ខ្មែរប៉ុស្ដិ៍ Close

អូស្ត្រាលីកំពុងឈានជើងសន្សឹមៗ ទៅក្នុងជម្លោះដែនសមុទ្រជាមួយចិន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 56
អូស្ត្រាលីកំពុងឈានជើងសន្សឹមៗ ទៅក្នុងជម្លោះដែនសមុទ្រជាមួយចិន អូស្ត្រាលីកំពុងឈានជើងសន្សឹមៗ ទៅក្នុងជម្លោះដែនសមុទ្រជាមួយចិន

ការអត្ថាធិប្បាយនាពេលថ្មីៗនេះពីសំណាក់លោករដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី Richard Marles ស្ដីអំពីប្រទេសអូស្ត្រាលី, ប្រទេសចិននិងច្បាប់អន្តរជាតិស្តីអំពីដែនសមុទ្រ បានបង្កឱ្យមានការព្រួយបារម្ភថា ប្រទេសអូស្ត្រាលីកំពុងដើរតួជា «សេនាធិការ» ឱ្យសហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់។

បើតាមលោក Marles ប្រតិបត្តិការយោធាបាញ់គ្រាប់ពិតរបស់ចិនឡោមព័ទ្ធកោះតៃវ៉ាន់ បានបំពានច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិដែលតម្រូវឱ្យប្រទេសទាំងអស់ធានាឱ្យបាននូវសន្តិភាព និងសន្តិសុខនៅក្នុងដែនទឹកអន្តរជាតិ។ លោក Marles បានអំពាវនាវឱ្យប្រទេសចិនបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ និងបានអះអាងថា អូស្ត្រាលីនឹងបន្តធ្វើប្រតិបត្តិការយោធារបស់ខ្លួនដោយសន្តិភាពនៅក្នុងតំបន់នោះ។

វាគឺជាការឆ្លើយតបរបស់លោក Marles ទៅនឹងភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ដែលបណ្ដាលឱ្យមានការធ្វើសមយុទ្ធយោធារបស់ចិននៅក្នុង និងនៅជុំវិញកោះតៃវ៉ាន់ រួមទាំងការបាញ់មីស៊ីលអន្តរទ្វីបទៀតផង។

មេទ័ពរបស់អូស្ត្រាលីរូបនេះក៏បានបញ្ជាក់ផងដែរថា អូស្ត្រាលីនឹងមិនដើរថយក្រោយនោះទេ នៅក្នុងប្រតិបត្តិការរបស់ខ្លួននៅសមុទ្រចិនខាងត្បូង ហើយខ្លួននឹងបន្តឃ្លាំមើល ក៏ដូចជាបន្តធ្វើសកម្មភាពផ្សេងៗទៀត។

រយៈពេលពេញមួយឆ្នាំនេះ ប្រទេសចិនបានប្រកាន់យកអភិក្រមរឹងត្អឹងកាន់តែខ្លាំងឡើងៗចំពោះសកម្មភាពយោធារបស់សហរដ្ឋអាមេរិក អូស្ត្រាលី និងកាណាដា នៅក្នុងសមុទ្រចិនខាងត្បូង និងនៅសមុទ្រចិនខាងកើត។

កាលពីខែឧសភា យន្តហោះស៊ើបការណ៍ដែនសមុទ្រមួយគ្រឿងរបស់អូស្ត្រាលី ប្រភេទ RAAF P-8A Poseidon បានប្រឈមមុខដាក់គ្នាជាមួយយន្តហោះយោធាចិននៅជិត ប្រជុំកោះ Paracel ដែលទាមទារដោយចិន។ កាលពីខែកក្កដា នាវាពិឃាត HMAS Parramatta របស់អូស្ត្រាលីបានស្ថិតនៅក្រោមការតាមដាន និងត្រួតពិនិត្យដោយយន្តហោះនិងនាវាកងទ័ពជើងទឹករបស់ចិនមួយចំនួន ដែលមានរួមបញ្ចូលទាំងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទៀតផង នៅពេលដែលនាវានោះបើកឆ្លងកាត់សមុទ្រចិនខាងត្បូងនិងសមុទ្រចិនខាងកើត។

