ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «សម រង្ស៊ី មានសន្តានមនុស្សតិរច្ឆានោ! »

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 57
លិខិតមិត្តអ្នកអាន៖ «សម រង្ស៊ី មានសន្តានមនុស្សតិរច្ឆានោ! » លិខិតមិត្តអ្នកអាន៖ «សម រង្ស៊ី មានសន្តានមនុស្សតិរច្ឆានោ! »

ក្នុងព្រះពុទ្ធសាសនា និងដោយយោងតាមទស្សនៈកម្មផល គេបែងចែកមនុស្សជាបួនពួក គឺមនុស្សមនុស្សោ (រូបជាមនុស្ស ចិត្តជាមនុស្ស), មនុស្សទេវោ (រូបជាមនុស្សចិត្តជាទេវតា), មនុស្សបេតោ (រូបជាមនុស្សចិត្តជាប្រេត) និងមនុស្សតិច្ឆានោ (រូបជាមនុស្សតែចិត្តជាតិច្ឆាន)។ ដោយឆ្លុះបញ្ចាំងមកក្នុងសង្គមយើងបច្ចុប្បន្ន មានមនុស្សបេតោ ឬមនុស្សតិច្ឆានោមួយក្រុមកំពុងបង្ហាញមុខច្បាស់ជាងគេ នោះគឺលោក សម រង្ស៊ី និងបក្ខពួក មួយចំនួនរបស់គាត់។
ហេតុអ្វីបានជាយើងអាចនិយាយបានយ៉ាងដូច្នេះ?

គឺយើងពិនិត្យសកម្មភាព និងទង្វើរបស់ពួកគេ។ ដោយសារតែមានរូបជាមនុស្សតែសន្តានជាសត្វតិច្ឆាន ប្រភេទមនុស្សតិច្ឆានោ មិនដែលគិតអ្វីល្អៗជាប្រយោជន៍សម្រាប់ខ្លួនឯង សម្រាប់សង្គមមនុស្សទូទៅ ក៏ដូចជាសម្រាប់ប្រទេសជាតិរបស់ខ្លួនឡើយ។ ផ្ទុយទៅវិញ មនុស្សដែលគេចាត់ចូលក្នុងជំពូកតិច្ឆានោនេះ គិតឃើញតែរឿងអាក្រក់ៗ និងគិតតែរកគំនិតបំផ្លាញអ្នកដទៃតែប៉ុណ្ណោះ។ ជាក់ស្តែង មនុស្សប្រភេទ សម រង្ស៊ី និងបក្ខពួក មិនដែលយកខួរក្បាលដេកគិតពីរឿងធ្វើយ៉ាងណាឲ្យប្រទេសជាតិអភិវឌ្ឍន៍ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរបស់ខ្លួនបានសុខសប្បាយ មានជីវភាពធូរធា និងរស់ក្នុងសុខសន្តិភាពឡើយ ប៉ុន្តែពួកគេដេកភ័យខ្លាចតែប្រទេសនេះអភិវឌ្ឍន៍ទៅមុខលឿន, ខ្លាចតែប្រទេសមានសុខសន្តិភាព និងខ្លាចតែប្រជាពលរដ្ឋមានសេចក្តីសុខសប្បាយ ពីព្រោះបើមានអ្វីៗទាំងអស់នេះហើយ ពួកគេនឹងគ្មានអ្វីយកទៅឃោសនារកសំឡេងឆ្នោតឡើយ។

ក្នុងជីវិតនយោបាយរបស់ខ្លួន សម រង្ស៊ី មានទាំងតំណាងរាស្ត្រក្នុងសភា មានទាំងសមាជិកព្រឹទ្ធសភា, ក្រុមប្រឹក្សារាជធានី ខេត្ត និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ។ ប៉ុន្តែ ពួកគេមិនដែល នឹកឃើញគៀរគរថវិកា ឬនាំបច្ចេកទេសថ្មីៗពីបរទេសមកអភិវឌ្ឍន៍ដើម្បីកែប្រែជីវភាពប្រជាជនក្នុងឃុំសង្កាត់ណាមួយជាគំរូដើម្បីបង្ហាញថា ខ្លួនអាចធ្វើបានល្អជាងគណបក្សកាន់អំណាចនោះឡើយ។

