ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ ពស់ងាប់មួយ ក្បាលពីរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 42
លិខិតមិត្តអ្នកអាន៖ ពស់ងាប់មួយ ក្បាលពីរ លិខិតមិត្តអ្នកអាន៖ ពស់ងាប់មួយ ក្បាលពីរ

ផ្លូវកំពុងឆ្ពោះទៅរកការបំបែកមិនមែនទើបតែកើតមានក្នុងពេលមានសន្និសីទនៅអាត្លង់តាថ្មីៗនេះទេ ជាការពិតគីមនុស្សក្នុងក្រុមនីមួយៗជាអ្នកបំបែកដោយខ្លួនឯងជាអ្នកបង្កើតការមិនជឿទុកចិត្ត និងការលាបពណ៌ដាក់គ្នា ការមួលបង្កាច់ញុះញង់បំបែកបំបាក់គ្នា បានកើតមានតាំងតែពីអតីតបក្សសង្រ្គោះជាតិទើបចាប់កំណើតម៉្លេះ។ តើការបញ្ចេញប្រតិកម្មដាក់គ្នាថ្មីៗនេះរបស់អ្នកគាំទ្រ និងអតីតថ្នាក់ដឹកនាំបក្សសង្រ្គោះជាតិ ចេញពីខាងអ្នកគាំទ្រ សម រង្ស៊ី និងម្ខាងទៀតជាអ្នកគាំទ្រ កឹម សុខា គឺពិតជាសញ្ញាចាប់ផ្តើមបង្ហាញថា តើអតីតបក្សសង្រ្គោះជាតិកំពុងដើរចែកផ្លូវគ្នា? តើមានកត្តាអ្វីខ្លះដែលបង្ហាញឱ្យដឹងថាអតីតបក្សប្រឆាំងមួយនេះត្រូវដើរដល់ផ្លូវបំបែក? ហើយតើប្រាកដទេ ពស់ងាប់មួយ ក្បាលពីរ?

ការបង្កើតឱ្យមានចលនាសង្រ្គោះជាតិដោយ សម រង្ស៊ី ផ្ទាល់ក្រោយពីបក្សសង្រ្គោះជាតិត្រូវបានតុលាការកំពូលសម្រេចរំលាយកាលពីឆ្នាំ២០១៧ និងការរៀបចំឱ្យមានសន្និសីទពិភពលោក ដើម្បីលើកបណ្តុប សម រង្ស៊ី ឱ្យធ្វើជាប្រធានស្តីទីសពបក្សសង្រ្គោះជាតិនៅថ្ងៃទី៣ ខែធ្នូ ក្នុងទីក្រុងអាត្លង់តា សហរដ្ឋអាមេរិកកន្លងទៅ ពិតជាបាននិងកំពុងតែបង្ហាញឱ្យមហាជនជាតិ និងអន្តរជាតិឃើញជាចំហនូវស្នាមបែកបាក់យ៉ាងធ្ងន់ធ្ងរ លេចឡើងនៃប្រភពនាំទៅរកការបែកបាក់ និងមូលហេតុទាំងឡាយដែលធ្វើឱ្យអ្នកគាំទ្រ និងថ្នាក់ដឹកនាំអតីតបក្សសង្រ្គោះជាតិមួយនេះកំពុងដើរឈានទៅដល់ផ្លូវបំបែកដោយជៀសមិនផុត។