យន្តហោះស៊ើបការណ៍ RAAF P-8A Poseidon របស់អូស្ត្រាលី
យន្តហោះស៊ើបការណ៍ RAAF P-8A Poseidon របស់អូស្ត្រាលី

ជំហរ​ផ្លូវការ​របស់​ចិនចំពោះករណីទាំងពីរនេះ​គឺថា នាវា​និង​យន្តហោះ​របស់អូស្ត្រាលី​បាន​ចូល​ឈ្លានពានដោយ​ខុសច្បាប់​ទៅក្នុង​ដែនទឹក និង​ដែនអាកាស​របស់​ចិន​​។ ប្រទេស​ចិន​បានការពារទង្វើ​របស់​ខ្លួន​ថា​ វាជា​ការបណ្តេញ​កម្លាំង​យោធា​បរទេស​ចេញពី​តំបន់​ដែល​ខ្លួនមានអធិបតេយ្យភាព។

អូស្ត្រាលី​បានឆ្លើយតបទៅវិញ​ថា អ្វីដែលខ្លួន​កំពុង​ធ្វើគឺ​ស្រប​ទៅតាម​ច្បាប់​សមុទ្រអន្តរជាតិ​។ ជំហររបស់អូស្ត្រាលីគឺថា នាវារបស់ខ្លួនកំពុងអនុវត្តនូវសេរីភាពនៃការធ្វើនាវាចរណ៍ ហើយយន្តហោះរបស់ខ្លួនក៏កំពុងអនុវត្តនូវសេរីភាពនៃការហោះហើរពីលើផងដែរ។

ការ​ប្រឈមមុខដាក់គ្នាទាំងនេះកើត​ឡើង​នៅតំបន់ដែលមានការប្រទាញប្រទង់គ្នាខ្លាំងលើផ្នែកភូមិសាស្ត្រ​នយោបាយនិងផ្លូវច្បាប់ និងដែលកាន់តែស្រួចស្រាល់ជាងមុន ដោយសារតែព្រឹត្តិការណ៍ក្នុងពេលថ្មីៗនេះនៅកោះតៃវ៉ាន់។ ការប្រឈមមុខដាក់គ្នានេះគឺស្របទៅនឹងសកម្មភាពថ្មីៗដ៏គួរឱ្យកត់សម្គាល់ចំនួន ៣ ។

  • ទី1-ប្រទេសចិន បាននិងកំពុងធ្វើសកម្មភាពកាន់តែគឃ្លើនឡើងៗនៅទូទាំងតំបន់ ទាក់ទងនឹងការអះអាងពីបូរណភាពទឹកដីរបស់ខ្លួនលើកោះនានានៅសមុទ្រចិនខាងត្បូង និងលើកោះតៃវ៉ាន់។
  • ទី2-ប្រទេសចិនកំពុងស្វះស្វែងរកការគ្រប់គ្រងអធិបតេយ្យភាពលើដែនទឹក និងដែនអាកាសភាគច្រើននៅក្នុងសមុទ្រចិនខាងត្បូង។
  • ទី3-ប្រទេសចិនមានបំណងបណ្តេញយោធាបរទេសទាំងអស់ចេញពីតំបន់ ជាពិសេសគឺយោធាសហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិកបានអនុវត្តសេរីភាពនៃការធ្វើនាវាចរណ៍ (FONOPS) នៅជុំវិញពិភពលោកអស់រយៈពេល ៥០ ឆ្នាំមកហើយ ដើម្បីធានានូវសេរីភាពនៃការធ្វើនាវាចរណ៍នៃនាវារបស់ពាណិជ្ជករអាមេរិក និងនាវាពិឃាតរបស់ខ្លួន។ ដើមឡើយ FONOPs របស់សហរដ្ឋអាមេរិក ត្រូវបានជំទាស់ដោយអតីតសហភាពសូវៀត ហើយក្រោយមកបានវិវត្តមកជាការប្រឆាំងនឹងការអះអាងលើដែនសមុទ្រច្រើនហួសហេតុ ឬជាការមិន ស្របទៅនឹងច្បាប់អន្តរជាតិពីសំណាក់ប្រទេសនីមួយៗ។

