ខ្មែរប៉ុស្ដិ៍ Close

លោកស្រី Liz Truss : នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 81
លោកស្រី Liz Truss : នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក លោកស្រី Liz Truss នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស

លោកស្រី Liz Truss ដែលជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស គឺជាមនុស្សដែលស្រឡាញ់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នេះបើយោងតាមដំណើរទស្សនកិច្ច, ការថតរូប និងសុន្ទរកថាជាច្រើន របស់លោកស្រី។ ជាមួយនឹងការកាន់តំណែងជារដ្ឋមន្ត្រីការបរទេសរបស់ចក្រភពអង់គ្លេស ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២១ រហូតដល់សប្តាហ៍មុន លោក ស្រី Truss នឹងត្រូវបង្ហាញឱ្យគ្រប់គ្នាឃើញថា «លោកស្រីអាចផ្តល់ឱ្យច្រើនជាងដំណើរទស្សនកិច្ច និងពាក្យស្លោកដើម្បីជំរុញឱ្យចក្រភពអង់គ្លេសក្លាយជាដៃគូដ៏សក្ដិសមបំផុតមួយនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។

ប៉ុន្តែ ការសន្យាយ៉ាងម៉ឺងម៉ាត់របស់លោកស្រីដែលបានធ្វើឡើងនៅក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត រួមជាមួយនឹងបញ្ហាប្រឈមក្នុងស្រុកដ៏ធ្ងន់ធ្ងរ អាចក្លាយជាឧបសគ្គដែលនឹងរារាំងសមត្ថភាពរបស់លោកស្រី Truss ក្នុងការពង្រឹងមាគ៌ារបស់ចក្រភពអង់គ្លេសនៅក្នុងតំបន់។ គួរកត់សម្គាល់ផងដែរថា «លោកស្រី Liz Truss ត្រូវបានជ្រើសរើសជាមេដឹកនាំនៃគណបក្សអភិរក្សនិយមដែលកំពុងគ្រប់គ្រងប្រទេស បន្ទាប់ពី
ការលាលែងរបស់លោក Boris Johnson»។

ដូច្នេះ លោកស្រី «អាចក្លាយជានាយករដ្ឋមន្ត្រីបាន គឺដោយសារការដឹកនាំរបស់គណបក្ស ដែលមិនមែនដោយសារការបោះឆ្នោតជាតិនោះទេ»។ លោកស្រីត្រូវបានបោះឆ្នោតជ្រើសរើសដោយសមាជិកគណបក្សអភិរក្សនិយមជាង ១៦០ ០០០ នាក់ ឬ ០,៣% នៃសំឡេងឆ្នោតជាសាធារណៈរបស់ចក្រភពអង់គ្លេស ដែលនេះបានបង្ហាញថា «វោហាសាស្ត្រថ្មីៗរបស់លោកស្រីបានបញ្ចុះបញ្ចូលមនុស្សមួយចំនួនតូចប៉ុណ្ណោះ ក្នុង ចំណោមចំនួនប្រជាជនសរុបនៅចក្រភពអង់គ្លេស»។

ក្នុងនាមជានាយករដ្ឋមន្ត្រី លោកស្រីត្រូវតែខិតខំបញ្ចុះបញ្ចូលសាធារណជនអង់គ្លេសទាំងមូលថា «លោកស្រីពិតជាអាចបំពេញការងារបានល្អ»។ វាអាចទៅរួចដែលថា «ជំហររបស់លោកស្រី Truss លើបញ្ហាឥណ្ឌូ-ប៉ាស៊ីហ្វិក និងបញ្ហាគោលនយោបាយការបរទេសស្នូល ដូចជាប្រទេសចិនជាដើម នឹងមានលក្ខណៈខុសប្លែកពីមុននៅក្រោមអាណត្តិរបស់លោកស្រី ដោយសារការសន្យាដ៏មុតមាំមួយចំនួនរបស់លោកស្រី»។

តួនាទីនិងសកម្មភាពពីមុនរបស់លោកស្រី Truss បានផ្តល់នូវការយល់ដឹងខ្លះអំពីរបៀបដែលលោកស្រីអាចនឹងចាត់វិធានការលើកិច្ចការទាំងនេះ។ នៅក្នុងថ្ងៃដំបូងនៃការប្រកួតប្រជែងយកតំណែងជាអ្នកដឹកនាំ (ក្នុងអំឡុងពេលដែលលោកស្រីកំពុងមានតួនាទីជារដ្ឋមន្ត្រីពាណិជ្ជកម្ម) លោកស្រី Truss បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងនៅក្នុងការងាររបស់លោកស្រី ដើម្បីទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន (នៅក្រោយ Brexit) ជាមួយបណ្តាប្រទេសឥណ្ឌូ-ប៉ាស៊ីហ្វិក បូករួមទាំងជាមួយអូស្ត្រាលី និងជប៉ុនផងដែរ។

