ខ្មែរប៉ុស្ដិ៍ Close

ហេតុអ្វីបានជាប្រទេសចិនទំនងជាអាចចៀសផុតពីអត្រាអតិផរណាដ៏ខ្ពស់បាន?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 33
ហេតុអ្វីបានជាប្រទេសចិនទំនងជាអាចចៀសផុតពីអត្រាអតិផរណាដ៏ខ្ពស់បាន? ហេតុអ្វីបានជាប្រទេសចិនទំនងជាអាចចៀសផុតពីអត្រាអតិផរណាដ៏ខ្ពស់បាន?

នៅពេលការចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់លើការវិនិយោគមូលធនបានជំរុញឱ្យមានការកើនឡើងនៃអត្រាអតិផរណានៅក្នុងប្រទេសចិនចាប់ពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ២០១១ អាជ្ញាធរចិនក៏បានប្រញាប់ប្រញាល់ចាត់វិធានការ និងអាចគ្រប់គ្រងស្ថានការណ៍បានវិញ។ សម្រាប់រយៈពេល ១ ទសវត្សរ៍កន្លងមកនេះសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) កម្រនឹងកើនលើស ២% ណាស់ បើប្រៀបធៀបទៅនឹងតួលេខ ៥,៤% កាលពីឆ្នាំ ២០១១។

នៅពេលដែលអ្នករៀបចំគោលនយោបាយនៅតាមបណ្តាប្រទេសធំៗជាច្រើនកំពុងបាត់បង់ម្ចាស់ការក្នុងការរក្សាស្ថិរភាពតម្លៃ «តើប្រទេសចិនអាចបន្តរក្សាការគ្រប់គ្រងទៅលើអត្រាអតិផរណានៅក្នុងឆ្នាំនេះ និងនៅឆ្នាំក្រោយបានដែរឬទេ?» ដើម្បីឆ្លើយនឹងសំណួរខាងលើនេះ គេគួរពិចារណាលើរបៀបដែលប្រទេសចិនទទួលបានជោគជ័យក្នុងការទប់ស្កាត់ការកើនឡើងនៃអត្រាអតិផរណានៅក្នុងរយៈពេលជាង ១ ទសវត្សរ៍កន្លងមកនេះ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ «រដ្ឋាភិបាលចិនបានចៀសវាងពីការបញ្ចេញកញ្ចប់ថវិកាសង្គ្រោះរូបិយវត្ថុ និងកញ្ចប់សង្គ្រោះសារពើពន្ធទ្រង់ទ្រាយធំ»។ នៅក្រោយឆ្នាំ ២០១៥ ធនាគារកណ្តាលរបស់ចិនបានប្រកាន់ជំហរប្រកបដោយការប្រុងប្រយ័ត្ន និងបានកែសម្រួលការបែងចែកឥណទានដើម្បីផ្តល់ការគាំទ្រដល់វិស័យដែលមានអនុបាតបំណុលខ្ពស់ (Debt Ratios) ខណៈដែលឧស្សាហកម្មដែលបានបញ្ចេញសារធាតុកខ្វក់ក្នុងកម្រិតខ្ពស់ និងវិស័យអចលនទ្រព្យបានប្រឈមមុខនឹងសម្ពាធផ្នែកហិរញ្ញវត្ថុ។

ទន្ទឹមនឹងនោះដែរ រដ្ឋាភិបាលកណ្តាលក៏អាចសម្រេចបាននូវអត្រាកំណើនអប្បរមាផងដែរ ដែលបាននាំមកនូវកំណើនការងារដោយសន្សឹមៗ។ ប៉ុន្តែ ការបិទខ្ទប់ដោយសារការរាតត្បាតនៃវីរុសជាពិសេសនៅទីក្រុង Shenzhen និង Shanghai បានបង្កផលអាក្រក់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ចិន។ នៅត្រីមាសទី២ នៃ ឆ្នាំ ២០២២ GDP របស់ទីក្រុង Shanghai បានធ្លាក់ចុះជិត ១៤% ខណៈដែលវិស័យអចលទ្រព្យដែល
ធ្លាប់បានរួមចំណែកយ៉ាងធំក្នុងការបង្កើនតម្រូវការបាននិងកំពុងទាញទម្លាក់កំណើនសេដ្ឋកិច្ចរបស់ចិន។