FONOPs គឺជាប្រតិបត្តិការយោធាដែលត្រូវបានអនុម័តដោយសភាអាមេរិកនិងមានតម្លាភាពពេញលេញ និងដែលត្រូវបានរចនាឡើងដើម្បីជំរុញផលប្រយោជន៍សន្តិសុខជាតិមួយចំនួនរបស់សហរដ្ឋអាមេរិក។

មាននាវាពិឃាតមួយចំនួនធំត្រូវបានចាត់តាំងឱ្យធ្វើប្រតិបត្តិការ FONOPs ដែលជាផ្នែកនៃកងនាវាទី៧ (Seventh Fleet) ដែលជាកងនាវាធំជាងគេបំផុតនៃកងនាវាចរអាមេរិក ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន។ កងនាវាចរនេះមាននាវាពិឃាតនិងនាវាមុជទឹកពី ៥០-៧០ គ្រឿង, យន្តហោះ ១៥០ គ្រឿង ព្រមទាំងនាវិកនិងកងម៉ារីនជាង ២៧ ០០០ នាក់ ដែលត្រូវបានដាក់ពង្រាយជាទៀងទាត់។

ថ្មីៗនេះ FONOPs បានចាប់ផ្តើមផ្តោតលើសមុទ្រចិនខាងត្បូង ដោយបានបញ្ជូនកងយោធា និងអាវុធយុទ្ធភណ្ឌជាច្រើនទៅទីនោះដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់ចិន។ កាលពីខែកក្កដា ភ្លាមៗបន្ទាប់ពីការប្រឈមមុខដាក់គ្នារវាងនាវាពិឃាត USS Benfold និងយោធាចិន សហរដ្ឋអាមេរិកបានបញ្ជូននាវាផ្ទុកយន្តហោះ USS Ronald Reagan ទៅទីនោះ ជាមួយនិងនាវាពិឃាត និងយន្តហោះអមជាមួយផង។

នាវាពិឃាត USS Benfold របស់សហរដ្ឋអាមេរិក
នាវាពិឃាត USS Benfold របស់សហរដ្ឋអាមេរិក

ប្រទេសអូស្ត្រាលីមិនមានការឆ្លើយតបនិងការគាំទ្របែបនោះទេ កុំថាឡើយនាវាផ្ទុកយន្តហោះមួយគ្រឿង។ ជំហរផ្លូវការរបស់អូស្ត្រាលីគឺថា ខ្លួនមិនអនុវត្ត FONOPs តាមរបៀបអាមេរិកនោះទេ។ ប្រទេសអូស្ត្រាលី បានអះអាងម្ដងហើយម្ដងទៀត ទាំងនៅក្រោមរដ្ឋាភិបាលមកពីគណបក្ស Coalition និងទាំងរដ្ឋាភិបាលមកពីគណបក្សពលករថា ខ្លួនព្យាយាមអះអាងនូវសេរីភាពនៃការធ្វើនាវាចរណ៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

រដ្ឋាភិបាលរបស់លោក Albanese ​បាន​បញ្ជាក់​ថា​ ជំហរ​ផ្លូវការ​របស់​អូស្ត្រាលី​មិនបាន​ផ្លាស់ប្តូរ​ទេ ហើយ​ប្រតិបត្តិការ​របស់ខ្លួននៅ​សមុទ្រ​ចិន​ខាង​ត្បូងក៏មិនផ្លាស់ប្ដូរដែរ ​មិន​ថា​នៅ​លើផ្ទៃសមុទ្រ​ ឬ​នៅលើ​អាកាស​នោះទេ ពោលគឺ​អូស្ត្រាលីធ្វើវាជា​ទម្លាប់។

