ខ្មែរប៉ុស្ដិ៍ Close

ការបោះឆ្នោតនៅប្រទេសថៃឆ្នាំ ២០២៣៖ តើលទ្ធផលនឹងធ្វើឱ្យជំហររបស់ថៃនិងអាស៊ានលើបញ្ហាមីយ៉ាន់ម៉ា មានការប្រែប្រួលដែរឬទេ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 87
ការបោះឆ្នោតនៅប្រទេសថៃឆ្នាំ ២០២៣៖ តើលទ្ធផលនឹងធ្វើឱ្យជំហររបស់ថៃនិងអាស៊ានលើបញ្ហាមីយ៉ាន់ម៉ា មានការប្រែប្រួលដែរឬទេ? លោក Pita Limjaroenrat (ឆ្វេង) បេក្ខភាពនាយករដ្ឋមន្ត្រីនៃគណបក្ស Move Forward ស្វាគមន៍អ្នកគាំទ្រអំឡុងពេលយុទ្ធនាការបោះឆ្នោតសកលនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៣។ រូបថត៖ EPA-EFE

រដ្ឋាភិបាលថ្មីដែលនឹងត្រូវបង្កើតឡើងបន្ទាប់ពីការបោះឆ្នោតនៅថៃនៅថ្ងៃអាទិត្យនេះ នឹងជួបប្រទះបញ្ហាប្រឈមភ្លាមៗទាក់ទងនឹងជម្លោះនៅមីយ៉ាន់ម៉ា ដែលបានបន្តដាក់សម្ពាធកាន់តែខ្លាំងមកលើប្រទេសថៃឱ្យប្រកាន់ជំហរកាន់តែម៉ឺងម៉ាត់ចំពោះប្រទេសជិតខាង ដែលមានទំនាក់ទំនងសេដ្ឋកិច្ចនិងយោធាដ៏ស៊ីជម្រៅជាមួយខ្លួន។

បើទោះបីជាវិបត្តិនៅមីយ៉ាន់ម៉ាមិនមានលក្ខណៈពិសេសគួរឱ្យកត់សម្គាល់នៅក្នុងយុទ្ធនាការឃោសនាក៏ដោយ ក៏អ្នកសង្កេតការណ៍បានលើកឡើងថា «ហានិភ័យគឺមានកម្រិតខ្ពស់ណាស់សម្រាប់រដ្ឋាភិបាលថ្មីដែលមិនអាចព្រងើយកន្តើយចំពោះបញ្ហានេះបានឡើយ»។ នៅមុនវីរុសកូវីដ-១៩ ជនចំណាកស្រុកមីយ៉ាន់ម៉ាប្រមាណ ២ លាននាក់បានរស់នៅនិងធ្វើការនៅក្នុងប្រទេសថៃ ហើយរាប់ម៉ឺននាក់ផ្សេងទៀតត្រូវបានគេជឿថាបានបន្តចូលមកក្នុងប្រទេសនេះ ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ ២០២១។

ជម្លោះនេះក៏បានបង្កឱ្យមានការភ័យខ្លាចដល់ប្រជាជនថៃដែលរស់នៅតាមព្រំដែនគោក ប្រវែង ២ ៤០០គីឡូម៉ែត្រផងដែរ ខណៈពេលដែលយន្តហោះយោធាមីយ៉ាន់ម៉ាបានបើកការវាយប្រហារទីតាំងឈរជើងរបស់កងទ័ពបះបោរជនជាតិភាគតិចនៅតាមបណ្តោយព្រំដែន។ ក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យដែលប្រឆាំងនឹងក្រុមយោធាដែលស្មោះស្ម័គ្រនឹងរបបរាជាធិបតេយ្យ ត្រូវបានគេព្យាករថាអាចនឹងមានប្រៀបនៅក្នុងការ បោះឆ្នោតនៅថ្ងៃអាទិត្យនេះ។

លទ្ធផលក្រៅផ្លូវការអាចត្រូវបានចេញផ្សាយនៅល្ងាចថ្ងៃដដែល ក៏ប៉ុន្តែលទ្ធផលផ្លូវការអាចចំណាយពេលច្រើនសប្តាហ៍។ លោក James Char ដែលជាអ្នក សិក្សាស្រាវជ្រាវ នៅសាលា S. Rajaratnam School of International Studies ក្នុងប្រទេសសិង្ហបុរីបាននិយាយថា «រដ្ឋាភិបាលថ្មីនឹងត្រូវរក្សាការប្រុង ប្រយ័ត្ននៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយរបបយោធាមីយ៉ាន់ម៉ា»។