នៅឆ្នាំ ២០២០ រដ្ឋាភិបាលចិនបានដាក់ចេញនូវផែនការ «ខ្សែបន្ទាត់ក្រហមចំនួន ៣» ដើម្បីរឹតត្បិតលើការផ្តល់ឥណទាន ដោយក្នុងនោះរួមមាន «បំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍមិនអាចកើនលើស ៧០% នៃទ្រព្យ សកម្ម, បំណុលដុល (Net Debt) របស់ពួកគេមិនអាចកើនលើសទ្រព្យសម្បត្តិដែលមាន (Equity) ហើយសាច់ប្រាក់ដែលពួកគេមានក្នុងដៃ (Cash Holdings) ត្រូវតែមានភាពសមភាពជាមួយនឹងប្រាក់កម្ចីរយៈពេលខ្លី»។

ការកើនឡើងនៃកម្ចីថ្មីៗ បូករួមនឹងការរាតត្បាតនៃវីរុសកូវីដ-១៩ បានដាក់សម្ពាធយ៉ាងខ្លាំងមកលើវិស័យទាំងនេះ។ ក្រុមហ៊ុនអភិវឌ្ឍដែលធ្លាប់តែមានភាពជោគជ័យ នៅពេលនេះកំពុងតែប្រឈមមុខនឹងវិបត្តិបំណុលដ៏ធ្ងន់ធ្ងរ។ ដោយសារគម្រោងសាងសង់លំនៅដ្ឋានមួយចំនួនបានពន្យារពេល ឬបញ្ឈប់ដំណើរការ អ្នកទិញផ្ទះនៅទីក្រុងខ្លះត្រូវបង្ខំចិត្តឈប់បង់ប្រាក់រំលស់ប្រចាំខែចាប់តាំងពីឆមាសទី 2 នៃឆ្នាំមុនមកម្ល៉េះ។

ប៉ុន្តែ អ្វីដែលជាដំណឹងល្អនោះគឺ «ប្រទេសចិននៅតែអាចរក្សាបាននូវការគ្រប់គ្រងលើអត្រាអតិផរណា»។ នៅក្នុងឆមាសទី១ នៃឆ្នាំនេះ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានកើនឡើងត្រឹមតែ ១,៧% ប៉ុណ្ណោះ ខណៈដែលការព្យាករណ៍អំពីអត្រាអតិផរណាសម្រាប់ឆ្នាំ ២០២២ របស់រដ្ឋាភិបាលគឺមានចំនួនប្រហែល ៣%។

ទោះជាយ៉ាងណាក៏ដោយ អ្វីដែលជាដំណឹងអាក្រក់នោះគឺ «បើទោះបីជាសេដ្ឋកិច្ចរបស់ចិនអាចរួចផុតពីការកើនឡើងកំដៅក៏ដោយ ក៏ប្រទេសចិននៅតែអាចប្រឈមមុខនឹងការធ្លាក់ចុះនៃកំណើន GDP រយៈពេលវែង បូករួមនឹងវិបត្តិនៅក្នុងវិស័យមួយចំនួន»។ ផ្អែកលើបញ្ហានេះ ការព្យាករណ៍ជាផ្លូវការនៃកំណើនសេដ្ឋកិច្ចចំនួន ៥,៥% នៅក្នុងឆ្នាំនេះ ទំនងជាមិនអាចសម្រេចបាននោះទេ។

ខណៈដែល GDP នៅតែបន្តកើនឡើងចំនួន ២,៥% នៅក្នុងឆមាសទី ១ នៃឆ្នាំ ២០២២ នេះ ប្រទេសចិនចាំបាច់ត្រូវមានកំណើន GDP នៅក្នុងឆមាសទី២ ចំនួន ៨% ដើម្បីអាចឱ្យខ្លួនអាចសម្រេចបាននូវគោលដៅកំណើន ៥,៥% សម្រាប់ឆ្នាំ ២០២២។ រឿងនេះពិតជាមិនអាចកើតឡើងនោះទេ។

រដ្ឋាភិបាលកណ្តាលទំនងជាទម្លាក់ការព្យាករណ៍កំណើន GDP របស់ខ្លួនសម្រាប់ខែកក្កដា-ធ្នូ មកនៅត្រឹម ៦% ជាជាង ៨% ដែលវានឹងមានន័យថា «អត្រាកំណើនប្រចាំឆ្នាំនឹងស្ថិតនៅចន្លោះ ៤% ទៅ ៤,៥% ប៉ុណ្ណោះសម្រាប់ឆ្នាំ ២០២២ នេះ» ហើយនេះអាចជាមូលហេតុដែលជំរុញឱ្យរដ្ឋាភិបាលចិនរៀបចំផែនការដាក់ចេញនូវកញ្ចប់ថវិការជំរុញកំណើនថ្មីសម្រាប់ឆ្នាំ ២០២២។

