ខ្មែរប៉ុស្ដិ៍ Close

ការឆ្លងកាត់ខ្សែបន្ទាត់ ៖ ការបង្កើតវិបត្តិច្រកសមុទ្រតៃវ៉ាន់ទី ៤

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 66
ការឆ្លងកាត់ខ្សែបន្ទាត់ ៖ ការបង្កើតវិបត្តិច្រកសមុទ្រតៃវ៉ាន់ទី ៤ ការឆ្លងកាត់ខ្សែបន្ទាត់ ៖ ការបង្កើតវិបត្តិច្រកសមុទ្រតៃវ៉ាន់ទី ៤

យើងបានលើកឡើងកាលពីមុនថា «ប្រទេសចិននឹងប្រើការឆ្លងចូលតាមដែនអាកាសទៅក្នុងតំបន់កំណត់ការពារដែនអាកាសរបស់តៃវ៉ាន់ (ADIZ) ដើម្បីបង្ហាញអំពីការមិនពេញចិត្តរបស់ខ្លួនចំពោះទំនាក់ទំនងការទូតកាន់តែជិតស្និទ្ធរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតៃប៉ិ»។

ខណៈពេលដែលគ្រប់គ្នាបានរំពឹងទុកថា «ចិននឹងប្រតិកម្មខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ដែលបានផ្គើននឹងការ ព្រមានរបស់ទីក្រុងប៉េកាំង» ទំហំនិងជម្រៅនៃកំហឹងរបស់ចិន អាចធ្វើឱ្យស្ថានការណ៍ឈានទៅកើតមានវិបត្តិច្រកសមុទ្រតៃវ៉ាន់មួយទៀត។

លោកស្រី Pelosi បានមកដល់កោះតៃវ៉ាន់កាលពីល្ងាចថ្ងៃទី ០២ ខែសីហា ហើយប្រទេសចិនបានសងសឹកដោយការដាក់ទណ្ឌកម្មលើការនាំចេញខ្សាច់ធម្មជាតិទៅកាន់តៃវ៉ាន់ និងបានផ្អាកការនាំចូលផ្លែឈើ និងអាហារសមុទ្រពីកោះនេះ។ ការិយាល័យប្រធានាធិបតីតៃវ៉ាន់ និងនាយកដ្ឋានរបស់រដ្ឋាភិបាលផ្សេងៗក៏បានរងនូវការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។

មុនការមកដល់របស់លោកស្រី Pelosi កងទ័ពរំដោះប្រជាជនចិន (PLA) បានចាប់ ផ្តើមការលុយលុយ ដោយបានប្រើយន្តហោះចម្បាំងចូលទៅក្នុងតំបន់ ADIZ របស់តៃវ៉ាន់ ដោយក្នុងនោះយន្តហោះចិនជាច្រើនគ្រឿងបានឆ្លងកាត់ចូលខ្សែបន្ទាត់ព្រំដែននៃច្រកសមុទ្រតៃវ៉ាន់។ នៅពេលដែលលោកស្រី Pelosi បានមកដល់ទីក្រុងតៃប៉ិ ក្រសួងការពារជាតិចិនបាននិយាយថា «ខ្លួននឹងចាប់ផ្តើមប្រតិបត្តិការយោធា ដែលមានលក្ខណៈផ្តោតគោលដៅ» ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រី។

បញ្ជាការដ្ឋានភាគខាងកើត (Eastern Theater Command) របស់កងទ័ព PLA បានប្រកាសថា «ខ្លួននឹងធ្វើសមយុទ្ធដោយបាញ់គ្រាប់ពិតនៅក្នុងតំបន់ចំនួន ៦ ដែលឡោមព័ទ្ធកោះតៃវ៉ាន់ ចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ០៧ ខែសីហា និងបានបន្តរហូតដល់ថ្ងៃទី ១០ ខែសីហា»។

សមយុទ្ធទាំងនេះ រួមមានយន្តហោះគ្មានមនុស្សបើកនៅលើកោះ Kinmen, ការបាញ់មីស៊ីលផ្លោងប្រភេទ «Dong Feng» ចំនួន ១១ គ្រាប់ កាត់ពីលើកោះតៃវ៉ាន់ (ក្នុងនោះមាន ៥ គ្រាប់បានធ្លាក់ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន), ការអនុវត្តការវាយប្រហារនៅលើដីគោក និងសមយុទ្ធវាយលុកនៅដែនសមុទ្រ, សមយុទ្ធវាយប្រហារលើកោះ និងការបើកការលុកលុយទ្រង់ទ្រាយធំចូលទៅក្នុងតំបន់ ADIZ របស់តៃវ៉ាន់។ តៃវ៉ាន់បានរិះគន់សមយុទ្ធរបស់ចិន ដោយបានចាត់ទុកវាជា «ការអនុវត្តត្រៀមសម្រាប់ការឡោមព័ទ្ធខ្លួន» (Blockade)។

