ខ្មែរប៉ុស្ដិ៍ Close

ហានិភ័យដ៏ធំបំផុតចំពោះសេដ្ឋកិច្ចពិភពលោកដែលគ្មាននរណាម្នាក់បានលើកយកមកនិយាយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 50
ហានិភ័យដ៏ធំបំផុតចំពោះសេដ្ឋកិច្ចពិភពលោកដែលគ្មាននរណាម្នាក់បានលើកយកមកនិយាយ ហានិភ័យដ៏ធំបំផុតចំពោះសេដ្ឋកិច្ចពិភពលោកដែលគ្មាននរណាម្នាក់បានលើកយកមកនិយាយ

មនុស្សជិត ៤០០ លាននាក់នៅក្នុងទីក្រុងចំនួន ៤៥ របស់ប្រទេសចិន កំពុងស្ថិតនៅក្រោមការបិទខ្ទប់ទាំងស្រុង ឬដោយផ្នែកដែលនេះគឺជាផ្នែកមួយនៃគោលនយោបាយ «Zero Covid» ដ៏តឹងរ៉ឹងរបស់ប្រទេសចិន។

ទិន្នន័យពីក្រុមហ៊ុន Nomura Holdings បានឱ្យដឹងថា «ចំនួនមនុស្សទាំងនេះតំណាងឱ្យ ៤០% ឬ ៧,២ ទ្រីលានដុល្លារនៃ GDP ប្រចាំឆ្នាំរបស់ប្រទេសចិនដែលជាប្រទេសមួយដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី ២ របស់ពិភពលោក»។

បណ្តាអ្នកវិភាគកំពុងលើកឡើងនូវការព្រមានហើយពួកគេបាននិយាយថា «អ្នកវិនិយោគមិនបានធ្វើការវាយតម្លៃឱ្យបានត្រឹមត្រូវអំពីការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនៃសេដ្ឋកិច្ចពិភពលោកដែលបណ្តាលមកពីវិធានការបិទខ្ទប់ដ៏តឹងរ៉ឹងនេះទេ»។

លោក Lu Ting ដែលជាប្រធានផ្នែកសេដ្ឋវិទូចិននៅក្រុមហ៊ុន Nomura Holdings បានសរសេរនៅក្នុងកំណត់ត្រាមួយកាលពីសប្តាហ៍មុនថា «ទីផ្សារពិភពលោកនៅតែមើលស្រាលលើផលប៉ះពាល់ ខណៈដែលពេលនេះការយកចិត្តទុកដាក់ភាគច្រើនបានផ្តោតតែទៅលើជម្លោះរុស្ស៊ី-អ៊ុយក្រែន និងការដំឡើងអត្រាការប្រាក់នៅធនាគារកណ្តាលរបស់អាមេរិក» ។

ការព្រួយបារម្ភបំផុតគឺ «ការបិទខ្ទប់គ្មានកាលកំណត់នៅក្នុងទីក្រុងសៀងហៃ» ដែលជាទីក្រុងដែលមានប្រជាជនចំនួន ២៥ លាននាក់ និងជាមជ្ឈមណ្ឌលផលិត និងនាំចេញដ៏ចម្បងរបស់ប្រទេសចិន។ ​វិធានការធ្វើចត្តាឡីស័ក​នៅ​ទី​នោះ​ បានបង្ក​ឱ្យ​មាន​ការ​ខ្វះខាត​ស្បៀង​អាហារ, អសមត្ថភាព​ក្នុង​ការ​ទទួល​បាន​សេវា​ថែទាំ​វេជ្ជ​សាស្រ្ដ បូករួមនឹងកង្វះការរាយការណ៍អំ​ពី​ការ​សម្លាប់​សត្វ​ចិញ្ចឹម​។

កំពង់ផែដ៏ធំបំផុតនៅក្នុងពិភពលោកក៏កំពុងជួបប្រទះនូវកង្វះខាតបុគ្គលិកផងដែរ។ កំពង់ផែនៅទីក្រុងសៀងហៃដែលមានចំណែកជាង ២០% នៃចរាចរណ៍ទំនិញរបស់ប្រទេសចិននៅក្នុងឆ្នាំ២០២១ បាននិងកំពុងស្ថិតក្រោមការជាប់គាំងដ៏ធំមួយ។ អាហារដែលកំពុងជាប់គាំងនៅក្នុងធុងដឹកជញ្ជូនដែលគ្មានម៉ាស៊ីនត្រជាក់ កំពុងរលួយខូចខ្ទេចអស់។

