ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ សំណើច្បាប់ដដែលៗរបស់សមាជិកព្រឹទ្ធសភាអាមេរិកមិនតំណាងឱ្យទស្សនៈរបស់រដ្ឋសភា និងរដ្ឋាភិបាលសហរដ្ឋអាមេរិកឡើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 63
លិខិតមិត្តអ្នកអាន៖ សំណើច្បាប់ដដែលៗរបស់សមាជិកព្រឹទ្ធសភាអាមេរិកមិនតំណាងឱ្យទស្សនៈរបស់រដ្ឋសភា និងរដ្ឋាភិបាលសហរដ្ឋអាមេរិកឡើយ You Were US Representatives, Not Cambodian Ones!

ការផ្តើមគំនិតរបស់សមាជិកព្រឹទ្ធសភាអាមេរិក បីនាក់ ដែលរួមគ្នាស្នើច្បាប់ថ្មីមួយ ដើម្បីគំរាមរាជរដ្ឋាភិបាលកម្ពុជាឱ្យធ្វើនេះ ធ្វើនោះតាមចិត្តនឹកឃើញរបស់ខ្លួននោះគឺហាក់ដូចជាមិនទំនងទាល់តែសោះ។ សមាជិកព្រឹទ្ធសភាទាំងបីនាក់នោះមានលោក Lindsey Graham លោក Dick Durbin និងលោក Marco Rubio បានស្នើច្បាប់មួយស្ដីពី «ការទទួលខុសត្រូវរបស់កម្ពុជា និងការវិលត្រឡប់វិញនូវការវិនិយោគ» ឆ្នាំ២០១៩ ដែលហៅកាត់ថា (CARI Act) ដើម្បីជាថ្នូរឱ្យមានការដោះលែងលោក កឹម សុខា ដោយឥតលក្ខខណ្ឌ ទម្លាក់បទចោទនានាលើលោក សម រង្ស៊ី ក្រុមអ្នកប្រឆាំងរដ្ឋាភិបាលជាច្រើនរូបទៀត និងអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ២ រូបផងដែរ។

តាមការពិត វាគឺជាការប៉ុនប៉ងស្នើច្បាប់ចាស់ដដែលមួយសារជាថ្មីទៀត ដែលពួកគេធ្លាប់ទទួលបរាជ័យម្តងរួចមកហើយប៉ុណ្ណោះ។ ក្នុងនាមខ្លួនជាសមាជិកព្រឹទ្ធសភានៃជនជាតិអាមេរិកកាំង ដែលទទួលប្រាក់ខែពីការបង់ពន្ធរបស់ប្រជាជនខ្លួន គួរណាស់តែពួកគេទាំងបីនាក់នេះ ខិតខំធ្វើកិច្ចការសំរាប់ជួយប្រជាជនខ្លួនឯងនៅក្នុងប្រទេសរបស់ខ្លួនគឺវាគ្រប់គ្រាន់ទៅហើយ ព្រោះថាគោលនយោបាយរបស់ប្រធានាធិបតីសព្វថ្ងៃនេះ គឺ «គិតពីប្រជាជនអាមេរិកខ្លួនឯងមុនគេ» (Think the American First) ដូច្នេះ ពួកគេទាំងបីនាក់នេះមិនត្រូវលូកដៃមកកកូរកកាយកិច្ចការផ្ទៃក្នុងប្រទេសដទៃនោះទេ។ ការលើកឡើងរបស់ពួកគេ អំពីលក្ខខណ្ឌទាមទារឱ្យដោះលែងជនជាប់ចោទ កឹម សុខា និង ទម្លាក់ចោលបទចោទ លើទណ្ឌិតដែលកំពុងជាប់ពិរុទ្ធ សម រង្ស៊ី និងក្រុមប្រឆាំង រដ្ឋាភិបាល ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលជាប់ឆ្នោតស្របច្បាប់ តាមរយៈចលនាបដិវត្តន៍ពណ៌នោះគឺជារឿងដែលមិនអាចទៅរួចជាដាច់ខាត។ ការអនុវត្តច្បាប់ក្នុងប្រទេសនីតិរដ្ឋ ចំពោះជនមួយចំនួនតូចដែលប្រព្រឹត្តិល្មើសច្បាប់ គឺជាប្រយោជន៍សម្រាប់សមិទ្ធផលជាតិ ស្ថេរភាព និងសន្តិសុខ សណ្តាប់ធ្នាប់សង្គមរបស់ប្រជាពលរដ្ឋភាគច្រើនលើសលុប។

