ខ្មែរប៉ុស្ដិ៍ Close

ការបញ្ចប់ការបិទខ្ទប់គ្រាប់ធញ្ញជាតិពីសំណាក់ប្រទេសរុស្ស៊ី នឹងមិនអាចដោះស្រាយវិបត្តិស្បៀងសកលបានទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 53
ការបញ្ចប់ការបិទខ្ទប់គ្រាប់ធញ្ញជាតិពីសំណាក់ប្រទេសរុស្ស៊ី នឹងមិនអាចដោះស្រាយវិបត្តិស្បៀងសកលបានទេ ការបញ្ចប់ការបិទខ្ទប់គ្រាប់ធញ្ញជាតិពីសំណាក់ប្រទេសរុស្ស៊ី នឹងមិនអាចដោះស្រាយវិបត្តិស្បៀងសកលបានទេ

ក្រៅពីមានវិបត្តិអាកាសធាតុដែលកាន់តែអាក្រក់ឡើងៗ ការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិបត្តិតម្លៃថាមពល សង្គ្រាមនៅទ្វីបអឺរ៉ុបគឺជាព្រឹត្តិការណ៍ចុងក្រោយបង្អស់ដែលអាចជម្រុញឱ្យប្រព័ន្ធស្បៀងអាហារសកលដែលកំពុងតែមានលក្ខណៈផុយស្រួយទៅហើយនោះ ត្រូវប្រឈមមុខនឹងវិបត្តិ។ ពេលនេះប្រជាជននៅទូទាំងពិភពលោករហូតដល់ ៥០ លាននាក់កំពុងស្ថិតនៅមាត់ជ្រោះនៃគ្រោះអត់ឃ្លានហើយ។

ការបិទខ្ទប់សមុទ្រខ្មៅពីសំណាក់ប្រទេសរុស្ស៊ីបានធ្វើឱ្យរាំងស្ទះដល់ការនាំចេញគ្រាប់ធញ្ញជាតិប្រមាណ ២០ លានតោននៅកំពង់ផែអ៊ុយក្រែន ដែលចំនួននេះគឺស្មើនឹងចំនួនគ្រាប់ធញ្ញជាតិដែលប្រទេសមានការអភិវឌ្ឍតិចតួច ត្រូវប្រើប្រាស់ប្រចាំឆ្នាំ។

បើទោះបីជាការផ្គត់ផ្គង់នោះអាចត្រូវគេបើកឱ្យដឹកជញ្ជូនឡើងវិញក្តី ក៏វានឹងមិនទាន់គ្រប់គ្រាន់នោះដែរ ដោយសារតែការឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានធ្វើឱ្យប្រព័ន្ធស្បៀងអាហារសកលដែលកំពុងតែបែកបាក់រួចមកហើយនោះមានការដួលរលំ។ នៅពេលនេះពិភពលោកត្រូវតែត្រៀមខ្លួនប្រឈមមុខនឹងវិបត្តិស្បៀងអាហារមួយដែលអាចនឹងអូសបន្លាយរយៈពេលរាប់ឆ្នាំ មិនមែនរាប់ខែនោះទេ។

សម្រាប់បច្ចុប្បន្ននេះ អ្វីដែលជាវិបត្តិនោះគឺតម្លៃ ខណៈដែលសន្ទស្សន៍តម្លៃរបស់អង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិបានកើន ឡើងដល់កម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមក។ នៅឆ្នាំក្រោយគេនឹងអាចជួបប្រទះនឹងវិបត្តិស្បៀងអាហារក្នុងស្តុក (Food Availability)។

របាយការណ៍ថ្មីមួយស្តីអំពីវិបត្តិសកលដែលកើតចេញពីសង្គ្រាមនៅអ៊ុយក្រែនបានបង្ហាញថា ការបន្ទច់បង្អាក់នៅក្នុងរដូវដាំដុះនឹងអាចបំផ្លាញដល់ការនាំចេញផលិតផលកសិកម្មរបស់ប្រទេសអ៊ុយក្រែន ហើយវិបត្តិជីកសិកម្មសកល នឹងអាចបង្កផលប៉ះពាល់ដល់សមត្ថភាពរបស់ប្រទេសជាច្រើនក្នុងការចិញ្ចឹមប្រជាជនរបស់ខ្លួន។

