ខ្មែរប៉ុស្ដិ៍ Close

តើទណ្ឌកម្មលើរុស្ស៊ី អាចដំណើរការដោយគ្មានចិនបានដែរឺទេ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 81
តើទណ្ឌកម្មលើរុស្ស៊ី អាចដំណើរការដោយគ្មានចិនបានដែរឺទេ? តើទណ្ឌកម្មលើរុស្ស៊ី អាចដំណើរការដោយគ្មានចិនបានដែរឺទេ?

ឥឡូវនេះមហាអំណាចលោកខាងលិចបានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុយ៉ាងចាស់ដៃមកលើរុស្ស៊ី បន្ទាប់ពីប្រទេសនេះបានឈ្លានពានចូលទៅក្នុងប្រទេសអ៊ុយក្រែន ហើយមនុស្សជាច្រើនបាននិងកំពុងសួរថា តើការមិនចូលរួមពីសំណាក់ប្រទេសចិននឹងធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពនៃទណ្ឌកម្មរបស់ពួកគេឬទេ?

គេក៏គួរតែសួរផងដែរថា តើប្រទេសអ្នកមានអាចធ្វើអ្វីបានច្រើនជាងនេះឬទេ សម្រាប់ប្រជាជនក្រីក្រនៅបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ដែលជាអ្នករងផលប៉ះពាល់ពីសង្គ្រាម និងពីទណ្ឌកម្មទាំងនេះ?

ផ្អែកលើទិន្នន័យពីឆ្នាំ២០១៩ (ដែលជាឆ្នាំចុងក្រោយមុនជំងឺរាតត្បាត) ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់រុស្ស៊ី ពោលគឺមានទំហំប្រហែល ១៤% នៃការនាំចេញ និង ១៩% នៃការនាំចូលរបស់រុស្ស៊ី។

តួរលេខនេះហាក់ដូចជាបានបង្ហាញថា តើការចូលរួមរបស់ចិនក្នុងការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី នឹងអាចមានប្រសិទ្ធភាពខ្ពស់ដែរឬយ៉ាងណា។ ប៉ុន្តែការពិចារណាលើករណីចំនួន ២ បន្ថែមទៀត ពិតជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការគាំទ្រដល់ការសន្និដ្ឋាននេះ។

ទី(១) ជាង ៦០% នៃ ការនាំចេញរបស់រុស្ស៊ីទៅកាន់ប្រទេសចិន គឺជាប្រេងឆៅនិងប្រេងដែលចម្រាញ់រួច ដែលសម្រាប់ពេលនេះ យ៉ាងហោចណាស់ ទំនិញទាំងនេះបានរួចផុតពីទណ្ឌកម្មរបស់សហភាពអឺរ៉ុបហើយ។

ដូច្នេះការសម្រេចចិត្តរបស់ប្រទេសចិនក្នុងការចូលរួមនៅក្នុងការដាក់ទណ្ឌកម្មនឹងរារាំងដល់ការនាំចេញរបស់រុស្ស៊ីមកកាន់ប្រទេសខ្លួនក្នុងចំនួនតិចជាង ៤០% ឬតិចជាង ៦% នៃការនាំចេញសរុបរបស់រុស្ស៊ីប៉ុណ្ណោះ។

ទី(២) ទំហំពាណិជ្ជកម្មសរុបរបស់រុស្ស៊ីជាមួយអឺរ៉ុបទាំងមូល គឺធំជាងទំហំពាណិជ្ជកម្មជាមួយចិនក្នុងចំនួនច្រើនដង។ ជាក់ស្ដែង គ្រាន់តែការនាំចេញសរុបរបស់រុស្ស៊ី (នៅមុនការដាក់ទណ្ឌកម្ម) ទៅកាន់ប្រទេសហូឡង់និងអាល្លឺម៉ង់ ក៏មានទំហំធំជាងការនាំចេញទៅកាន់ប្រទេសចិនរួចបាត់ទៅហើយ។ ក៏មានការលើកឡើងផងដែរថា គេមិនគួរវាយតម្លៃខ្ពស់ពេកទេ លើការរួមចំណែកដ៏មានសក្ដានុពលរបស់ចិនចំពោះប្រសិទ្ធភាពរួមនៃការដាក់ទណ្ឌកម្មនេះ។

