នុងខែកុម្ភៈ បានលើកឡើងថា «សហរដ្ឋអាមេរិកនឹងស្វះស្វែងជំរុញឱ្យតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកក្លាយជាតំបន់ដែលសេរីនិងបើកចំហ ដែលកាន់តែមានលក្ខណៈតភ្ជាប់, កាន់តែរីកចម្រើន, សុវត្ថិភាព និងរឹងមាំ»។ យុទ្ធសាស្ត្រនេះបានចាត់ទុក «អាស៊ានដ៏មានអំណាច» ជាធាតុផ្សំដ៏សំខាន់ក្នុងការជំរុញឆ្ពោះទៅរកភាពជោគជ័យរួមជាមួយនិងសម្ព័ន្ធភាពដទៃទៀតដូចជាក្រុម Quad ជាដើម។

ខណៈពេលដែលការប្រកួតប្រជែងជាមួយប្រទេសចិនគឺជាចំណុចស្នូលនៃយុទ្ធសាស្ត្រនៅក្នុងតំបន់របស់សហរដ្ឋអាមេរិក ការផ្តល់ការគាំទ្រដ៏រឹងមាំដល់អាស៊ានគឺជាមធ្យោបាយដ៏សំខាន់មួយក្នុងការជំរុញ និងពង្រឹងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសេរី និងបើកចំហ។

ទោះជាយ៉ាងណាក៏ដោយ ការផ្តល់អំណាចដ៏រឹងមាំដល់អាស៊ានមិនមែនជារឿងដ៏ងាយស្រួលនោះទេ។ អាស៊ានជាក្រុមចម្រុះដ៏ខ្លាំងក្លានៃប្រទេសចំនួន ១០ ដែលធ្វើប្រតិបត្តិការដោយផ្អែកលើការមូលមតិគ្នា ដែលជាហេតុបង្កឱ្យមានលក្ខណៈស្ពឹកស្រពន់មួយចំនួននៅក្នុងសកម្មភាពរួមរបស់ពួកគេ។

បើទោះបីជាពួកគេមិនចុះសម្រុងគ្នា នៅក្នុងរឿងជាច្រើន ដូចជាករណីមីយ៉ាន់ម៉ាជាដើមក៏ដោយ ក៏កិច្ចព្រមព្រៀងរួមដ៏ច្បាស់លាស់មួយនៅក្នុងចំណោមសមាជិកអាស៊ានគឺ «មានតែអាស៊ានប៉ុណ្ណោះដែលអាចដើរតួនាទីសំខាន់នៅក្នុងផែនការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។ សហរដ្ឋអាមេរិកនិងបណ្តាសម្ព័ន្ធមិត្តរបស់ខ្លួន បូករួមទាំងចិនផងដែរ បានជឿយ៉ាងស្លុងលើចក្ខុវិស័យនេះ ជាមួយនឹងការទទួលស្គាល់ថា «បណ្តាប្រទេសមហាអំណាច មិនមានសមត្ថភាពក្នុងការដឹកនាំផែនការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទេ»។

ដូច្នេះ សហរដ្ឋអាមេរិកបានបង្កើនការចាប់អារម្មណ៍កាន់តែខ្លាំងក្នុងការជំរុញទំនាក់ទំនងរបស់ខ្លួនជាមួយអាស៊ាន និងបានចាត់វិធានគ្រប់បែបយ៉ាងតាមដែលអាចធ្វើបាន ដើម្បីគាំទ្រដល់មជ្ឈភាពអាស៊ាននៅក្នុងកិច្ចការថ្នាក់តំបន់។ ប៉ុន្តែ សហរដ្ឋអាមេរិកក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរថា «កិច្ចសហប្រតិបត្តិការទ្វេភាគី, ត្រីភាគី និងចតុភាគីជាមួយបណ្តាសម្ព័ន្ធមិត្ត និងដៃគូសំខាន់ៗ នៅតែជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការចូលរួម ក៏ដូចជាការពង្រឹងភាពរឹងមាំរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់»។

ការសង្កត់ធ្ងន់របស់រដ្ឋបាល Biden លើ ក្រុម Quad បាននាំមកនូវការសង្ស័យជុំវិញបញ្ហាថា «តើអាស៊ាននឹងនៅតែមានតួនាទីសំខាន់នៅក្នុងផែនការតំបន់ដែរឬទេ» ហើយ «តើសហរដ្ឋអាមេរិកចង់មានន័យបែបណា នៅពេលលើកឡើងអំពីការផ្តល់ការគាំទ្រដល់មជ្ឈភាពអាស៊ាន»។ យុទ្ធសាស្ត្រស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានទទួលស្គាល់នូវភាពរសើបនេះជាមួយនឹងការកត់សម្គាល់ថា «សហរដ្ឋអាមេរិកនឹងព្យាយាមបង្កើតឱកាសដើម្បីធ្វើឱ្យក្រុម Quad អាចធ្វើការរួមគ្នាជាមួយអាស៊ាន»។

