ខ្មែរប៉ុស្ដិ៍ Close

    តើលោក Sean Turnell ដែលជាចំណាប់ខ្មាំងរបស់របបយោធាមីយ៉ាន់ម៉ាជានរណា?

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1027
    តើលោក Sean Turnell ដែលជាចំណាប់ខ្មាំងរបស់របបយោធាមីយ៉ាន់ម៉ាជានរណា?តើលោក Sean Turnell ដែលជាចំណាប់ខ្មាំងរបស់របបយោធាមីយ៉ាន់ម៉ាជានរណា?

    ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ សាស្ត្រាចារ្យជនជាតិអូស្ត្រាលីដែលកំពុងតែជាប់ឃុំ លោក Sean Turnell ត្រូវបានគេបញ្ជូនពីកន្លែងមួយទៅកន្លែងមួយទៀត ខណៈដែលរូបលោកគឺជាកូនអុកនយោបាយ ដែលរបបយោធាមីយ៉ាន់ម៉ា ប្រើដើម្បីជាលេសឃុំខ្លួនលោកស្រី អង់សាន ស៊ូជី អស់មួយជីវិត។

    លោកសាស្ត្រាចារ្យ Turnell ត្រូវបានរបបយោធាមីយ៉ាន់ម៉ាចាប់ខ្លួនភ្លាមៗ ក្រោយការធ្វើរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ ២០២១។ លោកគឺជាទីប្រឹក្សារបស់មេដឹកនាំជនស៊ីវិលលោកស្រី អង់សាន ស៊ូជី ហើយលោកត្រូវបានគេចោទប្រកាន់ពីបទបំពានច្បាប់កិច្ចការសម្ងាត់របស់ប្រទេសជាតិ ជាមួយនឹងការដាក់ទោសជាអតិបរមាឱ្យជាប់ពន្ធនាគាររយៈពេល ១៤ ឆ្នាំ ប្រសិនបើរកឃើញថាមានកំហុសពិតមែន។

    លោក Turnell គឺជាសាស្រ្តាចារ្យកិត្តិយស (Honorary Professor) ផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Macquarie, ជាអតីតបុគ្គលិកនៃធនាគារបម្រុងរបស់ប្រទេសអូស្ត្រាលី និងជានាយកផ្នែកស្រាវជ្រាវនៅវិទ្យាស្ថានអភិវឌ្ឍន៍មីយ៉ាន់ម៉ា។

    គាត់បានធ្វើការដោយឥតឈប់ឈរសម្រាប់រយៈពេលមួយទស្សវត្សចុងក្រោយ ឬយូរជាងនេះទៅទៀត ដើម្បីជួយអភិវឌ្ឍប្រទេសមីយ៉ាន់ម៉ា និងជួយដល់រដ្ឋាភិបាលរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ក្នុងការកែលម្អរចនាសម្ព័ន្ធ និងជួយរៀបចំសេដ្ឋកិច្ចរបស់ប្រទេសនេះឡើងវិញ។

    កាលពីសប្តាហ៍មុន រដ្ឋាភិបាលអូស្ត្រាលីបានអំពាវនាវឱ្យមានការដោះលែងរូបលោក ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា លោក Sean Turnell ត្រូវបានគេដោះលែងហើយ។ យ៉ាងណាក៏ដោយ របបយោធាមីយ៉ាន់ម៉ាបានបដិសេធចំពោះការលើកឡើងនេះ ដោយបាននិយាយថា លោកមិនទាន់ត្រូវបានគេដោះលែងទេ ហើយបន្ទាប់មក ហ៊ុន សែន ក៏បានចេញមុខសុំទោស ដោយបានលើកឡើងថា គាត់បានទទួលព័ត៌មានខុស ហើយតាមពិតគាត់មិនទាន់ត្រូវបានគេដោះលែងនោះទេ។

    បើតាមការឱ្យដឹងពីសំណាក់ប្រពន្ធរបស់លោក Sean Turnell បានឱ្យដឹងថា គាត់បានជួបបញ្ហាសុខភាពមួយចំនួននៅក្នុងអំឡុងពេលនៃការជាប់ឃុំ ហើយការផ្សព្វផ្សាយអំពីការដោះលែង ឬមិនដោះលែងគាត់កាលពីសប្តាហ៍មុននឹងមិនមែនជារឿងល្អសម្រាប់ផ្លូវចិត្តរបស់គាត់នោះទេ។

    យោងតាមការឱ្យដឹងពីសំណាក់អ្នកវិភាគ លោក Turnell គឺជាកូនអុកនៅក្នុងហ្គេមដែលរបបយោធាមីយ៉ាន់ម៉ាសង្ឃឹមថា នឹងអាចប្រើដើម្បីចោទប្រកាន់លោកស្រី អង់សាន ស៊ូជី ទាក់ទងនឹងការបំពានច្បាប់កិច្ចការសម្ងាត់របស់ប្រទេសជាតិ។

    របបយោធានឹងព្យាយាមអះអាងថា អតីតទីប្រឹក្សារដ្ឋលោកស្រី អង់សាន ស៊ូជី  បានចែករំលែកព័ត៌មានសំងាត់របស់រដ្ឋាភិបាលជាមួយលោក Turnell ដែលជាជនបរទេសដើម្បីបំផ្លាញប្រទេសមីយ៉ាន់ម៉ា។

    សម្រាប់អ្នកដែលបានយល់អំពីនយោបាយ និងអភិបាលកិច្ចអន្តរជាតិ ស្ថានភាពបែបនេះមើលទៅហាក់ដូចជាមានភាពហួសហេតុ។ នៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលប្រជាធិបតេយ្យ វាជារឿងធម្មតាទេដែលថ្នាក់ដឹកនាំត្រូវមានទីប្រឹក្សាជាជនជាតិបរទេសធ្វើការជាមួយអាជ្ញាធរ ដើម្បីដោះស្រាយបញ្ហារដ្ឋាភិបាល និងនយោបាយ ហើយមានមនុស្សតិចណាស់ដែលមានការ ភ្ញាក់ផ្អើលចំពោះសកម្មភាពបែបនេះ ។

    ប៉ុន្តែនៅក្រោមការដឹកនាំរបស់របបយោធាមីយ៉ាន់ម៉ាពួកគេបានទម្លាក់ការចោទប្រកាន់ទៅលើបុគ្គលដែលពួកគេបានចាត់ទុកថាសត្រូវរបស់ខ្លួន។ នេះជារឿងដ៏អកុសលខ្លាំងណាស់សម្រាប់លោក Turnell ដែលជាមិត្តដ៏ល្អរបស់ប្រទេសមីយ៉ាន់ម៉ា ហើយលោកតែងតែបានខិតខំប្រឹងប្រែងដើម្បីជួយអភិវឌ្ឍប្រទេសនេះ។

    ភាពច្របូកច្របល់កាលពីសប្តាហ៍មុនគឺគ្រាន់តែជាការរំលឹកថា មានការស្នើសុំឱ្យដោះលែងលោកសាស្រ្តាចារ្យ Turnell ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕ Mizzima

    អត្ថបទទាក់ទង