ខ្មែរប៉ុស្ដិ៍ Close

The ASEAN Post ៖ តើអ្វីទៅជាមជ្ឈភាពអាស៊ាន?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣ ខែមករា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 83
The ASEAN Post ៖ តើអ្វីទៅជាមជ្ឈភាពអាស៊ាន? The ASEAN Post ៖ តើអ្វីទៅជាមជ្ឈភាពអាស៊ាន?

នៅគ្រប់ពេលដែលដំណើរការនៅក្នុងតំបន់បានបង្កផលប៉ះពាល់ដល់តួនាទីស្នូលរបស់អាស៊ានក្នុងការកសាងតំបន់ អ្នកដែលតែងតែចាប់អារម្មណ៍អំពីអាស៊ាន តែងតែចេញមកធ្វើការព្រមានអំពីផលប៉ះពាល់មកលើមជ្ឈភាពអាស៊ាន។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអ្នកគាំទ្រអាស៊ានបានធ្វើការវែកញែកថា «ការធ្វើសមាហរណកម្មប្រទេសចិនទៅក្នុងយន្តការសហប្រតិបត្តិការរបស់អាស៊ាន នឹងធ្វើឱ្យប្រទេសចិនក្លាយជាតួអង្គប្រកបដោយទំនួលខុសត្រូវដ៏សំខាន់នៅក្នុងតំបន់»។ ប៉ុន្តែចំពោះបុគ្គលទុទិដ្ឋិនិយម ពួកគេតែងតែលើកឡើងផ្ទុយពីនេះ តាមរយៈការចង្អុលបង្ហាញអំពីសកម្មភាពឈ្លានពានរបស់ចិននៅក្នុងជម្លោះសមុទ្រចិនខាងត្បូង។

ប្រទេសជាសមាជិកអាស៊ានបានទទួលផលប្រយោជន៍ច្រើន ពីការរក្សាទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធជាមួយប្រទេសចិន ក៏ប៉ុន្តែពួកគេក៏បានរងនូវការខាតបង់មួយចំនួនផងដែរ។

ការភ្ជាប់ទំនាក់ទំនងជាមួយប្រទេសចិន អាចនឹងធ្វើឱ្យអាស៊ានបាត់បង់ភាពខ្លាំងរបស់ខ្លួន ដោយសារតែប្រទេសចិនហាក់ដូចជាមិនមានភាពចុះសម្រុងគ្នាជាមួយប្លុកនេះ ពាក់ព័ន្ធនឹងបញ្ហាជាតិសំខាន់ៗ។ ក្នុងឆ្នាំ ២០១២ ប្រទេសជាសមាជិកអាស៊ានបានទទួលបរាជ័យជាលើកដំបូង ក្នុងការចេញសេចក្តីថ្លែងការណ៍រួម ដោយសារតែការខ្វែងគំនិតគ្នាទាក់ទងនឹងបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង។

លើសពីនេះ អស់រយៈពេល ១៩ឆ្នាំកន្លងមកហើយដែលអាស៊ាននិងប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីការធ្វើប្រតិបត្តិការរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង។ ក៏ប៉ុន្តែការអនុវត្តហាក់នៅមានកម្រិតតិចតួចនៅឡើយ ដោយក្នុងនោះ គ្រប់ភាគីជម្លោះទាំងអស់មិនបានរក្សានូវភាពអត់ធ្មត់របស់ពួកគេ និងមិនបានធ្វើការរួមគ្នាដើម្បីបង្កើតក្រមប្រតិបត្តិដូចអ្វីដែលបានប្រកាសនោះទេ។

លោក Amitav Acharya បានធ្វើការពិពណ៌នាអំពីមជ្ឈភាពអាស៊ាន ដោយប្រៀបប្រដូចអាស៊ាននឹងមេដឹកនាំ, អ្នកកាច់ចង្កូត, ស្ថាបត្យករ, ស្ថាប័នដ៏មានឥទ្ធិពលឈានមុខគេ និងជាចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ធម្មនុញ្ញរបស់អាស៊ានក៏បានចែងអំពីចំណុចខាងលើផងដែរ និងបានចាត់ទុកវាជាគោលបំណង និងជាគោលការណ៍ដ៏សំខាន់មួយ។