នៅពេលឥឡូវនេះ ទំនិញដែលដឹកចូលមកនឹងត្រូវជាប់គាំងនៅឯស្ថានីយសមុទ្រសៀងហៃ ក្នុងរយៈពេលជាមធ្យម ៨ ថ្ងៃ មុនពេលវាត្រូវបានដឹកជញ្ជូនទៅកន្លែងផ្សេងទៀត។ ក្រុមហ៊ុនអាកាសចរណ៍ដែលទទួលដឹកទំនិញ បានលុបចោលរាល់ជើងហោះហើរទាំងមកកាន់ និងចេញពីទីក្រុង ហើយជាង ៩០% នៃរថយន្តដឹកទំនិញដែលគាំទ្រដល់ការដឹកជញ្ជូនទំនិញនាំចូល និងនាំចេញ បច្ចុប្បន្នលែងមានដំណើរការទៀតហើយ។

ទីក្រុងសៀងហៃមានចំណែកផលិត ៦% នៃការនាំចេញរបស់ប្រទេសចិន (យោងតាមសៀវភៅស្ថិតិរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ ២០២១) ហើយការបិទរោងចក្រនៅក្នុងនិងនៅជុំវិញទីក្រុងបាននិងកំពុងបង្កការរំខានកាន់តែខ្លាំងដល់ខ្សែសង្វាក់ផ្គត់ផ្គង់។

រោងចក្រផ្គត់ផ្គង់របស់ក្រុមហ៊ុន Sony និង Apple ទាំងនៅក្នុងនិងនៅជុំវិញទីក្រុងសៀងហៃបានផ្អាកដំណើរការ ហើយក្រុមហ៊ុន Quanta ដែលជាក្រុមហ៊ុនផលិតកុំព្យូទ័រ Notebook ដ៏ធំបំផុតរបស់ពិភពលោក និងជាអ្នកផលិត MacBook ក៏បានបញ្ឈប់ដំណើរការផលិតទាំងស្រុងផងដែរ។

រោងចក្រនេះមានចំណែកប្រហែល ២០% នៃការផលិតកុំព្យូទ័រ Notebook របស់ក្រុមហ៊ុន Quanta ហើយកាលពីមុនក្រុមហ៊ុនបានប៉ាន់ប្រមាណថា «រោងចក្រនេះនឹងធ្វើការដឹកជញ្ជូនកុំព្យូទ័រចំនួន ៧២ លានគ្រឿងនៅឆ្នាំនេះ»។ ក្រុមហ៊ុន Teslaបានបិទរោងចក្រ «Shanghai Giga» របស់ខ្លួនដែលមានសមត្ថភាពអាចផលិតរថយន្តអគ្គិសនីបាន ប្រហែល ២០០០ គ្រឿងក្នុងមួយថ្ងៃ។

កាលពីថ្ងៃសុក្រក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិនបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ខ្លួនបានបញ្ជូនក្រុមការងារទៅកាន់ទីក្រុងសៀងហៃដើម្បីធ្វើការលើផែនការបន្តដំណើរការផលិតឡើងវិញ នៅតាមក្រុមហ៊ុនផលិតសំខាន់ៗចំនួន ៦៦៦ នៅក្នុងទីក្រុងដែលកំពុងស្ថិតក្រោមការបិទខ្ទប់នេះ»។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla សង្ឃឹមថា «ពួកគេនឹងទទួលបានការអនុញ្ញាតឱ្យបើកទ្វារឡើងវិញនៅថ្ងៃចន្ទ បន្ទាប់ពីបានផ្អាកដំណើរក្នុងរយៈពេលដ៏យូរ»។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនផលិតរថយន្តនេះបានខាតបង់ការផលិតរថយន្តជាង ៥០០០០ គ្រឿង (យោងតាមការត្រួតពិនិត្យរបស់ Reuters)។