លោកស្រីគឺជាឥស្សរជនម្នាក់ដែលបានចាត់ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកជាផ្នែកដ៏សំខាន់មួយនៃអនាគតរបស់ចក្រភពអង់គ្លេស និងបានចាត់ទុកចក្រភពអង់គ្លេសជាតួអង្គដ៏ពិតប្រាកដនៅក្នុងតំបន់នេះ។ លោកស្រី Truss តែងលើកឡើងនូវការរិះគន់ខ្លាំងៗលចំពោះប្រទេសចិន ដែលជាហេតុធ្វើឱ្យលោកស្រីមិនទទួល បានការពេញចិត្តនោះទេពីសំណាក់ថ្នាក់ដឹកនាំរបស់ប្រទេសចិន។

ទំនាក់ទំនងរវាងចិននិងចក្រភពអង់គ្លេសបានរងនូវការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងរយៈពេល ១ ទសវត្សរ៍កន្លងមកនេះ ដោយបានប្រែពី «យុគសម័យមាសនៃពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០១០» ទៅជា «ទំនាក់ទំនងដ៏ជូរចត់ និងការប្រយុទ្ធកាន់តែខ្លាំងឡើង» នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសបន្ទាប់ពីមានការដាក់ទណ្ឌកម្មលើគ្នាទៅវិញទៅមកនៅដើមឆ្នាំ ២០២១។ ទំនាក់ទំនងទំនងរវាងប្រទេសទាំងពីរ នឹងមានភាពកាន់តែយ៉ាប់យ៉ឺននៅក្រោមការដឹកនាំរបស់លោកស្រី Truss។

នៅពេញមួយយុទ្ធនាការប្រកួតប្រជែងយកតំណែងជាអ្នកដឹកនាំ ទាំងលោកស្រី Liz Truss និងលោក Rishi Sunak បានបង្ហាញអំពីជំហរដ៏ម៉ឺងម៉ាត់របស់ពួកគេចំពោះប្រទេសចិន។ លោក Sunak បានសន្យាថានឹងហាមឃាត់វិទ្យាស្ថានខុងជឺ (Confucius Institutes) ហើយលោកស្រី Truss ក៏បានលើកឡើងដែរថា «លោកស្រីនឹងធ្វើការប្រកាសថា អំពើឃោរឃៅនៅតំបន់ ស៊ីនជាំង គឺជាអំពើប្រល័យពូជសាសន៍»។

វាអាចទៅរួចដែលថា «លោកស្រី Truss អាចនឹងបន្ទន់ឥរិយាបទចំពោះការសន្យានេះ បន្ទាប់ពីការប្រកាសចូលកាន់តំណែង»។ ការប្រកាសអំពីអំពើប្រល័យពូជសាសន៍នៅតំបន់ ស៊ីនជាំង នឹងបង្កភាពស្មុគស្មាញដល់ចក្រភពអង់គ្លេស ដោយសារតែកាតព្វកិច្ចរបស់ខ្លួនក្នុងការទប់ស្កាត់ និងដាក់ទណ្ឌកម្មលើអំពើប្រល័យពូជសាសន៍នៅពេលដែលវាកើតឡើង។

ក្នុងនាមជារដ្ឋមន្ត្រីការបរទេស លោកស្រី Truss បានធ្វើការសម្រេចចិត្តកាត់ផ្តាច់ការផ្តល់មូលនិធិសម្រាប់មជ្ឈមណ្ឌល «Great Britain China Centre» ដែលជាប្រភពដ៏សំខាន់នៃអ្នកជំនាញចិនរបស់ចក្រភព
អង់គ្លេស។ លោកស្រី Truss ក៏ធ្លាប់បាននិយាយផងដែរអំពីតម្រូវការក្នុងការជំរុញឱ្យបណ្តាប្រទេសប្រជាធិបតេយ្យប្រមូលផ្តុំគ្នាប្រឆាំងនឹងរបបផ្តាច់ការ។