លោក Amitav Acharya
លោក Amitav Acharya

និយាយឱ្យសាមញ្ញទៅ គេបានចាត់ទុកអាស៊ានជាចំណុចស្នូលសម្រាប់ការកសាងតំបន់ ហើយអាស៊ានមានតួនាទីក្នុងការកំណត់នូវវិសាលភាព និងភាពស៊ីជម្រៅនៅក្នុងការធ្វើទំនាក់ទំនងជាមួយបណ្តាប្រទេសមហាអំណាចធំៗទាំងនៅក្នុងតំបន់ និងក្រៅតំបន់។

ប្រទេសចិនបានបង្ហាញឱ្យគ្រប់គ្នាបានឃើញថា «ចិនអាចធ្វើឱ្យអាស៊ានបែកបាក់គ្នា នៅពេលណាក៏បាន»។ អាស៊ានមិនមានការរួបរួមគ្នានោះទេ បើទោះជាឯកសារ និងសេចក្តីថ្លែងការណ៍នានារបស់អាស៊ានតែងតែមានការលើកឡើងជាដដែលៗអំពីការរួបរួមគ្នាក៏ដោយ។

អាស៊ាននៅតែបន្តប្រកាន់ខ្ជាប់នូវ «មាគ៌ាអាស៊ាន» ដែលទាមទារឱ្យមានការពិគ្រោះយោបល់និងការមូលមតិគ្នាដើម្បីដោះស្រាយបញ្ហា។ មនុស្សមួយចំនួនបានអះអាងថា «ចំណុចខាងលើពិតជាមានសារៈសំខាន់ណាស់សម្រាប់ការបន្តរស់រានរបស់អាស៊ាន ក៏ប៉ុន្តែវាគឺជាបទដ្ឋានមួយដែលធ្វើឱ្យអាស៊ានមិនអាចចូលរួមដោះស្រាយបញ្ហាធំៗរបស់តំបន់»។

អាស៊ានបានប្រែក្លាយជាអ្នកផ្តល់ធាតុចូល ជាជាងអ្នកកាច់ចង្កូត។ វេទិកាមួយចំនួនរបស់អាស៊ាន ដូចជាអាស៊ានបូក៣ (APT), កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS), វេទិកាតំបន់អាស៊ាន (ARF), កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM-Plus) និងវេទិកាពង្រីកដែនសមុទ្រអាស៊ាន (EAMF) គឺជាកិច្ចសន្ទនាដែលបានពឹងផ្អែកទាំងស្រុងទៅលើការចូលរួមនិងការគាំទ្រពីសំណាក់បណ្តាប្រទេសដែលជាដៃគូសន្ទនារបស់អាស៊ាន។

ជាក់ស្តែង វេទិកា ARF គឺជាវេទិកា ដែលត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងការអំពាវនាវពីសំណាក់បណ្តាប្រទេសដែលមិនមែនជាអាស៊ានដើម្បីបង្កើតឱ្យមានសន្និសីទសន្តិសុខ និងកិច្ចសហប្រតិបត្តិការអឺរ៉ុប (CSCE) តាមបែបអាស៊ី។

វេទិកា ARF គឺជា វេទិកាសន្តិសុខតែមួយគត់ដែលមានប្រទេសកូរ៉េខាងជើងចូលរួម ក៏ប៉ុន្តែវាគឺជាវេទិកាបន្ទាប់បន្សំតែប៉ុណ្ណោះ បើធៀបទៅនឹងវេទិកា «Six Party Talks» ដែលជាវេទិកាដែលតែងតែធ្វើការសម្រេចចិត្តលើបញ្ហាសំខាន់ៗ។