លោក Michael Hirson ដែលនាយកប្រតិបត្តិរបស់ក្រុមហ៊ុន «Eurasia Group» ប្រចាំប្រទេសចិន និងអាស៊ីភាគឦសានបាននិយាយថា «ផលប៉ះពាល់ចំពោះប្រទេសចិនគឺមានទំហំធំធេងហើយផលប៉ះពាល់ចំពោះសេដ្ឋកិច្ចពិភពលោកក៏នឹងស្ថិតក្នុងកម្រិតដ៏ធំដូចគ្នា។ ខ្ញុំគិតថា យើងនឹងជួបប្រទះនឹងភាពប្រែប្រួលកាន់តែច្រើន និងការរំខានផ្នែកសេដ្ឋកិច្ចនិងសង្គមកាន់តែខ្លាំង សម្រាប់រយៈពេល ៦ ខែខាងមុខ»។

ការរំខានរយៈពេលវែងលើដំណើរការផលិតនិងដឹកជញ្ជូនរបស់ចិនអាចជួយពន្លឿនគំនិតផ្តួចផ្តើមដ៏សំខាន់មួយរបស់រដ្ឋបាលរបស់លោក Biden ដែលមានគោលបំណងកាត់បន្ថយការពឹងផ្អែករបស់សហរដ្ឋអាមេរិកលើផលិតផលនិងខ្សែសង្វាក់ផ្គត់ផ្គង់របស់ចិន។ ប៉ុន្តែ​កិច្ចការ​នេះ​នឹង នាំមកនូវ​ផល​ប៉ះពាល់ភ្លាមៗផ្នែក​សេដ្ឋកិច្ច​។

នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានព្រមានអំពីសេណារីយ៉ូដ៏អាក្រក់បំផុតដែលមានជាប់ពាក់ព័ន្ធនឹងការកាត់ផ្តាច់ទំនាក់ទំនងនៅក្នុងសេដ្ឋកិច្ចពិភពលោកដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយបញ្ហានេះអាចនឹងបង្កផល ប៉ះពាល់ដល់ GDP រយៈពេលវែងរបស់ពិភពលោក។

ទោះជាយ៉ាងណាក៏ដោយ ករណីនេះទំនងជានឹងមិនអាចកើតឡើងនោះទេ ដោយសារ​ទំនាក់ទំនង​ផ្នែកហិរញ្ញវត្ថុ​ដ៏ស៊ីជម្រៅ​រវាង​ចិន ​និង​អាមេរិក​។ ទិន្នន័យពីក្រុមហ៊ុន Rhodium Group បានឱ្យដឹងថា «ការវិនិយោគលើភាគហ៊ុន និងសញ្ញាបណ្ណរវាងប្រទេសទាំង២ បានឈានដល់ចំនួន ៣,៣ ទ្រីលានដុល្លារ នៅចុងឆ្នាំ ២០២០»។

លោក Hirson បាននិយាយថា «ពួកគេនៅតែជាប្រទេសដែលមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយគ្នាយ៉ាងខ្លាំងក្លា។ ការធ្វើ សមាហរណកម្មនេះមិនមែនជាអ្វីដែលអាចផ្លាស់ប្តូរបានយ៉ាងងាយស្រួលនោះទេ ពីព្រោះវានឹងបង្កផលប៉ះពាល់ក្នុងកម្រិតមិនគួរឱ្យជឿសម្រាប់សហរដ្ឋអាមេរិកនិងសម្រាប់សេដ្ឋកិច្ចពិភពលោក»។

ទោះជាយ៉ាងណាក៏ដោយ បណ្តាមេដឹកនាំសេដ្ឋកិច្ចរបស់អាមេរិកជឿថា «ការផ្តាច់ទំនាក់ទំនងបាននិងកំពុងដំណើរការរួចហើយ»។ សហស្ថាបនិកក្រុមហ៊ុន Oaktree លោក Howard Marks បានលើកឡើងនៅចុងខែមីនាថា «ចំណាប់អារម្មណ៍បានងាកមកផ្តោតលើការផលិតក្នុងស្រុក និងបានចាប់ផ្តើមងាកចេញពីសកលភាវូប នីយកម្ម»។

ប្រធានក្រុមហ៊ុន Blackrock លោក Larry Fink បានលើកឡើងនៅក្នុងលិខិតមួយថា «ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានបិទបញ្ចប់សកលភាវូបនីយកម្មដែលយើងបានជួបប្រទះនៅក្នុងរយៈពេល ៣ ទសវត្សរ៍ចុងក្រោយនេះ»។