កងទ័ពជើងទឹកអូស្ត្រាលី (Royal Australian Navy – RAN) បាននិយាយថា ជារឿយៗប្រតិបត្តិការរបស់ខ្លួនបានផ្សារភ្ជាប់ជាមួយនឹងការចូលចតតាមកំពង់ផែក្នុងតំបន់ ដូចជាទៅកាន់ប្រទេសវៀតណាម កូរ៉េខាងត្បូង ឬប្រទេសជប៉ុនជាដើម។ រីឯកងទ័ពជើងអាកាសអូស្ត្រាលី (Royal Australian Air Force – RAAF) វិញបានកត់​សម្គាល់ថា ពួកគេ​កំពុង​ធ្វើ​ប្រតិបត្តិការ​ឃ្លាំមើល​ជា​ប្រចាំ​នៅទូទាំង​តំបន់ ដោយ​សហការ​ជាមួយ​ដៃគូ​ក្នុង​តំបន់។

ដំណើរ​ទស្សនកិច្ច​នៅ​តាមកំពង់ផែនិង​ប្រតិបត្តិការ​ឃ្លាំមើល​ទាំងអស់​នេះ គឺសុទ្ធតែជា​មូលដ្ឋាន​ស្របច្បាប់​សម្រាប់​យោធា​អូស្ត្រាលី​ក្នុង​ការធ្វើប្រតិបត្តិការ​នៅ​សមុទ្រ​ចិន​ខាងត្បូង។ ទោះយ៉ាងណា វាគឺជាគំរូនៃការប្រព្រឹត្តនិងការគាំទ្រ ដែលអូស្ត្រាលីកំពុងបង្ហាញទៅកាន់សហរដ្ឋអាមេរិកដែលត្រូវការនូវការយកចិត្តទុកដាក់បន្ថែម។

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី Marles កំពុងប្រកាន់ខ្ជាប់នូវមតិយោបល់របស់លោកកាលពីឆ្នាំ ២០១៦ ដែលបានស្នើឱ្យអូស្ត្រាលីអនុវត្ត FONOPs របស់ខ្លួន ដែលរួមមានការធ្វើនៅក្នុងរយៈចម្ងាយ ១២ nautical miles (១ nautical mile = ១,១៥០៨ mile) ពីកោះសិប្បនិម្មិតដែលចិនបានសាងសង់ ហើយដែលវាអាចជាការបង្កើនប្រតិបត្តិការយោធារបស់អូស្ត្រាលីនៅក្នុងតំបន់។

សកម្មភាពល្បាតតាមដែនសមុទ្រឆ្នាំ ២០២២ និងការប្រឈមមុខជាមួយយោធាចិន បានបង្ហាញឱ្យឃើញថា អូស្ត្រាលីកំពុងដើរតួជា «សេនាធិការ» របស់សហរដ្ឋអាមេរិកក្នុងការពង្រឹងសណ្ដាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់សមុទ្រ។

ប្រសិនបើនេះជាអ្វីដែលរដ្ឋាភិបាលអូស្ត្រាលីមានបំណងចង់ធ្វើមែន នោះអូស្ត្រាលីចាំបាច់ត្រូវបង្ហាញនូវតម្លាភាពបន្ថែមទៀតអំពីគោលដៅនិងគោលបំណងច្បាស់លាស់របស់ខ្លួននៅក្នុងតំបន់, ផលវិបាកដែលបង្ក ឡើងដោយសារយុទ្ធសាស្ត្រទាំងនេះចំពោះទំនាក់ទំនងទ្វេភាគីជាមួយចិន និងការចូលជួយពីសំណាក់សហរដ្ឋអាមេរិក ប្រសិនបើមានការគណនាខុសណាមួយកើតឡើង និងប្រសិនបើមានឧប្បត្តិហេតុផ្ទុះឡើងនៅក្នុងអំឡុងពេលនៃការប្រឈមមុខដាក់គ្នាជាមួយយោធាចិន៕

Asia Times

អត្ថបទទាក់ទង