វេទិកាក្រៅតំបន់ទាំងនេះ រួមជាមួយនឹងការប្រើប្រាស់ពាក្យ «មជ្ឈភាព» នៅក្នុងសេចក្តីថ្លែងការណ៍ និងឯកសារនានារបស់កិច្ចប្រជុំអាស៊ានបូកភាគច្រើន ត្រូវបានធ្វើឡើងដោយសារតែការព្រួយបារម្ភអំពីការបាត់បង់ឥទ្ធិពលរបស់អាស៊ានតែប៉ុណ្ណោះ។

វាប្រៀបដូចជាបណ្តារដ្ឋតូចៗទាំងនេះ កំពុងតែជាប់គាំងនៅក្នុងល្បែងប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ហើយប្រទេសជាដៃគូសន្ទនា ដែលតែងតែចូលរួមជាមួយអាស៊ាន ភាគច្រើនគឺគ្រាន់តែចូលរួមនិយាយឱ្យរួចតែពីមាត់ប៉ុណ្ណោះ។

កាលពី ១០ឆ្នាំមុន លោក Surin Pitsuwan បានជំរុញឱ្យអាស៊ានផ្លាស់ប្តូរពីអ្វីដែលលោកហៅថា «មជ្ឈភាពសុច្ឆន្ទៈ» ទៅជា «មជ្ឈភាពខ្លឹមសារ» ក៏ប៉ុន្តែ វានៅតែមិនមានការផ្លាស់ប្តូរអ្វីច្រើនឡើយរហូតមកដល់ពេលនេះ។

នៅពេលដែលយុទ្ធសាស្ត្រស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ (FOIP)បានចាប់ផ្តើមលេចចេញជារូបរាង បណ្តាប្រទេសជាសមាជិកអាស៊ានបាន ព្យាយាមឆ្លើយតប តាមរយៈការដាក់ចេញនូវទស្សនវិស័យអាស៊ានស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)នៅក្នុងឆ្នាំ ២០១៩ និងបានគូស បញ្ជាក់ថា «កិច្ចប្រជុំ EAS គឺជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការថ្នាក់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។

ប្រសិនបើកិច្ចប្រជុំ EAS ឬវេទិការបស់អាស៊ានផ្សេងទៀត ពិតជាមានប្រសិទ្ធភាពមែននោះ ប្រទេសជប៉ុនមិនចាំបាច់ខិតខំប្រឹងប្រែងដើម្បីបញ្ចុះបញ្ចូលសហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងៗទៀត ដូចជាឥណ្ឌានិងអូស្ត្រាលីដើម្បីបង្កើតយុទ្ធសាស្ត្រ FOIP នោះទេ។ ការពិតនោះគឺថា «ប្រទេសមហាអំណាចធំៗមានឆន្ទៈគាំទ្រដល់បុព្វហេតុរបស់អាស៊ានលុះត្រាតែវាអាចបម្រើផលប្រយោជន៍ដល់ពួកគេ»។

វាគឺជារឿងល្អខ្លាំងណាស់ប្រសិនបើអាស៊ានបញ្ឈប់ការផ្តោតលើបញ្ហាក្រៅតំបន់ និងងាកមកដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់វិញ ដូចជាបញ្ហាជនជាតិរ៉ូហ៊ីងយ៉ា, ការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ, ការពង្រីកលំហសេរីភាពសម្រាប់ពលរដ្ឋ, ការផ្តល់សិទ្ធិអំណាចបន្ថែមទៀត ដល់សហគមន៍ជនជាតិភាគតិច និងសហគមន៍ខ្វះខាត និងការផ្លាស់ប្តូរស្ថាប័ននានាឱ្យងាក មកផ្តោតលើការផ្តល់ផលប្រយោជន៍ដល់ប្រជាជន និងការបង្កើតឱ្យមានសហគមន៍ដែលផ្អែកលើច្បាប់ដ៏ពិតប្រាកដ៕ The ASEAN Post

អត្ថបទទាក់ទង