នៅក្នុងសុន្ទរកថា ទៅកាន់ក្រុមប្រឹក្សាអាត្លង់ទិក (Atlantic Council) កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងរតនាគារជាតិអាមេរីក លោកស្រី Janet Yellen បាននិយាយថា «សហរដ្ឋអាមេរិកកំពុងឃ្លាំមើលយ៉ាងដិតដល់នូវទំនាក់ ទំនងនយោបាយនិងសេដ្ឋកិច្ចរវាងប្រទេសចិនជាមួយនឹងរុស្ស៊ី។ សម្រាប់ថ្ងៃខាងមុខ វានឹងមានការពិបាកកាន់តែខ្លាំងឡើងក្នុងការញែកពីគ្នាឱ្យដាច់រវាងបញ្ហាសេដ្ឋកិច្ចនិងបញ្ហាផលប្រយោជន៍ជាតិ បូករួមទាំងបញ្ហាសន្តិសុខជាតិផងដែរ»។

បើទោះបីជាលោកស្រីសង្ឃឹមថា «ការកាត់ផ្តាច់ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកគួរតែជារឿងដែលជៀសវាងបាន» ក៏ដោយ ក៏អាកប្បកិរិយារបស់ពិភពលោកចំពោះប្រទេសចិននិងឆន្ទៈរបស់ពិភពលោកក្នុងការបង្កើនការធ្វើសមាហរណកម្មសេដ្ឋកិច្ចបន្ថែមទៀត អាចរងផលប៉ះពាល់ ដោយសារប្រតិកម្មរបស់ចិនចំពោះការអំពាវនាវឱ្យមានកាត់ ចាត់វិធានការម៉ឺងម៉ាត់ លើប្រទេសរុស្ស៊ី។

ទន្ទឹមនឹងនេះ ១/៣ នៃប្រទេសចិនកំពុងស្ថិតក្រោមភាពជាប់គាំងដោយសារការធ្វើចត្តាឡីស័ក ហើយ សេដ្ឋកិច្ចរបស់ចិនក៏កំពុងរងផលប៉ះពាល់ផងដែរ។ ការឆ្លើយតបចំពោះវីរុសរាតត្បាតរបស់ប្រទេសចិននៅក្នុងពេលថ្មីៗនេះ ទំនងជានឹងបង្កការខាតបង់អស់យ៉ាងតិច ៤៦ ពាន់លានដុល្លារនៅក្នុងទិន្នផលសេដ្ឋកិច្ច (Economic Output) ក្នុងមួយខែ ឬស្មើនឹង ៣,១% នៃ GDP (យោងតាមការស្រាវជ្រាវពីសាកលវិទ្យាល័យ Chinese University of Hong Kong)។

អ្នកវិភាគលែងមានជំនឿទៀតហើយថា «គោលដៅនៃកំណើនសេដ្ឋកិច្ច ៥,៥% សម្រាប់ឆ្នាំ ២០២២ របស់ប្រទេសចិន នឹងអាចសម្រេចបាននោះ»។ នៅក្នុងសប្តាហ៍នេះ ធនាគារពិភពលោកបានកែប្រែការប៉ាន់ប្រមាណរបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចចិនមកនៅត្រឹម ៥% ក៏ប៉ុន្តែបានកត់សម្គាល់បន្ថែមថា «ប្រសិនបើគោលនយោបាយរឹតបន្តឹងរបស់ចិននៅតែបន្ត នោះអត្រានេះអាចបន្តធ្លាក់ចុះមកនៅ ៤%»។

សម្ពាធ​សេដ្ឋកិច្ចបាន​កើតមាន​នៅចំ​ពេលកើតមានភាពមិន​ច្បាស់លាស់​ផ្នែកនយោបាយ។ នៅរដូវស្លឹកឈើជ្រុះនេះ ប្រធានាធិបតីចិនលោក Xi Jinping នឹងលើកនូវសំណើរសម្រាប់អាណត្តិទី៣ ក្នុងការធ្វើជាមេដឹកនាំរបស់ប្រទេសដែលនឹងបំបែកទំនៀមទម្លាប់នៃអាណត្តិអតិបរមាចំនួន ២ អាណត្តិ៕
CNN Business

អត្ថបទទាក់ទង