នៅថ្ងៃទី ០៥ ខែសីហា ទីក្រុងប៉េកាំងបានបង្ហាញអំពីការមិនពេញចិត្តរបស់ខ្លួនចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ដោយការដាក់ទណ្ឌកម្មលើលោកស្រី និងលើក្រុមគ្រួសាររបស់លោកស្រី បូករួមនឹងការលុបចោលកិច្ចសន្ទនាទ្វេភាគីជាច្រើន បូករួមទាំងកិច្ចសន្ទនារវាងមេបញ្ជាការយោធាចិននិងសហរដ្ឋ អាមេរិក, កិច្ចប្រជុំការងាររវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ក៏ដូចជាយន្តការពិគ្រោះយោបល់ស្តីពី
សុវត្ថិភាពយោធានៅដែនសមុទ្រ។

ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់តៃវ៉ាន់ក្នុងនាមជាប្រធានសភា មិនមែនជារឿងដែលមិនធ្លាប់មានពីមុនមកនោះទេ។ នៅឆ្នាំ ១៩៩៧ ប្រធានសភាអាមេរិក លោក Newt Gingrich ក៏បានមកបំពេញទស្សនកិច្ចនៅកោះនេះដែរ។ ទោះជាយ៉ាងណាក៏ដោយ ដំណើរទស្សនកិច្ចរបស់លោក Gingrich បានកើតឡើងនៅក្នុងសម័យភូមិសាស្ត្រនយោបាយខុសគ្នាខ្លាំងពីពេលនេះ។

បើទោះបីជាទំនាក់ទំនងទ្វេភាគីបានរងនូវភាពតានតឹងខ្លាំងដោយសារការសម្លាប់រង្គាល «Tiananmen» និងវិបត្តិច្រកសមុទ្រតៃវ៉ាន់ទី៣ ក៏ដោយ ក៏វាមិនមានលក្ខណៈគួរឱ្យព្រួយបារម្ភខ្លាំងដូចពេលបច្ចុប្បន្ននេះឡើយ។ ក្រៅពីនេះ នៅមុនពេលទៅទស្សនកិច្ចនៅទីក្រុងតៃប៉ិ លោក Gingrich ក៏បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងផងដែរ ដើម្បីផ្តល់នូវការធានាដល់មេដឹកនាំចិនថា «សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តចំពោះគោលនយោបាយចិនតែ មួយ (One-China Policy) និងប្រឆាំងនឹងឯករាជ្យភាពរបស់តៃវ៉ាន់»។

ដោយសារបច្ចុប្បន្ន សហរដ្ឋអាមេរិកនិងចិនកំពុងប្រកួតប្រជែងគ្នាជាយុទ្ធសាស្ត្រ និងកំពុងប្រឈមមុខនឹងបញ្ហាសន្តិសុខ វាមិនចម្លែកទេដែលចិននឹងចាត់ទុកដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ជា «ការមិនអើពើចំពោះគោលនយោបាយចិនតែមួយ និងការពង្រឹងទំនាក់ទំនងការទូតរវាងតៃវ៉ាន់និងអាមេរិក»។ ប្រទេសចិនក៏មានការខឹងសម្បារផងដែរ នៅពេលដែលរដ្ឋបាលរបស់លោក Trump បានបញ្ជូនរដ្ឋមន្ត្រីសុខាភិបាល Alex Azar ទៅកាន់តៃវ៉ាន់នៅក្នុងខែសីហា ឆ្នាំ ២០២០ ដើម្បីបង្ហាញពីកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់នឹងការរាតត្បាតនៃវីរុសកូវីដ-១៩។