លោក Char បានបន្តថា «បើទោះបីជាមានឬគ្មានការប្រែប្រួលនៅក្នុងរដ្ឋាភិបាលក៏ដោយ ក៏យើងអាចរំពឹងបានថា ប្រទេសថៃនឹងនៅតែបន្តរក្សាទំនាក់ទំនងជាមួយរបបយោធាមីយ៉ាន់ម៉ា ដោយក្នុងនោះថៃនឹងបន្តជំរុញសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាតាមរយៈការសន្ទនាជាមួយបណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់។ ប្រការនេះអាចរួមបញ្ចូលទាំងការបន្តកិច្ចសន្ទនា Track 1.5 ដែលត្រូវបានរៀបចំឡើងដោយប្រទេសថៃកាលពីខែមីនា ដើម្បីពិភាក្សាអំពីវិបត្តិនិងមធ្យោបាយឆ្ពោះទៅមុខក្នុងការ ស្វែងរកដំណោះស្រាយនៅមីយ៉ាន់ម៉ា»។

កិច្ចប្រជុំ «Track 1.5» សំដៅលើការសន្ទនាដែលរួមមានតំណាងមកពីស្ថាប័នផ្តល់យោបល់, អ្នកសិក្សាស្រាវជ្រាវ និងមន្ត្រីរដ្ឋាភិបាលដែលដំណើរការនៅក្នុងលក្ខណៈក្រៅផ្លូវការ។ ចាប់តាំងពីការដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោក ស្រី Aung San Suu Kyi កាលពីខែកុម្ភៈ ឆ្នាំ ២០២១ របបយោធាបានបង្កើនការបង្ក្រាបលើការតស៊ូប្រដាប់អាវុធដែលបានបង្កឱ្យមានការស្លាប់ជនស៊ីវិល, ការចាប់ខ្លួន និងមនុស្សរងរបួសជាច្រើន។

ទោះជាយ៉ាងណាក៏ដោយ លោក Greg Raymond ដែលជាសាស្ត្រាចារ្យជាន់ខ្ពស់នៅសាកលវិទ្យាល័យជាតិអូស្ត្រាលី (ANU) បាននិយាយថា «រដ្ឋាភិបាលថ្មីអាចនឹងមិនយល់ស្របជាមួយនឹងកិច្ចសន្ទនា Track 1.5 Dialogue ទេ ដោយសារតែមនុស្សជាច្រើននៅក្នុងតំបន់ជឿថា វាបានបង្កផលប៉ះពាល់ដល់ដំណើរការរបស់អាស៊ាន និងបានផ្តល់ឱ្យរដ្ឋាភិបាលយោធានូវភាពស្របច្បាប់»។

អាស៊ានបានជំរុញរបបយោធាឱ្យប្រកាន់ខ្ជាប់នូវចំណុចកុងសង់ស៊ីសចំនួន ៥ ដែលរួមមានការអំពាវនាវឱ្យបញ្ចប់ជាបន្ទាន់នូវអំពើហិង្សា និងការជំរុញការសន្ទនារវាងគ្រប់ភាគីទាំងអស់។ លោក Raymond បាននិយាយថា «ប្រសិនបើគណបក្ស Move Forward (MFP) ក្លាយជាដៃគូចម្រុះនៅក្នុងរដ្ឋាភិបាល វាមានលទ្ធភាពខ្ពស់ដែលគោលនយោបាយថៃនឹងមានការផ្លាស់ប្តូរងាកទៅរកការគាំទ្រកាន់តែខ្លាំងសម្រាប់រដ្ឋាភិបាលបង្រួបបង្រួមជាតិ (NUG) និងការគាំទ្រកាន់តែតិចសម្រាប់របបយោធា»។

គណបក្ស MFP ត្រូវបានគេស្គាល់ថាជាគណបក្សគាំទ្រលទ្ធិប្រជាធិបតេយ្យ និងមានគោលបំណងកាត់បន្ថយឥទ្ធិពលរបស់យោធានៅក្នុងឆាកនយោបាយថៃ។ មេដឹកនាំបក្ស MFP គឺលោក Pita Limjaroenrat ដែលមានអាយុ ៤២ ឆ្នាំបានទទួលការគាំទ្រឱ្យធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃនៅក្នុងការស្ទង់មតិចុងក្រោយបង្អស់ ដោយបាននាំមុខលោកស្រី Paetongarn Shinawatra ដែលមកពីគណបក្សប្រឆាំងដ៏ធំគឺ Pheu Thai។