ផ្ទុយទៅវិញ សម រង្ស៊ី និងបក្ខពួកគិតតែចាំខ្ទប់ដង្ហើម ក្តិចត្រួយ និងប៉ែងជើងបក្សកាន់អំណាចកុំឲ្យដើរទៅមុខលឿនពេកក្រែងពួកគេអស់អីនិយាយ។ បើឃើញថា ប្រទេសជាតិបានទទួលជំនួយអភិវឌ្ឍន៍ច្រើនពី បរទេស ពួកគេក៏ខំទៅបញ្ចុះបញ្ចូលបរទេសកុំឲ្យផ្តល់ជំនួយឲ្យកម្ពុជាទៀត។ បើឃើញថា អ្នកវិនិយោគទុនកំពុងចូលមកកម្ពុជាកាន់តែច្រើន បង្កើតការងារ និងប្រាក់ចំណូលសេដ្ឋកិច្ចជាតិ ក៏ដូចជាចំណូលរបស់ពលរដ្ឋកាន់តែកើន សម រង្ស៊ី និងបក្ខពួកខំរិះរកវិធីយ៉ាងណាដើម្បីកុំឲ្យអ្នកវិនិយោគទុន និងកម្មករ បានសុខ។ ជាក់ស្តែង ពួកគេតែងដឹកនាំបាតុកម្មហិង្សា រារាំងកុំឲ្យកម្មករផ្សេងចូលធ្វើការ ឬពេលខ្លះបង្កហិង្សាវាយកម្ទេច ដុតបំផ្លាញរោងចក្រ បង្កអស្ថិរភាពសង្គម ក្នុងបំណងធ្វើអោយអ្នកនិនិយោគទុនបរទេសបាត់បង់ជំនឿលើអាជ្ញាធរកម្ពុជា និងធ្វើឲ្យកម្មករ កសិករ បាត់បង់ចំណូល ដើម្បីពួកគេងាយញុះញង់ឲ្យងើបបះបោរប្រឆាំងរដ្ឋាភិបាល។ ការទាមទារឲ្រសហភាពអឺរ៉ុបឈប់ទិញអង្ករ, ឈប់ទិញទំនិញសម្លៀកបំពាក់ និងស្បែកជើងពីកម្ពុជា និងទាមទារឲ្យផ្តាច់ EBA ជាដើមសុទ្ធសឹងជាឧទាហរណ៍ជាក់ស្តែងបំផុតដែលកើតចេញពីសន្តានមនុស្សតិច្ឆានោ។

គេមិនដែលឃើញឡើយថា សម រង្ស៊ី និងបក្ខពួកនាំយកអ្វីដែលជាផលប្រយោជន៍មកជួយប្រទេសជាតិ និងប្រជាជនខ្លួនឯងទេ តែបើបានជាចម្លងពីបរទេសវិញគឺចម្លងតែរឿងអាក្រក់ៗ។ ឧទាហរណ៍ជាក់ស្តែង រឿងល្អៗគគោកមិនខ្ចីនាំពីស្រុកគេមកជួយខ្មែរ ប៉ុន្តែបើឃើញប្រទេសណាកំពុងមានវិបត្តិវឹកវរ បង្ហូរឈាម និងកើតសង្គ្រាមស៊ីវិល និងមានបរទេសទម្លាក់គ្រាប់បែកធ្វើឲ្យពលរដ្ឋស្លាប់ អត់បាយ និងអន្តរាយដល់ហេដ្ឋារចនាសម្ព័ន្ធប្រទេសជាតិយ៉ាងដំណំ សម រង្ស៊ី ច្បាស់ជាចង់ចម្លងទិដ្ឋភាពទាំងនោះមកកម្ពុជាភ្លាម។ កាលពីបោះឆ្នោតឆ្នាំ២០១៣ ពួកគេបានចម្លងបដិវត្តន៍នៅប្រទេសយូហ្គោស្លាវី, ក្រោយមកទៀត ចម្លងពីស៊ីរី និងលីប៊ីជាដើម។ ឥឡូវពេលឃើញប្រទេសវ៉េណេហ្ស៊ុយអេឡា កំពុងជួបបញ្ហាវឹកវរក្រោមការលូកដៃពេញទំហឹង និងយ៉ាងចំហពីមហាអំណាចលោកខាងលិច សម រង្ស៊ី ក៏គិតចង់ចម្លងមេរោគដ៏អាក្រក់នោះឲ្យចូលមកកម្ពុជាភ្លាម។