លោក Azar គឺជាមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកដែលបានទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់ បើគិតចាប់តាំងពីសហរដ្ឋអាមេរិកបានផ្លាស់ប្តូរទំនាក់ទំនងការទូតពីទីក្រុងតៃប៉ិមករកទីក្រុងប៉េកាំងវិញនៅក្នុងឆ្នាំ ១៩៧៩។ ទីក្រុងប៉េកាំងមានការខឹងសម្បារកាន់តែខ្លាំង នៅពេលដែលអនុរដ្ឋមន្ត្រី Keith Krach បានមកបំពេញទស្សនកិច្ចនៅតៃវ៉ាន់នៅ ១ ខែក្រោយមក ដែលនេះគឺជាមន្ត្រីជាន់ខ្ពស់បំផុតនៃក្រសួងការបរទេសអាមេរិកដែលបានមកកាន់កោះនេះ បើគិតចាប់តាំងពីឆ្នាំ ១៩៧៩។

ប្រតិកម្មរបស់ចិនចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់សហរដ្ឋអាមេរិកគឺមានលក្ខណៈធ្ងន់ធ្ងរ ដោយក្នុងនោះប្រទេសចិនតែងតែបង្កើនសម្ពាធផ្នែកនយោបាយនិងយោធាលើកោះតៃវ៉ាន់ បូករួមនឹងការធ្វើសមយុទ្ធយោធានៅក្នុងដែនទឹកជុំវិញកោះតៃវ៉ាន់ និងការបញ្ជូនយន្តហោះចម្បាំងជាច្រើនចូលទៅកាន់ភាគនិរតីនៃតំបន់ ADIZ របស់តៃវ៉ាន់ និងការឆ្លងកាត់ខ្សែបន្ទាត់ព្រំដែននៃច្រកសមុទ្រតៃវ៉ាន់។

ខ្សែបន្ទាត់ព្រំដែននេះត្រូវបានកំណត់នៅឆ្នាំ ១៩៥៥ ដោយមេបញ្ជាការ នៃកងទ័ពអាកាសទី ១៣ របស់សហរដ្ឋអាមេរិក គឺឧត្តមសេនីយ៍ Benjamin Davis Jr. ។ គោលបំណងនៃខ្សែបន្ទាត់ព្រំដែននេះគឺ «ការកំណត់ឱ្យបានច្បាស់នូវព្រំដែនរវាងភាគីទាំងពីរ ដើម្បីកាត់បន្ថយហានិភ័យនៃការកើតមានវិបត្តិឆ្លងច្រកសមុទ្រមួយទៀត»។

បើទោះបីជាស្ថានភាពនៃខ្សែបន្ទាត់ព្រំដែននេះមិនដែលត្រូវបានកត់ត្រាជាផ្លូវការនៅក្នុងកិច្ចព្រមព្រៀង ឬសន្ធិសញ្ញារវាងចិននិងតៃវ៉ាន់ក៏ដោយ ក៏ភាគីទាំងពីរបានបន្តប្រកាន់ខ្ជាប់នូវការកំណត់នេះ និងបានរក្សាយោធារបស់ពួកគេឱ្យនៅដាច់ពីគ្នា ក៏ប៉ុន្តែវាមានករណីលើកលែងចំនួន ២ ដែលបានកើតនៅក្នុងឆ្នាំ ១៩៩៩ និងឆ្នាំ ២០១៩។ ក្នុងខែកក្កដា ឆ្នាំ ១៩៩៩ កងទ័ព PLA បានបញ្ជូនយន្តហោះឆ្លងកាត់ខ្សែបន្ទាត់ព្រំដែន បន្ទាប់ពីប្រធានាធិបតី Lee Teng-hui នៅពេលនោះបានលើកឡើងអំពីភាពដាច់ដោយឡែកពីគ្នានៃរដ្ឋទាំងពីរ ដោយក្នុងនោះ លោកបាននិយាយជាសាធារណៈថា «ទំនាក់ទំនងចិន-តៃវ៉ាន់ គឺជាទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ»។

ក្នុងខែមេសា ឆ្នាំ ២០១៩ យន្តហោះចម្បាំង PLA J-11 ចំនួន ០២ គ្រឿងបានហោះឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនបន្ទាប់ពីមានសេចក្តីរាយការណ៍ថា «សហរដ្ឋអាមេរិកបានយល់ព្រមលក់យន្តហោះប្រភេទ F-16 ជាង ៦០ គ្រឿងទៅឱ្យតៃវ៉ាន់»។ នៅពេលដែលលោក Azar បានជួបជាមួយប្រធានាធិបតី Tsai Ing-wen នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០ កងទ័ព PLA បានបញ្ជូនយន្តហោះប្រយុទ្ធឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនម្តងទៀត។

នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០ នៅពេលដែលលោក Krach បានបើកកិច្ចប្រជុំបិទទ្វារមួយថ្ងៃជាមួយរដ្ឋមន្ត្រីតៃវ៉ាន់ និងបានទទួលទានអាហារជាមួយលោកស្រី Tsai។ កងទ័ព PLA បានបញ្ជូនយន្តហោះចំនួន ១៨ គ្រឿងចូលទៅក្នុងតំបន់ ADIZ របស់តៃវ៉ាន់ ដោយក្នុងនោះយន្តហោះចំនួន ១២ គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែន។

នៅថ្ងៃបន្ទាប់ នៅពេលដែលលោក Krach បានចូលរួមពិធីគោរពវិញ្ញាណក្ខន្ធរបស់អតីតប្រធានាធិបតី Lee Teng-hui រួមជាមួយលោកស្រី Tsai និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលតៃវ៉ាន់ កងទ័ព PLA បានបញ្ជូនយន្តហោះចម្បាំងចំនួន ១៩ គ្រឿងចូលទៅក្នុងតំបន់ ADIZ របស់តៃវ៉ាន់ដោយក្នុងនោះ យន្តហោះចំនួន ១០ គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែន។

ការលុកលុយទាំងនេះបានបង្ហាញអំពីកម្រិតថ្មីនៃភាពតានតឹងដែលរួមមានការឈ្លានពានជា ច្រើនដងនៅក្នុងរយៈពេលជាច្រើនថ្ងៃ បូករួមនឹងវត្តមាននៃយន្តហោះរបស់កងទ័ព PLA នៅជិតខ្សែបន្ទាត់ព្រំដែន។ វិធីសាស្រ្តនេះបានបង្កភាពស្មុគស្មាញដល់ការឆ្លើយតបរបស់កងទ័ពអាកាស ROC ហើយវាក៏បានបង្ហាញផងដែរអំពីកម្រិតថ្មីនៃហានិភ័យ ដែលមិនធ្លាប់បានឃើញចាប់តាំងពីពេលកើតមានវិបត្តិច្រកសមុទ្រតៃវ៉ាន់លើកទី២ ក្នុងឆ្នាំ ១៩៥៨។

ទោះជាយ៉ាងណាក៏ដោយ ការវិភាគយ៉ាងម៉ឺងម៉ាត់លើការលុកលុយដែលមិនធ្លាប់មានពីមុនមកទាំងនេះបានបង្ហាញថា «វាគឺគ្រាន់តែជាការយាយី និងមិនបង្កការគំរាមកំហែងធ្ងន់ធ្ងរ ដល់សន្តិសុខរបស់តៃវ៉ាន់នោះទេ»។ ផ្ទុយទៅវិញ ការសងសឹករបស់ចិនប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi បាននិងកំពុងបង្កជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតចំពោះខ្សែបន្ទាត់ព្រំដែន នៃច្រកសមុទ្រតៃវ៉ាន់។

កងទ័ព PLA បានបញ្ជូនយន្តហោះចម្បាំងចំនួន ២៥២ គ្រឿងចូលទៅក្នុងតំបន់ ADIZ របស់តៃវ៉ាន់ បើគិតចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ១៥ ខែសីហា។ ជិត ៣/៤ នៃការលុកលុយទាំងនោះ (១៨៥ គ្រឿង) បានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែននៃច្រកសមុទ្រតៃវ៉ាន់។ នៅថ្ងៃទី ០៣ ខែសីហា នៅពេលដែលលោកស្រី Pelosi បាននិយាយទៅកាន់សភារបស់តៃវ៉ាន់ និងបានជួបជាមួយលោកស្រី Tsai កងទ័ព PLA បាន បញ្ជូនយន្តហោះចម្បាំងចំនួន ២៧ គ្រឿងទៅកាន់តំបន់ ADIZ របស់កោះនេះ ដោយក្នុងនោះ ២២ គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែននៃច្រកសមុទ្រតៃវ៉ាន់មុនពេលបកត្រឡប់ក្រោយវិញ។