លោក Raymond បាននិយាយថា «គណបក្ស MFP ក៏អាចបង្កើនការគាំទ្រចំពោះជនភៀសខ្លួនផងដែរ ដែលបានរត់គេចពីការវាយប្រហាររបស់របបយោធាមីយ៉ាន់ម៉ា ក៏ប៉ុន្តែបក្សនេះអាចនឹងត្រូវធ្វើការចរចាជាមួយដៃគូសម្ព័ន្ធភាពរបស់ខ្លួន គឺគណបក្ស Pheu Thai ដែលដឹកនាំដោយត្រកូល Shinawatra ដ៏មានឥទ្ធិពលនៅក្នុងប្រទេស»។

ចាប់តាំងពីការចាប់ផ្តើមនៃរដ្ឋប្រហារ មនុស្សយ៉ាងហោចណាស់ ៧០ ០០០ នាក់បានរត់ភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ហើយជាង ១ លាននាក់បានផ្លាស់ទីលំនៅចេញពីផ្ទះសម្បែងរបស់ពួកគេ (យោងតាមការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ)។

ក្រុមបាតុករប្រឆាំងរដ្ឋប្រហារ កាន់រូបថតមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានទម្លាក់ នៅទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា កាលពីខែកុម្ភៈ ឆ្នាំ ២០២១។ រូបថត៖ AP

លោក Pavin Chachavalpongpun ដែលជាសាស្ត្រាចារ្យរងនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាកិច្ចការអាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យ Kyoto បាននិយាយថា «គោលនយោបាយរបស់ថៃចំពោះប្រទេសមីយ៉ាន់ម៉ាអាចផ្លាស់ប្តូរ ប្រសិនបើក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យឈ្នះឆ្នោត»។

លោក Chachavalpongpun បានបន្តថា «ប៉ុន្តែការផ្លាស់ប្តូរនឹងមិនមានលក្ខណៈខ្លាំងក្លាពេកនោះទេ។ រដ្ឋាភិបាលថ្មីមានកាតព្វកិច្ចគាំទ្រលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា ហើយសំណួរដ៏សំខាន់គឺថា តើរដ្ឋាភិបាលថ្មីអាចជំរុញឱ្យមានការផ្លាស់ប្តូរនៅមីយ៉ាន់ម៉ាបានដល់កម្រិតណា។ ប៉ុន្តែទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកងទ័ពថៃនិងរបបយោធាមីយ៉ាន់ម៉ា អាចធ្វើឱ្យជំហររបស់ថៃពិបាកក្នុងការផ្លាស់ប្តូរ បើទោះបីជាមានរដ្ឋាភិបាលថ្មីក៏ ដោយ»។

លោក Hunter Marston ដែលជាបេក្ខជនបណ្ឌិតនៅសាកលវិទ្យាល័យ ANU បាននិយាយថា «យោធាថៃទំនងជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរបបយោធាមីយ៉ាន់ម៉ាដើម្បីធានានូវការផ្តល់ជំនួយមនុស្សធម៌ និងការការពារនូវផលប្រយោជន៍ជាតិរបស់ថៃទាក់ទងនឹងបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ និងការប្រឆាំងនឹងគ្រឿងញៀន»។

លោក Marston បានបន្តថា «រដ្ឋាភិបាលថ្មីដែលដឹកនាំដោយបក្សប្រឆាំងបច្ចុប្បន្ន អាចនឹងសង្កត់ធ្ងន់កាន់តែខ្លាំងលើសិទ្ធិនិងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ ក៏ប៉ុន្តែថៃក៏គួរតែមានការប្រុងប្រយ័ត្នផងដែរចំពោះការពឹងផ្អែកខ្លាំងពេកលើកិច្ចសន្ទនា Track 1.5 របស់ខ្លួន។ ការធ្វើការជាមួយឥណ្ឌូណេស៊ីដែលជាប្រធានអាស៊ានដើម្បីជំរុញកិច្ចចរចារវាងរដ្ឋាភិបាល NUG និងរបបយោធានឹងផ្តល់ផលប្រយោជន៍រយៈពេលវែងដល់ប្រទេសថៃ»។