អត្រាគ្មានការងារធ្វើសម្រាប់មនុស្សដែលមានអាយុចន្លោះពី ១៦ ដល់ ២៤ ឆ្នាំ បានកើនឡើងដល់ ១៩,៣% នៅក្នុងខែមិថុនា ដែលមានចំនួនខ្ពស់ជាងមុន ៤% បើធៀបនឹងតួលេខកាលពីឆ្នាំមុន។ ជាមួយនឹងការកើនឡើងនៃអត្រាគ្មានការងារធ្វើកញ្ចប់ថវិការជំរុញកំណើនពិតជាមាន ភាពចាំបាច់ណាស់។

ប៉ុន្តែ នាយករដ្ឋមន្ត្រី Li Keqiang ក៏មានភាពឈ្លាសវៃខ្លាំងផងដែរ ដោយក្នុងនោះលោកបានលើកឡើងអំពីសារៈសំខាន់នៃការមិនបញ្ចេញកញ្ចប់ថវិការជំរុញកំណើន (Stimulus) ជ្រុលជួសហេតុពេក។ កាលពីអតីតកាល កញ្ចប់ថវិការជំរុញកំណើនមានទម្រង់ជា «ការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធ»។

ប៉ុន្តែនៅពេលនេះ ប្រទេសចិនបានរឹតត្បិតលើការដាក់ចេញនូវវិធានការបែបនេះ ហើយមូលហេតុដ៏ចម្បងដែលស្ថិតនៅពីក្រោយរឿងនេះគឺ «បំណុលដ៏ធំដែលបណ្តាលមកពីការបញ្ចេញកញ្ចប់ជំរុញកំណើនទ្រង់ទ្រាយធំ កាលពីឆ្នាំ ២០០៩ និង ២០១១»។ បំណុលនេះអាចបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធហិរញ្ញវត្ថុរបស់ចិន។

ឧបសគ្គមួយទៀតចំពោះការបញ្ចេញកញ្ចប់ថវិកាជំរុញកំណើនគឺ «ហានិភ័យនៃការកើតមានអតិផរណាលើទំនិញនាំចូល»។ ផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ រួមជាមួយការផ្ទុះឡើងនៃសង្គ្រាមនៅអ៊ុយក្រែន អាចធ្វើឱ្យអត្រាអតិផរណានៅក្នុងបណ្តាប្រទេសលោកខាងលិចភាគច្រើនមានការកើនឡើងបន្ថែមទៀត ហើយតម្លៃទំនិញប្រើប្រាស់នៅក្នុងប្រទេសទាំងនោះក៏អាចមានការកើនឡើងផងដែរ។

សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស បានកើនលើស ៩% នៅខែមិថុនា ខណៈសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅតំបន់ចាយប្រាក់អឺរ៉ូបានកើនលើស ៨%។ ដូចគ្នាដែរ នៅទ្វីបអាស៊ី សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់កូរ៉េខាងត្បូង បានកើនឡើង ៦% នៅក្នុងខែមិថុនា ដែលនេះគឺជាការកើនឡើងដ៏ច្រើនបំផុត បើគិតចាប់តាំងពីខែវិច្ឆិកាឆ្នាំ ១៩៩៨។ ការកើនឡើងនៃសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ប្រទេសជប៉ុនដល់ចំនួន ២,៤% ក៏ជាតួលេខដែលបានកើនលើសការព្យាកររបស់ធនាគារកណ្តាលជប៉ុនផងដែរ

ក្នុងនាមជាប្រទេសនាំចូលស្បៀងអាហារនិងថាមពលដ៏ធំមួយ វាគឺជារឿងមួយដ៏លំបាកសម្រាប់ប្រទេសចិនក្នុងការផ្តាច់ខ្លួនចេញឱ្យផុតពីនិន្នាការពិភពលោក។ ប៉ុន្តែកត្តាចំនួន២ អាចពន្យល់បានថា «ហេតុអ្វីបានជាសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅក្នុងប្រទេសចិនមិនបានហក់ឡើងខ្ពស់»។