សមាជិកព្រឹទ្ធសភាអាមេរិកទាំងបីនាក់នេះត្រូវដឹងឱ្យច្បាស់ថា ស្ថាប័នតុលាការនៅកម្ពុជា គឺជាស្ថាប័នឯករាជ្យ។ ការសំរេចក្តីដោយសាលដីកាតុលាការកំពូលគឺជា ឆន្ទានុសិទ្ធិរបស់ចៅក្រម ដែលការសំរេចដោយតុលាការកំពូល គឺបិទផ្លូវតវ៉ាទាំងស្រុង។

ក្នុងនាមជាអ្នកតាក់តែងច្បាប់ និងជាអ្នកជំរុញឱ្យអនុវត្តច្បាប់ សមាជិក ព្រឹទ្ធសភា អាមេរិក ទាំងនេះ មិនគួរមកបង្ខំឱ្យតុលាការក្នុងប្រទេសដទៃដែលមានអធិបតេយ្យភាពឲ្យធ្វើតាមចិត្តពួកគេនោះទេ។ ការស្នើសុំច្បាប់ថ្មីរបស់ក្រុមសមាជិកព្រឹទ្ធសភាពីរឬបីនាក់នេះ គឺគ្រាន់តែជាគំនិតផ្ដួចផ្ដើម របស់បុគ្គលពីរ ឬបីនាក់ប៉ុណ្ណោះដែលមិនតំណាងឱ្យទស្សនៈរបស់រដ្ឋសភា និងរដ្ឋាភិបាលសហរដ្ឋអាមេរិកនោះឡើយ។ ដូច្នេះ លទ្ធភាពដែលអាចចេញទៅជាច្បាប់នោះ គឺមិនអាចទៅរួចនោះទេ។ ប៉ុន្តែ ប្រសិនបើអាចចេញទៅជាច្បាប់មែនក៏មិនអាចឱ្យកម្ពុជាធ្វើតាមបានដែរ ព្រោះបច្ចុប្បន្នកម្ពុជាកំពុងតែពង្រឹងជំហរមិនចុះញ៉មនឹងសម្ពាធ និងការគំរាមរបស់បរទេសឡើយ ដូច្នេះការខិតខំរបស់សមាជិកព្រឹទ្ធសភាប៉ុន្មាននាក់នេះនឹងក្លាយទៅជាការបរាជ័យជាថ្មី ហើយក៏នឹងក្លាយទៅជារឿងឥតបានការចំពោះកម្ពុជាដែរ។

តើសមាជិកព្រឹទ្ធសភាអាមេរិកទាំងបីនាក់នេះពិតជាល្ងង់ ឬធ្វើពើល្ងង់ខ្លៅអំពីអធិបតេយ្យភាពនៃរដ្ឋឯករាជ្យមួយដែលជាសមាជិកពេញសិទ្ធិអង្គការសហប្រជាជាតិឬ?