ការប្រមូលផលស្រូវសាលីឆ្នាំនេះរបស់ប្រទេសអ៊ុយក្រែនដែលជាប្រទេសមួយដែលបានរួមចំណែកដល់ការនាំចេញស្រូវសាលីជាសកល ប្រមាណ ១០% នោះទំនងអាចមានការថយចុះប្រហែល ៤២% ធៀបនឹងការ ប្រមូលផលនៅឆ្នាំ ២០២១។

អតីតរដ្ឋមន្ត្រីកសិកម្មអ៊ុយក្រែន លោក Roman Leshchenko បាននិយាយថា ការដាំដុះដំណាំនៅក្នុងឆ្នាំ ២០២២ អាចមានកម្រិតតិចជាងពាក់កណ្តាលនៃកម្រិតមុនពេលមានសង្គ្រាម ហើយផលប៉ះពាល់ដល់រដូវប្រមូលផលនៅឆ្នាំបន្ទាប់ក៏បានកើតមានរួចស្រេចទៅហើយ។ លោកបានបន្ថែមទៀតថា ក្រោយការវាយប្រយុទ្ធគ្នានេះត្រូវបានបញ្ចប់ គេអាចនឹងត្រូវការរយៈពេលជាច្រើនឆ្នាំដើម្បីធ្វើការជួសជុលកសិដ្ឋាន ដីធ្លី និងឃ្លាំងស្តុកកសិផលទាំងនោះ ។

ផលប៉ះពាល់នៃការឈ្លានពានរបស់ប្រទេសរុស្ស៊ីមកលើទិន្នផលដំណាំ មិនអាចបញ្ចប់ត្រឹមតែប្រទេសអ៊ុយក្រែននោះទេ។ តម្លៃជីកសិកម្មជាមធ្យមដែលបានហក់ឡើងចំនួន ៨០% កាលពីឆ្នាំមុន បានកើនឡើង ៣០% បន្ថែមទៀត ចាប់តាំងពីដើមឆ្នាំ ២០២២ ដោយសារតែការរួមផ្សំគ្នាចេញពីការរឹតត្បិតលើការនាំចេញរបស់ប្រទេសរុស្ស៊ី និងការដាក់ទណ្ឌកម្មរបស់លោកខាងលិច។

ជីគីមីកសិកម្មគឺជាអាយុជីវិតរបស់កសិកម្មទំនើប ហើយវាបានជួយដល់ការផលិតគ្រាប់ធញ្ញជាតិសកលឱ្យមានការកើនឡើងច្រើនជាង ៣ ដងចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០ មក។ វិបត្តិជីកសិកម្មសកលនឹងធ្វើឱ្យតម្រូវការនៃការផ្គត់ផ្គង់សម្រាប់ប្រទេសនានាកាន់តែមានការកើនឡើង។

ការដំឡើងតម្លៃនៅក្នុងចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិកបានបង្ហាញថា សូម្បីតែប្រទេសអភិវឌ្ឍក៏មិនអាចគេចផុតពីផលប៉ះពាល់ជាសកលដែលកើតចេញពីជម្លោះនោះផងដែរ។ ស្ថានភាពនេះពិតជាស្រួចស្រាល់ខ្លាំងណាស់ ដោយសារមានប្រទេសជាច្រើនដែលកំពុងឈានដល់មាត់ជ្រោះនៃអស្ថិរភាពរួចទៅហើយ។

នៅប្រទេសស្រីលង្ការ ពលរដ្ឋជាង ៨០% ត្រូវបង្ខំចិត្តអត់ហូបអាហារ ហើយស្រដៀងគ្នានេះដែរ គ្រោះអត់ឃ្លាននៅតំបន់ Sahel បានឈានដល់កម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមក។

ការងារមនុស្សធម៌ក៏ទទួលរងផលប៉ះពាល់ផងដែរ។ តម្លៃស្បៀងអាហារខ្ពស់និងតម្លៃដឹកជញ្ជូនដែលកំពុងតែឡើងខ្ពស់ និងដែលបង្កឡើងដោយសារតែប្រទេសអ្នកមាន កំពុងតែខិតខំស្វែងរកប្រភពថាមពលដែលមិនមែនជារបស់ប្រទេសរុស្ស៊ីនោះ កំពុងតែរួមគ្នារារាំងដល់ការផ្តល់ជំនួយមនុស្សធម៌ ខណៈអង្គការសហប្រជាជាតិបានព្យាករថា នៅឆ្នាំនេះនឹងមានពលរដ្ឋជាង ២៧៤ លាននាក់ត្រូវការជំនួយមនុស្សធម៌។

