ទស្សនៈអ្នកអាន ៖ «បេក្ខជន និងសកម្មជនបក្សភ្លើងទៀន កំពុងរួមគ្នាពន្លត់ភ្លើងទៀន»
ខណៈពេលដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កាន់តែខិតចូលមកដល់ បេក្ខជនពេញសិទ្ធ, បេក្ខជនបម្រុងហើយនិងសកម្មជនគណបក្សភ្លើងទៀន បាននាំគ្នាផ្តាច់ខ្លួននិងចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាដូចទឹកបាក់ទំនប់ ជាពិសេសគឺបេក្ខជនឈរឈ្មោះលេខរៀងទី១, ទី២ និងទី៣ និងបេក្ខជនបម្រុងជាច្រើន បានសុខចិត្តបោះបង់ចោលបក្សភ្លើងទៀន ដើម្បីមករួមរស់ជាមួយគណបក្សកាន់អំណាចវិញ។
កាលពីថ្ងៃទី ០១ ឧសភា ២០២២ ម្សិលមិញ វាប្រៀបបាននឹងព្យុះដែលកំពុងបោកបក់ទៅលើបក្សភ្លើងទៀន ពីព្រោះចលនាផ្តាច់ខ្លួនបានកើតឡើងនៅស្ទើរតែពេញផ្ទៃប្រទេសតែម្តង ជាពិសេសគឺបេក្ខជនឈរឈ្មោះពេញសិទ្ធិ និងបេក្ខជនបម្រុងរបស់បក្សនេះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ស្រាប់តែនាំគ្នាចាកចេញពីគណបក្សនេះ ហើយមករួមរស់ជាមួយគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន វិញ។
ជាក់ស្តែង គ្រាន់តែថ្ងៃទី ០១ ឧសភានេះ នៅរាជធានីភ្នំពេញ មានសកម្មជនបក្សភ្លើងទៀនចំនួន ៧៨ រូប បានប្រកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាក្នុងនោះមាន ៥២ រូបជាបេក្ខជនឈរឈ្មោះពេញសិទ្ធិ និងបម្រុង ចំណែក ២៦ រូបទៀតជាសកម្មជនតាមសង្កាត់នានា។
នៅថ្ងៃទី ០១ ឧសភា ដដែលនេះ នៅឯខេត្តកំពត ក៏មានសកម្មជនមកពីគណបក្សនយោបាយចំនួន ២៧៨ នាក់បានប្រកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា មកពីគណបក្សចំនួន ៤ ក្នុងនោះភាគច្រើនលើសលុបរហូតដល់ ២៤៦នាក់ គឺជាសកម្មជនរបស់គណបក្សភ្លើងទៀន ហើយមួយចំនួនធំ គឺជាបេក្ខជនពេញសិទ្ធិដែលឈរឈ្មោះលេខរៀងក្បាលបញ្ជី រហូតដល់បេក្ខជនបម្រុង។
នៅឯខេត្តកំពង់ឆ្នាំងឯណោះវិញ ក៏មានសកម្មជនបក្សភ្លើងទៀន និងអតីតបក្សសង្គ្រោះជាតិចំនួន ១៣៦ នាក់ ក៏បានប្រកាសចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាដែរ។ នៅតាមបណ្តាខេត្តផ្សេងៗទៀត សកម្មភាពចាកចេញពីអតីតបក្សសង្គ្រោះជាតិ និងបក្សភ្លើងទៀន ក៏កំពុងកើតឡើងយ៉ាងគគ្រឹកគគ្រេង។ ជាច្រើនខែមកហើយដែលចលនាបោះបង់ចោលគណបក្សភ្លើងទៀនបានផ្ទុះឡើង តែពេលនេះកំពុងក្លាយជាទឹកបាក់ទំនប់តែម្តង។
ហេតុអ្វីបានជាសកម្មជននិងបេក្ខជនឈរឈ្មោះឃុំសង្កាត់របស់បក្សភ្លើងទៀនប្រកាសមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា?