នៅថ្ងៃទី ០៤ ខែសីហា នៅពេលដែលសមយុទ្ធយោធាមិនធ្លាប់មានពីមុនមករបស់កងទ័ព PLA ដើម្បីឡោមព័ទ្ធតៃវ៉ាន់បានចាប់ផ្តើមយន្តហោះចម្បាំងចំនួន ២២ គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែន។ នៅថ្ងៃទី ០៥ ខែសីហា កងទ័ព PLA បានបើកការលុកលុយដោយយន្តហោះចម្បាំងចំនួន ៤៩ គ្រឿងដោយក្នុងនោះ យន្តហោះ ៣០ គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែន ខណៈដែលយន្តហោះ ១៩ គ្រឿងផ្សេងទៀតបានចូលទៅក្នុងផ្នែកភាគនិរតីនៃតំបន់ ADIZ ។

នេះតំណាងឱ្យការរំលោភលើខ្សែបន្ទាត់ព្រំដែនដ៏ធំបំផុតមិនធ្លាប់មាន បើគិតរហូតមកដល់បច្ចុប្បន្ន។ កម្រិតនៃហានិភ័យដែលទាក់ទងនឹងការរំលោភលើខ្សែបន្ទាត់ព្រំដែនចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៥ ខែសីហា គឺជាឧប្បត្តិហេតុដ៏គ្រោះថ្នាក់បំផុតនៅក្នុងច្រកសមុទ្រតៃវ៉ាន់។ ហានិភ័យខ្ពស់នៃការចាត់វិធានការខុស មានលក្ខណៈកាន់តែធ្ងន់ធ្ងរឡើង ដោយសារតែការហោះហើរពីខ្សែបន្ទាត់ព្រំដែនទៅកាន់តៃប៉ិ គឺមានចម្ងាយជិត និងប្រើពេលវេលាខ្លីណាស់ (យន្តហោះរបស់កងទ័ព PLA អាចលេចឡើងពីលើរដ្ឋធានីតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មាននាទី ដែលអាចបង្កើតសម្ពាធខ្លាំងលើអាកាសយានិកតៃវ៉ាន់ ជាពិសេសអ្នកធ្វើការសម្រេចចិត្ត)។

នៅរយៈពេល ៣ ថ្ងៃបន្ទាប់ ក្រសួងការពារជាតិរបស់តៃវ៉ាន់បានរាយការណ៍អំពីការរំលោភលើខ្សែបន្ទាត់ព្រំដែនជារៀងរាល់ថ្ងៃ។ ចាប់តាំងពីថ្ងៃទី ០៩ ខែសីហា ការឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនត្រូវបានអនុវត្តាមតលំនាំផ្សេងៗគ្នា ដោយក្នុងនោះ យន្តហោះរបស់កងទ័ព PLA បានឆ្លងកាត់ខ្សែបន្ទាត់នៅតាមចំណុចផ្សេងៗគ្នា។

នៅថ្ងៃទី ០៩ ខែសីហា យន្តហោះរបស់កងទ័ព PLA ចំនួន ១៦ គ្រឿង ត្រូវបានដាក់ពង្រាយនៅតាមបណ្តោយនៃខ្សែបន្ទាត់ព្រំដែន ហើយនៅថ្ងៃទី ១០ ខែសីហា យន្តហោះ PLA ចំនួន ១៧ គ្រឿង បានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែននៅតាមចំណុចផ្សេងៗគ្នា។ នៅថ្ងៃទី ១១ ខែសីហា យន្តហោះ PLA ចំនួន ១១ គ្រឿង បានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនម្តងទៀតនៅចំណុច ៣ ខុសៗគ្នា។

ថ្ងៃទី ១២ និងទី ១៣ ខែសីហា សកម្មភាពនេះបានបន្ត ដោយក្នុងនោះយន្តហោះ PLA បានរំលោភលើខ្សែបន្ទាត់ព្រំដែននៅចំណុចផ្សេងៗគ្នា ដែលជាហេតុបង្ខំឱ្យកងទ័ពអាកាសតៃវ៉ាន់បញ្ចេញយន្តហោះចម្បាំងជាច្រើនពីមូលដ្ឋានអាកាស។ ការផ្លាស់ប្តូរលំនាំនៃការញុះញង់បានបង្ហាញអំពីវិធីសាស្រ្តថ្មីរបស់កងទ័ព PLA ជាមួយនឹងការបន្តការបៀតបៀនប្រកបដោយប្រសិទ្ធភាព ដើម្បីផ្លាស់ប្តូរស្ថានភាពនៅខ្សែបន្ទាត់ព្រំដែននៃ
ច្រកសមុទ្រតៃវ៉ាន់។ ជាក់ស្តែង ប្រទេសចិនមិនដែលទទួលយកជាផ្លូវការនូវខ្សែបន្ទាត់ព្រំដែននេះទេ។