នៅក្នុងអំឡុងឆ្នាំដំបូងនៃការកាន់តំណែងរបស់លោក Biden ការចូលរួមជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងអាស៊ានទាំងមូលបានជួបប្រទះនូវការលំបាកយ៉ាងខ្លាំងដោយសារតែវិធានការរឹតបន្តឹងលើការធ្វើដំណើរដើម្បីទប់ស្កាត់វីរុសកូវីដ-១៩ បូករួមនឹងការខ្វែងគំនិតគ្នា នៅក្នុងអាស៊ានដែល បណ្តាលមកពីរដ្ឋប្រហារខែកុម្ភៈឆ្នាំ ២០២១ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

កិច្ចប្រជុំកំពូលពិសេសនេះនឹងក្លាយជាការប៉ះប៉ូវសងនូវពេលវេលាដែលបានខាតបង់ និងជាការបង្ហាញអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការពង្រឹងទំនាក់ទំនងឱ្យបានកាន់តែស៊ីជម្រៅជាមួយអាស៊ាន។ បើទោះបីជាមានភាពចម្រុះគ្នាក៏ដោយ ក៏ប្រទេសជាសមាជិកអាស៊ានទាំងអស់សុទ្ធតែចង់បានការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីទប់ទល់នឹងឥទ្ធិពលដ៏ច្រើនលើសលប់របស់ប្រទេសចិន។

ពួកគេក៏បាននិងកំពុងងាកទៅរកប្រទេសជប៉ុន ឥណ្ឌា អូស្ត្រាលី និងមហាអំណាចខាងក្រៅផ្សេងទៀតផងដែរ ដើម្បីបង្កើតឱ្យមានតុល្យភាពអំណាចនៅក្នុងតំបន់។ អ្វីដែលពួកគេមិនចង់បាននោះគឺ «ការត្រូវបានបង្ខំឱ្យជ្រើស រើសរវាងសហរដ្ឋអាមេរិក និងចិន»។

បណ្តាប្រទេសអាស៊ីអាគ្នេយ៍ក៏បាននិងកំពុងព្យាយាមជំរុញឱ្យសហរដ្ឋអាមេរិកចូលរួមនៅក្នុងស្ថាប័នពហុភាគី ដែលដឹកនាំដោយអាស៊ានផងដែរ ដែលរួមមានដូចជាកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន ដែលពួកគេបានចាត់ទុកជាចំណុចស្នូលនៅក្នុងផែនការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ក្រៅពីវត្តមាន អាស៊ានក៏មានបំណងចង់ឱ្យសហរដ្ឋអាមេរិកក្លាយជាដៃគូសេដ្ឋកិច្ចដ៏រឹងមាំរបស់ខ្លួនផងដែរ។

សមាជិកជាច្រើនកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារនូវព័ត៌មានលម្អិតស្តីពីក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិករបស់រដ្ឋបាលអាមេរិក ហើយអាស៊ានក៏កំពុងស្វែងរកការសហការជាមួយអាមេរិកដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗផងដែរ រាប់ចាប់ពីការប្រែប្រួលអាកាសធាតុ, វីរុសរាតត្បាត រហូតដល់បញ្ហាឧក្រិដ្ឋកម្មឆ្លងដែន។

ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះស្ថាប័នពហុភាគី និយមរបស់អាស៊ាន នឹងជួយបង្កើនអំណាច និងពង្រឹងភាពធន់របស់អាស៊ាន ជាពិសេសនៅចំពេលដែលចិនបានបន្តបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការបំបែក បំបាក់អាស៊ានដើម្បីធ្វើឱ្យសមត្ថភាពរបស់អាស៊ានរងនូវការធ្លាក់ចុះដល់កម្រិតមួយដែលមិនអាចទប់ទល់ប្រឆាំងនឹងការឈ្លានពានរបស់ចិននៅសមុទ្រចិនខាងត្បូង។