ពួកគេត្រូវដឹងថា ព្រះរាជាណាចក្រកម្ពុជា មានអធិបតេយ្យពេញលេញ បន្ទាប់ពីមានការឯកភាពជាតិ ដោយស្ថិតក្រោមដំបូលតែមួយនៃរដ្ឋធម្មនុញឆ្នាំ១៩៩៣ ដែលជាច្បាប់កំពូល។ ទស្សនៈរបស់សមាជិកព្រឹទ្ធសភាអាមេរិកទាំងបីនាក់ ដែលស្នើឱ្យមានការអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ នោះ គឺជាការមិនយល់អំពីអត្ថិភាពខ្លឹមសារនៃកិច្ចព្រមព្រៀង។ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ គឺជាកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយជម្លោះរវាងខ្មែរ និងខ្មែរ ដែលខ្លឹមសារសំខាន់ៗ និយាយពីការបញ្ចប់សង្រ្គាមស៊ីវិល ការបោះឆ្នោត មាតុភូមិនិវត្តជនភៀសខ្លួន ការកាត់រំសាយកងទ័ព និងគោលការណ៍គោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ហើយជាក់ស្តែងគោលការណ៍សំខាន់ៗទាំងអស់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ ត្រូវបានអនុវត្តយ៉ាងពេញលេញ ហើយក៏ត្រូវបានសរសេរចូលគ្រប់ជ្រុងជ្រោយនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ រួចហើយដែរ។ ដូច្នេះ ការទាមទារឱ្យប្រទេសជាហត្ថលេខីមកសើរើកិច្ចព្រមព្រៀងនេះឡើងវិញគឺជារឿងដែលមិនអាចទៅរួចជាដាច់ខាត។ ធាតុពិតនៃការស្នើរបស់សមាជិកព្រឹទ្ធសភាអាមេរិកទាំងបីនាក់នេះ គឺជាសេណារីយោនយោបាយស្រោចស្រង់ខ្មោចអតីតបក្សប្រឆាំង ដែលជាសម្ព័ន្ធមិត្តឱ្យរស់ឡើងវិញប៉ុណ្ណោះ ប៉ុន្តែ ផ្អែកតាមផ្លូវច្បាប់ខ្មោចអតីតគណបក្សសង្គ្រោះជាតិនឹងមិនអាចមានតទៅទៀតឡើយ ហើយ បើកម្ពុជាជាប្រទេសមួយមិនអាចអនុវត្តច្បាប់ក្នុងប្រទេសខ្លួនបាន តើអាចចាត់ទុកជាប្រទេសមួយដែរឬយ៉ាងណា?

ដូច្នេះ ក្នុងបរិបទបច្ចុប្បន្ននេះកម្ពុជាទាមទារឱ្យមានភាពច្បាស់លាស់មួយក្នុងជំហរនយោបាយការបរទេសជាប្រទេសឯករាជ្យ អព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ ស្របតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល។ យ៉ាងណាមិញ ទោះបីជាការស្នើច្បាប់ដដែលៗរបស់សមាជិកព្រឹទ្ធសភាបីនាក់នេះចេញ ឬមិនចេញ ក៏ការកែប្រែឥរិយាបថណាមួយក្នុងនយោបាយការបរទេសកម្ពុជាគឺមិនមាននោះទេ។ ព្រះរាជាណាចក្រកម្ពុជានៅតែរក្សាស្ថានភាពដដែលជាមួយបណ្តាប្រទេសជាមិត្តក្នុងសកលលោក ដើម្បីផលប្រយោជន៍គ្នាទៅវិញទៅមកដោយស្មើភាពគ្នា ពីព្រោះយើងដឹងហើយថាកម្ពុជាជារដ្ឋអធិបតេយ្យមួយហើយប្រសិនយើងចេះតែធ្វើនេះធ្វើនោះតាមសម្ពាធអន្តរជាតិ នោះនឹងលែងមានអ្វីជាអធិបតេយ្យភាពជាតិ ឯករាជ្យជាតិហើយ ព្រោះថារឿងជនជាប់ចោទ និងទណ្ឌិតដែលកំពុងជាប់ពិរុទ្ធ មិនមែនជារឿងរបស់សហរដ្ឋអាមេរិកទេ តែវាជារឿងផ្ទៃក្នុងកម្ពុជា ដែលអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាត្រូវមានវិធានការច្បាប់របស់ខ្លួនដើម្បីសណ្ដាប់ធ្នាប់ និងសន្ដិភាព ព្រោះថាបើកម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិល ឬចលាចលណាមួយមិនមែនសមាជិកព្រឹទ្ធសភាអាមេរិកទាំងបីនាក់ ជាអ្នកទទួលខុសត្រូវនោះទេ គឺប្រជាជន និងប្រទេសកម្ពុជាខ្លួនឯងទៅវិញទេ ដែលត្រូវរងវិនាសកម្មដូចអតីតកាល៕

ដោយ៖ សួន ចំរើន

អត្ថបទទាក់ទង