នេះគឺគ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ។ វិបត្តិស្បៀងអាហារសកលកាលពីឆ្នាំ ២០០៨ និង ២០១២ បានបង្ហាញថា អសន្តិសុខស្បៀងបានធ្វើឱ្យបញ្ហាដែលមានស្រាប់កាន់តែមានសភាពអាក្រក់ថែមទៀត ហើយក្នុងករណីអាក្រក់បំផុតនោះ វានឹងបញ្ឆេះឱ្យមានជម្លោះថ្មីៗផ្សេងទៀត។ បាតុករនៅប្រទេសស្រីលង្ការដែលជាប្រទេសដែលកំពុងតែជួបបញ្ហាក្នុងការនាំចូលស្បៀងអាហារនិងប្រេងឥន្ធនៈនោះ បានបង្ខំឱ្យប្រធានាធិបតីលាលែងពីតំណែង និងកំពុងរត់ភៀសខ្លួន ខណៈដែលកសិករនៅក្នុងប្រទេស Peru បានចេញមកបិទខ្ទប់ផ្លូវថ្នល់ និងចូលលួចប្លន់នៅក្នុងហាងទំនិញដោយសារតែការផ្គត់ផ្គង់ជីកសិកម្មត្រូវបានជាប់គាំង។

ទិន្នន័យរបស់កាសែត The Economist បានបង្ហាញថា ប្រទេសមួយចំនួនកំពុងប្រឈមមុខនឹងការកើនឡើងខ្លាំងនៃ «ព្រឹត្តិការណ៍ចលាចល» នៅក្នុងឆ្នាំខាងមុខ ខណៈដែលប្រទេសជាច្រើនផ្សេងទៀត ក៏អាចនឹងជួបប្រទះនឹងភាពរអាក់រអួលផ្នែកសេដ្ឋកិច្ចផងដែរ។ សហគមន៍អន្តរជាតិចាំបាច់ត្រូវតែចាត់វិធានការនៅពេលនេះដើម្បីទប់ស្កាត់វិបត្តិកាន់តែអាក្រក់កុំឱ្យកើតមានឡើងបន្ថែមទៀត ។

ដូចអ្វីដែលនាយកប្រតិបត្តិកម្មវិធីស្បៀង អាហារពិភពលោក David Beasley បាននិយាយអញ្ចឹងថា អ្នកធ្វើគោលនយោបាយមិនត្រូវអនុញ្ញាតឱ្យសង្គ្រាមនៅអ៊ុយក្រែនក្លាយជាការដាក់សម្ពាធបន្ថែមទៀតដល់គ្រួសាររាប់លានដែលកំពុងតែជាប់គាំងនៅក្នុងគ្រោះអត់ឃ្លានដ៏ប្រល័យនោះទេ។ ខណៈដែលគេនៅមិនទាន់មានដំណោះស្រាយនៅឡើយ ពិភពលោកគួរតែចាប់ផ្តើមធ្វើការលើកម្មវិធីជាបន្ទាន់មួយដើម្បីកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរ និងរក្សាឱ្យបាននូវទស្សនវិស័យរយៈពេលវែង។

សម្រាប់ក្នុងរយៈពេលខ្លីនេះ សហគមន៍អន្តរជាតិត្រូវតែចេញមកធ្វើការប្រឆាំងនឹងការបិទខ្ទប់របស់ប្រទេសរុស្ស៊ី និងខិតខំបង្កើតផ្លូវឆ្លងកាត់សុវត្ថិភាពសម្រាប់នាវាដឹកទំនិញដើម្បីដឹកជញ្ជូនស្រូវសាលីទាំង ២០ លានតោន ដែលកំពុងតែជាប់គាំងនៅក្នុងកំពង់ផែអ៊ុយក្រែននោះ។

