ទស្សនៈកូនខ្មែរ៖ សន្ធឹកកក្រើកមេឃកក្រើកដីនៃកងទ័ពទេវតា ជាសញ្ញានៃជ័យជំនះ!
ថ្ងៃសុក្រទី២៧ កក្កដា ត្រូវនឹងថ្ងៃសីលផង កងទ័ពទេវតា ដឹកនាំដោយមេទ័ពដ៏ខ្លាំងពូកែរបស់ជុំរុំទេវតាឈ្មោះថាបុរសខ្លាំងរបស់កម្ពុជាដែលប្រយុទ្ធ ១០០ ដងឈ្នះ ១០០ ដង បានធ្វើឲ្យកក្រើកមេឃ កក្រើកដីក្នុងផ្ទៃនៃរាជធានី ភ្នំពេញ ក៏ដូចជានៅលើផ្ទៃនៃ ព្រះរាជាណាចក្រអច្ឆរិយៈទាំងមូល។ កងទ័ពទេវតាចេញ បង្ហាញឬទ្ធិចំថ្ងៃសីលគឺជាព្រឹត្តិការណ៍ដែលមានអត្ថន័យយ៉ាងធំធេងសម្រាប់ប្រទេសកម្ពុជា៖
អត្ថន័យទី១៖ គឺជាសញ្ញានៃជ័យជំនៈរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨ នេះយ៉ាងពិតប្រាកដ។
អត្ថន័យទី២៖ គឺជាសញ្ញានៃជ័យជំនៈរបស់ប្រជាជនកម្ពុជាក្នុងដំណើរឈានទៅមុខនៅលើវិថី នៃសន្តិភាព និងការអភិវឌ្ឍដែលគ្មានអ្នកណាអាចរារាំងបាន។
អត្ថន័យទី៣៖ ជាសញ្ញាបញ្ជាក់ថា ប្រទេសកម្ពុជាគឺជាដែនដីដែល ពោរពេញដោយសុខសន្តិភាពដែលប្រជាជនខ្មែរក៏ដូចជាភ្ញៀវទេសចរបរទេសអាចរស់នៅនិងស្នាក់នៅដោយសុខសាន្ត។
អត្ថន័យទី៤៖ គឺជាសញ្ញាដែល បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាដែលមានរូបសញ្ញាទេវតា នៅតែជាសេចក្តីត្រូវការចាំបាច់មិនអាចខ្វះបានសម្រាប់ប្រជាពលរដ្ឋខ្មែរ និងសម្រាប់ប្រទេសកម្ពុជា។
អត្ថន័យទី៥៖ គឺជាសញ្ញាដែល បញ្ជាក់ថា ពីអំណឹះតទៅ ប្រទេសកម្ពុជាគឺជាដែនដីដ៏សុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរក្រោមការការពារ និងការប្រសិទ្ធិពរជ័យពីសំណាក់ ទេវតាថែរក្សាព្រះរាជាណាចក្រដែលគ្មានអ្នកណាអាចបំផ្លាញ បានឡើយ។
អត្ថន័យទី៦៖ ជាសញ្ញាបញ្ជាក់ពីបរាជ័យទាំងស្រុង និងយ៉ាងអាម៉ាស់បំផុតរបស់ក្រុមបំផ្លាញជាតិ បំផ្លាញប្រជាធិបតេយ្យ និងបំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ ពីព្រោះពួកគេមិនអាចបំផ្លាញដែនដីដែលការពារដោយទេវតាបានឡើយ។ ផ្ទុយទៅវិញ ពួកគេនឹងត្រូវទេវតាបរាមុខឲ្យវិនាសអន្តរាយងើបមុខមិនរួចឡើយដោយសារតែទង្វើដ៏អាក្រក់ក្បត់ជាតិ ក្បត់សាសនា និងព្រះមហាក្សត្រ ដែលជាព្រលឹងរបស់ព្រះរាជាណាចក្រអច្ឆរិយៈ។
សរុបមកវិញ ការបោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា ខាងមុខនេះគឺជាការបោះឆ្នោតដែលពោរពេញទៅដោយភាពសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព និងសុខសន្តិភាព ក្រោមក្រសែភ្នែកតាមដានពីសំណាក់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។ នេះហើយជាកម្ពុជាក្នុងសម័យតេជោ សែន ដែលប្រជាពលរដ្ឋត្រូវការចាំបាច់មិនអាចខ្វះបាន៕
ដោយ៖ ប្រជាពលរដ្ឋម្នាក់ក្នុងរាជធានីភ្នំពេញ