មេដឹកនាំ​អាស៊ីអាគ្នេយ៍ ថតរូបជុំគ្នានៅឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ រូបថត៖ Pool តាមរយៈ AP

ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅសប្តាហ៍នេះ បណ្តាមេដឹកនាំអាស៊ានបានអំពាវនាវឱ្យមានការបញ្ឈប់ជាបន្ទាន់នូវអរិភាព និងការបង្កើតឱ្យមានបរិយាកាសអំណោយផលសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលានៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ទំនាក់ទំនងរបស់ប្រទេសថៃជាមួយដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួនគឺប្រទេសចិន ក៏អាចស្ថិតនៅក្រោមការត្រួតពិនិត្យផងដែរ ប្រសិនបើក្រុមមួយចំនួនដូចជាគណបក្ស MFP កាន់តែមានឥទ្ធិពលនៅក្នុងរដ្ឋាភិបាល។ មេដឹកនាំបក្ស MFP លោក Pita បានអំពាវនាវឱ្យមានគោលនយោបាយការបរទេសកាន់តែសកម្មជាងមុន ដែលនោះគឺ «ការមិនត្រូវខ្លាចចំពោះការប្រឆាំងនឹងចិន»។

លោក Chachavalpongpun បាននិយាយថា «ថៃអាចនឹងយល់ថា ទំនាក់ទំនងរបស់ខ្លួនជាមួយចិនមានសារៈសំខាន់ខ្លាំង ដោយសារទីតាំងស្ថិតនៅកៀកជិតគ្នា និងទំនាក់ទំនងពាណិជ្ជកម្មរវាងគ្នា។ ប្រទេសទាំងពីរ បានយល់ស្របគ្នាថា ពួកគេនឹងមិនអនុញ្ញាតឱ្យបញ្ហានយោបាយជ្រៀតជ្រែកនៅក្នុងទំនាក់ទំនងរបស់ពួកគេនោះឡើយ»។

ទោះជាយ៉ាងណាក៏ដោយ លោក Raymond បាននិយាយថា «រដ្ឋាភិបាលដែលមានលក្ខណៈប្រជាធិបតេយ្យកាន់តែខ្លាំង ដែលអាចមានបក្ស MFP ជាដៃគូចម្រុះ អាចនឹងបង្កើនការបញ្ចេញមតិកាន់តែច្រើនលើបញ្ហាមួយចំនួន ដូចជា Uyghurs និង Hong Kong ហើយអាចនឹងមានភាពស្ទាក់ស្ទើរកាន់តែខ្លាងជាងមុនក្នុងការបញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោន Uyghur ត្រឡប់ទៅកាន់ប្រទេសចិនវិញ»។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជនជាតិភាគតិច Uyghurs បានភៀសខ្លួនចេញពីតំបន់ Xinjiang ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញ។ ភាគច្រើននៃពួកគេបានឆ្លងចូលទៅក្នុងប្រទេសថៃ ប៉ុន្តែត្រូវបានចាប់ឃុំនៅក្នុងមណ្ឌលឃុំឃាំង និងបានបន្តប្រឈមមុខនឹងការបញ្ជូនត្រឡប់ទៅកាន់ប្រទេសចិនវិញដោយរដ្ឋាភិបាលថៃ។

លោក Marston បាននិយាយថា «ទំនោររបស់ថៃងាកទៅរកប្រទេសចិនអាចនឹងត្រូវកាត់បន្ថយ ប្រសិនបើបក្សប្រឆាំងយល់ថា ថៃនឹងទទួលបានផលប្រយោជន៍កាន់តែប្រសើរជាងមុន តាមរយៈការអនុវត្តគោលនយោបាយការពារជាតិដែលមានលក្ខណៈឯករាជ្យ។ វាក៏អាចនាំមកនូវការស្តារឡើងវិញផងដែរនូវទំនាក់ទំនងកាន់តែរឹងមាំជាងមុនជាមួយអាមេរិក»។

កាលពីខែកក្កដាកន្លងទៅ ប្រទេសថៃនិងអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអនុវត្តច្បាប់,កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងការស៊ើបការណ៍សម្ងាត់ ខណៈពេលដែលអាមេរិកបានបន្តបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីប្រឆាំងនឹងការពង្រីកឥទ្ធិពលរបស់ចិននៅក្នុងតំបន់អាស៊ី៕

South China Morning Post

អត្ថបទទាក់ទង