ប្រទេសរុស្ស៊ី​មិន​ងាយ​នឹងបង្វែរ​ការ​នាំ​ចេញ​ពីអឺរ៉ុប​ទៅកាន់ប្រទេដចិន​នោះទេ។ ការនាំចេញសំខាន់ៗរបស់រុស្ស៊ីដែលមានដូចជា ប្រេងនិងឧស្ម័ន នឹងប្រឈមមុខនឹងឧបសគ្គជាច្រើនដែលរួមមានទាំងសមត្ថភាពនៃបំពង់បង្ហូរ និងសមត្ថភាពរបស់ចិនក្នុងការចម្រាញ់ប្រេងជាដើម។

ការធ្លាក់ថ្លៃយ៉ាងគំហុកនៃប្រាក់ Ruble របស់រុស្ស៊ីអាចជួយលើកកម្ពស់ការនាំ ចេញរបស់រុស្ស៊ីនូវទំនិញដែលមិនមែនថាមពលទៅកាន់ប្រទេសចិនបាន។ ប៉ុន្តែមូលដ្ឋានផលិតកម្មដែលខ្លាំងក្លាជាងរបស់ ចិនបានទៅបន្ថយតម្រូវការរបស់ខ្លួនក្នុងការនាំចូលទំនិញប្រភេទនេះ។

អ្នកដែលតស៊ូមតិឱ្យមានការដាក់ទណ្ឌកម្មកាន់តែចាស់ដៃទៅលើរុស្ស៊ី ក៏ត្រូវគិតគូរផងដែរអំពីផលវិបាកបន្ទាប់បន្សំផ្នែកសេដ្ឋកិច្ចដែលអាចនឹងកើតមាន។ ប្រសិនបើលោកខាងលិចសម្រេចកំណត់គោលដៅដាក់ទណ្ឌកម្មលើវិស័យថាមពលរបស់រុស្ស៊ី ហើយចិននឹងនាំចូលថាមពលពីរុស្ស៊ីជំនួសឱ្យការនាំចូលពីមជ្ឈិមបូព៌ា ឬពីតំបន់ផ្សេង ទៀតនោះ តម្លៃឧស្ម័ន និងអគ្គិសនីនៅអាមេរិក អឺរ៉ុប និងនៅកន្លែងផ្សេងទៀត ទំនងជានឹងឡើងថ្លៃបន្ថែមទៀត។

ខណៈពេលដែលប្រទេសចិនអាចនឹងបដិសេធក្នុងការចូលរួមដាក់ទណ្ឌកម្មជាមួយលោកខាងលិចប្រឆាំងនឹងរុស្ស៊ីដោយឈរលើហេតុផលភូមិសាស្ត្រនយោបាយ ការគិតគូរអំពីបញ្ហាសេដ្ឋកិច្ច ក៏អាចដើរតួយ៉ាងសំខាន់ផងដែរ។

ដោយសារតែទំហំពាណិជ្ជកម្មនៅមុនជំងឺរាតត្បាតរបស់ចិនជាមួយរុស្ស៊ីធំជាង រវាងអាមេរិកនិងរុស្ស៊ី ៣ដង និងធំជាងរវាងអង់គ្លេសនិងរុស្ស៊ីជិត ៧ដង នោះការចំណាយផ្នែកសេដ្ឋកិច្ច ដែលបណ្ដាលមកពីទណ្ឌកម្មគ្រប់ជ្រុង ជ្រោយ និងដែលរួមបញ្ចូលទាំងវិស័យថាមពលផងនោះ នឹងមានទំហំធំខ្លាំងសម្រាប់ប្រទេសចិន (និងអាល្លឺម៉ង់) ជាងសម្រាប់អាមេរិក ឬអង់គ្លេស។