តាមការអង្កេតកន្លងមក ចាប់តាំងពីតុលាការកំពូលរំលាយគណបក្សសង្រ្គោះជាតិ និងហាមប្រាមថ្នាក់ដឹកនាំបក្សសង្រ្គោះចំនួន១១៨នាក់ ការធ្វើសកម្មភាពនយោបាយរយៈពេលប្រាំឆ្នាំ វាពិតជាបានបង្ហាញឱ្យឃើញកាន់តែច្បាស់នូវការមិនចុះសំរុងគ្នាក្នុងចំណោមអ្នកគាំទ្រ និងថ្នាក់ដឹកនាំអតីតបក្សសង្រ្គោះជាតិពីដំបូង គឺពេលដែល កឹម សុខា ត្រូវបានចាប់ខ្លួន និងដាក់ឃុំនៅគុកត្រពាំងផ្លុងមកម្ល៉េះ។ វាបានស្តែងឱ្យឃើញរូបភាពពីរក្រុម គឺក្រុម សម រង្ស៊ី និងក្រុម កឹម សុខា ក្នុងនោះមាន កឹម មនោវិទ្យា កូនស្រី កឹម សុខា និង យ៉ែម ប៉ុញ្ញាឫទ្ធិ ។ល។ ដែលត្រូវបានក្រុម សម រង្ស៊ី លាបពណ៌ មួលបង្កាច់ ញុះញុង់បំបែកថា «សុទ្ធជាគិញ»។

ការបែកបាក់កាន់តែច្បាស់ទៀតនោះ គឺបានផ្ទុះចេញពីភាពមានៈរៀបចំសន្និសីទមួយនៅទីក្រុងអាត្លង់តា នៅថ្ងៃទី០១-០២ ខែធ្នូកន្លងទៅ ដែលក្រុម កឹម សុខា បានចេញសេចក្តីថ្លែងការណ៍វាយប្រហារយ៉ាងខ្លាំងថា សន្និសីទនេះ ជាអំពើបក្សប្រហារខុសនឹងលក្ខន្តិកៈរបស់បក្ស ហើយអ្នកដែលចូលរួមក្នុងសន្និសីទនេះមិនមែនជាសមាជិកបក្សសង្រ្គោះជាតិទេ។ ក្រុម កឹម សុខា បានបដិសេធមិនទទួលស្គាល់សន្និសីទនោះ ហើយថា សន្និសីទនោះនឹងធ្វើឱ្យបក្សសង្រ្គោះជាតិចុះខ្សោយ។ ក្នុងនោះក៏មានប្រតិកម្មរបស់ កឹម សុខា ផងដែរតាមរយៈសហមេធាវីរបស់ខ្លួនដែលថា កឹម សុខា មិនទទួលដឹងឮ និងមិនទទួលគាំទ្រនូវការរៀបចំ និងការសម្រេចណាមួយរបស់សន្និសីទនោះទេ។ រីឯក្រុមអ្នកគាំទ្រ សម រង្ស៊ី បានប្រើប្រាស់វោហារសាស្រ្តថា កឹម សុខា និង សម រង្ស៊ី គឺជាមនុស្សតែមួយ។ ក៏ប៉ុន្តែការពិតគ្មានក្រុម កឹម សុខា ណាម្នាក់ចូលរួមក្នុងសន្និសីទនោះទេ។ វាគ្រាន់តែធ្វើឡើងដើម្បីលើកបណ្តុប សម រង្ស៊ី ឱ្យធ្វើជាប្រធានខ្មោចបក្សសង្រ្គោះជាតិប៉ុណ្ណោះ។

ទាំងចលនាសង្រ្គោះជាតិនិងសន្និសីទពិភពរបស់ក្រុម សម រង្ស៊ី គឺមិនមែនជាព្រឹត្តិការណ៍ដែលកើតឡើងដោយចៃដន្យនោះទេ តែជាមហិច្ឆតារបស់ សម រង្ស៊ី និងក្រុមរបស់គាត់ ដែលត្រូវបានរៀបចំឡើង ដើម្បីធ្វើបក្សប្រហារដណ្តើមតំណែងប្រធានបក្សសង្រ្គោះជាតិពី កឹម សុខា ត្រឡប់មកវិញ។ សម រង្ស៊ី ពិតជាមានការសោកស្តាយ និងគ្មានបំណងបោះបង់តំណែងប្រធានបក្សឱ្យទៅលោក កឹម សុខា ដែលមានតែ ៣ កៅអីនៅក្នុងសភានោះទេ។ ពេលនេះ បើទោះបី សម រង្ស៊ី បានដឹងថា ការដណ្តើមយកតំណែងប្រធាន ត្រឡប់មកវិញ គឺជាបក្សប្រហារយ៉ាងណាក៏ដោយ ក៏ សម រង្ស៊ី និងក្រុមខ្លួន បានប្រើប្រាស់វោហារសាស្ត្រថា សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ ដដែល ដើម្បីបោកក្រុម កឹម សុខា ឱ្យជឿស្លុងក្នុងល្បែងដណ្តើមអំណាចរបស់ សម រង្ស៊ី នេះដែរ។