ការដែលប្រធានាធិបតី Biden កំពុងរៀបចំធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលស្វាគមន៍បណ្តាមេដឹកនាំអាស៊ាន បានបង្ហាញឱ្យឃើញអំពីការប្តេជ្ញាចិត្តរបស់អាមេរិក ក្នុងការរក្សាការផ្តោតអារម្មណ៍មកលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បើទោះបីជាវិបត្តិនៅអ៊ុយក្រែនបានបន្តកើតមាន និងកំពុងវិវឌ្ឍទៅកាន់តែធ្ងន់ធ្ងរក៏ដោយ។ មន្ត្រីអាមេរិកអាចនឹងលើកឡើងអំពីករណីឈ្លានពានរបស់រុស្ស៊ី ដើម្បីបង្ហាញពីភាពផុយស្រួយនៃប្រព័ន្ធអន្តរជាតិ ហើយពួកគេក៏អាចនឹងលើក ឡើងផងដែរអំពីការគាំទ្ររបស់ចិនចំពោះការឈ្លានពាននេះ។

បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍គួរតែព្យាយាមជៀសវាងពីការបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំងនៅក្នុងបញ្ហានេះ ដែលជាហេតុអាចធ្វើឱ្យពួកគេត្រូវជាប់ផុងនៅក្នុងជម្លោះរវាងមហាអំណាច។ ទោះជាយ៉ាងណាក៏ ដោយ ប្រទេស​សិង្ហបុរី​បាន​​បញ្ចេញសម្លេងរិះគន់​ដោយចំៗ និងថែមទាំងបានដាក់​ទណ្ឌកម្ម​លើរុស្ស៊ី ​ដោយ​មាន​ការ​សម្របសម្រួល​ជាមួយ​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប។

បើទោះបីជាបញ្ហាអ៊ុយក្រែននឹងមិនទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងកិច្ចប្រជុំកំពូលនេះក៏ដោយ ក៏បញ្ហានេះអាចនឹងកើតឡើងនៅក្នុងបរិបទនៃការចូល រួមរបស់រុស្ស៊ីនៅក្នុងកិច្ចប្រជុំកំពូល G-20, កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងកិច្ចប្រជុំមេដឹកនាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Economic Cooperation Leaders) ដែលនឹងត្រូវធ្វើឡើងនៅចុងឆ្នាំនេះនៅក្នុងប្រទេសឥណ្ឌូណេស៊ី, កម្ពុជា និងថៃដែរ។

បើទោះបីជារបៀបវារៈភាគច្រើន នៃកិច្ចប្រជុំកំពូលនឹងផ្តោតតែទៅលើផ្នែកដែលមិនទាក់ទងនឹងនយោបាយក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកនិងអាស៊ានឱ្យកាន់តែជិតស្និទ្ធ ដូចជាថាមពលស្អាត, សន្តិសុខសុខភាព និងសេដ្ឋកិច្ចឌីជីថលក៏ដោយ ក៏ស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងប្រទេសមីយ៉ាន់ម៉ាអាចនឹងត្រូវបានគេលើកយកមកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយ។

ទោះជាយ៉ាងណាក៏ដោយ លោក Biden អាចនឹងមិនទទួលបានជោគជ័យគួរឱ្យកត់សម្គាល់នៅក្នុងរឿងនេះទេ ដោយសារតែការខ្វែងគំនិតគ្នាយ៉ាងស៊ីជម្រៅនៅក្នុងអាស៊ាន បូករួមនឹងគោលការណ៍របស់អាស៊ានស្តីពីការមិនជ្រៀតជ្រែកទៅក្នុងកិច្ចការរបស់សមាជិកផ្សេងទៀត។

ប៉ុន្តែលោក Biden ទំនងជានឹងបន្តព្យាយាមស្វែងរកបុព្វហេតុរួមជាមួយមេដឹកនាំឥណ្ឌូណេស៊ី, ម៉ាឡេស៊ី និងសិង្ហបុរី ដែលមានការខកចិត្តកាន់តែខ្លាំងចំពោះការឈ្លានពានរបស់របបយោធា និងដែលមានឆន្ទៈក្នុងការធ្វើឱ្យមេដឹកនាំយោធាមីយ៉ាន់ម៉ាស្ថិតនៅឯកោ។

ទោះជាយ៉ាងណាក៏ដោយ លោក Biden អាចនឹងជួបប្រទះនូវភាពស្ទាក់ស្ទើរខ្លះនៅក្នុងចំណោមមេដឹកនាំកម្ពុជា, វៀតណាម, ឡាវ និងថៃ។ លោក Biden ទំនងជានឹងព្យាយាមបង្កើនការចូលរួមជាមួយរដ្ឋាភិបាលបង្រួបបង្រួមជាតិ ហើយអាចនឹងបង្កើតឱ្យមានក្របខណ្ឌដែលជួយសម្រួលដល់ការផ្តល់ជំនួយមនុស្សធម៌ទៅកាន់ប្រទេសមីយ៉ាន់ម៉ា៕ United States Institute of Peace (USIP)