ការចំណាយបន្ថែមទាំងនេះ អាចប៉ះពាល់ដល់គោលដៅកំណើន GDP របស់រដ្ឋាភិបាលចិន (ប្រហែល ៥,៥% នៅឆ្នាំ ២០២២ នេះ) ចំពេលដែលកម្លាំងពលកម្មក្នុងស្រុក, បទប្បញ្ញត្តិកាន់តែតឹងតែងជាងមុន ព្រមទាំងភាពតានតឹងខាងភូមិសាស្ត្រនយោបាយជាមួយលោកខាងលិច កំពុងដាក់សម្ពាធយ៉ាងខ្លាំងទៅលើកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះរួចទៅហើយនោះ។

មធ្យោបាយមួយដើម្បីលើកទឹកចិត្តប្រទេសចិនឱ្យចូលរួមនៅក្នុងការដាក់ទណ្ឌកម្ម (និងដើម្បីបញ្ចុះបញ្ចូលប្រទេសផ្សេងទៀត ដូចជាអាល្លឺម៉ង់ជាដើមឱ្យបញ្ឈប់ការនាំចូលថាមពលពីរុស្ស៊ី) គឺការផ្តល់សំណងផ្នែកហិរញ្ញវត្ថុមួយផ្នែកពីសំណាក់សហរដ្ឋអាមេរិក ទៅដល់ប្រទេសដែលនឹងទទួលចំណែកនៃផល ប៉ះពាល់មិនសមាមាត្រនៃបន្ទុកសេដ្ឋកិច្ច។ ប៉ុន្តែមធ្យោបាយនេះ ហាក់ដូចជាមិនអាចធ្វើទៅបាននោះទេ បើគិតតាមនយោបាយនៅអាមេរិក។

មធ្យោបាយមួយទៀតដែលមានសក្ដានុពលក្នុងការបញ្ចុះបញ្ចូលប្រទេសចិនដែរនោះ គឺជាដំណោះស្រាយនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យមាន ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពេញលេញ ប្រឆាំងនឹងរុស្ស៊ី។

មហាសន្និបាតនេះធ្លាប់បានអនុម័តដំណោះស្រាយរបៀបនេះរួចមកហើយកាល ពីពេលកន្លងមក ហើយសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ (ដែលរួមមានទាំងរុស្ស៊ី និងចិនផង) មិនអាចធ្វើការវេតូបានទេ។

ក្នុងន័យនេះ ដំណោះស្រាយរបស់មហាសន្និបាតដែលបានតាក់តែងឡើងដោយសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ និងដែលថ្កោលទោសការឈ្លានពានរបស់រុស្ស៊ី បានបាត់បង់នូវឱកាសមួយ ដោយមិនបានរាប់បញ្ចូលនូវអនុសាសន៍ដែលប្រទេសជាសមាជិក បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី។

ហេតុនេះ ការដាក់ទណ្ឌកម្មរបស់លោកខាងលិចបច្ចុប្បន្នគឺត្រូវស្ថិតនៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។

ជាការពិត ប្រទេសធំៗនៅតែអាចព្រងើយកន្តើយបាន ចំពោះដំណោះស្រាយរបស់អង្គការសហប្រជាជាតិនេះផងដែរ។ ជាក់ស្ដែង ជារៀងរាល់ឆ្នាំ មហាសន្និបាតបានបោះឆ្នោតក្នុងសម្លេងច្រើនលើសលប់ដើម្បីទាមទារឱ្យអាមេរិកបញ្ចប់ការហ៊ុមព័ទ្ធសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសគុយបា។ ប៉ុន្តែសហរដ្ឋអាមេរិកមិនអើពើនឹងសម្លេងឆ្នោតទាំងនោះទេ ហើយក៏គ្មាននរណាម្នាក់អាចធ្វើអ្វីបាន ដើម្បីផ្លាស់ប្តូរស្ថានភាពនៅគុយបាបានដែរ។