គេត្រូវធ្វើសកម្មភាពឱ្យមុតមាំដើម្បីប្រឆាំងនឹងគោលនយោបាយគាំពារនិយម។ ចាប់តាំងពីមានការឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ីមក ប្រទេសចំនួន ២៣ បានធ្វើការរឹតត្បិតលើការនាំចេញស្បៀងអាហារដែលការរឹតត្បិតនោះ គឺស្មើនឹងចំនួន ១៧,៣% នៃទំនិញដែលបានធ្វើពាណិជ្ជកម្មសរុប។

ស្ថាប័នពហុភាគី ដូចជាអង្គការពាណិជ្ជកម្មពិភពលោកគួរតែលើកទឹកចិត្តដល់ប្រទេសធំៗឱ្យសហការ និងធ្វើការបញ្ចេញស្បៀងអាហារបម្រុងដើម្បីទប់ស្កាត់ការដំឡើងតម្លៃបន្ថែមទៀត។ ហើយបណ្តារដ្ឋាភិបាលនានា ក៏ត្រូវបង្កើនការផ្តល់មូលនិធិដល់អង្គការមនុស្សធម៌ដែលកំពុងត្រដាបត្រដួសដោយសារតែតម្លៃស្បៀងអាហារ និងតម្លៃដឹកជញ្ជូនកំពុងតែកើនឡើងនោះផងដែរ។

ការផ្តល់ជំនួយមនុស្សធម៌តែមួយមុខ នឹងមិនគ្រប់គ្រាន់ក្នុងការទប់ស្កាត់វិបត្តិតម្លៃស្បៀងអាហារ មិនឱ្យវិវត្តិទៅជាវិបត្តិស្បៀងក្នុងស្តុកនោះទេ។ យើងចាំបាច់ត្រូវលើកទឹកចិត្តឱ្យប្រទេសកំពុងអភិវឌ្ឍ ធ្វើពិពិធកម្មប្រភពនាំចូលរបស់ពួកគេ និងចាប់យកបច្ចេកវិទ្យាបណ្តុះពូជដំណាំ (Gene Editing) ថ្មីៗដើម្បីបង្កើនទិន្នផលដំណាំ និងបង្កើនទិន្នផលជីកសិកម្មរបស់ពួកគេ។

ប្រទេសជាច្រើននៅទ្វីបអាហ្វ្រិក ដូចជា Mozambique, Togo, Tunisia, និង Nigeria មានជង្រុកនៃវត្ថុធាតុដើមដែលអាចយកមកផលិតជាជីកសិកម្មផ្ទាល់ខ្លួនរបស់ពួកគេ និងកាត់បន្ថយការពឹងផ្អែករបស់ទ្វីបអាហ្វ្រិកមកលើការផ្គត់ផ្គង់របស់ប្រទេសរុស្ស៊ីបាន។

នៅទីបញ្ចប់វិបត្តិបច្ចុប្បន្ននេះបានបង្ហាញនូវសារៈសំខាន់នៃកិច្ចសហការពាណិជ្ជកម្ម។ កិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីទ្វីបអាហ្រ្វិក «African Continental Free Trade Area» ដែលទើបនឹងត្រូវបានដាក់ឱ្យដំណើរការថ្មីៗនេះ នឹងជួយបង្កើនការធ្វើពាណិជ្ជកម្មផ្ទៃក្នុងតំបន់និងផ្តល់នូវការការពារខ្លះទប់ទល់នឹងវិបត្តិពីខាងក្រៅនៅថ្ងៃអនាគត។

សព្វាវុធនីយកម្មរបស់លោក Putin មកលើសន្តិសុខស្បៀង មិនមែនជាដើមចមនៃវិបត្តិនៅពេលបច្ចុប្បន្ននេះទេ ប៉ុន្តែវាបានធ្វើឱ្យស្ថានភាពអាក្រក់នេះ កាន់តែអាក្រក់ថែមទៀត។ យើងនឹងត្រូវប្រឈមមុខនឹងទុក្ខ លំបាករយៈពេលវែង ដោយសារយើងមិនត្រឹមតែត្រូវដោះស្រាយបញ្ហាការបិទខ្ទប់នៅសមុទ្រខ្មៅប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ត្រូវដោះស្រាយបញ្ហាជាប្រព័ន្ធដែលបានធ្វើឱ្យពិភពលោកងាយនឹងរងគ្រោះដោយសារតែភាពរអាក់រអួលនៃការផ្គត់ផ្គង់ស្បៀងតាំងពីដើមទីមកនោះផងដែរ៕

South China Morning Post