ទី១ «ក្រុមហ៊ុននាំចូលស្បៀងអាហារនិងថាមពលរបស់ប្រទេសចិនទាំងអស់សុទ្ធតែជាសហគ្រាសខ្នាតយក្ខ និងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ ដែលជាហេតុធ្វើឱ្យការកំណត់តម្លៃអាចគ្រប់គ្រងបានយ៉ាងតឹងរ៉ឹង»។ បើសិនជាបញ្ហាអតិផរណាមិនទាន់លេចចេញជារូបរាងទេ អ្នកប្រើប្រាស់នឹងមិនរងនូវការចំណាយកាន់តែច្រើនលើទំនិញនាំចូលនោះទេ។

ទី២ «បើទោះបីជាប្រទេសចិននាំ ចូលទំនិញសំខាន់ៗជាច្រើនក៏ដោយក៏ទំនិញដែលរួមបញ្ចូលនៅក្នុងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ភាគច្រើនត្រូវបានផ្គត់ផ្គង់នៅក្នុងស្រុក ដែលជាហេតុធ្វើឱ្យតម្លៃរបស់ទំនិញទាំងនោះ មិនរងនូវការប្រែប្រួលច្រើនពេកទេ ដោយសារតែការគ្រប់គ្រងដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាល»។

សាច់ជ្រូកគឺជាមុខទំនិញដ៏សំខាន់បំផុតតែមួយគត់ និងជាទំនិញដ៏មានឥទ្ធិពលនៅក្នុងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ ដោយសារតែវាបានរួមចំណែករហូតដល់ទៅ ២,៥% នៃសន្ទស្សន៍នេះ។ បទបញ្ញតិ្តដើម្បីទប់ស្កាត់ការឡើងចុះតម្លៃ និងការឧបត្ថម្ភធនរបស់រដ្ឋដល់ក្រុមហ៊ុនផលិតសាច់ជ្រូក ត្រូវបានគេអនុវត្តអស់រយៈពេលជាយូរមកហើយដែលជាហេតុធ្វើឱ្យតម្លៃសាច់ជ្រូក និងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅតែអាចមានស្ថិរភាព។

បើទោះបីបទបញ្ញត្តិបែបនេះអាចជួយកាត់បន្ថយវិបត្តិផ្គត់ផ្គង់ពីខាងក្រៅក៏ដោយ ក៏ការកាត់បន្ថយប្រាក់ចំណូលរបស់រដ្ឋ ឬការបង្កើនការឧបត្ថម្ភធននឹងបង្កើនបន្ទុកសារពើពន្ធរបស់រដ្ឋាភិបាល ជាពិសេសនៅពេលកំពុងមានវិបត្តិអតិផរណាសកលបែបនេះ។

នៅពេលដែលបន្ទុកនេះត្រូវបានបង្កើនទៅលើរដ្ឋាភិបាលតំបន់ដែលកំពុងតែជួបប្រទះនឹងសម្ពាធផ្នែកហិរញ្ញវត្ថុរួចស្រេចទៅហើយ ដោយសារការបន្តអនុវត្តនូវគោលនយោបាយ «Zero COVID» សមត្ថភាពរបស់រដ្ឋាភិបាលក្នុងការពង្រីក និងផ្តល់ហិរញ្ញប្បទានដល់ការចំណាយលើមូលធនសាធារណៈនឹងត្រូវបានកាត់ បន្ថយយ៉ាងខ្លាំង។

ផ្អែកលើបរិបទនេះ វាគឺជារឿងសមហេតុផលដែលរដ្ឋាភិបាលចិនបានសម្រេចជ្រើសយកការបញ្ចេញកញ្ចប់ថវិកាជំរុញកំណើនកម្រិតមធ្យម ពីព្រោះការបញ្ចេញកញ្ចប់ថវិកាជំរុញកំណើនជ្រុលហួសហេតុដូចដែលបានរៀបរាប់ខាងលើ នឹងតម្រូវឱ្យមានការពង្រីកគោលនយោបាយរូបិយវត្ថុទ្រង់ទ្រាយធំដែលអាចនាំមកនូវការកើនឡើងនៃអត្រាអតិផរណា និងបញ្ហាប្រឈមបន្ថែមទៀតដល់សេដ្ឋកិច្ចរបស់ចិន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕

Project Syndicate

អត្ថបទទាក់ទង