ទី១៖ មកពីពួកគេដឹងច្បាស់ថា គណបក្សភ្លើងទៀនគឺជាទាយាទរបស់អ្នកនយោបាយត្រកូលក្បត់ជាតិ ៣ ជំនាន់ ដែលកាលពីមុនធ្លាប់តែត្មេះតិះដៀលអ្នកដទៃ ដែលហ៊ានទៅបង្កើតគណបក្សនយោបាយថ្មីថា ជាបក្សអាប, បក្សអាយ៉ង, បក្សអំពិលអំពែក ជាដើម។ តែចុងក្រោយនេះ បែរជាខ្លួនឯងទៅបញ្ជាឲ្យគូកនចូលមកបក្សភ្លើងទៀនដែលជាគណបក្សដើម មុនច្របាច់បញ្ចូលជាមួយគណបក្សសិទ្ធិមនុស្សដោយក្បត់ឆន្ទៈរបស់សកម្មជនទៅវិញ។ ដូច្នេះ សកម្មជននិងបេក្ខជនទាំងនោះក៏អស់ជំនឿលើគណបក្សនេះតែម្តង។
ទី២៖ សកម្មជន និងបេក្ខជនបក្សភ្លើងទៀន ឬអតីតសកម្មជនបក្សសង្គ្រោះជាតិសុទ្ធតែបានដឹងយ៉ាងច្បាស់ថា ការចូលរួមជីវិតនយោបាយជាមួយជនក្បត់ជាតិ ក្រឡិចក្រឡុច និងពូកែខាងរត់ចោលស្រុកបែបនេះពួកគេ នឹងគ្មានវាសនាល្អឡើយ។ ជីវិតនយោបាយរបស់ពួកគេនឹងត្រូវចាញ់បោកគេ ហើយត្រូវគេបោកប្រើរហូតគ្មានទីបញ្ចប់។ ជាលទ្ធផល លុយបានទៅគេដែលជាអ្នកប្រមូល ចំណែកសកម្មជនវិញលក់ផ្ទះសម្បែង ដីធ្លី ស្រែចម្ការ មាន់ ទា គោអំពែ ដើម្បីបម្រើនយោបាយបោកប្រាស់។ ជួនកាលត្រូវគេប្រើឲ្យធ្វើសកម្មភាពខុសច្បាប់ហើយត្រូវប្រឈមមុខផ្លូវច្បាប់ថែមទៀត។
ទី៣៖ សកម្មជននិងបេក្ខជនទាំងនោះយល់ឃើញថា មានតែគណបក្សប្រជាជនកម្ពុជាទេដែលជាគណបក្សរបស់ប្រជាជនខ្មែរទូទាំងប្រទេស ហើយដែលពួកគេអាចផ្ញើវាសនាបាន។ ឆ្លងកាត់ការពិចារណាអស់ជាច្រើនឆ្នាំ ជាពិសេសបន្ទាប់ពីបានឃើញផ្ទាល់ភ្នែកនូវសកម្មភាពជាក់ស្តែងរបស់អ្នកនយោបាយបក្សកាន់អំណាច ពួកគេមានទំនុកចិត្តយ៉ាងច្បាស់លាស់ថា មានតែការរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាទេទើបប្រទេសជាតិស្គាល់សុខសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍគ្រប់វិស័យ។ នេះគឺជាការភ្ញាក់រលឹកដ៏ត្រឹមត្រូវបំផុត និងយ៉ាងទាន់ពេលវេលាបំផុត។
តាមប្រភពព័ត៌មានពីបណ្តាខេត្តនានា ចលនាចាកចេញពីបក្សភ្លើងទៀន ហើយប្រកាសមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា កំពុងតែបន្តកើតឡើងយ៉ាងផុលផុសលើសពេលណាៗទាំងអស់។ ចលនានេះក៏កំពុងបង្កើតបានជាខ្យល់ព្យុះបោកបក់ទៅលើភ្លើងទៀនដោយកម្លាំងខ្យល់ចេញពីផ្ទៃក្នុងរបស់ខ្លួនតែម្តងដោយគ្មានអ្នកណាផ្សេងទៅពន្លត់ភ្លើងទៀនឡើយ។ សកម្មជនសកម្មនារីរបស់អតីតបក្សប្រឆាំង ហើយដែលឥឡូវត្រូវបានគេបោកឲ្យមកចូលបក្សភ្លើងទៀនវិញ ក៏កំពុងរួមគ្នាជាកម្លាំងដើម្បីបញ្ចប់ជីវិតអ្នកនយោបាយក្បត់ជាតិតត្រកូលដែរ៕
ដោយ: អ្នកនយោបាយតុកាហ្វេ