នៅក្នុងសុន្ទរកថា នៅឯវិទ្យាស្ថាន Lowy លោកស្រី Truss បាននិយាយអំពីភាពចាំបាច់ដែលបណ្តាប្រទេសប្រជាធិបតេយ្យត្រូវរួមគ្នាកសាង «បណ្តាញនៃសេរីភាព» ដែលជាការអំពាវនាវឱ្យតួអង្គសេរីទាំងអស់ធ្វើការរួមគ្នាដើម្បីប្រឆាំងនឹងប្រទេសរុស្ស៊ី និងចិន។ លោក David Lawrence ដែលជាអ្នកស្រាវជ្រាវនៅ «Chatham House» បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា «ការកសាងសម្ព័ន្ធភាពដោយប្រើប្រាស់តម្លៃសេរីនិយមនឹងធ្វើឱ្យប្រទេសជាច្រើនស្ថិតក្នុងស្ថានភាពដ៏លំបាក ខណៈពេលដែលពួកគេកំពុងព្យាយាមរក្សាតុល្យភាពនៃការចូលរួមរបស់ពួកគេជាមួយមហាអំណាចពិភពលោក»។

លោក Lawrence បានបន្ថែមថា «ការបង្កើតបណ្តាញដោយផ្អែកលើគម្រោងហេដ្ឋារចនាសម្ព័ន្ធជាក់លាក់ និងគម្រោងសេដ្ឋកិច្ច អាចធ្វើឱ្យចក្រភពអង់គ្លេសមានលទ្ធភាពកាន់តែច្រើនក្នុងការស្វែងរកភាពជាដៃគូ
សំខាន់ៗ»។ ជាក់ស្តែង ការកសាងសម្ព័ន្ធភាពសេរីកាន់តែច្រើនក៏អាចមានជាប់ពាក់ព័ន្ធនឹងអង្គការ NATO ផងដែរ ដែលកំពុងផ្តល់នូវការការពារដល់តៃវ៉ាន់ប្រឆាំងនឹងការឈ្លានពានរបស់ចិន។

បន្ថែមពីលើនេះ លោកស្រី Truss ធ្លាប់បានប្តេជ្ញាថានឹងចាត់ទុកប្រទេសចិនជា «ការគំរាមកំហែងជាផ្លូវការចំពោះផលប្រយោជន៍ និងសន្តិសុខរបស់ចក្រភពអង់គ្លេស»។ ភាពម៉ឺងម៉ាត់បែបនេះបានបង្ហាញនូវសញ្ញាថា «ភាពជានាយករដ្ឋមន្ត្រីរបស់លោកស្រី Truss នឹងនាំមកនូវកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងក្នុងការរក្សាតុល្យភាពរបស់ចិននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។

ចក្រភពអង់គ្លេសទំនងជានឹងបង្កើនការថ្កោលទោសចំពោះកំណត់ត្រាសិទ្ធិមនុស្សរបស់ចិននៅក្នុងវេទិកាមួយចំនួន ដូចជាវេទិការបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស និងអង្គការសហប្រជាជាតិ។ ការសង្កត់ធ្ងន់លើការកសាងសម្ព័ន្ធភាពនៃអ្នកនិយាយភាសាអង់គ្លេស (Anglophone coalitions) ដូចជា AUKUS និងកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងក្រុមក្នុងតំបន់ដូចជា «Five Power Defense Arrangements» ក៏អាចកើតមានផងដែរ។

វិធានការទាំងនេះអាចនឹងដាក់សម្ពាធកាន់តែខ្លាំងលើប្រទេសចិនជុំវិញបញ្ហាសំខាន់ៗ ដូចជាសកម្មភាពបង្កហេតុផ្នែកយោធា និងបញ្ហានៅតំបន់ ស៊ីនជាំង ក៏ប៉ុន្តែវាក៏អាចទាញចក្រភពអង់គ្លេសឱ្យកាន់តែធ្លាក់ចូលទៅក្នុងគន្លងនៃការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងចិននិងសហរដ្ឋអាមេរិកផងដែរ ដែលនឹងមិននាំមកនូវផលប្រយោជន៍ដល់ភាគីណាមួយនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនោះទេ។