អ្នកនយោបាយជំពូកមនុស្សតិច្ឆនោរូបនេះ បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ជាពិសេសមហាអំណាចលោកខាងលិចធ្វើមកលើកម្ពុជាឲ្យដូចដែលពួកគេធ្វើទៅលើប្រទេសវេណេហ្ស៊ុយអេឡាដូច្នោះដែរ។ តើទាំងនេះ មិនមែនជាទង្វើរបស់មនុស្សតិច្ឆនោទេឬ? ប្រភេទមនុស្សតិច្ឆនោនេះ ខុសគ្នាស្រឡះពីមនុស្សទេវោ (រូបជាមនុស្ស ចិត្តជាទេវតា)។ មនុស្សទេវោជាប្រភេទមនុស្ស ដែលទេវតាបង្កើតមកដើម្បីជួយស្រោចស្រង់ប្រទេសជាតិឲ្យរួចផុតពីគ្រោះមហន្តរាយ និងជួយការពារប្រទេសជាតិ និងប្រជាជនកុំឲ្យធ្លាក់ក្នុងភយន្តរាយណាមួយឡើយ។
ជាក់ស្តែង ពេលប្រទេសជាតិធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម មនុស្សតិច្ឆានោដេកអរ ឬដេកគងថ្ងាសធ្វើមិនដឹង ប៉ុន្តែមនុស្សទេវោ សុខចិត្តលះបង់ជីវិតប្រថុយស្លាប់ដើម្បីរំដោះប្រទេសឲ្យរួចផុតពីមហាសោកនាដកម្មនេះ។ មិនត្រឹមតែរំដោះពលរដ្ឋឲ្យរួចផុតពីស្លាប់ទេ មនុស្សទេវោថែមទាំង បាននាំមកនូវសន្តិភាព និងការអភិវឌ្ឍឲ្យប្រជាជនបានស្គាល់ភាពសប្បូរសប្បាយដូចបច្ចុប្បន្ន។ ចំណែកមនុស្សតិច្ឆនោវិញមិនបានត្រេកអរនឹងសមិទ្ធផលទាំងនេះទេ តែពួកគេចាំតែប៉ងបំផ្លាញសន្តិភាព និងការអភិវឌ្ឍនេះទៅវិញ។មនុស្សទេវោ ខិតខំស្វះស្វែងរកទីផ្សារលក់អង្ករ និងផលិតផលរោងចក្រដែលជាស្នាដៃរបស់កម្មករ ដើម្បីធ្វើឲ្យជីវភាពរបស់ពួកគេធូរធារ តែមនុស្សតិច្ឆានោខិតខំរាំងខ្ទប់កុំឲ្យអង្ករខ្មែរ និងផលិតផលសម្លៀកបំពាក់ និងស្បែកជើងខ្មែរ មានទីផ្សារនៅក្រៅបរទេស។មនុស្សទេវោ យកទ្រូងពាំងការពារសន្តិភាព ការពារអធិបតេយ្យភាពជាតិ និងការពារផលប្រយោជន៍កម្មករ កសិករខ្មែរ ខណៈដែលមនុស្សតិច្ឆានោ ឈរនៅខាងបរទេសហើយជំរុញឲ្យគេលូកដៃមកបំផ្លាញសន្តិភាព បំពានអធិបតេយ្យជាតិ និងបំផ្លាញប្រយោជន៍កម្មករ កសិករខ្មែរទៅវិញ។
ទាំងនេះជាឧទាហរណ៍ត្រួសៗ ដែលបង្ហាញឲ្យឃើញភាពខុសគ្នារវាងមនុស្សទេវោ និងមនុស្សដែលមានសន្តានតិច្ឆានោ។ យោងតាមទស្សនៈកម្មផល មនុស្សទេវោ ជាតិក្រោយនឹងចាប់កំណើតជាទេវតា ចំណែក មនុស្សតិច្ឆានោនឹងចាប់កំណើតជាប្រេតតិច្ឆាន។

ក្នុងគ្រាបច្ចុប្បន្នកាលនេះទៀតសោត មនុស្សតិច្ឆានោ គ្រាន់តែជាប្រភេទសត្វមូស រុយ ដែលចាំតែរំខានគេមិនឲ្យគេរស់បានស្រណុកសុខស្រួលតែប៉ុណ្ណឹង ប៉ុន្តែជំពូកមនុស្សដែលមានសន្តានតិច្ឆានទាំងនោះមិនអាចយកឈ្នះមនុស្សទេវោបានឡើយទាំងនៅក្នុងទេវកថា ក៏ដូចជានៅក្នុងជីវភាពជាក់ស្តែង។ លទ្ធផលបានបង្ហាញឲ្យយើងឃើញច្បាស់ហើយថា ពពួកមនុស្សតិច្ឆានោកំពុងទទួលរងកម្មផលយ៉ាងទាន់ហន់ដោយមិនចាំបាច់រង់ចាំជាតិក្រោយឡើយ។ ពួកគេត្រូវវិនាសប្រាស់ព្រាត់រកដីជ្រកមិនបានខណៈដែលមនុស្សទេវោ នៅតែឈររឹងមាំក្នុងនាមជាអ្នកថែរក្សាការពារប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរមិនឲ្យមានសត្រូវណាមកយាយីបានឡើយ។ ដោយយោងលើតថភាពជាក់ស្តែងទាំងអាណាចក្រ និងពុទ្ធចក្រ ទាំងផ្លូវលោក និងផ្លូវធម៌ ដែលកំពុងស្តែងឲ្យយើងឃើញ នឹងភ្នែកបែបនេះ ប្រជាពលរដ្ឋខ្មែរត្រូវបន្តរួមគ្នាកម្ចាត់ពពួកមនុស្សតិច្ឆានោកុំឲ្យនាំចង្រៃមកជាន់ដីខ្មែរជាដាច់ខាត៕

ដោយ៖ សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គម ខេត្តកំពង់ចាម