ទោះបីជាមានការផ្លាស់ប្តូរវិធីសាស្ត្រក៏ដោយ ក៏កងទព័ PLA នៅតែបន្តរក្សាសម្ពាធនៅខ្សែបន្ទាត់ព្រំដែន។ ជាមួយនឹងចំនួននៃការលុកលុយនៅតាមខ្សែបន្ទាត់ព្រំដែនដែលមិនធ្លាប់មានពីមុនមក បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ប្រទេសចិនបានកំណត់ខ្សែបន្ទាត់ព្រំដែនរបស់ខ្លួន ហើយបានរំពឹងទុកថា «តៃវ៉ាន់ឬអាមេរិកនឹងទទួលរងនូវផលប៉ះពាល់ប្រសិនបើហ៊ានឆ្លងកាត់វា»។

ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកអាចនឹងមិនរុញរាទេ ហើយទាំងនេះអាចគ្រាន់តែជាការចាប់ផ្តើមនៃវិបត្តិច្រកសមុទ្រតៃវ៉ាន់ទី៤ ប៉ុណ្ណោះ។ បើទោះបីជាសហរដ្ឋអាមេរិកមានការប្រុងប្រយ័ត្ន ដោយមិនចង់បង្កើតឱ្យមានភាពភាពតានតឹងកាន់តែខ្លាំងនៅច្រកសមុទ្រតៃវ៉ាន់ក៏ដោយ ក៏អាមេរិកនៅតែបន្តលើកឡើងអំពីការឆ្លងកាត់ច្រកសមុទ្រនេះ និងបានប្រកាសអំពី «ផែនទីផ្លូវប្រកបដោយមហិច្ឆតា» សម្រាប់ការចរចា លើការធ្វើពាណិជ្ជកម្មជាមួយតៃវ៉ាន់នៅថ្ងៃខាងមុខ។

គណៈប្រតិភូសភាមួយក្រុមទៀត ទើបតែបានទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ដែលលើកនេះត្រូវបានដឹកនាំដោយព្រឹទ្ធសមាជិក Ed Markey (D-MA) ដែលជាសមាជិកនៃគណៈកម្មាធិការទំនាក់ទំនងបរទេស ព្រឹទ្ធសភា។ របាយការណ៍មួយបានលើកឡើងថា «អាមេរិកនិងតៃវ៉ាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយដើម្បីរក្សាប្រព័ន្ធមីស៊ីល Patriot របស់កោះនេះ»។

ជាចុងក្រោយ សកម្មភាពថ្មីៗរបស់ចិនបានជួយបង្កើនការគាំទ្រពីសំណាក់គណបក្សទាំងពីរនៅឯវិមាន Capitol Hill សម្រាប់ការបោះឆ្នោតអនុម័តលើច្បាប់គោលនយោបាយតៃវ៉ាន់ (Taiwan Policy Act) ដែល នឹងផ្តល់ជំនួយផ្នែកសន្តិសុខចំនួន ៤,៥ ពាន់លានដុល្លារដល់តៃវ៉ាន់ និងបានចាត់ទុកតៃវ៉ាន់ជា «សម្ព័ន្ធមិត្តដ៏សំខាន់ក្រៅណាតូ» «Major Non-NATO Ally»។

សកម្មភាពទាំងនេះអាចធ្វើឱ្យទីក្រុងប៉េកាំងមានការខឹងសម្បារកាន់តែខ្លាំង ដែលអាចនាំមកនូវភាពតានតឹងកាន់តែធ្ងន់ធ្ងរ ក៏ដូចជាលទ្ធភាពក្នុងការឈានទៅកើតមានវិបត្តិច្រកសមុទ្រតៃវ៉ាន់មួយទៀត។ ជាក់ស្តែង ខ្សែបន្ទាត់ព្រំដែននៃច្រកសមុទ្រតៃវ៉ាន់លែងមានទៀតហើយ ដែលនេះមានន័យថា«ប្រទេសចិននឹងចាត់វិធានការកាន់តែខ្លាំងក្លា និងបង្កភាពញុះញង់កាន់តែគគ្លើនជាងមុនដើម្បីបង្ហាញអំពីការមិនពេញចិត្តរបស់ខ្លួនចំពោះអាមេរិក»។

The Diplomat

អត្ថបទទាក់ទង