ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា នឹងបន្តចរចាជាមួយអូស្រ្តាលី ដើម្បីបញ្ជូនពលករទៅធ្វើការងារផ្នែកកសិកម្មនៅទីនោះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១ ខែកញ្ញា ឆ្នាំ២០២១ មុខរបរ 307
កម្ពុជា នឹងបន្តចរចាជាមួយអូស្រ្តាលី ដើម្បីបញ្ជូនពលករទៅធ្វើការងារផ្នែកកសិកម្មនៅទីនោះ កម្ពុជា នឹងបន្តចរចាជាមួយអូស្រ្តាលី ដើម្បីបញ្ជូនពលករទៅធ្វើការងារផ្នែកកសិកម្មនៅទីនោះ

ក្រសួងការងារ​កម្ពុជា​បានបញ្ជាក់​ឱ្យដឹងថា ​រដ្ឋាភិបាល​អូស្ត្រាលី បា​នប្រកាសអំពី​ការបង្កើត​ទិដ្ឋាការ​កសិកម្ម​អូស្ត្រាលី ​(Australian Agriculture Visa) ​ដើម្បីឆ្លើយតប​ទៅនឹង​កង្វះខាត​កម្លាំងពលកម្ម​ក្នុងវិស័យ​កសិកម្មនៅ​ប្រទេសអូស្ត្រាលី។ ​បច្ចុប្បន្ននេះ ​អូស្ត្រាលី​កំពុងពិភាក្សា​ទ្វេភាគី​អំពីការផ្តល់​ទិដ្ឋាការ​កសិកម្ម​អូស្ត្រាលី ​ជាមួយបណ្តា​ប្រទេស​ជាដៃគូនានា ​រួមទាំង​កម្ពុជាផងដែរ​។​ ប៉ុន្តែមកដល់​ពេលនេះ ​មិនទាន់មានការ​សម្រេច​ជាផ្លូវការ​ណាមួយ​នៅឡើយទេ ​តែរដ្ឋាភិបាល​កម្ពុជា​នឹងបន្ត​ចរចា​ជាមួយ​អូស្ត្រាលី។​

កិច្ចការចរចា ដើម្បីបញ្ជូនពលករកម្ពុជាទៅធ្វើការងារផ្នែកកសិកម្មនៅប្រទេសអូស្ត្រាលីនេះ ត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាដំណើរការជជែកជាមួយភាគីអូស្តា្រលីតាំងពីឆ្នាំ២០១៧មកម្លេះ ប៉ុន្តែទើបតែទទួលបានភ្លើងខៀវពីរដ្ឋាភិបាលអូស្រា្តលីកាលពីពេលថ្មីៗនេះប៉ុណ្ណោះ។ នេះបើតាមការគូសបញ្ជាក់ឱ្យដឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាតាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។

ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា នឹងបន្តសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដើម្បីចរចាជាមួយរដ្ឋាភិបាលអូស្ត្រាលីឱ្យមានការទទួលយកពលករទេសន្តរប្រវេសន៍ពីកម្ពុជា ក្រោមទិដ្ឋាការកសិកម្មអូស្ត្រាលី។ ក្រសួងការងាក៏អះអាងដែរថា នឹងផ្តល់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌ និងនីតិវិធីលម្អិត បន្ទាប់ពីបានពិភាក្សាជាមួយរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីរួចរាល់លើកិច្ចការការងារនេះ។

បើទោះបីកម្ពុជាទទួលបានភ្លើងខៀវពីរដ្ឋាភិបាលអូស្រ្តាលីលើការបញ្ជូនពលករទៅធ្វើការងារផ្នែកកសិកម្ម តែក្រសួងការងារកម្ពុជាបានប្រាប់ដល់ពលរដ្ឋខ្មែរដែលចង់ទៅទីនោះត្រូវមានការប្រុងប្រយ័ត្នផងដែរ។ ក្រសួងការងារប្រាប់ឱ្យពលរដ្ឋខ្មែរឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះរាល់ការផ្សព្វផ្សាយជ្រើសរើស និងបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសអូស្ត្រាលី ដោយទីភ្នាក់ងារជ្រើសរើស ឬអង្គភាពណាមួយ។ ការដាស់តឿនរបស់ក្រសួងការងារកម្ពុជានេះ គឺដោយសារតែរដ្ឋាភិបាលអូស្ត្រាលីពុំទាន់សម្រេចថានឹងផ្តល់ទិដ្ឋាការនេះជូនកម្ពុជានៅឡើយដែលអាចមានការផ្សព្វផ្សាយបោកបញ្ឆោតពីបញ្ហានេះ។

បើតាមក្រសួងការងារកម្ពុជា រាល់ការបញ្ជូនពលករទៅធ្វើការងារនៅក្រៅប្រទេស គឺត្រូវតែមានកិច្ចសន្យាត្រឹមត្រូវដែលទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះ គឺព្រោះតែក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាក្រសួងមានសមត្ថកិច្ចក្នុងការគ្រប់គ្រងលើការបញ្ជូនពលករខ្មែរទៅធ្វើការនៅបរទេស ដោយធ្វើកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ៕ RFI

អត្ថបទទាក់ទង