លោកស្រី Truss ក៏អាចនឹងព្យាយាមពង្រឹងនូវភាពជឿជាក់របស់ចក្រភពអង់គ្លេសនៅក្នុងចំណោម រដ្ឋសមាជិកអាស៊ានផងដែរ។ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ លោកស្រី Truss ក្នុងនាមជារដ្ឋមន្ត្រីការបរទេស បានទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី, ថៃ និង ឥណ្ឌូណេស៊ី ជាមួយនិងការអំពាវនាវឱ្យមានការពង្រឹងទំនាក់ទំនងរបស់ចក្រភពអង់គ្លេសជាមួយបណ្តាប្រទេសទាំងនេះ។

កាលពីខែកក្កដា អាស៊ាននិងចក្រភពអង់គ្លេស បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលមានស្រាប់ បូករួមនឹងការកសាងកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដែលរួមទាំងការប្រឆាំងនឹងអំពើភេរវកម្ម និង សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។ លោកស្រី Truss នឹងត្រូវបង្កើតនូវគោលនយោបាយមួយចំនួន ដូចជាការចូលរួមរវាងចក្រភពអង់គ្លេស-អាស៊ាន និងភាពជាដៃគូសន្ទនាថ្មីរបស់ចក្រភពអង់គ្លេស ដើម្បីធានាថា «រដ្ឋាភិបាលនឹងនៅតែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការពង្រឹងការចូលរួមដ៏រឹងមាំ ជាមួយអង្គការពហុនិយមដូចជាអាស៊ាន»។

លោកស្រីនឹងត្រូវប្រើប្រាស់ឱ្យអស់ពីលទ្ធភាពនូវតួនាទីពិសេសរបស់ចក្រភពអង់គ្លេសដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាអំពើហិង្សាដែលកំពុងបន្តកើតមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា ពង្រឹងចំណេះដឹង និងសមត្ថភាពរបស់តំបន់អំពីសេវាកម្មការទូតរបស់ចក្រភពអង់គ្លេស បូករួមនឹងការផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយបណ្តារដ្ឋជាសមាជិកអាស៊ាន។ ប៉ុន្តែ ការទាញយកសក្តានុពលពេញលេញ និងការដោះស្រាយនូវភាពស្មុគស្មាញពាក់ព័ន្ធនឹងការចូលរួមជាមួយអាស៊ានអាចជារឿងដ៏លំបាក។

លោកស្រី Truss អាចនឹងមានរយៈពេលខ្លីណាស់នៅក្នុងការិយាល័យ ខណៈដែលការបោះឆ្នោតជាតិបន្ទាប់នឹងប្រព្រឹត្តទៅយ៉ាងយូរនៅខែមករា ឆ្នាំ ២០២៥។ លោកស្រី Truss ទទួលមរតកដឹកនាំរបស់គណបក្សអភិរក្សនិយមដែលបច្ចុប្បន្នកំពុងរួមរឹតទៅដោយរឿងអាស្រូវ និងការកើនឡើងយ៉ាងខ្លាំងនៃតម្លៃរស់នៅប្រចាំថ្ងៃនៅក្នុងចក្រភពអង់គ្លេស។

លោកស្រី Truss ក៏អាចបង្កើនការយកចិត្តទុកដាក់កាន់តែខ្លាំងផងដែរលើបញ្ហាក្នុងស្រុក ខណៈដែលលោកស្រីកំពុងព្យាយាមស្តារឡើងវិញនូវប្រជាប្រិយភាពរបស់គណបក្សអភិរក្សនិយម។ កត្តាទាំងនេះទំនងជានឹងបង្វែរការយកចិត្តទុកដាក់របស់គណៈរដ្ឋមន្ត្រីរបស់លោកស្រី Truss ចេញពីការបង្កើតគោលនយោបាយការបរទេសប្រកប ដោយផលិតភាព។

លោកស្រី Truss អាចនឹងបន្តលើកឡើងអំពីផលវិជ្ជមានដែលមានស្រាប់នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដូចជាសមាជិកភាពរបស់ចក្រភពអង់គ្លេសនៅក្នុងកិច្ចព្រមព្រៀង CPTPP ដើម្បីប្រើជាដើមទុននយោបាយនៅក្នុងប្រទេស។ ជាមួយនឹងពេលវេលាដ៏ខ្លីនៅក្នុងការិយាល័យ, បរិយាកាសប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងបញ្ហាក្នុងស្រុកជាច្រើន វានឹងក្លាយជាពេលវេលាដ៏លំបាកសម្រាប់លោកស្រី Truss៕

The Diplomat

អត្ថបទទាក់ទង