ប្រហែលដោយសារដំណោះស្រាយរបស់អង្គការសហប្រជាជាតិមានលក្ខណៈយ៉ាងនេះហើយ ទើបអាមេរិកមិនមានលើកឡើងអំពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនៅក្នុងដំណោះស្រាយរបស់ខ្លួននាពេលថ្មីៗនេះ ជុំវិញការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ ប៉ុន្តែប្រទេសផ្សេង ទៀតដូចជាកាណាដា ឬអូស្ត្រាលីជាដើម អាចអនុវត្តបែបនេះបាន។

ដោយសារការលើកឡើងដដែលៗរបស់ចិនដែលថា ខ្លួនគាំទ្រដល់សណ្តាប់ធ្នាប់ពិភពលោកដែលដឹកនាំដោយអង្គការសហប្រជាជាតិ ជាជាងដឹកនាំដោយអាមេរិក នោះមធ្យោបាយនេះអាចដើរតួយ៉ាងហោចណាស់បានមួយចំនួនក្នុងការជះឥទ្ធិពលទៅលើប្រជាជនសាមញ្ញរបស់ចិន។

ផលវិបាកដែលបណ្ដាលមកពីការដាក់ទណ្ឌកម្មយ៉ាងពេញបន្ទុក ក៏អាចមានទំហំធំធេងផងដែរ។ ការបិទផ្លូវសេដ្ឋកិច្ចជាអតិបរិមាដែលអាច នាំឱ្យមានការផ្លាស់ប្តូររបបនៅក្នុងប្រទេសរុស្ស៊ី ឬនាំឱ្យមានការ បញ្ចប់សង្រ្គាមនៅអ៊ុយក្រែន «គឺជារឿងមួយ»។

ប៉ុន្តែការដាក់ទណ្ឌកម្មដែលបរាជ័យមិនបានសម្រេចបាននូវគោលបំណងទាំង នេះ ហើយបែរជាទៅ បំផ្លាញជីវភាពរស់នៅរបស់ប្រជាជនរុស្ស៉ី ដែលភាគច្រើនជាអ្នកប្រឆាំងនឹងសង្រ្គាមទៅវិញ «គឺជារឿងមួយផ្សេងទៀតទាំងស្រុង»។

ប្រជាជនរុស្ស៉ីដែលមានប្រាក់ ចំណូលទាប ទំនងជាពិបាកក្នុងការទទួលរងនូវបន្ទុកនៃទណ្ឌកម្ម ជាងអ្នកដែលមានជីវភាពធូរធារ។ តាមរយៈការតម្លើងថ្លៃឧស្ម័ននិងឧបករណ៍ប្រើប្រាស់ ព្រមទាំងតម្លៃទំនិញផ្សេងទៀត ទណ្ឌកម្មទាំងនេះក៏នឹងបង្កការលំបាកដល់ប្រជាជននៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទៀតដែលមិនទាន់ងើបឡើងវិញ បានពេញលេញនៅ ឡើយពីការបាត់បង់ប្រាក់ចំណូលដែលបណ្តាលមកពីជំងឺរាតត្បាត។

នៅពេលដែលទិដ្ឋភាពដ៏សោកសៅ នៅក្នុងប្រទេសអ៊ុយក្រែននៅតែបន្តកើតមាន គេអាចយល់ បាននូវការកើនឡើងនូវការអំពាវនាវឱ្យមានការរឹតបន្តឹងការបិទផ្លូវសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ី។ នៅទីបញ្ចប់ ការមិនចូលរួមរបស់ចិននឹងមិនធ្វើឱ្យមានភាពខុសគ្នាខ្លាំងនោះទេ។

ប៉ុន្តែផលវិបាកដ៏អាក្រក់នៃសង្គ្រាម និងពីការដាក់ទណ្ឌកម្មចំពោះប្រជាជនក្រីក្រនៅបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ «ពិតជាមានពិតមែន»។ ប្រទេសអ្នកមានគួរពិចារណាផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់ប្រជាជននៅបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ដែលមិនសូវ មានមធ្យោបាយក្នុងការទប់ទល់នឹងការលំបាកបន្ថែមទៀត នោះ៕ Project Syndicate