សញ្ញានៃការដើរដល់ផ្លូវបំបែក គឺពិតជាបានបង្ហាញឱ្យឃើញកាន់តែច្បាស់ ពេលដែលលោក គង់ គាំ បានលើកឡើងក្នុងទំព័រហ្វេស ប៊ុករបស់លោកថា គិតមិនត្រូវ យល់មិនច្បាស់ និងធ្វើអ្វីមិនកើត គឺ ជាទ្រព្យជាប់ខ្លួនរបស់លោក សម រង្ស៊ី និងគូរកន។ លោក គង់ គាំ បានអង្កេតថា សន្និសីទកម្រិតពិភពលោកលើកទី១ របស់អតីតបក្សសង្រ្គោះជាតិក្រៅប្រទេសកំណត់ថា សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ ហើយបានហៅអ្នកប្រឆាំងនឹង សម រង្ស៊ី ថាប្រឆាំង កឹម សុខា និងអ្នកប្រឆាំង កឹម សុខា ថា ប្រឆាំងសម រង្ស៊ី។ ហើយចុងក្រោយលោកបានសរសេរថា ក្បាលបែក ខ្លួនបែក កន្ទុយបោក។ ត្រង់ចំណុចនេះ លោក គង់ គាំ ចង់បង្ហាញឱ្យឃើញច្បាស់នូវកលល្បិចរបស់ សម រង្ស៊ី និងក្រុមខ្លួន ក្នុងយុទ្ធសាស្រ្តវាយបំបែកកំលាំងគាំទ្ររបស់ កឹម សុខា ឱ្យបែកចេញពី កឹម សុខា និងឈានទៅច្បាមយកតំណែងប្រធានបក្សសង្រ្គោះជាតិ ក្នុងទិសដៅដ៏វែងឆ្ងាយទៅមុខ ដែលក្រុម សម រង្ស៊ី មិនដែលជឿទុកចិត្តនឹង កឹម សុខា ម្តងណាឡើយចាប់តាំងមានការបង្រួបបង្រួមរវាងបក្ស សម រង្ស៊ី និងបក្សសិទ្ធិមនុស្សពីដំបូងម្លេះ។ ការបង្កើតឡើងនៃបក្សសង្រ្គោះជាតិនៅ២០១២ គឺពិតណាស់វា ជាការរៀបចំ ដោយឆ្មបបរទេសជាអ្នកជួយជ្រោមជ្រែង ក្នុងទិសដៅផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់មួយ ដើម្បីការផ្លាស់ប្តូរជាវិជ្ជមាន របស់គេនោះ។

ជារួមពាក្យរបស់ សម រង្ស៊ី និងក្រុមខលួន ដែលថា សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ គឺជាពាក្យបោកប្រាសប៉ុណ្ណោះ ដូចគ្នានឹងការលើកឡើងរបស់លោក គង់ គាំ ថា ក្បាលបែក ខ្លួនបែក កន្ទុយបោក៕

ដោយ៖ ហង្ស សូណារ៉ា សាស្ត្រាចារ្យប្រវត្តិវិទ្យានៅបន្ទាយមានជ័យ